អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុប​ត្រូវ​ត្រៀម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ឧស្ម័ន​ ប្រសិនវិបត្តិអ៊ុយក្រែន​-រុស្ស៊ី​កាន់​តែ​ដុនដាប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការពារ​ប្រសើរ​ជាង​ព្យាបាល ! ដោយ​មិន​រង់​ចាំ​ដល់​រដូវ​ត្រជាក់ រដូវ​ធ្លាក់​ទឹកកក ភាព​តាន​តឹង​ជាមួយ​រុស្ស៊ី​ដោយ​ហេតុ​វិបត្តិ​អ៊ុយក្រែន បាន​ជំរុញ​ឱ្យ​អឺរ៉ុប​ត្រៀម​ខ្លួន និង​រៀបចំ​ជើង​ព្រួល​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រោះ​តម្លៃ​ឧស្ម័ន​ឡើង​ថ្លៃ ប្រសិន​បើ​រុស្ស៊ី​កាច់​បិទ​បំពង់​បង្ហូរ​ហ្កាសដែល​ហូរ​កាត់​តាម​ប្រទេស​អ៊ុយក្រែន។ តើ​អឺរ៉ុប​កំពុង​រៀប​ចំ​យុទ្ធសាស្ត្រដោះស្រាយ​​បែប​ណា ​ចំពោះ​បញ្ហា​នេះ ?

កម្មករ​អ៊ុយក្រែន នៅ​ស្ថានីយ៍​​​ឧស្ម័ន  Orlovka ២៨០​km ពី​សមុទ្ទ​ខ្មៅ
កម្មករ​អ៊ុយក្រែន នៅ​ស្ថានីយ៍​​​ឧស្ម័ន Orlovka ២៨០​km ពី​សមុទ្ទ​ខ្មៅ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ទិន្នន័យឆ្នាំ​២០១៣​​របស់​គណៈកម្មការ​អឺរ៉ុប សហភាពអឺរ៉ុប​​នាំចូល​​ឧស្ម័ន​ហ្កាស​​ពីរុស្ស៊ី ចំនួន ១៣៣​ពាន់លាន​​ម៉ែត្រគូប ដោយ​មាន​ពាក់​កណ្តាល បង្ហូរ​តាម​បំពង់​ឆ្លង​កាត់​ប្រទេស​អ៊ុយក្រែន។

 
ក្នុង​ករណី​ រុស្ស៊ី​ខឹង​​កាច់​បិទ​បំពង់​ឧស្ម័ន ដូច​ធ្លាប់​កើត​មាន​ម្តង​នៅ​ឆ្នាំ​២០០៩ ពេល​រុស្ស៊ី​និង​អ៊ុយក្រែន​មាន​ជម្លោះ​ពាណិជ្ជកម្ម​នឹង​គ្នា គេ​ត្រូវ​ស្វែង​រក​ប្រភព​ថាមពល​ផ្សេង​មក​បំពេញ​កង្វះ​ខាត​នេះ ជាពិសេស​បើ​វិបត្តិ​ធ្លាក់​ចំ​រដូវ​ត្រជាក់ ដែល​ជាពេល​ត្រូវ​ការ​ថាមពល​ខ្លាំង។ វិបត្តិ​ឆ្នាំ​២០០៩ ជា​មេរៀន ហើយ​ពេល​នេះ​សហភាព​អឺរ៉ុប​មាន​សមត្ថភាព​ទប់​ទល់នឹង​វិបត្តិ​ហ្កាស​​បាន​ច្រើន​ជាង​មុន។

សម្រាប់​រយៈ​ពេល​ខ្លី អឺរ៉ុប​អាច​មាន​ដំណោះស្រាយ​បី ៖ ងាក​ទៅ​ប្រើ​បំពង់​បង្ហូរ​ឧស្ម័ន​ផ្សេង​ទៀត ប្រមូល​ទិញ​ស្តុក​ទុក និង​ទិញ​ឧស្ម័ន​រាវ​ធម្មជាតិ ដែល​អាច​ដឹក​ជញ្ជូន​បាន​តាម​នាវា។ តាំង​ពី​ឆ្នាំ២០១១​មក រុស្ស៊ី​និង​អាល្លឺម៉ង់ បានត​​ភ្ជាប់​ដោយ​ផ្ទាល់​បំពង់​ឧស្ម័ន​ ក្រោម​សមុទ្ទបាល់ទិក ដែល​មាន​សមត្ថភាព​​ផ្គត់​ផ្គង់​ឧស្ម័ន​ប្រមាណ​៥៥​ពាន់​លាន​ម៉ែត្រ​គូប និង​៣០​ពាន់​លាន​ម៉ែត្រ​គួប តាម​បំពង់​យ៉ាម៉ាល។ ប៉ុន្តែ​ដើម្បី​បង្កើន​បរិមាណ​ឧស្ម័ន​តាម​ផ្លូវ​ពីរ​នេះ គេត្រូវ​តែ​ចរចា​ជាមួយ​ក្រុមហ៊ុន​Gazprom​របស់​រុស្ស៊ី។ ជា​សំណាង​ល្អ ថ្វី​បើ​សហភាព​អឺរ៉ុប មាន​នយោបាយ​​ខ្សោយ​ តែ​ក្រុមហ៊ុន​ហ្កាស​រុស្ស៊ី​ដ៏​គ្មាន​ប្រៀប​ខ្លាំង​ប៉ុន្មាន​លើ​អឺរ៉ុប​ដែរ ព្រោះ​ប្រាក់​ចំណូលពាក់កណ្តាល​​របស់​ក្រុមហ៊ុន​យក្ស​រុស្ស៊ី​នេះ​ បាន​មក​ពី ការ​លក់​ឧស្ម័ន​ឱ្យ​អឺរ៉ុប។ វិបត្តិ​ឆ្នាំ​២០០៩ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខាត​បង់​​និង​ខូច​រូបភាព​ច្រើន។
 

Tracés des futurs gazoducs via l'Europe du Sud : South Stream en bleu et Nabucco en rouge. [8 janvier 2008]
Tracés des futurs gazoducs via l'Europe du Sud : South Stream en bleu et Nabucco en rouge. [8 janvier 2008] Wikipédia/Boban Markovic

បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន មាន​ជាអាទិ៍ ប៊ុលហ្ការី ហ្វាំងឡង់ ប៉ូឡូញ ឬ​​ស្លូវាគី រស់​រំពឹង​លើការ​នាំ​ចូល​ឧស្ម័ន​រុស្ស៊ី​ក្នុង​ទំហំ​៧០% ប៉ុន្តែ​បែងចែក​ឧស្ម័ន​បំរុង​ទុក ក្នុងក្របខ័ណ្ឌ​សាមគ្គីភាព​អឺរ៉ុប​ អាច​ជួយ​បណ្តោះ​ទ័ល​បាន។ បើ​តាម​អ្នក​វិភាគ ទីផ្សារ​ថាមពល​ អឺរ៉ុប​មាន​សមត្ថភាព​ឧបត្ថម្ភ​​ឧស្ម័ន​បាន​៧៤​ថ្ងៃ។

ម្យ៉ាង​វិញ​ទៀត ស្ថាប័ន​អឺរ៉ុប​ទទួល​បន្ទុក​លើ​កិច្ច​សហប្រតិបត្តិកា​ឧស្ម័ន បាន​ជួប​ប្រជុំ​គ្នា​ធ្វើ​ការ​សិក្សា​លើ​ប្រធានបទ​នេះ ដោយ​ខិត​ខំ​តាក់តែង​ច្បាប់​និង​វិធាន​ ធ្វើ​យ៉ាង​ណា​ឱ្យ​អឺរ៉ុប​អាច​បង្វិល​ប្រើ​បំពង់​បង្ហូរ​ឧស្ម័ន​មួយ​ណា​ក៏​បាន​តាម​ត្រូវ​ការ។ សម្រាប់​ក្រុម​ឧស្សាហកម្ម ចំណាត់​ការ​ផ្នែក​ចាត់​ចែង​ស្តុក​​ឧស្ម័ន​កំរិត​អឺរ៉ុប​ ជា​ការ​ចាំ​បាច់ ទើប​អឺរ៉ុប​មិន​ត្រូវ​ការ​នាំ​ចូល​ច្រើន​ឧស្ម័ន​រាវ​ធម្មជាតិ។ ដូច្នេះ​ជា​សរុប​មក​ ដំណោះស្រាយ​មាន​តែ​មួយ​គឺ​នយោបាយ និងដែល​ត្រូវ​តែ​ត្រៀម​រៀប​ចំ​ជាមុន​ឱ្យ​ល្អិត​ល្អន់​បំផុត។ ​ការ​នាំចូល​ឧស្ម័នរាវ​ធម្មជាតិ តិច​តួច​មិន​ជា​ថ្វី​ឡើង តែ​បើ​ច្រើន​វិញ​ នោះ​នឹង​អាច​មាន​បញ្ហាជា​ប្រាកដ។ ព្រោះតម្លៃ​ឧស្ម័ន​ប្រភេទ​នេះ​ថ្លៃ​ខ្ពស់​ជាង​ឧស្ម័ន​រុស្ស៊ី។ ឧស្ម័ន​នេះ​មាន​ចរាចរណ៍​លក់​ដូរ​ជាពិសេស​តែ​នៅ​តំបន់​អាស៊ី ក្នុង​តម្លៃ​ថ្លៃ​ជាង​ ស្ទើរ​តែ​ពីរ​ដង​នៅ អឺរ៉ុប។

សម្រាប់​ក្រុម​អ្នក​ឧស្សាហកម្ម ប្រភព​ថាមពល ជា​បញ្ហា​គ្រឹះ​ ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​ខ្លាំងណាស់ ! ហ្កាស​អាច​ជួប​គ្រោះ​នាពេល​អនាគត​ ព្រោះ​គណៈកម្មការ​អឺរ៉ុប កំពុងតាក់តែង​ផែនការ​ថ្មី​ស្តី​ពីថាមពល​និង​អាកាសធាតុ សម្រាប់​ឆ្នាំ​២០៣០ ដោយ​ផ្តល់​តម្លៃ​ខ្លាំង​ដល់​ថាមពល​មិន​ចេះ​រីង​ស្ងួត។ សព្វ​ថ្ងៃនេះ ហ្កាស​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រភព​ថាមពល​អន្តរកាល​ មិន​សូវ​បំពុល​បរិស្ថាន បំពុល​តិច​ជាង​ធ្យូង​ថ្ម ​យក​បន្ថែម​​លើ​ថាមពល​មិន​ចេះ​រីង​ស្ងួត​បាន។ ប៉ុន្តែ​បើ​បញ្ហា​ផ្នែក​ចាត់​ចែង​ទុក អ្នក​នយោបាយ​ក៏​អាច​កំរិត​ការ​ប្រើ​ប្រាស់ ​ប្រភព​ថាមពល​ប្រេង ឬ​ហ្កាស​នេះ​ផង​ក៏​ថា​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ