ទីក្រុងប៉ារីស និងម៉ូស្គូបង្ហាញពីភាពខុសគ្នាស្តីពីលោក Bachar el-Assad

លោករដ្ឋមន្រ្តីក្រសួងការបទេសរុស្ស៊ី Sergueï Lavrov បានបំពេញទស្សនកិច្ចក្នុងប្រទេសបារំាង នៅថ្ងៃពុធ ទី៣១ តុលាម្សិលមិញ។ លោក Lavrov បានជួបសន្ទនាជាមួយលោករដ្ឋមន្រ្តីក្រសួងការបទេសបារំាង Lauent Fabius។ នៅក្នុងជំនួបនោះ ភាគីទំាងពីរបាននិយាយច្រើនទាក់ទងនឹងស្ថានការណ៍នៅក្នុងប្រទេសស៊ីរី។ ក៏ប៉ុន្តែ ភាគីនីមួយៗនៅតែបន្តប្រកាន់ជំហរតែរៀងៗខ្លួន។ រុស្ស៊ីនៅតែបន្តគំាទ្ររបបរបស់លោកប្រធានាធិបតីស៊ីរី Bachar el-Assad រីឯបារំាងវិញបានបន្តកាន់ជើងក្រុមអ្នកបះបោរ។
ជាមួយនឹងទឹកមុខមុតមំា លោករដ្ឋមន្រ្តីក្រសួងការបទេសរុស្ស៊ី Sergueï Lavrov បានរម្លឹកឡើងវិញនូវអ្វីដែលលោកបាននិយាយតំាងពីប៉ុន្មានខែមកហើយ « ដំណោះស្រាយឲ្យវិបត្តិស៊ីរីត្រូវតែដោះស្រាយតាមផ្លូវនយោបាយ »។ លោក Lavrov បានយល់ឃើញថា ក្រុមអ្នកប្រឆំាងត្រូវតែបើកកិច្ចចរចាជាមួយនឹងរដ្ឋាភិបាលបច្ចុប្បន្ន និងថា គេមិនត្រូវបណ្តេញលោកប្រធានាធិបតីស៊ីរី Bachar el-Assad ចេញពីតំណែងឡើយ។ សម្រាប់លោកប្រមុខការទូតរុស្ស៊ី ថ្លុកឈាមនឹងបន្តមាននៅក្នុងប្រទេសស៊ីរី ប្រសិនបើក្រុមប្រទេសលោកខាងលិចនៅតែចចេសចង់ឲ្យលោក Bachar el-Assad ចុះចេញពីតំណែងនោះ។
ផ្ទុយពីជំហររបស់ប្រទេសរុស្ស៊ី លោករដ្ឋមន្រ្តីក្រសួងការបទេសបារំាង Lauent Fabius បានបញ្ជាក់ជាថ្មីម្តងទៀតអំពីជំហររបស់បារំាង។ សម្រាប់លោក Fabius គេមិនអាចរកដំណោះស្រាយឲ្យវិបត្តិស៊ីរីបានទេ ដរាបណាលោក Bachar el-Assad នៅបន្តកាន់អំណាចនោះ។ ទន្ទឹមគ្នានេះ លោកប្រមុខការទូតបារំាងក៏បានលើកឡើងពីតួនាទីដ៏សំខាន់ និងមិនអាចខ្វះបានរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សូមជម្រាបជូនថា កាលពីដំណាច់ខែមិថុនាកន្លងទៅ ក្រុមទំនាក់ទំនងស្តីពីស៊ីរីដែលចូលរួមដោយសមាជិកអចិន្ត្រៃយ៍ទំាង ៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើកិច្ចព្រមព្រៀងមួយ។ កិច្ចព្រមព្រៀងដែលគ្រោងនឹងបង្កើតចេញនូវរដ្ឋាភិបាលអន្តរកាលមួយដោយមានការចូលរួមពីរបបស៊ីរីបច្ចុប្បន្ន និងក្រុមអ្នកប្រឆំាង។ តែបញ្ហានៅត្រង់ថា ម្នាក់ៗបានលើកយកកិច្ចព្រមព្រៀងនោះទៅបកស្រាយខុសៗគ្នា។ ក្រុមប្រទេសលោកខាងលិចបានទាត់ចោលវត្តមានរបស់លោក Bachar el-Assad តែប្រទេសរុស្ស៊ី និងចិនដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរីបានបញ្ជាក់ថា គេត្រូវទុកឲ្យប្រជាជនស៊ីរី ជាអ្នកកំណត់ជោគវាសនារបស់លោក Bachar el-Assad៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ