
សាលក្រមឌុច ត្រូវប្រកាសនៅថ្ងៃទី៣កុម្ភៈ បន្ទាប់ពី តុលាការកំពូល របស់សាលាក្តីខ្មែរក្រហមពន្យារពេលប្រកាស សាលក្រមឌុច អស់ជាងមួយឆ្នាំ។ គ្មានការប្រកាសសាលក្រមលើឌុច គឺគេមិនអាចចាក់ផ្សាយពីស្នាដៃកុនឯកសារដែលនិយាយពីឌុច។ នៅប្រទេសបារាំង កុនឯកសាររបស់ លោករិទ្ធី ប៉ាន់ ដែលផ្តោតទៅលើឌុច ត្រូវបានចាក់បញ្ចាំងតាំងពីពាក់កណ្តាលខែមករាមកម្ល៉េះ។ កុនឯកសាររឿង« ឌុច គ្រូលត់ដំនៅឋាននរក » (១ម៉ោង ៤៣នាទី) និងសៀវភៅរឿង « ការកម្ចាត់ » ដែលទាំងពីរនេះជាស្នាដៃនិពន្ធន៍របស់លោករិទ្ធីប៉ាន់ បានទទួលការអបអរ និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់បញ្ញវន្ត និងអ្នកនយោបាយបារាំង។
លោកប៉ាន់ រិទ្ធីដែលបានជួបសម្ភាសន៍រយៈពេល ជាង១០០ម៉ោងជាមួយឌុច និយាយថា គាត់មិនដឹងបានទទួលការពិតពីឌុច នៅពេលណាទេ។ គាត់គ្រាន់តែចង់ឲ្យឌុចនិយាយការពិតរបស់គាត់ ការងាររបស់គាត់ នៅពេលធ្វើជាមេគុកទួលស្លែង ក្តីស្រមៃរបស់កុមារឌុច។ លោករិទ្ធី ប៉ាន់ សង្ឃឹមទទួលដឹងការពិតមួយផ្នែកពីមាត់របស់ខ្មែរក្រហម ដើម្បីអាចទទួលបានសន្តិភាពផ្លូវចិត្ត។ ប៉ុន្តែ សវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបច្ចុប្បន្នបានធ្វើឲ្យគាត់ខកចិត្ត។ ខៀវ សំផន អៀង សារី អៀង ធីរិទ្ធិ នួន ជាកំពុងប្រែក្លាយសវនាការតុលាការឲ្យទៅជាវេទិកាមួយ។
សម្រាប់លោករិទ្ធី ប៉ាន់ គេមិនត្រូវទុកបណ្តោយឲ្យពួកមេផ្តាច់ការ ពួកព្រៃទាំងនេះសរសេរប្រវត្តិសាស្រ្តជំនួសអ្នករងគ្រោះទេ។ ត្រូវដឹងថា សំដីរបស់ពួកគេត្រូវគេថតចម្លងទុកទាំងអស់។ តើពួកផ្តាច់ការទាំងនោះបាននិយាយអ្វីខ្លះ? ពួកទាំងនោះមិនបានបង្ហាញការសោកស្តាយអ្វីទេ។ គ្មានអ្វីគួរឲ្យសោកស្តាយ ព្រោះ ពួកមេដឹកនាំខ្មែរក្រហមនិយាយថា ពួកគេ គឺអ្នកជាតិនិយម ចង់រកយុត្តិធម៌ ឲ្យប្រជាជនក្រីក្រ ប្រយុទ្ធប្រឆាំងនឹងពួកអាណានិគម និងចក្រពត្តិ។ ហើយទីបំផុត ចំនួនមនុស្សស្លាប់ជាង ១លាន ២សែននាក់ គ្រាន់តែជាករណីលើកលែងប៉ុណ្ណោះ។

Delicious
Digg
Facebook
Twitter
Yahoo!
Technorati




អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ