អានតួអត្ថបទ
បារាំង

ការ​បំពុល​បរិយាកាស៖​ បារាំង​ចាត់​វិធានការ​តំរូវ​អោយ​រថយន្ត​ផ្លាកលេខ​គូ​និងសេស​​ ធ្វើដំណើរ​ឆ្លាស់គ្នា​មួយថ្ងៃ​ម្នាក់​

នៅ​ក្រុងប៉ារីស និង​ជាយក្រុង​ប៉ារីស ​ប្រទេស​បារាំង ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​បាន​ចាត់​វិធានការ​​អនុញ្ញាត​អោយ​រថយន្ត​ពាក់ផ្លាកលេខ​គូ និង​សេស ធ្វើដំណើរ​ឆ្លាស់គ្នា មួយថ្ងៃ​ម្នាក់ ​​ដើម្បី​ប្រឆាំង​​ការ​បំពុល​បរិយាកាស​ ដែល​បង្កឡើង​ដោយសារធាតុ​ល្អិតឆ្មារ។ ​អ្នក​ធ្វើ​ដំណើរ​​តាម​រថយន្តក្រុង​ រឺរទេះភ្លើង​ នៅ​ក្រុងប៉ារីស និងជាយក្រុងប៉ារីស​ មិនចាំបាច់​បង់ប្រាក់កាស​អ្វី​ទេ។ ​​ នេះ​ជា​វិធាន​ការ​​ពិសេស​ប្រឆាំង​ការ​បំពុលបរិយាកាស​ ​លើកទី១ ​​ គិតចាប់​ពី​ឆ្នាំ​១៩៩៧​មក។ ដោយសារ​វិធានការ​នេះ ​​​ក្រុមហ៊ុន​​ដឹក​អ្នកដំណើរ​​​របស់​រដ្ឋ ត្រូវ​​ខាត​បង់​ថវិកា​ប្រមាណ​​​២លាន​៥សែន​អឺរ៉ូ​ ក្នុង​មួយថ្ងៃ។

ក្នុង​ការ​ប្រយុទ្ធ​ការបំពុល​បរិយាកាស​នេះ អាជ្ញាធរ​បារាំង​ដាក់ពង្រាយ​ប៉ូលិស​​នៅតាម​កន្លែង​មួយចំនួន​ ដើម្បី​ពិនិត្យ​បទល្មើស​​​ចរាចរណ៍។​
ក្នុង​ការ​ប្រយុទ្ធ​ការបំពុល​បរិយាកាស​នេះ អាជ្ញាធរ​បារាំង​ដាក់ពង្រាយ​ប៉ូលិស​​នៅតាម​កន្លែង​មួយចំនួន​ ដើម្បី​ពិនិត្យ​បទល្មើស​​​ចរាចរណ៍។​ Reuters/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

នៅបារាំង​ ​ថ្ងៃ​ចន្ទ​នេះ សារធាតុ​ល្អិតឆ្មារបង្ក​ដោយ​រថយន្ត ​​រឺសកម្មភាពឧស្សាហកម្ម​ផ្សេងៗ ​នៅតែ​​បន្ត​បំពុល​​បរិយាកាស​ទីក្រុងប៉ារីស និងជាយក្រុង​ប៉ារីស​ដដែល។ ថ្វីបើ​ថ្ងៃសៅរ៍​ និង​ថ្ងៃ​អាទិត្យ​កន្លងទៅ ស្ថានភាព​​បរិយាកាស​​ ​បាន​ប្រសើរ​ឡើងវិញបន្តិចក្តី ផ្នែកឧតុនិយម​បារាំង​បានព្យាករណ៍​ថា​ ស្ថានភាព​​​នេះ​នឹងធ្លាក់ចុះ​វិញ នៅ​ក្នុងប៉ុន្មានថ្ងៃ​ខាងមុខ​ទៀត។

​ប្រឈម​នឹង​​ការបំពុល​បរិយាកាស ​រដ្ឋាភិបាលបារាំង​បានចាត់វិធានការ​​តំរូវ​អោយ​រថយន្ត​​ពាក់ផ្លាកលេខ​គូ និង​សេស​ ធ្វើដំណើរ​ឆ្លាស់គ្នា​មួយថ្ងៃ​ម្នាក់ នៅ​ក្រុង​ប៉ារីស និង​ជាយក្រុង​ប៉ារីស។ ​ថ្ងៃ​ចន្ទនេះ ជាថ្ងៃ​ទី​១៧មីនា ១៧​ជា​លេខសេស ដូច្នេះ រថយន្តពាក់​ផ្លាកលេខ​សេស​អាច​បើកបរ​បាន​នៅ​ក្នុង​ក្រុងប៉ារីស និង​នៅជាយក្រុង​ប៉ារីស។ ​រថយន្ត​ពាក់​ផ្លាក​លេខ​គូ​ មិនអាច​បើកបរ​បាន​ទេ។ ម្ចាស់​រថយន្ត​ពាក់ផ្លាកលេខគូ ត្រូវចាំ​ថ្ងៃ​ស្អែក ទើបអាច​បររថយន្ត​បាន។ ទោះយ៉ាងនេះ​ក្តី រថយន្ត​ពាក់ផ្លាកលេខគូ​ រឺ​សេស​ក្តី អាច​បើកបរ​បាន​​គ្រប់ពេល​ ប្រសិន​បើ​​រថយន្ត​នោះ​ប្រើ​ថាមពល​អគ្គិសនី ឬ​អាគុយ រឺ​ក៏​ដឹក​អ្នកដំណើរ​ចាប់ពី​៣នាក់​ឡើងទៅ។ តាក់ស៊ី រថយន្ត​ដែលដឹកឥវ៉ាន់​ពេល​រើផ្ទះសំបែង រថយន្ត​ដឹក​សិស្ស​សាលា​ និង​រថយន្ត​ការដ្ឋាន​សំណង់​ អាច​ធ្វើដំណើរ​បានគ្រប់ពេល​ផង​ដែរ។ ​ដោយឡែក អ្នកបើកបរ​​ត្រូវគោរព​ល្បឿន​កំណត់។ រថយន្ត​បង្ក​បទល្មើស​​នឹង​ត្រូវទទួលពិន័យ​​បង់ប្រាក់​២២អឺរ៉ូ។

​ក្នុង​ការ​ប្រឆាំង​ការបំពុល​បរិយាកាស​នេះដែរ អ្នកដំណើរ​មិនចំណាយ​ប្រាក់កាស ក្នុង​ការ​ធ្វើដំណើរ​​តាមរថយន្តក្រុង​រឺរទេះភ្លើង​ នៅប៉ារីស និង​ជាយក្រុង​ប៉ារីស​ទេ ដើម្បី​ជាការ​ទប់សង​អោយ​​រថយន្ត​មាន​ផ្លាកលេខ​ ដែល​មិនអាច​ចរាចរណ៍​ ​​ក្នុងថ្ងៃ​សេស រឺគូ​នោះ។ ដោយសារ​វិធានការ​​នេះ ​ក្រុមហ៊ុន​ដឹកជញ្ជូនអ្នកដំណើរ​​​របស់​រដ្ឋត្រូវខាតបង់​ពីរលាន​៥សែន​​អឺរ៉ូ ក្នុង​មួយថ្ងៃ។

រដ្ឋាភិបាល​បាន​ប្រកាសអនុវត្ត​​​វិធានការ​​​​ពិសេស​នេះ ​កាលពី​ថ្ងៃ​សៅរ៍កន្លងទៅ ពោលគឺ​៨ថ្ងៃ​ប៉ុណ្ណោះ មុនពេល​បារាំង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង។ ​បក្ស​ប្រឆាំង​ស្តាំ​និយម​UMP របស់​អតីត​ប្រធានាធិបតី​សាកូហ្ស៊ី បាន​រិះគន់​​​​​ថា បក្សកាន់អំណាច​ចាត់​វិធានការ​​នេះ យឺត​ពេល។​​ ​វា​ជា​វិធានការ​​​បិទបាំង​​ភាព​អសកម្ម​របស់​បក្ស​កាន់​អំណាច​ ​ក្នុង​ការ​ដឹកនាំ​ប្រទេស​​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ