អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ឥណ្ឌា​និង​រុស្ស៊ី៖ ពី​មិត្ត​ចាក់ទឹកមិនលិច​មកជា​ដៃគូ​ធម្មតា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់​ស័រ ​តាន់ ​សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថាន​ភាព​ភូមិ​សាស្ត្រ​នយោបាយ​របស់​ប្រទេស​ឥណ្ឌា​ត​ទៅ​ទៀត ​ដោយ​សូម​និ​យាយ​បក​ស្រាយ​ពី​ទំ​នាក់ទំ​នង​រវាង​ឥណ្ឌា​និង​រុស្ស៊ី។ 

ប្រធានាធិបតីរុស្ស៊ីPoutine(ឆ្វេង)និងអតីតនាយករដ្ឋមន្ត្រីឥណ្ឌាManh Mohan Signh(ស្តាំ)
ប្រធានាធិបតីរុស្ស៊ីPoutine(ឆ្វេង)និងអតីតនាយករដ្ឋមន្ត្រីឥណ្ឌាManh Mohan Signh(ស្តាំ) រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​រុស្ស៊ី​បាន​ឆ្លងកាត់​ដំណាក់កាល​ពីរ​ធំ។

ដំណាក់កាល​ទីមួយ​ប្រព្រឹត្តទៅ​នៅ​ក្នុងសម័យ​សង្គ្រាមត្រជាក់។ វា​ជា​ដំណាក់កាល​នៃ​ទំនាក់ទំនង​ស្អិតល្មួត​ចាក់ទឹកមិនលិច​រវាង​ឥណ្ឌា​និង​សូ​វៀត។ រីឯ​ដំណាក់កាល​ទី​ពីរ​វិញ វា​ប្រព្រឹត្តទៅ​តាំងពី​សូ​វៀតបាន​រលំរលាយ​នៅ​ឆ្នាំ១៩៩១ ត​រហូតមកទល់​សព្វ​ថ្ងៃ។ ដូច​បាន​លើក​ឡើង​​រួចហើយ​ថា ក្រោយពី​បានទទួល​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ឆ្នាំ១៩៤៧រហូតដល់​ដើម​ទសវត្សរ៍​ទី៦០ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ Nehruគ្មាន​ជំរើស​អ្វី​ផ្សេង​ក្រៅពី​តាំងខ្លួន​ជា​អ្នក​តតិយលោក​និយម(tiers-mondiste)។ ទន្ទឹមនេះ ក្នុងនាម​ជា​ប្រទេស​ដែល​ទើបបាន​រើបម្រះ​ខ្លួន​ចេញរួច​ពី​នឹម​នៃ​ពួក​ប្រទេស​អាណានិគមនិយម ឥណ្ឌា​របស់​Nehruក៏​ត្រូវតែ​ក្លាយជា​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ​ដែរ បានន័យថា​ឥណ្ឌា​ត្រូវតែ​រួបរួមគ្នា​ជាមួយ​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​មិន​តាម​អាមេរិក ហើយក៏​មិន​កាន់ជើង​សូ​វៀត​ដែរ។ នៅក្នុង​កាលៈទេសៈ​បែបនេះ ឥណ្ឌា​មិនបាន​បោះដៃភ្លាមៗ ទៅរក​សូ​វៀត​ទេ។

គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ១៩៦២ ទើប​ឃើញ​ឥណ្ឌា​និង​សូ​វៀត​បែរមុខ​និង​បោះដៃ​រកគ្នា។ហេតុផល​ធំ គឺ​មកពី​នៅក្នុង​ឆ្នាំ១៩៦២នោះ ឥណ្ឌា​ត្រូវបាន​ឈ្លានពាន​ដោយ​ចិន ចិន​ដែល​ថែមទាំង​បានសម្រេច​ចិត្ត​ចាប់យក​ប៉ា​គី​ស្ថាន​មក​ធ្វើជា​សម្ព័ន្ធមិត្ត​ទៀតផង។ ដំណាលគ្នា​នោះ កុ​ម្មុយ​និ​ស្ត​សូ​វៀត​និង​កុ​ម្មុយ​និ​ស្ត​ចិន​លែង​ត្រូវរ៉ូវ​គ្នា ក្លាយជា​គូប្រជែង​និង​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង។ មិនតែប៉ុណ្ណោះ សូ​វៀត​ចង់​ឆ្លៀត​ប្រើ​ដៃ​និង​មុខមាត់​ឥណ្ឌា​ដើម្បី​ទាក់ទាញ​បណ្តា​ប្រទេស​ក្រីក្រ​និង​មិន​ចូលបក្ស​សម្ព័ន្ធ​ឱ្យ​ចូលមកក្នុង​ស៊ង នយោបាយ​និង​យុទ្ធសាស្ត្រ​របស់ខ្លួន។

អ៊ីចឹង​ហើយ បានជា​នៅក្នុង​ឆ្នាំ១៩៦២ ឥណ្ឌា​និង​សូ​វៀត​ផ្តើម​សហការគ្នា​នៅលើ​វិស័យ​យោធា​និង​សេដ្ឋកិច្ច។ នៅ​ក្នុងន័យនេះ សូ​វៀតបាន​ក្លាយជា​អ្នកផ្តល់​អាវុធ​និង​ជា​អ្នក
ផ្តល់ជំនួយ​ធំជាងគេ​បង្អស់​ដល់​ឥណ្ឌា រីឯ​ឥណ្ឌា​វិញ​ជា​ប្រទេស​ដែល​សូ​វៀតបាន​ជួយ​ច្រើនជាងគេបង្អស់​ចាប់ពី​ឆ្នាំ១៩៦២ទៅ។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​ឈានដល់​ភាពល្អប្រសើរ​ខ្លាំង​នៅ​ឆ្នាំ១៩៧១ ជាមួយ​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ស្តីពី​សន្តិភាព មិត្តភាព​និង​សហប្រតិបត្តិការ។ ស្នូល​នៃ​កិច្ចព្រមព្រៀង​ដ៏​សែន​សំខាន់​នេះ​គឺ​សន្តិសុខ​របស់​ឥណ្ឌា និយាយ​បែប​ផ្សេង​សូ​វៀតបាន​សម្រេច​ចិត្តការ​ពារ​ឥណ្ឌា​ប្រឆាំងនឹង​ការគំរាមកំហែង​ជាយថាហេតុ​ពី​សំណាក់​ចិន​និង​ប៉ា​គី​ស្ថាន។ គឺ​នៅក្នុង​បរិបទ​បែបនេះហើយ​ដែល​ឥណ្ឌា​បានចាប់ផ្តើម​ប្រើប្រាស់​ជំនួយ​យោធា​របស់​សូ​វៀត​ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ប៉ា​គី​ស្ថាន​ដែល​គាំទ្រ​ដោយ​ចិន​នៅ​ឆ្នាំ១៩៧១ និង​ដើម្បី​ពង្រឹង​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង។

ផលប្រយោជន៍​យុទ្ធសាស្ត្រ​និង​ភូមិសាស្ត្រ​នយោបាយ​របស់​ឥណ្ឌា​និង​សូ​វៀត​រឹងរឹតតែ​បាញ់​តម្រង់​ទៅរក​ចំណុច​រួមគ្នា នៅក្រោយ​ពេលដែល​អាមេរិក​និង​ចិន​បាន​ចាប់ដៃគ្នា​ដើម្បី​ប្រឈមមុខ​នឹង​សូ​វៀត​នៅក្នុង​សង្គ្រាមត្រជាក់​ចាប់ពី​ដើម​ទសវត្សរ៍​ទី៧០ទៅ។

សម្ព័ន្ធភាព​ចាក់ទឹកមិនលិច​រវាង​ឥណ្ឌា​និង​សូ​វៀត​ត្រូវ​ដើរមក​ដល់​ដំណាក់កាល​ទី​ពីរ មកដល់​របត់​មួយ​ប្រកបដោយ​គ្រោះថ្នាក់​នៅ​ឆ្នាំ១។ ហេតុផល គឺ​មកពី​កាលណោះ​សូ​វៀត​ដែល​បាន​ចាញ់​សង្គ្រាមត្រជាក់​ស្រាប់តែ​ដួលរលំ។

តាំងពី​ពេលនោះ​មក រុស្ស៊ី​ត្រូវ​ប្រឈមមុខ​នឹង​សណ្តាប់ធ្នាប់​ថ្មី​នៃ​ពិភពលោក​ដែលមាន​អាមេរិក​ជា​កំពូល​មហាអំណាច និង​ត្រូវ​សើរើ​មើល​ឡើងវិញ​នយោបាយ​ការបរទេស ដើម្បី​សម្របសម្រួល​បញ្ចូល​ខ្លួន​ទៅក្នុង​សករាជ​អន្តរជាតិ​ថ្មី។

នៅក្នុង​បរិបទ​បែបនេះ ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​រុស្ស៊ី​លែងមាន​លក្ខណៈ​ស្អិតល្មួត​ដូច​មុន​ទៀតហើយ ផ្ទុយទៅវិញ វា​ថែមទាំង​បាន​ធ្លាក់​ដុនដាប​ខ្លាំង​នៅ​ចន្លោះ​ឆ្នាំ​១៩៩១​-​១៩៩៦​ទៀត​ផង។

កាលណោះ រុស្ស៊ី​ក្រោម​ការដឹកនាំ​របស់ បូរី​ស អេ​ល​ទ្សី​ន(Boris Elsine) លែង​រវីរវល់​នឹង​ឥណ្ឌា ជាហេតុ​បណ្តាលឱ្យមាន​ភាព​តានតឹង​កើតឡើង​រវាង​ប្រទេស​ទាំងពីរ។ នៅ​ឆ្នាំ១៩៩៣ នាឱកាស​ទស្សនកិច្ច​នៅ​ឥណ្ឌា Boris Elsine បាន​យល់ព្រម​បន្ត​សុពលភាព​នៃ​សន្ធិសញ្ញា​ឆ្នាំ១៩៧១ ប៉ុន្តែ​បាន​បោះបង់ចោល​ចំណុច​សំខាន់​នៃ​កិច្ចព្រមព្រៀង នោះ​គឺ​សន្តិសុខ​របស់​ឥណ្ឌា​ដែល​រុស្ស៊ី​បានសម្រេច​ចិត្ត​ឈប់​ធានា។

នៅក្នុង​ស្ថានភាព​បែបនេះ ឥណ្ឌា​ត្រូវ​ហែល​ឆ្លងកាត់​ទសវត្សរ៍​ទី៩០ ក្នុង​ភាព​តែលតោល
ឯកោ ក្រីក្រ​និង​ទន់ជ្រាយ។ អ៊ីចឹង​ហើយ បានជា​ថ្នាក់ដឹកនាំ​ឥណ្ឌា​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ​​យោធា រហូតដល់​បាន​ក្លាយជា​មហាអំណាច​ប​រ​មា​ណូ​ជា​ផ្លូវការ​នៅ​ឆ្នាំ១។ អ៊ីចឹង​ហើយ​ដែរ បានជា​ឥណ្ឌា​ចាប់ផ្តើម​រេ​ទៅរក​អាមេរិកបណ្តើរៗ ជាពិសេស​ពី​ឆ្នាំ២០០១ទៅ។

យ៉ាងណាក៏ដោយ រហូតមកទល់​សព្វថ្ងៃ ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​រុស្ស៊ី​លែងមាន
លក្ខណៈ​ធម្មជាតិ​ដូច​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​សូ​វៀត​កាលសម័យ​សង្គ្រាមត្រជាក់​ទៀតហើយ។

ជាការ​ពិត ភាគី​ទាំងសងខាង​សុទ្ធតែ​បាន​និង​បន្ត​ខ្នះខ្នែង​ពង្រឹង​ភាពជា​ដៃគូ​នឹង​គ្នា ដូច​មាន​ទស្សនកិច្ច​ជា​បន្តបន្ទាប់​របស់​ប្រធានាធិបតី​រុស្ស៊ី​នៅ​ឥណ្ឌា និង​ទស្សនកិច្ច​ជាញឹកញាប់​​របស់​នាយក​រដ្ឋមន្ត្រី​បន្តបន្ទាប់​គ្នា​របស់​ឥណ្ឌា​នៅ​រុស្ស៊ី​តាំងពី​ឆ្នាំ២០០០មក ជា​ឧទាហរណ៍​ជាក់ស្តែង​ស្រាប់។

ជាការ​ពិត ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា​និង​រុស្ស៊ី​ចេះតែ​បន្ត​កើនឡើង អាច​កើន បើ​គិត​ជា​ទឹកប្រាក់ រហូត​ទៅដល់២ម៉ឺន​លាន​ដុល្លារ​នៅ​ឆ្នាំ២០១៥ខាងមុខ។ ហើយ​ជាការ​ពិត​ដែរ រុស្ស៊ី​នៅតែ​ជា​ប្រទេស​ដែល​លក់​អាវុធ​ទៅឱ្យ​ឥណ្ឌា​ច្រើនជាងគេ រហូតដល់​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ។ ក៏ប៉ុន្តែ នៅក្នុង​ពិភពលោក​ពហុ​ប៉ូល​បច្ចុប្បន្ន ឥណ្ឌា​ក៏​ដូច​រុស្ស៊ី​ដែរ ឱ្យ​តម្លៃ​ជា​អាទិភាព​ទៅលើ​ដែន​អំណាច​របស់គេរៀងៗខ្លួន ទៅលើ​តំបន់​អាស៊ី​ខាងត្បូង​សម្រាប់​ឥណ្ឌា និង​ទៅលើ​លំហ​ដែនដី​នៃ​អតីត​សហភាពសូវៀត​សម្រាប់​រុស្ស៊ី។

យ៉ាងណាមិញ ប៉ុន្មាន​ឆ្នាំ​ត​ទៅមុខទៀត ទំនាក់ទំនង​រវាង​អតីត​មិត្ត​ដ៏​ល្អ​ទាំងពីរ​ក៏​នឹង​អាច​វិ​វ​ឌ្ឍ​ទៅរក​ភាព​ល្អូកល្អិន​វិញ​ដែរ ដ្បិត​ឥណ្ឌា​និង​រុស្ស៊ី​នៅមាន​ប្រយោជន៍​រួមគ្នា។ នៅ​ម្ខាង រុស្ស៊ី​ដែល​ចង់​បែរ​បន្តិចម្តងៗទៅកាន់​តំបន់​យុទ្ធសាស្ត្រ​សំខាន់​ជាងគេ​ក្នុងសតវត្សរ៍​ទី២១ នោះ​គឺ​អាស៊ី​ប៉ាស៊ីហ្វិក ប្រហែលជា​ត្រូវការ​ពឹងពាក់​ឥណ្ឌា។ រីឯ​នៅ​ម្ខាង​ទៀត ឥណ្ឌា​ដែលមាន​មហិច្ឆតា​ចង់​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ ក៏​ប្រហែលជា​ត្រូវការ​ពឹងពាក់​រុស្ស៊ី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ