អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅ​ទីបំផុត​សហភាព​អឺរ៉ុប​អាច​ព្រមព្រៀង​គ្នា​បង្កើត​សហភាព​ធនាគារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្រ្តីសេដ្ឋកិច្ច​របស់​សហភាពអឺរ៉ុប​បាន​ឯកភាព​គ្នា កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ ទៅលើ​ការបង្កើត​សហភាព​ធនាគារ។ នៅក្នុងសហភាព​ធនាគារ គេ​បានព្រមព្រៀង​គ្នា​បង្កើត​យន្តការ​មួយ​ដែល​មាន​ទិសដៅ​រៀបចំ ស្តារ​ឡើងវិញ ធនាគារ​ដែល​មាន​បញ្ហា​ហិរញ្ញវត្ថុ ឬ​បញ្ជា​ឲ្យ​បិទ ឬ​ការដាក់​ឲ្យ​ក្ស័យធន ដោយ​បង្ខំ​លើ​ធនាគារ​ណា ដែល​គេ​វាយតម្លៃថា ជួប​ហានិភ័យ។

ផ្សាយពាណិជ្ជកម្ម

 

សហភាព​អឺរ៉ុប​បង្កើត សហភាព​ធនាគារ ដើម្បី​អាច​ប្រមូលផ្តុំ​ធនាគារ​ទាំងអស់ ដែល​មាន​ប្រមាណ​ជាង​៦ពាន់​ធនាគារ នៅ​អឺរ៉ុប ទាំង​ឯកជន ឬ​របស់​រដ្ឋ ឲ្យ​មក​ស្ថិតនៅក្រោម​ការត្រួត ពិនិត្យ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប។ បើទោះបី​ជា​ស្ថិតនៅ​ក្រោម​ការត្រួតពិនិត្យ​ពិនិត្យ​របស់​ធនាគារ​កណ្តាល ប៉ុន្តែ ធនាគារ​ឯកជន​ទាំងនោះ​នៅ​តែ​មាន​សេរីភាព និង​អាច​ធ្វើការ​ប្រកួត ប្រជែង​គ្នា​ដូចមុន។

ការដែល​សហភាព​អឺរ៉ុប​ចង់​ប្រមូលផ្តុំ​យក​ធនាគារ​នៅអឺរ៉ុប​ទាំងអស់​មក​ដាក់​ក្រោម​ការត្រួត​ពិនិត្យ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប ព្រោះ​គេ​ចង់​ជៀសវាង វិបត្តិ​ធនាគារ ដែល​បាន​កើតកន្លង​នៅ​ក្នុង​រដ្ឋ​សមាជិក​របស់​សហភាព​អឺរ៉ុប។ នៅ​ក្រិក ឬ​អេស្ប៉ាញ ឬ​អៀរឡង់ វិបត្តិ​ធនាគារ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ធ្លាក់ខ្លួន ជួប​វិបត្តិប្រាក់​បំណុល។ ជួបប្រាក់បំណុល ដោយសារ​តែ​រដ្ឋ​ដែល​គ្មាន​លុយ​រួចទៅហើយនោះ បាន​រត់ទៅ​ខ្ចីលុយ​បន្ត​ពី​ធនាគារ​ផ្សេង ក្នុង​អត្រា​ការប្រាក់ខ្ពស់ ដើម្បី​យក​ទៅ​ជួយ​ទប់ទល់​ការក្ស័យធន​របស់​ធនាគារ​ឯកជន ឬ​ធនាគារ​ជាតិ​ដែល​ជួប​វិបត្តិ​ប្រាក់បំណុល​ដែរ។ រដ្ឋអន្តរាគមន៍​ជួយ​ធនាគារ​ក្នុងស្រុក​របស់ខ្លួន ដោយសារ​តែ​ធនាគារ​ទាំងនោះ​ជា​ប្រភព​ទ្រទ្រង់​សេដ្ឋកិច្ច​មួយ​ដែរ​របស់​ប្រទេស។

តាមរយៈ​សហភាព​ធនាគារ គេ​អាច​គ្រប់គ្រង​ស្ថានភាព​វិបត្តិប្រាក់​បំណុល​របស់​ធនាគារ​បាន​ល្អ​ជាងមុន។ នៅក្នុង​សហភាព​ធនាគារ​នេះ គេ​បាន​បង្កើត​យន្តការ​ពិសេស​ពីរ។ យន្តការ​ទីមួយ មាននាទី​​តាមដាន​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ ចំណែក​យន្តការ​មួយ​ទៀត​មាន​នាទី​សម្រេចចិត្ត​បិទ​ធនាគារ ឬ​ប្រកាស​ការក្ស័យធន​ដោយ​បង្ខំ​ទៅ​លើ​​ធនាគារ​ណា​ដែល​គេ​វាយ​តម្លៃ​ថា កំពុង​ជួប​ហានិភ័យ​ហិរញ្ញវត្ថុ​ជាដើម។ ធ្វើ​ដូច្នេះ គឺ​ដើម្បី ការពារ​កុំ​ឲ្យ​ធនាគារ​ជួប​វិបត្តិ​ទាន់។ រាល់ការសម្រេច​បិទ​ដោយ​បង្ខំ​ធនាគារ​ណាមួយ ត្រូវ​ចេញ ពី​ក្រុមប្រឹក្សា​អឺរ៉ុប ប៉ុន្តែ មិនមែន​មក​ពី​គណៈកម្មការ​អឺរ៉ុប​ទេ។

មូលនិធិ​បាន​មក​ពី​វិភាគទាន​របស់​ធនាគារ ដើម្បី​យកទៅជួយ​ធនាគារ​ដែល​ជួប​បញ្ហា
តាមកិច្ចព្រមព្រៀង នៅពេល​ដែល​សហភាព​ធនាគារ​បង្កើតឡើង ធនាគារ​នៅអឺរ៉ុប​ត្រូវ​ចូលរួម​ធ្វើ​វិភាគទាន​ដល់​មូលនិធិមួយ ដែល​គេ​គ្រោង​ថា នឹង​មាន​ចំនួន​៥៥ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ ២០២៥។ មានន័យថា ធនាគារ​ទំាងអស់​នៅអឺរ៉ុប ក្រៅតែ​ពី​សន្សំលុយ​ទុក ដើម្បី​ត្រៀម​ការក្ស័យធុន ត្រូវ​ចូលរួម​ធ្វើ​វិភាគទាន ក្នុង​មូលនិធិ​រួម​របស់​សហភាព​ធនាគារ។ ធ្វើដូច្នេះ គឺ​គេ​អាច​ប្រើលុយ​ដែល​ជា​វិភាគទាន​របស់​ធនាគារ ដើម្បី​យក​ទៅ​ប្រើ​ជួយ​ធនាគារ​ដែល​ជួប​វិបត្តិ តាមរយៈ​ប្រាក់កម្ចី គឺ​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋ និង​ប្រជាជន​ដែល​ជា​អ្នកបង់ពន្ធ ដែល​តាមពិត គ្មាន​ជាប់ពាក់ព័ន្ធ​នឹង​វិបត្តិ​ធនាគារ​នោះ។

អ្នកជំនាញ​ វាយតម្លៃថា គេ​អាច​ប្រមូល​មូលនិធិ​បម្រុង​ប្រមាណ ៥៥​ពាន់​លាន​ដុល្លារ​បាន​យ៉ាងងាយ ព្រោះថា ធនាគារ​ធំៗ នៅ​អឺរ៉ុប​មាន​ទុន​យ៉ាងតិច​របស់ខ្លួន ក្នុង​មួយធនាគារ ៣០ពាន់​លានអឺរ៉ូ។ មួយវិញ ទៀត តាម​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ទទួលបន្ទុក​សេដ្ឋកិច្ច សហភាព​ធនាគារ​អាច​មាន​សិទ្ធិ​ទៅ​ខ្ចីលុយ​បន្ត​ពី​គេ។

នៅក្នុង​ការចរចា​រហូតមក បារាំង​ទាមទារ​ថា នៅក្នុង​ពេល​រង់ចាំ ទម្រាំ​ដល់​មាន​មូលនិធិ ៥៥​ពាន់​លាន​អឺរូ នៅឆ្នាំ ២០២៥ គេ​គួរ​ប្រើ​មូលនិធិ​អឺរ៉ុប​ដើម្បី​ស្ថិរភាព​ហិរញ្ញវត្ថុ ដែល​គេ​បង្កើត ជាពិសេស នៅក្នុង​ពេល​តំបន់​អឺរ៉ូ​ជួប​វិបត្តិប្រាក់បំណុល។ មូលនិធិ​នេះ​ដែល​ចូលរួម​ធ្វើ​វិភាគទាន​ពី​សមាជិក​របស់​ប្រទេស​ចាយលុយអឺរ៉ូ​មាន​រហូត​មកដល់​ពេលនេះ ប្រមាណ ៥០០​ពាន់​លាន​អឺរ៉ូ។ បារាំង​ចង់​ឲ្យ​គេ​យកថវិកា​ទៅ​ជួយ​ធនាគារ នៅពេល​ធនាគារ​ក្នុង​ប្រទេស​អឺរ៉ុប​ណាមួយ​ជួប​វិបត្តិ។ ចំណុចនេះ​នៅតែ​ចំណុច​ខ្វែងគំនិតគ្នា​រវាង​ក្រុមប្រទេស​អឺរ៉ុប​ខាងត្បូង ដែល​ជួបវិបត្តិ​ប្រាក់បំណុល​ច្រើនជាងគេ ដែល​នាំមុខ​ដោយ​បារាំង និង​ក្រុមប្រទេស​អឺរ៉ុប​ខាងជើង ដែល​នាំមុខ​ដោយ​អាល្លឺម៉ង់ និង​ដែល​មាន​ឈ្មោះល្បី​ខាង​មាន​កំណើន​សេដ្ឋកិច្ច។

បើតាម​កិច្ចព្រមព្រៀង នៅយប់​ថ្ងៃ​ពុធម្សិលមិញ បារាំង​មិន​បាន​ទទួល​បាន​តាមការទាមទារ​របស់ខ្លួនទេ។ ដូចដឹងស្រាប់ហើយ អាល្លឺម៉ង់​ដែល​ជាភាគី​ចរចា​សំខាន់ បាន​បដិសេធ​យ៉ាងដាច់​អហង្កា​មិន​ឲ្យ​គេ​ប្រើ​លុយវិភាគទាន​របស់​រដ្ឋ ជាពិសេស​​លុយពន្ធរបស់​ប្រជាជន​អាល្លឺម៉ង់ ដើម្បី​ជួយ​ធនាគារ​ដែល​ខ្ជីខ្ជា​មិនចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ខ្លួននោះទេ។

កិច្ចព្រមព្រៀង​ស្តីពី​​សហភាព​ធនាគារ ​បាន​កំណត់ថា នៅក្នុង​ករណី​ធនាគារ​ជួប​វិបត្តិ ធនាគារ​ត្រូវរត់រក​ជំនួយ ការខ្ចី​ពី​ធនាគារ​ផ្សេងទៀត ប៉ុន្តែ ក្នុង​ករណី​ដុនដាប​ខ្លាំង ធនាគារ​អាច​រត់រកជំនួយ​ពី​រដ្ឋ​ម្ចាស់ប្រទេស​របស់ខ្លួន។ ហើយ​ក្នុង​ករណី​ណាដែល​រដ្ឋ​ដែល​ត្រូវ​លូកដៃ​ជួយ គ្មានលុយ ដូចឧទាហរណ៍ ក្រិក ឬ​អេស្ប៉ាញ នោះ​រដ្ឋ​អាច​មាន​សិទ្ធិ​ទៅ​ខ្ចី ពី​ មូលនិធិ​អឺរ៉ុប​ដើម្បី​ស្ថិរភាព​ហិរញ្ញវត្ថុ ប៉ុន្តែ ក្នុង​លក្ខខណ្ឌ​បែបណា​ទៀត​នោះ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ