អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកហ្រ្វង់ស្វ័រ ហូឡង់៖« យើង​នឹង​បង្ហាញ​ពី​ប្រសិទ្ធិភាព​នៃ​កម្លំាងទ័ព​របស់​យើង »

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​បារំាង លោក​ប្រធានាធិបតី​ហ្រ្វង់ស្វ័រ ហូឡង់​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​វិទ្យុបារំាងអន្តរជាតិ ទូរទស្សន៍ France 24 និង ទូរទស្សន៍ TV5 Monde កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី៧ ធ្នូ។ បទសម្ភាសន៍​នោះ​ត្រូវ​បាន​រៀបចំ​ឡើង នៅ​ក្រោយ​ជំនួបកំពូល​អេលីហ្សេ​ស្តីពី​សន្តិភាព និង​សន្តិសុខ​ក្នុង​ទ្វីប​អាហ្រ្វិក។ នៅ​ក្នុង​បទសម្ភាន៍​នោះ លោក​ប្រមុខរដ្ឋ​បារំាង​បាន​លើក​ឡើង​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ម៉ាលី អាហ្រ្វិកកណ្តាល ការ​បង្កើត​កម្លំាង​អន្តរាគមន៍​អាហ្រ្វិក​លឿនរហ័ស និង​ស្ថានការណ៍​ចំណាប់ថ្នូរ​បារំាង​នៅ​អាហ្រ្វិក។

លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស្វ័រ ហូឡង់ ផ្តល់បទសម្ភាសន៍​ឲ្យ​វិទ្យុបារំាង​អន្តរជាតិ ទូរទស្សន៍ France 24 និង​ទូរទស្សន៍ TV5 Monde ថ្ងៃទី៧ ធ្នូ ឆ្នំា ២០១៣
លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស្វ័រ ហូឡង់ ផ្តល់បទសម្ភាសន៍​ឲ្យ​វិទ្យុបារំាង​អន្តរជាតិ ទូរទស្សន៍ France 24 និង​ទូរទស្សន៍ TV5 Monde ថ្ងៃទី៧ ធ្នូ ឆ្នំា ២០១៣ RFI / Pierre René-Worms
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​អតីត​ម្ចាស់​អាណានិគម​ក្នុង​ទ្វីបអាហ្រ្វិក បារំាង​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ចូលរួម​ជួយ​ឈឺឆ្អាល​ចំពោះ​ទុក្ខសោក​ដែល​ប្រជាជន​អាហ្រ្វិក​កំពុង​ជួប​ប្រទះ​នា​ពេល​សព្វថ្ងៃ​នេះ​ទេ។ ជំនួបកំពូល​អេលីហ្សេ​រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​ប៉ារីស​ស្តីពី​សន្តិភាព និង​សន្តិសុខ​ក្នុង​ទ្វីបអាហ្រ្វិក ពិត​ជា​សក្ខីកម្ម​មួយ​មិន​អាច​ប្រកែក​បាន​ឡើយ។ បន្ទាប់​ពី​ប្រទេស​ម៉ាលី បារំាង​ទើប​បាន​សម្រេចចិត្ត​ចូល​ខ្លួន​ទៅ​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​អាហ្រ្វិកកណ្តាល ជាមួយ​នឹង​កម្លំាង​ទ័ព​ចំនួន ១ ៦០០នាក់។ គំនិត​ផ្តួចផ្តើម​របស់​ទីក្រុង​ប៉ារីស​ត្រូវ​បាន​លោក​ហ្រ្វង់ស្វ័រ ហូឡង់​បញ្ជាក់​ថា មាន​ការ​ជួយ​គំាទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ។ យោង​តាម​លោក​ហ្រ្វង់ស្វ័រ ហូឡង់ បារំាង​នឹង​បង្ហាញ​ពី​ប្រសិទ្ធិភាព​របស់​ទាហាន​បារំាង​នៅ​អាហ្រ្វិកកណ្តាល​ទៀត។
 

លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស្វ័រ ហូឡង់
លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស្វ័រ ហូឡង់ RFI / Pierre René Worms

« សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​បាន​ជួយគំាទ្រ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​បារំាង។ទំាង​នេះ​មិន​ភ្លេច​ទេ អំពី​មនសិការ​របស់​បារំាង​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​អាហ្រ្វិក។ កាល​ពី​ប៉ុន្មាន​ឆ្នំា​មុន​នេះ នៅ​ពេល​ដែល​គេ​ត្រូវ​ការ​ជួយ​ហ្វឹកហ្វឺន បង្ហាត់បង្រៀន​កម្លំាង​ទាហាន​អាហ្រ្វិក គឺ​ដើម្បី​ជួយ​ការពារ​របបគ្រប់គ្រង​នា​ពេល​នោះ។ តែ​យើង​នឹង​បន្ត​ធ្វើ​ទង្វើ​របៀប​នេះ​ទៀត​ឡើយ។ ប៉ុន្តែ​សព្វថ្ងៃ មាន​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន​កំពុង​ជួប​ប្រទះ​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​យើង​មិន​អាច​ឈរ​អោបដៃ​មើល​បាន​ទេ។ ភេរវនិយម​នៅ​ម៉ាលី ជម្លោះ​សាសនា​នៅ​អាហ្រ្វិកកណ្តាល ការ​សម្លាប់រង្គាល ភាព​អាណាធិបតេយ្យ ទំាង​នេះ​សុទ្ធសឹង​ជា​ទង្វើ​ដែល​ត្រូវ​តែ​ជួយ​អន្តរាគមន៍​ដោយ​មិន​អាច​ចៀស​រួច។ កម្លំាងទ័ព​អាហ្រ្វិក​បច្ចុប្បន្ន មិន​មាន​ការ​បំពាក់​អាវុធ​ទំនើបៗ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់​ស្កាត់​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដូច​ដែល​កម្លំាង​បារំាង​ទេ។ ដូច​ដែល​យើង​បាន​អន្តរាគមន៍​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​ម៉ាលី និង​យើង​បន្ត​បង្ហាញ​ពី​ប្រសិទ្ធិភាព​របស់​ទាហាន​បារំាង​នៅ​អាហ្រ្វិកកណ្តាល​ទៀត »’

ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​រដ្ឋ​បារំាង​ក៏​បាន​សាទរ​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​សហភាព​អាហ្រ្វិក​ក្នុង​ការ​ដំឡើង​ចំនួន​ទ័ព​រហូត​ដល់ ៦ ០០០នាក់​នៅ​ក្នុង​កម្លំាង​អន្តរជាតិ​អាហ្រ្វិក Misca។ ដោយឡែក លោក​ហ្រ្វង់ស្វ័រ ហូឡង់​បាន​បញ្ជាក់​ថា បេសកកម្ម​របស់​ទាហាន​បារំាង​នឹង​មិន​មាន​រយៈពេល​យូរឡើយ។ និយាយ​ពី​រូបលោក​មីសែល យ៉ូតូឌីយ៉ា​ដែល​បាន​ប្រកាស​ឡើង​អង្គុយ​កៅអី​ប្រធានាធិបតី​អាហ្រ្វិកកណ្តាល​ដោយ​ខ្លួន​ឯង លោក​ប្រមុខ​រដ្ឋ​បារំាង​បាន​ព្រមាន​ដោយ​ចំៗ​ថា គេ​មិន​អាច​បន្ត​ទុក​ប្រធានាធិបតី​ម្នាក់​ដែល​មិន​ត្រឹមតែ​មិន​បាន​ធ្វើ​អ្វី​សោះ​នោះ​ទេ តែ​ថែម​ទំាង​បាន​ទុក​បណ្តោយ​ឲ្យ​ក្រុម​របស់​ខ្លួន​បន្ត​ប្រព្រឹត្តិបទល្មើស​យ៉ាង​អាណាធិបតេយ្យ​ទៀត​ផង។
 

លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស្វ័រ ហូឡង់
លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស្វ័រ ហូឡង់ RFI / Pierre René Worms

« ថ្នាក់ដឹកនំា​នៅ​អាហ្រ្វិកកណ្តាល​សព្វថ្ងៃ មាន​ច្រើន​នាក់​ណាស់។ អាហ្រ្វិកកណ្តាល​ជា​ប្រទេសតូច​មួយ និង​ក្រីក្រ​ជាង​គេ​មួយ​នៅ​ក្នុង​លោក។ ក៏​ប៉ុន្តែ ប្រទេស​មួយ​នេះ​បាន​បន្សល់​ទុក​នូវ​ប្រវត្តិ​ដ៏​សោកសៅ​ច្រើន​ណាស់ ព្រម​ទំាង​មាន​រូប​ថ្នាក់ដឹកនំា​ខ្លះ​មាន​ប្រវត្តិរូប​មិន​ល្អ​ទៀត​ផង។ ផ្តើម​ពី​ចំណុច​នេះ ខ្ញុំ​មិន​ចង់​និយាយ​ចំ​ឈ្មោះ​បុគ្គល​ណា​មួយ​ជា​អ្នក​ទទួល​ខុសត្រូវ​ទេ តែ​គ្រាន់​តែ​បញ្ជាក់​ថា គេ​មិន​អាច​បន្ត​ទុក​ប្រធានាធិបតី​ម្នាក់​ដែល​មិន​បាន​ធ្វើ​អ្វី​សោះ និង​ថែម​ទំាង​បាន​ទុក​បណ្តោយ​ឲ្យ​ក្រុម​របស់​ខ្លួន​បន្ត​ប្រព្រឹត្តិបទល្មើស​យ៉ាង​អាណាធិបតេយ្យ​ទៀត​ផង​នោះ​ទេ »’

និយាយ​ពី​ការ​បង្កើត​កម្លំាង​អន្តរាគមន៍​អាហ្រ្វិក​លឿនរហ័ស​ដែល​បាន​ប្រកាស​នា​ឱកាស​ជំនួបកំពូល​អេលីហ្សេ​ស្តីពី​សន្តិភាព និង​សន្តិសុខ​ក្នុង​ទ្វីបអាហ្រ្វិក លោក​ប្រមុខរដ្ឋ​បារំាង​បាន​បញ្ជាក់​ថា បារំាង​មិន​មែន​ចូលរួម​តែ​ម្នាក់​ឯង​ទេ តែ​ក៏​មាន​ចំណែក​ពី​សហភាព​អឺរ៉ុប​ផង​ដែរ។ សម្រាប់​ចំណែក​របស់​បារំាង គឺ​ជួយ​ហ្វឹកហ្វឺន បង្ហាត់បង្រៀន​ទាហាន​អាហ្រ្វិក​ចំនួន ២០ ០០០នាក់​ក្នុង​មួយ​ឆ្នំា។
 

លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស្វ័រ ហូឡង់
លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស្វ័រ ហូឡង់ RFI / Pierre René Worms

« បារំាង​មិនមែន​ធ្វើ​តែ​ម្នាក់​ឯង​ទេ ខ្ញុំ​បាន​សន្យា​ថា បារំាង​អាច​ជួយ​បង្ហាតបង្រៀន​ទាហាន​អាហ្រ្វិក​ចំនួន ២០ ០០០នាក់​ក្នុង​មួយ​ឆ្នំា។ កម្លំាង​អន្តរាគមន៍​អាហ្រ្វិក​លឿនរហ័ស​នេះ​នឹង​អាច​ជួយ​អន្តរាគមន៍​ភ្លាមៗ​នៅ​ជម្លោះ​ផ្សេងៗ ឬមួយ​ក៏​នៅ​ក្នុង​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​ជា​ដើម។ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​គំនិត​ដែល​ថា យើង​មិន​ត្រូវ​ធ្វើ​អ្វី​ទំាង​អស់ នៅ​ពេល​ដែល​ឃើញ​មាន​ការ​សម្លាប់​រង្គាល ដូច​យ៉ាង​នៅ​អាហ្រ្វិកកណ្តាល​សព្វថ្ងៃ។ ក្នុង​នាម​ជា​ប្រធានាធិបតី​បារំាង និង​ក្នុង​នាម​ប្រទេស​បារំាង​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​អាហ្រ្វិក ខ្ញុំ​មិន​អាច​ទុកបណ្តោយ​ឲ្យ​ប្រជាជន​អាហ្រិ្វក​រង​ការ​កាប់សម្លាប់ និង​រំលោភបំពាន​លើ​រាងកាយ​យ៉ាង​ព្រៃផ្សៃ​ដូច​នៅ​អាហ្រ្វិកកណ្តាល​នោះ​ទេ »

នៅ​ចុង​បញ្ចប់​នៃ​បទសម្ភាសន៍ លោក​ប្រធានាធិបតី​បារំាង​មិន​ភ្លេច​និយាយ​ទេ ពី​ឃាតកម្ម​សម្លាប់​អ្នកកាសែត​របស់​វិទ្យុបារំាងបារំាង​អន្តរជាតិ​ពីរ​នាក់ គឺ លោកស្រី Ghislaine Dupont និង​លោក Claude Verlon កាល​ពី​ថ្ងៃទី២ វិច្ឆិកា​កន្លង​ទៅ​ក្នុង​ស្រុក​គីដាល់ ប្រទេស​ម៉ាលី។ យោង​តាម​លោក​ហ្រ្វង់ស្វ័រ ហូឡង់ ជន​ដែល​បាន​សម្លាប់​អ្នកកាសែត​បារំាង​ទំាង​ពីរ​រូប​នោះ គឺ​ជា​ក្រុមភេរវជន​ដែល​ធ្លាប់​បាន​ប្រព្រឹត្តិ​ទង្វើ​របៀប​នេះ​ជា​ច្រើន​ដង​កន្លង​មក។ សម្រាប់​លោក​ហូឡង់ ការ​ស៊ើបអង្កេត​កំពុង​បន្ត​មាន ហើយ​គេ​បាន​រក​ឃើញ​អត្តសញ្ញាណ​របស់​ជនដៃដល់​ហើយ តែ​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ។ ឆ្លើយ​នឹង​សំណួរ​ដែល​ថា តើ​បារំាង​អាច​នឹង​ចាប់ខ្លួន​ឃាតករ​បាន​ដែរ ឬ​ទេ?។ ចម្លើយ​ច្បាស់ៗ​ពី​លោក​ហូឡង់ គឺ​ប្រាកដ​ជា​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ