សុក្រ 19 សីហា 2011
តើអឺរ៉ុប​ឋិតនៅ​ក្នុងស្ថានភាព​ដ៏គ្រោះថ្នាក់ឬ?​
​លោកស្រី​​​ Angela Merkel​ទាមទារ​​ឲ្យ​​ប្រទេស​​សមាជិក​​ក្នុង​តំបន់​​ចាយប្រាក់​​អឺរ៉ូ​​ទាំងអស់​​គោរព​​វិធានច្បាប់​​រក្សា​​ឲ្យ​មាន​​តុល្យភាព​​ថវិកា​
​លោកស្រី​​​ Angela Merkel​ទាមទារ​​ឲ្យ​​ប្រទេស​​សមាជិក​​ក្នុង​តំបន់​​ចាយប្រាក់​​អឺរ៉ូ​​ទាំងអស់​​គោរព​​វិធានច្បាប់​​រក្សា​​ឲ្យ​មាន​​តុល្យភាព​​ថវិកា​
©​ Reuters/Tobias Schwarz
ដោយ សៀក សារិន

សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​សមាជិក​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​កំពុង​ឋិត​នៅក្នុង​ស្ថានភាព​មួយ​ដ៏​គ្រោះថ្នាក់​ក្រៃលែង។​ ដូច្នេះ​ ​ តើ​អ្នកដឹកនាំ​អឺរ៉ុប​គិត​រិះរក​ដំណោះស្រាយ​ដោយ​វិធីណា​ដើម្បី​ជួយ​បញ្ចៀស​អឺរ៉ុប​ឲ្យ​គេចផុត​ពី​គ្រោះថ្នាក់​ធនក្ស័យ?

ថ្ងៃអង្គារ​ទី១៦​សីហា​ឆ្នាំ២០១១​ ​ ទីផ្សារ​ហិរញ្ញវត្ថុ​រង់ចាំមើល​ការស្វែង​រក​ដំណោះស្រាយ​ដោយ​លោក​ប្រធានាធិបតី​បារាំង​នីកូឡា​ សាកូហ្ស៊ី និង ​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម់ង់​ Angela Merkel ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​ ​ វិបត្តិ​ហិរញ្ញវត្ថុ​ ​ និង​វិបត្តិ​ប្រាក់បំណុល​នៃ​ប្រទេស​សមាជិក​តំបន់​ចាយ​ប្រាក់អឺរ៉ូ។​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរង់ចាំនេះ​ ​ អ្នកដឹកនាំ​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អឺរ៉ុប​ដ៏​សំខាន់​ជាងគេ​ទាំងពីរ​បាន​ស្នើ​បង្កើត​ឲ្យមាន​៖

 
-អភិបាលកិច្ច​អឺរ៉ុប​រួមគ្នា​មួយ​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។
 
-ពន្ធ​ដាក់​ទៅលើ​ការទិញលក់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។
 
-សញ្ញាប័ណ្ណ​អឺរ៉ូ​ឬ​Euro-obligations។
 
ក៏​ប៉ុន្តែ​សំណួរ​មួយ​បាន​លេច​ឡើង​ចោទសួរថា​ ​ តើ​ប្រាក់​អឺរ៉ូ​ពិតជា​ឋិត​នៅក្នុង​ស្ថានភាព​ពោរពេញ​ទៅដោយ​គ្រោះថ្នាក់ឬ?
 
រូបិយប័ណ្ណ​អឺរ៉ុប​ពិតជា​ឋិត​នៅក្នុង​ស្ថានភាព​មួយ​ដ៏​គ្រោះថ្នាក់​។​ ស្ថានការណ៍​បាន​ធ្លាក់ចុះ​ដុនដាប​ធ្ងន់ធ្ងរ​ ​ ទើប​អ្នកដឹកនាំ​អឺរ៉ុប​បាន​ចាប់​គិតគូរ​រិះរក​ដំណោះស្រាយ​មែនទែន។​ រហូត​ដល់​ពេល​ថ្មីៗនេះ​ ​ អ្នកដឹកនាំ​អឺរ៉ុប​គ្រាន់តែ​ធ្វើការ​ឆ្លើយតប​ទៅនឹង​សម្ពាធ​របស់​ទីផ្សារ​តែ​ប៉ុណ្ណោះ។​ ឥឡូវនេះ​ ទើបគេ​ចាប់​គិតគូរ​ដល់​ដំណោះ​ស្រាយ​សម្រាប់​រយៈកាល​វែងឆ្ងាយ។​ ដូច្នេះ​ បច្ចុប្បន្ននេះ​ ​ គេ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើឲ្យ​អភិបាលកិច្ច​នៅក្នុង​តំបន់​ចាយ​ប្រាក់អឺរ៉ូ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាងមុន។​ សំណួរ​នៅពេលនេះ​ពុំមែន​ដើម្បី​ដឹងថា​ ​ តើគេ​ត្រូវការ​ប្រាក់អឺរ៉ូ​ឬទេ?​ ​ ប្រាក់អឺរ៉ូ​បាន​កើតមាន​ជា​រូបរាង​រួចទៅហើយ​ ​ បើ​ប្រាក់អឺរ៉ូ​ជួបនឹង​វិបត្តិ​ក្សិនក្ស័យ​ ​ នោះ​វា​ច្បាស់ជា​បង្ក​ឲ្យ​កើតមាន​វិបត្តិ​ធនាគារមួយ​ពោរពេញ​ដោយ​វិនាសកម្ម​ ​ ហើយ​ពិភពលោក​ទាំងមូល​ច្បាស់​ជាជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ជាពុំខាន។
 
តើគេគួរ​បង្កើត​ឲ្យ​មាន​សញ្ញាប័ណ្ណ​អឺរ៉ូ​ដើម្បី​ជួយ​សង្គ្រោះ​ប្រទេស​ដែលមាន​វិបត្តិ​ប្រាក់បំណុល​ដែរឬទេ?
 
ការបបង្កើត​សញ្ញាប័ណ្ណ​អឺរ៉ូ​ដើម្បី​ជួយ​សង្គ្រោះ​គ្នា​ទៅវិញ​ទៅមក​ជា​ការចាំបាច់​ ​ ជាពិសេស​នៅខណៈពេល​ដែល​ប្រព័ន្ធ​ធនាគារ​អឺរ៉ុប​កំពុង​ជួបនឹង​វិបត្តិ។​ ធនាគារ​អឺរ៉ុប​មួយចំនួន​បាន​ធ្លាក់​ចុះ​ទន់ខ្សោយ​ ​ ដោយហេតុតែ​គ្មាន​មូលនិធិ​គ្រប់គ្រាន់​ ​ ហើយ​ម្យ៉ាងទៀត​ ធនាគារ​អឺរ៉ុប​ទាំងនេះ​មាន​សញ្ញប័ណ្ណ​បំណុល​នៃ​ប្រទេស​អឺរ៉ុប​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ដូចជា​ប្រទេស​អ៊ីតាលី​ឬ​ប្រទេស​អេស្ប៉ាញ​នៅក្នុង​ដៃ​របស់ខ្លួន។
 
ដូច្នេះ​ ការបង្កើត​សញ្ញាប័ណ្ណ​អឺរ៉ូ​ជា​ការចាំបាច់​ចៀសពុំផុត។​ នៅ​ចន្លោះពេលនេះ​ ​ ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អឺរ៉ុប​ត្រូវតែ​យល់ព្រម​ឲ្យ​ធនាគារ​កណ្តាល​អឺរ៉ុប​ផ្តល់​ហិរញ្ញប្បទាន​​ឲ្យ​ប្រទេស​អឺរ៉ុប​មាន​វិបត្តិ​ប្រាក់បំណុល​ដោយគិត​អត្រា​ការប្រាក់​ទាប។​ ហើយ​មូលនិធិ​អឺរ៉ុប​ដើម្បី​ស្ថិរភាព​ហិរញ្ញវត្ថុ​ FESF ​ក៏​អាច​នឹង​ត្រូវ​ដើរតួនាទី​ជំនួស​ធនាគារ​បណ្តោះ​អាសន្ន​សិន​ ​ ទម្រាំ​នឹង​បង្កើត​បាន​សញ្ញាប័ណ្ណ​អឺរ៉ូ។
 
ក្រោយពី​ប្រទេស​ក្រិក​ ​ ប្រទេស​អេស្ប៉ាញ​ ​ និង​ប្រទេស​អ៊ីតាលី​ ​ តើ​ប្រទេស​បារាំង​អាច​ក្លាយ​ជា​ផ្ទាំងស៊ីប​របស់​ពួក​ឈ្មួញ​ទិញលក់​កេងយក​ចំណេញ​ហិរញ្ញវត្ថុ​ដែរឬទេ?
 
ប្រទេស​បារាំង​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​របស់​ឈ្មួញ​ទិញលក់​កេងយក​ចំណេញ​ហិរញ្ញវត្ថុ​រួច​ទៅហើយ។​ ដោយហេតុថា​ ​ ប្រទេស​អ៊ីតាលី​និង​ប្រទេស​អេស្ប៉ាញ​លែង​មាន​សមត្ថភាព​ជួយ​ប្រទេសក្រិក​ ​ ដោយ​ហេតុតែ​មាន​វិបត្តិ​ប្រាក់បំណុល​ដ៏​ធ្ងន់ធ្ងរ។​ រីឯ​ប្រទេស​បារាំងឯណេះ​ត្រូវការ​ជួយ​សង្គ្រោះ​ប្រទេស​ក្រិក​ ​ ក៏ប៉ុន្តែ​ឲ្យ​ទីក្រុង​ប៉ារីស​ធ្វើយ៉ាង​ដូចម្តេច​ ​ បើ​ខ្លួន​មាន​ជាប់​ជំពាក់​បំណុល​គេ​ដល់ទៅ​៨៥%​នៃ​ផលិតផលដុល​ក្នុង​ប្រទេស​រួចទៅហើយ។​ បន្ថែម​ពីលើនេះ​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​បារាំង​ក៏មាន​តិចទាប​ផងទៀត​ ​ សឹងតែ​សូន្យទៅហើយ។
 
បន្ថែម​ពី​លើ​បញ្ហា​វិបត្តិ​ប្រាក់​បំណុល​ ​ បញ្ហា​ដ៏​ធំ​មួយទៀត​របស់​អឺរ៉ុប​គឺ​បញ្ហា​សន្ទុះ​កំណើន​សេដ្ឋកិច្ច។​ ឧទាហរណ៍​ដូចជា​ករណី​របស់​ប្រទេស​អេស្ប៉ាញ​ដែល​មាន​អត្រា​នៃ​អ្នក​ឥត​ការងារធ្វើ​ដល់​ទៅជាង២០%​ ​ ដូច្នេះ​ការផ្តល់​ជំនួយ​សង្គមកិច្ច​ជាការ​ចាំបាច់​សម្រាប់​បញ្ចៀស​កុំឲ្យ​ប្រទេស​ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ​និង​វិបត្តិ​សង្គម​មួយ​ដ៏ធ្ងន់ធ្ងរ។​ ក៏​ប៉ុន្តែ​ឲ្យ​អ្នកដឹកនាំ​អេស្ប៉ាញ​ធ្វើ​យ៉ាង​ដូច​ម្តេច​ ​ បើ​គ្មាន​ប្រាក់​១សេន​សោះ​នៅក្នុង​ហិបប្រាក់​របស់រដ្ឋ​ ​ ហើយ​បន្ថែម​ពីលើនេះ​ ​ រដ្ឋ​អេស្ប៉ាញ​ជំពាក់​បំណុល​គេ​វ័ណ្ឌក។
 
ដូច្នេះ​ ​ តើគេត្រូវធ្វើ​យ៉ាងដូចម្តេច?
 
នៅក្នុង​ករណី​របស់​ប្រទេស​ក្រិក​ក៏​ដូចជា​ករណី​របស់​ប្រទេស​អេស្ប៉ាញ​៖
 
-គេត្រូវតែ​ធ្វើ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ ​ ដោយ​ធ្វើយ៉ាងណា​ឲ្យ​ទីផ្សារ​ការងារ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្ពង់ខ្ពស់។
 
-ជំរុញ​ការទិញដូរ​ហូបចុក​ផ្ទៃក្នុង​ឲ្យ​មាន​សន្ទុះ​ឡើងវិញ។
 
-បង្កើត​វិធានច្បាប់​អនុញ្ញាត​ឲ្យ​ប្រទេស​ដែល​មាន​អត្រា​នៃ​អ្នក​ឥត​ការងារ​ធ្វើ​ខ្ពស់​ ​ អាចមាន​សិទ្ធិ​ឋិត​នៅក្នុង​ស្ថានភាព​ឧនភាព។
 
ក៏​ប៉ុន្តែ​ ​ បញ្ហា​គឺ​នៅត្រង់​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ​នៅក្នុង​តំបន់​អឺរ៉ូ​ពុំ​ចង់ដឹ​ងឮ​ពី​បញ្ហា​ឧនភាព​សោះឡើយ។​ ទីក្រុង​ប៊ែរឡាំង​ទាមទារ​ឲ្យ​ប្រទេស​សមាជិក​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ទាំងអស់​គោរព​វិធានច្បាប់​រក្សា​ឲ្យ​មាន​តុល្យភាព​ថវិកា។​ ដូច្នេះ​ឃើញថា​ អឺរ៉ុប​ពិតជា​ឋិត​នៅក្នុង​ស្ថានភាព​ទាល់ច្រក​ដ៏​គ្រោះថ្នាក់៕

ពាក្យគន្លឹះ : សេដ្ឋកិច្ច
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
Close