បស្ចិមលោកបន្តរារែក អល់អែកក្នុងការលើកទ័ណ្ឌកម្មសេដ្ឋកិច្ចប្រឆំាងភូមា
នៅថ្ងៃច័ន្ទ ទី១៦ មករានេះ លោកប្រមុខការទូតបារំាង Alain Juppé កំពុងបន្តដំណើរទស្សនកិច្ចនៅក្នុងប្រទេសភូមា។ បន្ទាប់ពីបានជួបសន្ទនាជាមួយលោកស្រីប្រមុខបក្សប្រឆំាង អ៊ុង សានស៊ូជី និងតំណាងក្រុមជនជាតិភាគតិចមក នៅថ្ងៃនេះ លោក Juppé បានជួបជាមួយលោកប្រធានាធិបតីថេន សេន និងថ្នាក់ដឹកនំារដ្ឋាភិបាលជាច្រើនរូបទៀត។
គិតតំាងពីដើមខែធ្នូ ឆ្នំា ២០១១ មកទល់ថ្ងៃនេះ គឺមានប្រមុខការទូតបស្ចិមលោកចំនួន ៣រូបហើយដែលបានដាក់ជើងជាន់ទឹកដីភូមា។ មុនគេគឺលោកស្រីប្រមុខការទូតអាមេរិក Hillary Clinton បន្ទាប់មកគឺលោកប្រមុខការទូតអង់គ្លេស William Hague និងថ្ងៃនេះ គឺលោករដ្ឋមន្រ្តីការបរទេសបារំាង Alain Juppé។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតបស្ចិមលោកទំាង ៣ រូបនៅភូមាបានធ្វើឡើង ចំពេលដែលភូមាកំពុងបន្តជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបដែលបានដាក់ទណ្ឌកម្មទៅលើរបបសឹកភូមាតំាងពីឆ្នាំ ១៩៩៦ រីឯសហរដ្ឋអាមេរិកវិញ តំាងពីឆ្នាំ ១៩៩៧។ នៅក្រោយការបោះឆ្នោតសភានាចុងឆ្នំា ២០១០ ស្ថានការណ៍នៅភូមាបានផ្លាស់ប្តូរច្រើន ពិសេស នៅពេលដែលរបបសឹកបានសម្រេចរំលាយខ្លួនក្នុងខែមីនា ឆ្នំា ២០១១ ដោយដាក់ជំនួសរបបស៊ីវិល នោះបើទោះបីជាមានថ្នាក់ដឹកនំាភាគច្រើន ជាក្រុមអតីតឧត្តមសេនីយ៍ ដូចករណីលោក ថេន សេន ជាប្រធានាធិបតីបច្ចុប្បន្ន។
គ្រាន់តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក ថេន សេនបានស្តារឡើងវិញនូវមុខមាត់ភូមានៅលើឆាកអន្តរជាតិ តាមរយៈនយោបាយកំណែទម្រង់ស៊ីជម្រៅ និងដែលបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លំាង។ បន្ទាប់ពីបានដោះលែងលោកស្រី អ៊ុង សានស៊ូជី និងអនុញ្ញាតឲ្យលោកស្រីចូលប្រឡូកក្នុងឆាកនយោបាយជាថ្មីមក រដ្ឋាភិបាលទីក្រុងណៃពីដ៏ក៏កំពុងបន្តដោះលែងអ្នកទោសជាច្រើនពាន់នាក់ ដោយមានទំាងអ្នកទោសនយោបាយផង។ ចំណុចនេះហើយ ដែលបានអនុញ្ញាតឲ្យថ្នាក់ដឹកនំាបស្ចិមលោកម្តងម្នាក់ៗផ្តើមដាក់ជើងជាន់លើទឹកដីភូមានាពេលនេះ។
បស្ចិមលោក៖ « រដ្ឋាភិបាលភូមាត្រូវបង្ហាញបន្ថែមពីភាពស្មោះត្រង់របស់ខ្លួន »
សេចក្តីសង្ឃឹមរបស់រដ្ឋាភិបាលទីក្រុងណៃពីដ៏ គឺចង់ឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបលើកទណ្ឌកម្មសេដ្ឋកិច្ចប្រឆំាងខ្លួនចេញវិញ។ តែកន្លងមក លោកស្រីប្រមុខការទូតអាមេរិក ក៏ដូចជាលោកប្រមុខការទូតអង់គ្លេស និងបារំាងហាក់ដូចជាមិនទាន់ចង់លើកយកបញ្ហានេះទៅនិយាយទេ។ មូលហេតុមកពីបណ្តាប្រទេសទំាងនោះនៅមិនទាន់ទុកចិត្តរបបភូមាថ្មី ១០០%។ បស្ចិមលោកយល់ថា ការអនុវត្តន៍កំណែទម្រង់នយោបាយតែប៉ុន្មានខែ វានៅមិនទាន់គ្រប់គ្រាន់ដែលអាចឲ្យជឿទុកចិត្តបាន។ ក្រៅពីការកោតសរសើរនូវសុឆន្ទៈនយោបាយរបស់រដ្ឋាភិបាលភូមាថ្មី ក្រុមប្រទេសលោកខាងលិចចង់ឲ្យទីក្រុងណៃពីដ៏បង្ហាញនូវភស្តុតាងបន្ថែមដែលបញ្ជាក់ពីភាពស្មោះត្រង់នៅក្នុងកំណែទម្រង់របស់ខ្លួន។
នៅមានកិច្ចការជាច្រើនទៀតដែលរដ្ឋាភិបាលភូមាថ្មីត្រូវបន្តអនុវត្ត ពិសេស នយោបាយបង្រួបបង្រួមជាតិជាមួយសហគមន៍ជនជាតិភាគតិច។ កន្លងមក គេនំាគ្នានិយាយតែពីការរំលោភបំពានលើក្រុមអ្នកប្រឆំាង តែហាក់ដូចជាភ្លេចចាប់អារម្មណ៍ពីការធ្វើទុក្ខបុកម្នេញលើសហគមន៍ជនជាតិភាគតិច។ គួររម្លឹកជូនថា សង្រ្គាមស៊ីវិលរវាងរដ្ឋាភិបាលភូមា និងសហគមន៍ជនជាតិភាគតិចបានផ្ទុះឡើងតំាងពីជាង ៦០ឆ្នំាមកហើយ ពោលតំាងពីភូមាបានទទួលឯករាជ្យពីប្រទេសអង់គ្លេសក្នុងឆ្នំា ១៩៤៨។ នេះពិតជាសំណុំរឿងដ៏រសើបមួយទៀតដែលរបបថ្មីត្រូវដោះស្រាយឲ្យបានឆាប់។ សំណុំរឿងនេះក៏ត្រូវបានលោកស្រី អ៊ុង សានស៊ូជីលើកយកទៅនិយាយជាមួយលោកប្រមុខការទូតបារំាង Alain Juppé ដែរ។
តើទណ្ឌកម្មសេដ្ឋកិច្ចដាក់ទៅលើភូមាអាចនឹងត្រូវលើកចេញវិញ នាពេលឆាប់ៗ ឬទេ ?
ប្រសិនបើរដ្ឋាភិបាលភូមាថ្មីបន្តអនុវត្តនយោបាយបើកចំហ ដោយស្មោះត្រង់មែន គ្មានហេតុផលណាមួយដែលគេបន្តដាក់ទណ្ឌកម្មលើភូមានោះទេ។ បេសកកម្មរបស់ថ្នាក់ដឹកនំាបស្ចិមលោកបន្តបន្ទាប់នៅភូមាពេលនេះ គឺដើម្បីស្ទាបស្ទង់មើលពីឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាលភូមាថ្មី និងជំរុញភូមាឲ្យបន្តធ្វើកំណែទម្រង់នយោបាយរបស់ខ្លួនបន្តទៀត។ អ្វីដែលបស្ចិមលោកកំពុងរង់ចំាមើលខ្លំាង គឺការបោះឆ្នោតសភាជ្រើសរើសអ្នកតំណាងមួយភាគនៅខែមេសាខាងមុខ។ ការបោះឆ្នោតដែលនឹងចូលរួមដោយលោកស្រី អ៊ុង សានស៊ូជី។ លោកស្រីស៊ូជីដែលមិនបានបដិសេធពីការទទួលមុខតំណែងមួយនៅក្នុងរដ្ឋាភិបាលទេ។ សូមជម្រាបជូនថា លោកស្រី អ៊ុង សានស៊ូជីធ្លាប់បានឈ្នះឆ្នោតសភាក្នុងឆ្នំា ១៩៩០ តែមិនត្រូវបានក្រុមឧត្តមសេនីយ៍ប្រគល់អំណាចឲ្យ និងថែមទំាងបានចាប់លោកស្រីឃុំឃំាងនៅក្នុងគេហដ្ឋានទៀត។
យ៉ាងណាក៏ដោយ និងទោះបីជាបញ្ហាលើកទណ្ឌកម្ម នៅមិនទាន់បានគេលើកយកទៅនិយាយពេញមាត់ក៏ដោយ ក៏ភូមាកំពុងដើរផ្លូវត្រូវ ដែលគ្រប់គ្នាបានទទួលស្គាល់។ អ៊ីចឹងហើយបានជាអាមេរិក អង់គ្លេស និងបារំាងបានលើកឡើងពីបំណងចង់ភ្ជាប់ទំនាក់ទំនងការទូតជាមួយភូមាឡើងវិញ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ