
ឧត្តមសេនីយ៍យោធាម្នាក់ និងបក្ខពួក៣នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការក្នុងសប្តាហ៍នេះក្នុងបទជួញដូរគ្រឿងញៀន។នេះជាឧទាហរណ៍ថ្មីមួយទៀតដែលបង្ហាញពីបណ្តាញជួញដូរគ្រឿងញៀនដ៏គួរឲ្យព្រឺខ្លាចពីព្រោះតែមេឈ្មួញគ្រឿងញៀនគឺជាមន្ត្រីមានបុណ្យស័ក្តិ និងមានឥទ្ធិពលក្នុងសង្គម។ ករណីនេះក៏ជាភស្តុតាងដែលបញ្ជាក់ថាបញ្ហាសង្គមធំៗជាច្រើនដែលមិនអាចលុបបំបាត់បានគឺដោយសារតែមានមន្ត្រីខិលខូចខ្លះជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល។ ដូច្នេះដល់ពេលដែលរដ្ឋាភិបាលត្រូវកម្ចាត់ដង្កូវដែលចេញពីសាច់ខ្លួនឯង!
ការវែកមុខជនសង្ស័យជួញដូរគ្រឿងញៀនដែលមានឋានៈឧត្តមសេនីយ៍យោធាពាក់ផ្កាយពីរលើស្មា គឺជាព័ត៌មានដ៏គួរឲ្យព្រឺខ្លាចថ្មីមួយទៀត ខណៈដែលសំណុំរឿងលោកមឹក ដារ៉ា អតីតឧត្តមសេនីយ៍ផ្កាយបីកំពុងបើកសវនាការនៅសាលាឧទ្ធរណ៍នៅឡើយ។ ព្រឹត្តិការណ៍នេះបានបង្ហាញឲ្យឃើញថា បណ្តាញជួញដូរគ្រឿងញៀននៅកម្ពុជាពិតជាមានការរៀបចំយ៉ាងរឹងមាំពីសំណាក់មន្ត្រីមានបុណ្យស័ក្តិមួយចំនួន។ ពួកគេនៅតែបន្តផ្គើននឹងសមត្ថកិច្ចដោយគ្មានកោតញញើតអ្វីឡើយ។
មានភស្តុតាងស៊ីសង្វាក់គ្នាមួយចំនួនដែលកើតឡើងរយៈពេលចុងក្រោយនេះគួរលើកមកពិចារណា។ ជាក់ស្តែង កាលពីខែមុន សមត្ថកិច្ចបានរកឃើញសារធាតុផ្សំគ្រឿងញៀន និងឧបករណ៍សម្រាប់ផលិតគ្រឿងញៀនជាច្រើនដែលឈ្មួញបានដឹកតាមកុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ។ មុននេះបន្តិច សមត្ថកិច្ចក៏បានរកឃើញទីតាំងសង្ស័យផលិតគ្រឿងញៀនដ៏ធំមួយកន្លែងដែរក្នុងខេត្តកំពង់ស្ពឺ។ ស្របពេលជាមួយគ្នានេះ ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតក៏បានកើតឡើងកាលពីសប្តាហ៍កន្លងទៅ នោះគឺអាជ្ញាធរតៃវ៉ាន់បានចាប់ទូកនេសាទដឹកគ្រឿងញៀន៨០គីឡូក្រាម។ ទូកនេសាទនោះត្រូវបានគេអះអាងថាបានចេញពីប្រទេសកម្ពុជា។
ប្រសិនបើព័ត៌មាននេះជាការពិត កម្ពុជាទំនងជាមិនមែនត្រឹមតែជាទីឆ្លងកាត់គ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែ ពួកឧក្រិដ្ឋជនក៏ទំនងជាកំពុងយកទឹកដីនេះធ្វើជាកន្លែងផលិតនិងចែកចាយគ្រឿងញៀនថែមទៀតផង។ កិច្ចការដ៏ធំបែបនេះមិនអាចនឹងធ្វើបានឡើយប្រសិនបើគ្មានការឃុបឃិត ឬចូលរួមដោយផ្ទាល់ពីសំណាក់អ្នកមានឥទ្ធិពលទេនោះ។
ជាការពិតណាស់ មិនត្រឹមតែគ្រឿងញៀនមួយមុខនោះទេ ប៉ុន្តែ បទល្មើសជាច្រើនទៀត ដូចជាឧក្រិដ្ឋកម្មព្រៃឈើ ឬបទល្មើសនេសាទជាដើម ដែលគេពិបាកនឹងបង្ក្រាបនោះ ត្រូវគេមើលឃើញថា ក៏មានប្រភពចេញពីការឃុបឃិត ឬការប្រព្រឹត្តរបស់មន្ត្រីអ្នកមានបុណ្យស័ក្តិមួយចំនួននេះដែរ។ ក្នុងបរិបទនេះ ទោះបីជារដ្ឋាភិបាលខិតខំយ៉ាងយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចទប់ស្កាត់និងបង្ក្រាបបានដែរ ពីព្រោះវាជាដង្កូវដែលលេចចេញពីសាច់ខ្លួនឯង។
ជាក់ស្តែង ការចាប់ខ្លួនមន្ត្រីធំៗពាក់ព័ន្ធបទឧក្រិដ្ឋដ៏គួរឲ្យព្រឺខ្លាចរយៈពេលចុងក្រោយនេះបានបង្ហាញឲ្យឃើញថា ការឆ្លៀតប្រើប្រាស់តួនាទី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនពីសំណាក់មន្ត្រីអ្នកមានអំណាច បុណ្យស័ក្តិ គឺជាឧបសគ្គដ៏ធំមួយសម្រាប់ការប្រយុទ្ធប្រឆាំងបទល្មើសនានាជាច្រើន។ ផលវិបាកដែលកើតចេញពីបញ្ហានេះគឺអសន្តិសុខសង្គមនេះឯង។ អសន្តិសុខសង្គមត្រូវគេស្តីបន្ទោសជាទូទៅថា ជាកំហុសរបស់អាជ្ញាធររដ្ឋាភិបាល។ ដូច្នេះ តើរដ្ឋាភិបាលគួរបណ្តែតបណ្តោយឲ្យមន្ត្រីខិលខូចមួយចំនួនបន្តសកម្មភាពល្មើសបែបនេះទៀតដែរឬទេ?
ចម្លើយគឺច្បាស់ជាទេ។ ការបកស្បែកមន្ត្រីធំៗក្នុងជំនួញគ្រឿងញៀនជាបន្តបន្ទាប់គឺជាភស្តុតាងស្រាប់។ ប៉ុន្តែ សម្រាប់ក្រុមអ្នកវិភាគសង្គមកម្ពុជា នៅមានកិច្ចការច្រើនទៀតដែលរដ្ឋាភិបាលត្រូវធ្វើ។ ការគាស់រំលើងខ្សែបណ្តាញឃុបឃិតគ្នា គឺជាកិច្ចការមួយ រីឯការតាមដាននិងត្រួតពិនិត្យទ្រព្យសម្បត្តិរបស់មន្ត្រីរាជការគឺជាកិច្ចការមួយទៀត។ ជាក់ស្តែង ឧត្តមសេនីយ៍យោធាផ្កាយពីរដែលត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះមានទ្រព្យសម្បត្តិស្តុកស្តម្ភគួរឲ្យចម្លែក តែនៅកម្ពុជា ហាក់គ្មានអ្នកណាចាប់អារម្មណ៍ថា ទ្រព្យសម្បត្តិទាំងនោះបានមកពីណានោះឡើយ។
សរុបមកវិញ កិច្ចការដែលអាជ្ញាធររដ្ឋាភិបាលបានធ្វើចុងក្រោយនេះគឺជាការណ៍គួរឲ្យលើកទឹកចិត្ត។ ប៉ុន្តែ តើអស់ហើយឬនៅជនល្មើសឬឧក្រិដ្ឋជនដែលកំពុងជ្រកក្រោមបុណ្យស័ក្តិដែលផ្តល់ដោយរដ្ឋាភិបាល? នេះជាសំណួរដែលត្រូវរកចម្លើយ ពីព្រោះ ចូរកុំភ្លេចថាការបណ្តែតបណ្តោយឲ្យមន្ត្រីប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីផលប្រយោជន៍ វាមិនត្រឹមតែគ្រោះថ្នាក់សម្រាប់ប្រជាពលរដ្ឋ និងសង្គមប៉ុណ្ណោះទេ ប៉ុន្តែ អ្នករងគ្រោះបន្ទាប់នោះ គឺច្បាស់ជារដ្ឋាភិបាលខ្លួនឯង៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ