អានតួអត្ថបទ
សហភាពអឺរ៉ុប

តំបន់អឺរ៉ូ៖ ​បញ្ហា​កំណើន​​សេដ្ឋកិច្ច​ចុះខ្សោយ​បន្ថែម​ទៅលើ​វិបត្តិ​ប្រាក់បំណុល​

ដូចការ​ភ័យបារម្ភ​របស់​ទីផ្សារ​ហិរញ្ញវត្ថុ​ ​ តំបន់អឺរ៉ូ​បាន​ឃើញ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​ធ្លាក់ស្រុតចុះ​នៅត្រីមាស​ទីពីរ​ឆ្នាំ២០១១។​ ទាំងនេះ​ ពិតជា​កត្តា​ដ៏​អវិជ្ជមាន​ក្នុងការ​ជួយ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ប្រាក់បំណុល​ដ៏សែន​ធ្ងន់ធ្ងរ។

ស្លាក​សញ្ញា​នៃ​ការិយាល័យ​​អឺរ៉ុប​​ខាង​​ស្ថិតិ ​( ​Eurostat )
ស្លាក​សញ្ញា​នៃ​ការិយាល័យ​​អឺរ៉ុប​​ខាង​​ស្ថិតិ ​( ​Eurostat ) © Commission européenne
ផ្សាយពាណិជ្ជកម្ម

បើយោងតាម​តួលេខ​របស់​ការិយាល័យ​អឺរ៉ុប​ខាង​ស្ថិតិ ​ឬ ​Eurostat ​ដែល​បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃអង្គារ​ទី១៦​សីហា​ឆ្នាំ២០១១​ ​ ផលិតផល​ដុល​សរុប​ក្នុង​តំបន់​អឺរ៉ូ​បាន​កើនឡើង​តែ​០,២%​ប៉ុណ្ណោះ​នៅ​ត្រីមាស​ទីពីរ​ឆ្នាំ២០១១។

សន្ទុះ​កំណើន​សេដ្ឋកិច្ច​០,២%​នេះ​ជា​អត្រា​មួយ​តិចទាប​ជាង​ការ​ប្រមាណ​ទុក​ដែល​គេគិតថា​អាច​មាន​០,៣%។

គួរកត់​សម្គាល់ថា​ ​ កំណើន​សេដ្ឋកិច្ច​អាល្លឺម៉ង់​បាន​ស្ទុះ​កើនឡើង​តែ​០,១%​ប៉ុណ្ណោះ​នៅត្រីមាស​ទី២​ឆ្នាំ២០១១​ទល់នឹង​ការប្រមាណ​ទុក​ថា​អាចមាន​ដល់ទៅ​០,៤%។​ ជាងនេះ​ទៅទៀត​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​បារាំង​នៅ​ត្រីមាស​ទីពីរ​ឆ្នាំ២០១១​មាន​០%។

ចំណែកឯ​ប្រទេស​ដទៃទៀត​នៃ​តំបន់អឺរ៉ូ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ “AAA”​ ពី​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ប្រាក់បំណុល​ដូចជា​ប្រទេស​ហុលឡង់​បាន​ឃើញ​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ស្ទុះ​កើនឡើង​តែ​០,១%​ប៉ុណ្ណោះ​នៅត្រីមាស​ទី២​ឆ្នាំ២០១១​នេះ។​ តួលេខ​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញថា​ ​ ប្រទេស​សំខាន់ៗ​នៃ​តំបន់​អឺរ៉ូ​គ្មាន​ថាមពល​សេដ្ឋកិច្ច​គ្រប់គ្រាន់​នឹង​ជួយ​អូសទាញ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទន់ខ្សោយ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ឡើយ។​ ទាំងនេះ​បាន​ធ្វើឲ្យ​គេ​កើតមាន​ក្តីបារម្ភ​កាន់តែ​ខ្លាំងឡើងៗ​នៅចំពោះ​មុខ​គ្រោះថ្នាក់​នៃ​ការ​បែកបាក់​ខ្ចាត់ខ្ចាយ​នៃ​តំបន់​អឺរ៉ូ។

សូម្បី​តែ​ប្រទេស​អ៊ីតាលី​និង​ប្រទេស​អេស្ប៉ាញ​ដែល​ឋិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​ទីផ្សារ​ហិរញ្ញវត្ថុ​ក៏​អាច​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​គ្រាន់បើ​ជាង​ប្រទេស​អឺរ៉ុប​សំខាន់ៗ​ទាំង​ប៉ុន្មាន​ខាងលើនេះដែរ។​ សម្រាប់​រយៈកាល​នៃ​ត្រីមាស​ទី២​ឆ្នាំ២០១១​ ​ ប្រទេស​អ៊ីតាលី​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទីបី​ក្នុង​តំបន់​អឺរ៉ូ​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​០,៣%​ ​ ហើយ​ប្រទេស​អេស្ប៉ាញ​មាន​០,២%។

ប្រទេស​ព័រទុយហ្កាល់​វិញ​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​០%​សម្រាប់​ត្រីមាស​ទី២​ឆ្នាំ២០១១​ ​ ដែល​ខុសពី​ប្រទេស​ហ្វាំងឡង់​+១,២%​ ​ ប្រទេស​អូទ្រីស​+១%​ ​ ប្រទេស​ស្លូវ៉ាគី​+០,៩%។

ប្រឈមមុខ​ទល់នឹង​ការខកចិត្ត​ហើយនិង​សម្ពាធ​របស់​ទីផ្សារ​ពុំឈប់ឈរ​ ​ អ្នកដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​អាច​មាន​លទ្ធភាព​តិចណាស់​ក្នុង​ការ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ប្រាក់បំណុល។

ដូច្នេះហើយ​បានជា​នៅថ្ងៃចន្ទ​កន្លង​ទៅនេះ​ ​ លោកស្រី​Christine Lagarde ​អគ្គនាយិកានៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់​ក្នុងលោក​ ​ ជាពិសេស​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​ឲ្យ​ខិតខំ​ប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​ប្រាក់​បំណុល​ ​ ដោយ​ចៀសវាង​កុំ​សម្លាប់​សន្ទុះ​កំណើន​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ