អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​នៃ​ការបង្កើត​សហភាព​ធនាគារ​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ថ្ងៃ​ចន្ទ​មក មាន​បើក​សប្តាហ៍​ហិរញ្ញវត្ថុ​អឺរ៉ុប នៅ Francfort ដោយ​មាន​អ្នក​ឯកទេស​ ៥៥០​នាក់ និង​ភ្ញៀវ​ចូលរួម​ប្រមាណ​មួយ​ម៉ឺន​នាក់។ ជា​ការ​ជួប​ជុំ​គ្នា​ដ៏​សំខាន់​មួយ​​នៅ​អឺរ៉ុង ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង​ធានារ៉ាប់រង។ កម្មវត្ថុ​នេះ​ជំនួប​នេះ គឺ​ពិភាក្សា​អំពី​ទីផ្សារ​ហិរញ្ញវត្ថុ ប៉ុន្តែ​ជា​ឱកាស​មួយ​សម្រាប់​បូក​សរុប​នយោបាយ​សេដ្ឋកិច្ច​​នៅ​អឺរ៉ុប។

ស្លាក​សញ្ញាប្រាក់​អឺរ៉ូ នៅមុខ​ធនាគារ​កណ្តាល​អឺរ៉ុប​នាក្រុង​ Francfort ប្រទេស​អាល្លឺម៉ង់
ស្លាក​សញ្ញាប្រាក់​អឺរ៉ូ នៅមុខ​ធនាគារ​កណ្តាល​អឺរ៉ុប​នាក្រុង​ Francfort ប្រទេស​អាល្លឺម៉ង់ REUTERS/Ralph Orlowski
ផ្សាយពាណិជ្ជកម្ម

 

កាលពី​ថ្ងៃទី ១៥ វិច្ឆិកា សប្តាហ៍​មុន ជា​លើក​ទី​មួយ ក្នុង​ប្រវត្តិ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ដែល​គណៈកម្មការ​អឺរ៉ុប បាន​ចេញ​របាយការណ៍​វាយ​តម្លៃ​គម្រោង​ថវិកា និង​ការ​ចាយ​វាយ​​សាធារណៈ​ ប្រចាំ​ឆ្នាំ​២០១៤​របស់​ប្រទេស​ជា​សមាជិក​​។ ថ្វី​បើ​ជា​ទូទៅ គណៈកម្មការ​ឯកភាព​ថា​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ បាន​ឆ្លើយ​តប​ទៅ​នឹង​​ពាក្យ​សន្យា​កាត់​បន្ថយ​ឱនភាព​ជាតិមែន ប៉ុន្តែ​ការរិះគន់​ក៏​មាន​ច្រើន។ ប្រទេស​បែលហ្សិក​ និង​ហូឡង់ មាន​សុខភាព​សេដ្ឋកិច្ចល្អ ដោយ​សារ​តែ​ចេះ​កាត់​បន្ថយ​ចំណាយ​សាធារណៈ ហើយ​អៀឡង់ អាច​នឹង​លែង​ពឹង​ពាក់​ជំនួយ​ហិរញ្ញវត្ថុ​អឺរ៉ុប ក៏​ព្រោះ​តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង កំពុង​ផ្តល់​ផ្លែផ្កា​ជា​បណ្តើរៗ។

គឺ​ប្រទេស​នៅ​តំបន់​ភាគ​ខាង​ត្បូង​ទេ ដែល​ត្រូវ​ព្រួយ​បារម្ភខ្លាំង ខ្លាច​ដើរ​ខុស​ផ្លូវនោះ។ នៅ អ៊ីតាលី ប្រាក់​បំណុល​អាច​នឹង​កើន​ឡើង​ដល់​ទៅ ១៣៤%​នៃ​ផលិតផល​សរុប​ក្នុងស្រុក នា​ឆ្នាំ​ក្រោយ។ អេស្ប៉ាញ​វិញ សង្ឃឹម​ដើរ​ចេញ​ពី​កម្មវិធី​ជំនួយ​អន្តរជាតិ​បាន​ ប៉ុន្តែត្រូវ​ប្រឈម​ខ្លាំង​នឹង​​បញ្ហា​អត់​ការងារ​ធ្វើ។ អត្រា​នៅ​ខ្ពស់​មិន​ធ្លាប់​មាន​ដដែល។

ចុះ​ប្រទេស​បារាំង ?! គណៈកម្មការ​បាន​ផ្តល់​ភ្លើង​ខៀវ​ ព្រមព្រៀង​ទទួល​យក​គម្រោង​ថវិកា​បារាំង​ប្រចាំ​ឆ្នាំ​២០១៤ ប៉ុន្តែ​សម្រាប់​អំណាច​ប្រតិបត្តិ​អឺរ៉ុប​មួយ​នេះ ក្រុង​ប៉ារីសអស់​ផ្លូវ​ដើរ​រលីង ​​គ្មាន​មធ្យោបាយ​អ្វី​ផ្សេង​សម្រាប់ជួយ​សង្គ្រោះ​ និង​ស្រោចស្រង់​ ឱនភាព​ថវិកាឡើយ ដូច្នេះ​បើមាន​បញ្ហា​អ្វី​បន្តិច គឺ​ពិត​ជា​វីវ​រ​ មិន​អាច​សម្រេច​កម្មវត្ថុ​ដែល​បានចែង​ក្នុង​គម្រោង​ថវិកា​ឡើយ។​

ដូច្នេះ​សួរ​ថា​មាន​គំរូ​សេដ្ឋកិច្ច​ណា​ដែល​អឺរ៉ុប​គួរ​យក​ប្រើ​បាន នា​ពេល​នេះ​ ?

ប្រទេស​អាល្លឺម៉ង់ លែង​ជា​គំរូ​ល្អ សម្រាប់​គ្រប់គ្នា​គួរឱ្យ​យក​តម្រាប់​តាម​ ទៀត​ហើយ។ អឺរ៉ុប និង​ប្រទេសជាប់​មហាសមុទ្ទ​អាត្លង់ទិច​ដទែ​ទៀត សុទ្ធ​តែ​បាន​បញ្ចេញ​សំឡេង​រិះគន់​ ភាព​រឹង​ឆ្កើត​​ផ្នែក​ថវិកា​ និង​សល់ផល​ពាណិជ្ជកម្មអាល្លឺម៉ង់​ខ្លាំង​ណាស់។ គណៈកម្មការ​អឺរ៉ុប ថែម​ទាំង​បាន​ប្រកាស​បើក​អង្កេត​លើ​នយោបាយ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ទៀត​ផង កាលពី​ថ្ងៃ​ទី ១២​វិច្ឆិកា​។
« មានការ​អំពាវនាវ​ឱ្យ​អាល្លឺម៉ង់​ប្រកាន់​ឥរិយាបថ​សហការជាង​មុន​បន្តិច និង​ផ្តល់​សន្ទុះ​ដល់​វិស័យ​ណា​ដែល​អាចគាំទ្រ​ឱ្យ​មាន​សេចក្តី​ត្រូវការ​ក្នុង​ស្រុក និង​ការនាំ​ចូល។ ព្រោះ​ប្រការ​ទាំង​ពីរ​នេះ នឹង​អាច​ជួយ​ដៃគូសំខាន់ៗ​នៅ​អឺរ៉ុប​បាន។ នេះ​ជា​ទស្សនៈរបស់​​អ្នក​ឯកទេស​សេដ្ឋកិច្ច​ម្នាក់។​​

យ៉ាង​ណា​មិញ អាល្លឺម៉ង់ មិន​មែន​ត្រូវ​ជា​ប្រទេស​តែ​មួយ ដែល​ជា​អ្នកកំណត់​បង្ខំ​ផ្នែក​ថវិកា​ទេ។ សម្ពាធ​នេះ​ ត្រូវ​ធ្លាក់​មក​ពី​ខាង​ទីផ្សារ ដែល​ម្ចាស់​បំណុល​របស់​ប្រទេស​នោះ។ ចំណែក​ឯ​នយោបាយ​រូបិយវត្ថុ​ ដែល​អាល្លឺម៉ង លើក​ផែន​ការ​ឡើងវិញ ធនាគារ​កណ្តាល​អឺរ៉ុប បាន​ដក​ខ្លួន​មិន​នៅ​បៀប​ទេ ដោយ​បាន​សម្រេច​បញ្ចុះ​អត្រា​ការ​ប្រាក់ផង​។

អធិការកិច្ចរួម​

គម្រោង​បង្កើត​សហភាព​ធនាគារ​អឺរ៉ុប ដែល​កំពុង​សិក្សា​តាំង​ពី​ចុង​ខែ​មិថុនា​ឆ្នាំ​២០១២​មក​ មាន​កម្មវត្ថុ​ចង់​បង្កើត​ឱ្យ​មាន​គណៈកម្មការ​​​ត្រួត​ពិនិត្យ​រួម​តែ​មួយ។ សហភាព​ធនាគារ​ដែលនឹង​​មាននាទី​មក​​កាត់​ផ្តាច់​ ដំណើរ​​វិល​វល់​គ្មាន​ច្រក​ចេញ​​នៃ​វិបត្តិ​ធនាគារ​និង​បំណុល​សាធារណៈ ដោយ​បង្កើត​ជា​យន្ត​ការ​សាមគ្គីភាព​អន្តរធនាគារ​។ ប៉ុន្តែ​ដើម្បី​ឱ្យ​យន្តការ​ទាំង​អស់​នេះ​អាច​ចេញ​ជា​រូប​រាង​ និង​មានដំណើរ​បាន ​ប្រទេស​ជា​សមាជិក​ទាំង​អស់​ ចាំ​បាច់​ត្រូវ​តែ​ព្រមព្រៀង​ផ្ទេ​រ​ព័ត៌មាន​ (មិន​ថា​ជា​នយោបាយ​ក្នុង​វិស័យ​ធនាគារ នយោបាយ​ត្រួតពិនិត្យ ឬ​ជំនួយការ​ធនាគារ​ពេល​មាន​វិបត្តិ) ក្នុង​កំរិត​​ថ្នាក់ជាតិ ឱ្យ​ទៅ​ជា​ថ្នាក់​អឺរ៉ុប។ ដូច្នេះ​ឃើញ​ថា​ ជា​ការដ្ឋាន​ដ៏​ធំ​សម្បើម​ ទាំង​ផ្នែក​នយោបាយ​និង​ច្បាប់។

ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ បាន​បង្កើត​យន្តការ​ត្រួតពិនិត្យ​រួម​តែ​មួយ ដែល​មាន​​ធនាគារ​កណ្តាល​អឺរ៉ុប​ជា​តាម​ដាន​ឃ្លាំ​មើល​សកម្មភាព​ធនាគារ​ ក្នុង​កំរិត​​តំបន់​អឺរ៉ូ។ ធនាគារ​កណ្តាល​អឺរ៉ុប​នេះ មានបេសកកម្ម​ទទួល​បន្ទុក​ធ្វើអធិការកិច្ច​ ចាប់​ពី​ថ្ងៃ​​ទី​៤ វិច្ឆិកា​២០១៤​ទៅ ពោលគឺ​១២​ខែ​ក្រោយ​ ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​។ ប៉ុន្តែចំណោទ​នៅ​ត្រង់​ថា ក្នុង​​ដំណាក់​កាល​បន្ត​ តើ​គេ​ត្រូវ​ដោះស្រាយ​វិបត្តិ​ធនាគារ​តាម​វិធីណា ?! បើ​ប្រទេស​នីមួយៗ​សុទ្ធ​តែ​អាត្មានិយម មិន​ចង់​ចំណាយ​ប្រាក់​ជួយ​អ្នក​ជិត​ខាង​នោះ ?! តើ​គណៈកម្មការ​អឺរ៉ុប ត្រូវ​ជួយ​សង្គ្រោះ​ ឬ​អត់​ធនាគារ​ក្ស័យ​ធន ? ចម្លើយ​គឺ​ចម្រូង​ចម្រាស​គ្នា​ខ្លាំង​ណាស់។ ​អឺរ៉ុប​សន្យា​រក​ឱ្យ​ឃើញ​កិច្ច​ព្រមព្រៀង​នៅ​ចុង​ឆ្នាំ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ