កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 20 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 20 កញ្ញា 2012

ជំនន់​ទឹកភ្លៀង​ធូរស្រាល ខណៈ​ដែល​កាកបាទ​ក្រហម​ផ្តើម​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់

លោក​ ញឹម​ វណ្ណដា​ អនុ​​ប្រធាន​គណៈកម្មាធិការ​ជាតិ​​គ្រប់គ្រង​​គ្រោះ​មហន្តរាយ
លោក​ ញឹម​ វណ្ណដា​ អនុ​​ប្រធាន​គណៈកម្មាធិការ​ជាតិ​​គ្រប់គ្រង​​គ្រោះ​មហន្តរាយ
RFI/Siv Channa

ដោយ លី ម៉េងហួរ

រហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​បាន​ធូរស្រាល​ហើយ។ ទឹកជំនន់ នៅ​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ក៏បាន​ស្រក​ចុះ។ ចំណែក​ប្រជាជន​ជាង ៣.០០០ គ្រួសារ ដែល​គេចចេញ​ពី​ទឹកជំនន់ មក​រស់នៅ​ទីទួល​សុវត្ថិភាព ក៏​ត្រៀមខ្លួន​នឹង​វិលត្រឡប់​ទៅកាន់​ភូមិស្ថាន​វិញដែរ។ រីឯ​ទឹកទន្លេ​មេគង្គ ក៏នៅ​កម្រិត​ទាបជាង​ឆ្នាំមុន ដែល​នឹង​មិន​បង្ក​ជា​គ្រោះ​ទឹកជំនន់​នាពេល​ខាងមុខ​ឡើយ។

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ
 

20/09/2012

រហូតដល់ថ្ងៃព្រហស្បតិ៍នេះ ជំនន់​ទឹកភ្លៀង ដែល​បាន​ជន់លិច​ច្បារដំណាំ ស្រូវស្រែ និងលិច​ភូមិស្ថាន ដែល​ធ្ងន់ធ្ងរជាងគេ​នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ស្រកចុះ​បន្តិចហើយ។
 
បន្ទាប់ពីធ្វើដំណើរពិនិត្យស្ថានភាពទឹកជំនន់​នៅតាមខេត្ត​ជុំវិញ​បឹងទន្លេសាប ហើយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ស្ថិតនៅ​ខេត្តកំពង់ចាម លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និង​ជាអនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ត​រាយ បានបន្តផ្តល់ដំណឹង​ដល់​វិទ្យុបារាំងអន្តរជាតិ ថា ទឹកទន្លេមេគង្គ មកដល់ពេលនេះ ខុសគ្នា ៤,៥ ម៉ែត្រ នៅខេត្តក្រចេះ បើធៀបនឹងឆ្នាំមុនៗ ដែល​នាំឲ្យ​យើងសន្និដ្ឋានថា ទឹកទន្លេ នឹងមិនបង្កជាទឹកជំនន់ទេ នៅពេលខាងមុខ។ ចំណែក​ទឹក​ជំនន់​ដោយទឹកភ្លៀង នៅខេត្តព្រះវិហារ ទឹកបានស្រក ហើយ​ហូរមកពេញ​ដងស្ទឹងសែន នៅកំពង់ធំ តែមិនមានបញ្ហាទេ។ រីឯនៅខេត្តសៀមរាប ទឹកក៏បានស្រក។ ចំណែក​ស្រូវប្រមាណ ៤.០០០ ហិកតា នៅស្រុកពួក ខេត្តសៀមរាប ដែល​បានលិចលង់​ប៉ុន្មានថ្ងៃ​មកនេះ ក៏​មិនរងការ​ខូចខាត​អ្វីទេ។
 
លោក ញឹម វណ្ណដា បានបន្ថែមថា ជំនន់ទឹកភ្លៀង នៅឯប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែនថៃ នៅថ្ងៃនេះ បានស្រក ៣,៥ តឹក។ រីឯផ្សាររុងក្លឿ ជាប់ព្រំដែន​ប៉ោយប៉ែត នៅ​ទឹកដីថៃ ទឹកជំនន់​ក៏បានស្រកដែរ។
 
លោក ញឹម វណ្ណដា បន្តថា ប្រជាជន​ប្រហែលជាង ៣.០០០ គ្រួសារ ដែលបាន​មករស់នៅ​ទីទួល​សុវត្ថិភាព ក៏បានត្រៀមខ្លួន ដើម្បី​វិលត្រឡប់​ទៅកាន់​ភូមិកំណើត​វិញ ក្នុងពេល​ប៉ុន្មានថ្ងៃ​ទៀត​នេះ បើសិនជា​គ្មានភ្លៀង។
 
នៅថ្ងៃព្រហស្បតិ៍នេះ កាកបាទក្រហម​កម្ពុជា ក៏បាន​នាំជំនួយ​សង្គ្រោះបន្ទាន់ ផ្តល់ឲ្យ​ពលរដ្ឋរងគ្រោះ​ដោយ​ទឹកជំនន់ជាង ២០០ គ្រួសារ នៅស្រុកអូរជ្រៅ។ ចំណែក​ប្រជាជន​ប្រមាណ ១.០០០ គ្រួសារទៀត នៅប៉ោយប៉ែត នឹង​ទទួលជំនួយ​ពី​កាកបាទក្រហម នៅថ្ងៃស្អែក។
 
លោក ញឹម វណ្ណដា ក៏បានបញ្ជាក់ថា ស្រូវដែល​លិចលង់​កន្លងមក នៅ​ខេត្ត​បន្ទាយមានជ័យ ប្រហែល ៨.០០០ ហិកតា មិន​ខូចខាតទេ។ តែ​ដំឡូងមី លិចទឹក ១.៥០០ ហិកតា ប្រហែល​ជា​ខូចខាត ៥០%។
 
ផ្ទុយទៅវិញ ទឹកភ្លៀង ដែលបង្កជា​ទឹកជំនន់ នាពេលនេះ ត្រូវបាន​លោក ញឹម វណ្ណដា លើកឡើង​ថា នៅទូទាំងប្រទេស មាន​ភ្លៀង​គ្រប់គ្រាន់ ធ្វើឲ្យ​សន្ទូងស្រូវ​ល្អ ហើយ​ជំរុញឲ្យ​ការបង្កបង្កើន​ផលស្រូវ​បានទិន្នផល​ខ្ពស់ ពោលគឺ​ទឹកភ្លៀង ពេលនេះ បាន​បញ្ចប់​នូវ​គ្រោះរាំងស្ងួត។
 
អំពីចំនួនជនរងគ្រោះ ដែលបាន​បាត់បង់​ជីវិត​ដោយសារ​ជំនន់​ទឹកភ្លៀង​វិញ ក៏ត្រូវបាន​លោក ញឹម វណ្ណដា នៅតែរក្សា​តួលេខ​ចាស់ថា មាន​តែ​មនុស្ស​ពីរនាក់​ប៉ុណ្ណោះ បាន​ស្លាប់ ដោយ​លង់​ទឹក កាលពី​ថ្ងៃម្សិលមិញ។
 
យ៉ាងណាក៏ដោយ នៅថ្ងៃព្រហស្បតិ៍នេះ មាន​សេចក្តីរាយការណ៍​ថា ក្មេងប្រុស អាយុ ១២ឆ្នាំ នៅ​ល្ងាចមិញ ត្រូវ​ទឹកហូរ​កួច​ស្លាប់ នៅក្រុងប៉ោយប៉ែត៕

tags: កម្ពុជា - ទឹកជំនន់
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close