អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​អ៊ុយក្រែន​សម្រេច​រត់ចោល​សហភាពអឺរ៉ុប ទៅ​ឱប​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីបំផុត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ វិច្ឆិកា ប្រទេស​អ៊ុយក្រែន​បាន​សម្រេច​កប់ចោល​នូវ​កិច្ចព្រមព្រៀង​ដែល​ទីក្រុង​គៀវ​គ្រោង​នឹង​ចុះ​ហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី២៨ និង​២៩ វិច្ឆិកា​សប្តាហ៍​ក្រោយ នា​ឱកាស​ជំនួបកំពូល​ក្នុង​ទីក្រុង​វីលនីញូស ប្រទេស​លីទុយអានី។ ទន្ទឹម​គ្នា​នេះ សភា​អ៊ុយក្រែន​ក៏​បាន​ច្រាន​ចោល​នូវ​សំណើ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន យ៉ូលីយា ទីម៉ូឆេនកូ​ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ក្នុង​ពន្ធនាគារ និង​ដែល​កំពុង​មាន​ជម្ងឺ​អាច​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​បរទេស​បាន។

លោក​ប្រធានាធិបតី​អ៊ុយក្រែន វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច
លោក​ប្រធានាធិបតី​អ៊ុយក្រែន វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច Reuters/Konstantin Chernichkin
ផ្សាយពាណិជ្ជកម្ម

បើ​គេ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា ជម្រើស​ចុងក្រោយ​របស់​ប្រទេស​អ៊ុយក្រែន មក​ពី​រដ្ឋាភិបាល​ទីក្រុង​គៀវ​គិត​ថា រកស៊ី​ជាមួយ​រុស្ស៊ី​នឹង​អាច​ទទួល​បាន​ផលចំណេញ​ច្រើន ជាង​រកស៊ី​ជាមួយ​សហភាព​អឺរ៉ុប។ តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជ្រៅ​បន្តិច​ទៅ​ឃើញ​ថា បញ្ហា​ចម្បង​មិន​មែន​ស្ថិត​តែ​នៅ​លើ​រឿង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​បង្កប់​ដោយ​រឿង​នយោបាយ និង​ភូមិសាស្រ្ត​នយោបាយ​ដែរ។ ចូរ​កុំ​ភ្លេច​ថា ប្រទេស​អ៊ុយក្រែន គឺ​ជា​អតីត​សាធារណរដ្ឋ​ក្នុង​ជំនាន់​សហភាព​សូវៀត មាន​ន័យ​ថា ធ្លាប់​ជា​អតីត​កូនចៅ​របស់​រុស្ស៊ី​បច្ចុប្បន្ន។ ចំណែក​ឯ​រុស្ស៊ី​ឯណោះ​វិញ ក៏​មិន​ចង់​ឃើញ​អតីត​កូនចៅ​របស់​ខ្លួន​រត់​ទៅ​ភ្ជាប់​ស្នេហ៍​ល្អូតល្អឺន​ជាមួយ​អ្នកផ្សេង​ដែរ ពិសេស​គឺ​ជាមួយ​សហភាព​អឺរ៉ុប​ដែល​រុស្ស៊ី​ខ្លួន​ឯង​ក៏​ពិបាក​នឹង​និយាយ​ចុះ​សម្រុង​គ្នា​ដែរ។

ជា​រៀងរាល់​ឆ្នំា ទឹកប្រាក់​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន គឺ​មាន​រាប់សិបពាន់លានដុល្លារ។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ប្រកាស​ធានា​ថា នឹង​បន្ត​ធ្វើ​ការ​ជាមួយ​អឺរ៉ុប​ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​បញ្ចូល​អ៊ុយក្រែន​ជា​សមាជិក​សហភាព​អឺរ៉ុប។ ស្រប​គ្នា​នេះ ទីក្រុង​គៀវ​ក៏​បាន​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ត្រីភាគី អ៊ុយក្រែន រុស្ស៊ី និង​សហភាព​អឺរ៉ុប​ស្តីពី​ពាណិជ្ជកម្ម។ កម្មវត្ថុ គឺ​ដើម្បី​ធានា​សន្តិសុខ​អ៊ុយក្រែន ផ្តល់សន្ទុះ​សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី និង​ការ​រៀបចំ​បង្កើន​ទំនាក់ទំនង​ទីផ្សារផ្ទៃក្នុង​ស្មើភាព​គ្នា​ជាមួយ​សហភាព​អឺរ៉ុប។

លោកស្រី​ប្រមុខ​ការទូរ​អឺរ៉ុប Catherine Ashton
លោកស្រី​ប្រមុខ​ការទូរ​អឺរ៉ុប Catherine Ashton Reuters/Francois Lenoir

លោកស្រី Catherine Ashton៖ « អនាគតអ៊ុយក្រែនត្រូវឆ្លងកាត់តាមទំនាក់ទំនងជាមួយអឺរ៉ុប »

សហភាព​អឺរ៉ុប​បាន​សម្តែង​ការ​ខកចិត្ត និង​សោកស្តាយ​ខ្លំាង​ណាស់​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​ប្រទេស​អ៊ុយក្រែន។ សូម​បញ្ជាក់​ជូន​ថា ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ កិច្ចព្រមព្រៀង​សហការ​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​អ៊ុយក្រែន​បាន​ក្លាយ​ជា​ប្រធានបទ​ប្រទាញប្រទង់​គ្នា​យ៉ាង​សកម្ម និង​ក្តៅគគុក​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​រុស្ស៊ី។ អឺរ៉ុប​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទំាង​អស់​ដើម្បី​អូសទាញ​អ៊ុយក្រែន​ឲ្យ​ចុះ​ហត្ថលេខា​សហការ​ជាមួយ​ខ្លួន។ រីឯ​រុស្ស៊ី​ក៏​បាន​ព្យាយាម​ទាញ​អ៊ុយក្រែន​ឲ្យ​មក​នៅ​ខាង​ខ្លួន ដោយ​បាន​គំរាម​កាត់ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច។

នៅ​មួយ​ខែ​មុន​នេះ និង​បើ​ទោះ​បី​ជា​មាន​ការ​ដាក់​គំនាប​ខ្លំាង​ពី​រុស្ស៊ី​ក៏​ដោយ ក៏​គ្រប់​គ្នា​នៅ​តែ​មាន​ជំនឿ​ថា នឹង​មាន​ការ​ចុះ​ហត្ថលេខា​រវាង​អឺរ៉ុប និង​អ៊ុយក្រែន​នៅ​ថ្ងៃ​ខាង​មុខ។ គឺ​ទើប​តែ​នៅ​ក្រោយ​ជំនួប​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​លោក​ប្រធានាធិបតី​អ៊ុយក្រែន វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ចិការ​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ ដែល​ទីក្រុង​គៀវ​បាន​ផ្លាស់ប្តូរ​ជំហរ ១៨០អង្សារ​នៅ​នាទី​ចុង​ក្រោយ​របៀប​នេះ។

សម្រាប់​លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប Catherine Ashton ការ​ខកចិត្ត មិន​មែន​មាន​តែ​អឺរ៉ុប​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​សម្រាប់​ប្រជាជន​អ៊ុយក្រែន​ដែរ។ យោង​តាម​លោកស្រី Ashton ជោគវាសនា​អនាគត​របស់​ប្រទេស​អ៊ុយក្រែន​នឹង​ត្រូវ​ឆ្លង​កាត់​តាម​ទំនាក់ទំនង​ជាមួយ​សហភាព​អឺរ៉ុប គឺ​មិន​មែន​ជាមួយ​ប្រទេស​រុស្ស៊ី​ទេ។

ក្រៅ​ពី​សហភាព​អឺរ៉ុប អ្នក​ដែល​ខកចិត្ត​បន្ទាប់ គឺ​គណបក្សប្រឆំាង​នៅ​អ៊ុយក្រែន។ ថ្នាក់ដឹកនំា​គណបក្សប្រឆំាង​ម្នាក់​បាន​ចាត់​ទុក​ការសម្រេចចិត្ត​យ៉ាង​ទាន់ហន់​របស់​លោក​ប្រធានាធិបតី​វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​ថា ជា​ទង្វើ​ក្បត់ជាតិ និង​បាន​ទាមទារ​ឲ្យ​លោក​វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​ចុះ​ចេញ​ពី​តំណែង​ទៀត​ផង។ ទន្ទឹម​គ្នា​នេះ ថ្នាក់ដឹកនំា​គណបក្សប្រឆំាង​រូប​នោះ​ក៏​បាន​អំពាវនាវ​ឲ្យ​រៀបចំ​មហាបាតុកម្ម​មួយ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ។

លោក​ប្រធានាធិបតី​អ៊ុយក្រែន វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច
លោក​ប្រធានាធិបតី​អ៊ុយក្រែន វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច Reuters/Grigory Dukor

លោក​វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​កំពុង​យក ក ល អន្ទាក់ !

គេ​អាច​និយាយ​បាន​ថា ទីមួយ អ្វី​ដែល​លោក​ប្រធានាធិបតី​អ៊ុយក្រែន​វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​បាន​សម្រេច​ពេល​នេះ គឺ​ជា​ហានិភ័យ​ដល់​ប្រទេស​ជាតិ​សម្រាប់​រយៈពេល​យូរអង្វែង និង​ទីពីរ គេ​អាច​និយាយ​បាន​ថា វា​ជា​ការ​សម្រេចចិត្ត​មួយ​សម្រាប់​ភាព​សុខក្សេមក្សាន្ត​នៃ​អនាគត​ជីវិត​នយោបាយ​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ។ ការ​ហ៊ាន​និយាយ​យ៉ាង​ដូច​នេះ ព្រោះ​ថា សហភាព​អឹរ៉ុប​បាន​ទាមទារ​ឲ្យ​លោក​វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​ដោះលែង​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន យ៉ូលីយា ទីម៉ូឆេនកូ​ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ក្នុង​ពន្ធនាគារ និង​កំពុង​មាន​ជម្ងឺ​ធ្ងន់ រួច​បញ្ជូន​លោកស្រី​ឲ្យ​ទៅ​ព្យាបាល​ក្នុង​ប្រទេស​អាល្លឺម៉ង់។ នេះ គឺ​ជា​លក្ខខណ្ឌ​មួយ​ដែល​អឺរ៉ុប​បាន​ដាក់​លើ​អ៊ុយក្រែន មុន​នឹង​ចុះ​ហត្ថលេខា​សហការ​គ្នា។ តែ​លោក​វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​មិន​យល់ព្រម ដោយ​ខ្លាច​ការ​ដោះលែង​លោកស្រី​យ៉ូលីយា ទីម៉ូឆេនកូ ជា​ការ​ដោះលែង​សត្វខ្លា​មួយ​ដែល​នឹង​អាច​វិលត្រឡប់​មក​ខំា​លោក​វិញ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន ពិសេស​វិល​មក​ឆាឆៅ​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នា​ឆ្នំា ២០១៥ ខាង​មុខ។

តែ​យ៉ាង​ណា​ក៏​ដោយ លោក​វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​ក៏​មិន​ជំទាស់​នឹង​ការ​បញ្ជូន​លោកស្រី​យ៉ូលីយា ទីម៉ូឆេនកូ​ឲ្យ​ទៅ​ព្យាបាល​នៅ​បរទេស​ទេ តែ​ត្រូវ​គោរព​លក្ខខណ្ឌ​មួយ នោះ​គឺ​នៅ​ពេល​ព្យាបាល​ជា ហើយ លោកស្រី​ត្រូវ​តែ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដើម្បី​បញ្ចប់​ទោស​របស់​ខ្លួន។ តែ​អ្វី​ដែល​លោក​វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​ហាក់​ដូច​ជា​បាន​មើល​រំលង​នោះ​គឺ​ថា អនាគត​នយោបាយ​របស់​លោក​ក៏​វា​អាស្រ័យ​លើ​ជំហរ​របស់​ប្រទេស​រស្ស៊ី​របស់​លោក​ប្រធានាធិបតី​ពូទីន​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ