អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ូលិស​ចាប់​បាន​ជនសង្ស័យ​ដែល​បាញ់រះ​កណ្តាល​ក្រុង​ប៉ារីស

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​យប់​ថ្ងៃ​ពុធ​ទី ២០ វិច្ឆិកា ប៉ូលិសបារាំង​ចាប់បាន​ជនសង្ស័យ​ដែល​បាន​បាញ់រះ​នៅ​ទីស្នាក់ការ​កាសែត​ និង​នៅ​សង្កាត់​ពាណិជ្ជកម្ម​ La défense កាលពី​ដើម​សប្តាហ៍នេះ។ តាម​ប៉ូលិស ជន​សង្ស័យ​​ឈ្មោះ Abdelhakim Dekhar ជនជាតិ​អាល់ហ្សេរី ត្រូវ​បាន​គេចាប់ឃាត់ខ្លួន​ នៅ​កន្លែងចតរថយន្ត​មួយ នៅ​Bois Colombesដែល​ស្ថិតនៅ​​ភាគពាយ័ព្យ​ទីក្រុង​ប៉ារីស។

ទាហាន​បារាំង​ដើរ​ល្បាត​សន្តិសុខ​នៅ​អគារ​Eiffel
ទាហាន​បារាំង​ដើរ​ល្បាត​សន្តិសុខ​នៅ​អគារ​Eiffel ©REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​បារំាង​បាន​​ប្រើ​លទ្ធផល​វិភាគ​AD N ដែល​គេ​បាន​ប្រមូល​ពី​គ្រាប់កាំភ្លើងនៅ​ទីស្នាក់ការ​កាសែត​Libération និង​ស្នាម​មេដៃ​នៅទូរទស្សន៍​បារាំង​BFM ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ADN របស់​ជនសង្ស័យ​ដែល​គេ​ចាប់បាន កាលពី​យប់​ថ្ងៃ​ពុធ ទី ២០ វិច្ឆិកា។ យោងតាម​ប្រធាន​ប៉ូលិស​យុត្តិធម៌ ស្នាម​ADNទាំងនោះពិតជារបស់​ Dekhar​មែន។ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​លោក​Manuel Valls ក៏​បាន​បញ្ជាក់ប្រាប់​អ្នកកាសែត​ដែរថា Dekhar​ គឺ​ជា​ជនបាញ់កាំភ្លើង​ម្នាក់ ដែល​បាន​បង្ក​ការបាញ់រះ​ទៅលើ​បីកន្លែង​ផ្សេងគ្នា នៅ​ទីក្រុង​ប៉ារីស។ Dekhar​​ជាអ្នក​បាញ់​ឲ្យ​​របួស​អ្នកជំនួយការ​ថតរូប​ម្នាក់ កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ នៅ​ទីស្នាក់ការ​កាសែត​Libération។

 
ចាប់តាំង​ពី​ថ្ងៃ​ចន្ទ​មក ប៉ូលិស​ព្រហ្មទណ្ឌ​ប៉ារីស​បាន​វក់វី រក​តាម​ចាប់​ជនសង្ស័យ ដែល​បាន​ចូល​ទៅ​បាញ់​រះ​នៅ​ក្នុង​ទីស្នាក់ការ​កាសែត​ឆ្វេងនិយម​libération។ យោងតាម​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បារាំង ប៉ូលិស​ព្រហ្មទណ្ឌ​បារាំង​​បាន​បើកការស៊ើបអង្កេត​ ប្រមូល​ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​ជនសង្ស័យ​បាញ់កាំភ្លើង ជាពិសេសគេ​បាន​ប្រើ​​រូបភាព​ជនសង្ស័យ ​ដែល​កាម៉េរ៉ា​ត្រួតពិនិត្យ​របស់​ទូរទស្សន៍​BFM ថតទុកបាន។ ប៉ូលិស​នៅ​បាន​ប្រើ​ការលប​ស្តាប់​ទូរស័ព្ទ​ជាង​មួយលាន​ខ្សែ ប៉ុន្តែ នៅ​តែ​មិន​ទាន់​អាច​ចាប់​ជនសង្ស័យបាន។ ទើប​តែ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ គឺ​បុរសម្នាក់ ដែល​អះអាងថា ធ្លាប់​បាន​ផ្តល់​កន្លែង​ស្នាក់ ម្តងម្កាល ដល់ជន​សង្ស័យ Dekhar ជាអ្នកទូរស័ព្ទ​ប្តឹង​ប៉ូលិស។ បុរស​ម្នាក់នោះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ប្រាប់​ប៉ូលិស​ពី​ដំណើរ​ដើមទង​ទាក់ទង​នឹង​ជនសង្ស័យ។ តាម​សាក្សីដដែល ជនសង្ស័យ​ Dekhar ​ធ្លាប់​បាន​និយាយប្រាប់​គាត់ថា គេ​បាន​ធ្វើ​រឿង​មិន​ត្រឹមត្រូវមួយ។

តាមរយៈ​ការចង្អុល​បង្ហាញ​របស់​បុរស​សាក្សី ប៉ូលិស​បាន​ឡោមព័ទ្ធ​រថយន្ត​ដែល Abdelhakim Dekhar​ចតចោល នៅកន្លែងចតឡាន​ក្រោមដី។ តាម​ប៉ូលិស នៅកន្លែង​កើតហេតុ ជនសង្ស័យ​មិន​បាន​តដៃ​អ្វីទេ។ ផ្ទុយទៅវិញ ជនសង្ស័យ​ស្ថិតនៅក្នុង​ស្ថានភាព​បាត់បង់​ស្មារតី​ពាក់កណ្តាល ដែល​បើតាម​ប៉ូលិស គេ​បាន​ព្យាយាម​លេបថ្នាំ​សម្លាប់ខ្លួន។ កាលពីព្រឹកមិញនេះ ប៉ូលិស​បាន​បញ្ជាក់ថា ជនសង្ស័យ​ត្រូវ​បាន​គេ​ជួយសង្រ្គោះឲ្យ​ដឹង​ខ្លួន​ឡើងវិញ​ហើយ ប៉ុន្តែ ចៅក្រម​ស៊ើបអង្កេត​នៅ​មិន​ទាន់​បាន​ចោទសួរ​រូបគេ​​នៅឡើយ​ទេ។

រូបភាព​បង្ហាញ​ជនសង្ស័យដែល​បាន​ចូល​ទៅអុកឡុក​នៅ​ស្ថានីយ៍​ទូរទស្សន៍​BFM
រូបភាព​បង្ហាញ​ជនសង្ស័យដែល​បាន​ចូល​ទៅអុកឡុក​នៅ​ស្ថានីយ៍​ទូរទស្សន៍​BFM Reuters

ជនសង្ស័យ​ជាមនុស្ស​ចម្លែក

Abdelhakim Dekhar អាយុ ៤៨​ឆ្នាំ ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យជាប់គុក ៤​ឆ្នាំ ម្តងហើយ កាលពី​អំឡុងឆ្នាំ ១៩៩៨ ក្នុង​សំណុំរឿង​Rey និង​Maupin។ កាលណោះ​តុលាការ​បាន​ចោទ​ Abdelhakim Dekhar​ថា បាន​ចូលដៃ ចូលជើង​ជាមួយ​មនុស្ស​អាក្រក់ គឺ​បាន​ជួយ​ទិញ​អាវុធ​ឲ្យ​យុវឧក្រិដ្ឋជន​ពីរនាក់ គឺ Flaurence Rey និង​Audry Maupinដែល​បាន​បាញ់​សម្លាប់​មនុស្ស​៤នាក់ ក្នុងនោះ​មានបីនាក់ ជា​ប៉ូលិស​ក្រុង​ប៉ារីស ក្នុង​ឆ្នាំ ១៩៩៤។

Abdelhakim Dekharបាន​ជាប់គុក​រយៈពេល​បួនឆ្នាំ។ បន្ទាប់ពីនោះ គេលែង​មាន​ដំណឹង​ទាក់ទង​នឹង​ជនសង្ស័យ​Dekhar ទៀត។ យោងតាម​ប៉ូលិស Abdelhakim Dekhar​មិន​ស្ថិតនៅក្នុង​បញ្ជី​អ្នកធ្លាប់មានទោស​ ដោយសារ​តែ​សម័យ​នោះ ប្រព័ន្ធ​ចុះបញ្ជី​ស្នាម​ADN របស់​អ្នកមាន​ទោស នៅ​ក្នុង​ម៉ាស៊ីន​មិនទាន់​មាន​នៅឡើយ នៅ​ប្រទេស​បារាំង។ អាច​ដោយសារ​ហេតុផល​នេះ​ហើយ ដែល​ Abdelhakim Dekhar អាច​គេចផុត​ពីការរកចាប់ខ្លួន​ពី ​ប៉ូលិស។ តាម​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ Abdelhakim Dekhar​អាច​រត់​ទៅរស់នៅ​បរទេស ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។

​អតីត​មេធាវី​ដែល​ធ្លាប់​ជួយការពារ Abdelhakim Dekhar ក្នុង​សវនាការ​ឆ្នាំ​១៩៩៨ ​និយាយប្រាប់​វិទ្យុ កាលពី​ព្រឹកមិញថា Abdelhakim Dekhar ជាមនុស្ស​ចម្លែក ស្ងាត់ស្ងៀម​មិន​សូវ​និយាយ​ស្តី ប៉ុន្តែ ​ធ្លាប់​បាន​ប្រាប់​មេធាវី​ថា ខ្លួន​គេជាភ្នាក់ងារ​ស៊ើបការសម្ងាត់​របស់​អាល់ហ្សេរី។ ប្រភព​ខ្លះ​ទៀត​និយាយថា Abdelhakim Dekhar​ ជាសមាជិក​របស់​ក្រុមឆ្វេង​និយមជ្រុល ដែល​ប្រឆាំង​នឹង​ចលនា​ប្រកាន់​រើសអើង​ពូជសាសន៍​នៅស្រុកបារាំង។

កាសែត​មួយ​ចំនួន​សន្និដ្ឋានថា ការដែល​ជនសង្ស័យ​បាញ់រះ​នៅក្នុង​ទីស្នាក់ការ​កាសែត​ មក​ពី​ជនសង្ស័យ​មិនពេញចិត្ត​នឹង​ការចុះផ្សាយ​របស់​កាសែត ដែល​កាលណោះ​បាន​សរសេរ​មិនត្រឹមត្រូវ​ពីរូបគេ នៅក្នុង​សំណុំរឿង​ឃាតកម្ម​Reyនិង​ Maupin ។ ជាក់ស្តែង និពន្ធ​នាយក​ម្នាក់​របស់​ទូរទស្សន៍BFM ​ដែល​រកការគំរាមកំហែង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន ធ្លាប់​ជាអ្នកយកព័ត៌មានផ្ទាល់​ នៅ​កន្លែង​កើតហេតុ នៅឆ្នាំ​១៩៩៤ ​ដែលកាលណោះ​​យុវជន​ឈាមរាវ​ បាញ់​រះ​ សម្លាប់​ប៉ូលិស។​ មូលហេតុ​លើកឡើង​ខាងលើនេះ​​សុទ្ធតែ​ចេញ​មក​ពី​ប្រភព​មិន​ទាន់​ផ្លូវការ។ គេនៅ​ចាំមើល​ការស៊ើបអង្កេត​បន្ត​របស់​ប៉ូលិសបារាំង​ដែល​បាន​រកឃើញ​សំបុត្រ​មួយ​របស់​ Abdelhakim Dekhar នៅក្នុង​ពេល​ចាប់ខ្លួន កាលពី​ម្សិលមិញ។ នៅក្នុង​សំបុត្រ​នោះ Dekhar មាននិយាយ​ពី​ប្រទេស​លីប៊ី និង​ស៊ីរី។ តើ​លីប៊ី ស៊ីរី ​មាន​ទាក់ទង​អ្វី​នឹង​ការ​​វាយប្រហារ​លើ​ទីស្នាក់ការកាសែត និង​ធនាគារ​នៅ​ក្រុង​ប៉ារីស ? ចៅក្រមដែល​​ស៊ើបអង្កេត សិក្សា​លើ​ខ្លឹមសារ​សំបុត្រ​របស់ Abdelhakim Dekhar នឹង​ផ្តល់​ចម្លើយ នៅពេល​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ