អានតួអត្ថបទ
អេបូឡា

The Lancet៖ ការ​ត្រួតពិនិត្យ​ជំងឺ​អេបូឡា​នៅ​តាម​វាលយន្តហោះ​ក្នុង​ប្រទេស​ប្រភព​ជំងឺ​អាច​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​

វិធានការ​ត្រួត​ពិនិត្យ​ដែល​គេ​បាន​ដាក់​ឲ្យ​អនុវត្តន៍​ជា​ច្រើន​ខែ​មក​ហើយ នៅ​តាម​ព្រលាន​យន្តហោះ​នៃ​ប្រទេស​រងគ្រោះ​ដោយ​ជំងឺ​ឆ្លង​អេបូឡា ពោល​គឺ​ប្រទេស ហ្គីណេ លីបេរីយ៉ា និង​ស្សីរាលេអូន អាច​បញ្ជៀស​នូវ​ការ​រាតត្បាត​ចំលង​ទៅ​បរទេស ជា​មធ្យម​បាន ៣ ករណី ក្នុង​មួយ​ខែ។ នេះ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​មួយ​ដែល​បាន​បោះ​ពុម្ពផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​តុលា​ម្សិលមិញ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្រ្ត​ប្រចាំសប្តាហ៍ The Lancet នៃ​ប្រទេស​អង់គ្លេស។

ឈាម​ដែល​គេ​បូម​ពី​ជន​សង្ស័យ​ឆ្លង​មេរោគ​អេបូឡា​ត្រូវ​បញ្ជូនបន្ត ​ទៅ​ធ្វើ​តេស្ត​រក​លទ្ធផល​នៅ​ទីក្រុង​Freetown ក្នុង​ប្រទេស​សៀរ៉ាឡេអូន
ឈាម​ដែល​គេ​បូម​ពី​ជន​សង្ស័យ​ឆ្លង​មេរោគ​អេបូឡា​ត្រូវ​បញ្ជូនបន្ត ​ទៅ​ធ្វើ​តេស្ត​រក​លទ្ធផល​នៅ​ទីក្រុង​Freetown ក្នុង​ប្រទេស​សៀរ៉ាឡេអូន ©REUTERS/Christopher Black/WHO/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

ជា​ការ​សិក្សា​ស្រាវជ្រាវ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ ស្សាំង ម៉ាយឃឺល ក្រុង តូរុនតូ ប្រទេស​កាណាដា​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​កាមរាកាន (Kamra Kahn)។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​បាន​ពី​ការ​អនុវត្តន៍​វិធិសាស្ត្រ​នៃ​ការ​គណនា ចំនួន​ករណី​ដែល​ត្រូវ​បាន​នាំ​ចេញ​ពី​ប្រទេស​ទាំង​បី​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​បែប​នេះ លើ​ជើង​ហោះហើរ​ចេញ​ទៅ​បរទេស​ក្នុង​ឆ្នាំ ២០១៣ និង​គ្រោង​ការ​ហោះហើ​រសំរាប់​ឆ្នាំ​២០១៤ គួប​ផ្សំ​នឹង​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក OMS ស្តីពី ស្ថានភាព​នៃ​ការ​ឆ្លង​រាតត្បាត​នៅ​ក្នុង​ប្រទេស​រងគ្រោះ​ទាំង​បី​នេះ។

 

លោក​វេជ្ជបណ្ឌិត កាន និង​សហការី​របស់​លោក​បាន​គូស​បញ្ជាក់់​ថា ការ​ចាត់​វិធានការ​ត្រួត​ពិនិត្យ​នៅ​តាមព្រលាន​យន្តហោះ​ពី​កន្លែង​ចេញ​ដំណើរ​នៃ​ប្រទេស​រងគ្រោះ​ទាំង​បី មាន​ភាព​ងាយស្រួល​និង​មាន​ប្រសិទ្ធភាព​ជាង ការ​ត្រួត​ពិនត្យ​លើ​អ្នក​ដំណើរ​ដែល​បាន​ចាកចេញ​ពី​ប្រទេស​ទាំង​នេះ​នៅ​កន្លែង​មក​ដល់​នៅ​បរទេស។ ព្រោះថា រយៈពេល​គិត​ពី​ចាប់​តាំង​ពី​ការ​ឆ្លង​និង​រហូត​ដល់​ការ​លេច​ឡើង​នូវ​រោគ​សញ្ញា​នៃ​ការ​ឆ្លង វាវែង​ជាង​ច្រើន​ណាស់​ពី​រយៈពេល​នៃ​ការ​ធ្វើ​ដំណើរ​ត្រឹម​ប៉ុន្មាន​ម៉ោង​ចេញ​ពី​ប្រទេស​ទាំង​នោះ។

លោក​វេជ្ជបណ្ឌិត កាន​និង​សហការី​ក៏​បាន​ផ្តល់​ជា​អនុសាសន៍​ថា ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​នានា​ត្រូវ​ធ្វើការ​ថ្លឹងថ្លែង​ដោយ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ព្យសនកម្ម​ឬ​ការ​ខូចខាត​ដែល​អាច​កើត​មាន​ពី​ការ​រិតត្បិត​នៃ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​រងគ្រោះ​ទាំង​នេះ ដែល​សំដៅ​កាត់់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ចូល​ជំងឺ​ឆ្លង​អេបូឡា​នេះ។ លោក​និង​សហការី​បាន​សរសេរ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​នោះ​ថា ការ​ត្រួត​ពិនិត្យ​លើ​អ្នក​ដំណើរ ពី​កន្លែង​ចេញ​ដំណើរ​នៅ​ព្រលានយន្ត​ហោះ​នៃ​ប្រទេស ហ្គីណេ លីបេរីយ៉ា​និង​ស្សីរាលេអូន​គឺ​ជា​ព្រំដែន ដ៏​ល្អ​បំផុត​សំរាប់​ការ​វាយ​តម្លៃ​ពី​ស្ថានភាព​សុខភាព​អ្នក​ដំណើរ​ដែល​អាច​មាន​ជាប់​ជំងឺ​ឆ្លងអេបូឡា។ ក៏​ប៉ុន្តែ ការធ្វើ​អន្តរាគមន៍​នេះ​អាច​ទាមទារ​ឲ្យ​មាន​ការ​គាំទ្រ​ជា​លក្ខណៈ​អន្តជាតិ​ដើម្បី​ឲ្យ​វធានការ​ត្រួត​ពិនិត្យ​ប្រព្រឹត្ត​ទៅ​មាន​ប្រសិទ្ធិភាព។

បាន​សេចក្តី​ថា​តាម​យោបល់​របស់​ក្រុម​វេជ្ជបណ្ឌិត​ដែល​បាន​សិក្សា​ស្រាវជ្រាវ​លើ​បញ្ហា​នេះ គេ​គួរ​ផ្តល់​អាទិភាព​ដល់​វិធានការ​ត្រួត​ពិនិត្យ​នៅ​ឯ​ប្រភព​ផ្ទាល់​តែម្តង ជា​ជាង​ការ​រឹតត្បិត​ទំនាក់​ទំនង​ផ្លូវ​អាកាស​រវាង​ប្រទេស​រងគ្រោះ​ទាំង​បី​ជាមួយ​ពិភព​លោក​ខាង​ក្រៅ ព្រោះ​ការ​រឹតត្បិត​បែប​នេះ​អាច​បង្ក​ឲ្យ​មាន​ផល​អាក្រក់​ច្រើន​ជាង​ផលល្អ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ