អានតួអត្ថបទ
អ៊ុយក្រែន-អឺរ៉ុប

សហភាពអឺរ៉ុប​ព្រមាន​ចាត់​វិធានការ​ប្រឆាំង​រដ្ឋាភិបាល​អ៊ុយក្រែន​ក្រោយពី​មាន​អំពើហិង្សា​បង្រ្កាប​បាតុកម្ម

នៅល្ងាច​ថ្ងៃ​ពុធ ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យបញ្ឈប់​អំពើ​ហិង្សា នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ព្រមទាំង​បាន​ព្រមាន​អាជ្ញាធរ​អ៊ុយក្រែន​ថា អឺរ៉ុប​​អាច​នឹង​ចាត់វិធានការ​ទៅលើ​អ៊ុយក្រែន ប្រសិនបើ​អំពើ​ហិង្សា​នៅតែ​បន្ត​កើតមាន។ ការព្រមាន​របស់​សហភាព​អឺរ៉ុប​បាន​កើតមាន​ឡើង ក្រោយ​ពី​ប៉ូលិស​អ៊ុយក្រែន​បាន​ប្រើ​កម្លាំង​បង្រ្កាប​ទៅលើ​បាតុករ​ប្រឆាំង បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ២នាក់​ត្រូវ​បាត់បង់​ជីវិត នៅ​ព្រឹកថ្ងៃ​ពុធ​នេះ។

ប៉ូលិស​អ៊ុយក្រែន​ប្រើ​កម្លាំង​បង្រ្កាប​បាតុករ​ប្រឆាំង​រដ្ឋាភិបាល នៅថ្ងៃ​ពុធ ២២មករា ២០១៤
ប៉ូលិស​អ៊ុយក្រែន​ប្រើ​កម្លាំង​បង្រ្កាប​បាតុករ​ប្រឆាំង​រដ្ឋាភិបាល នៅថ្ងៃ​ពុធ ២២មករា ២០១៤ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

យើង​មាន​ក្តីរន្ធត់​ដែល​បាន​ឮ​អំពី​ការ​ស្លាប់​បាតុករ នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​យើង​សូម​ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​ការ​ប្រើ​កម្លាំង​ និង​អំពើ​ហិង្សា” នេះ​គឺ​ជា​ការ​ថ្លែង​របស់​លោក José Manuel Barroso ប្រធាន​គណៈកម្មការ​អឺរ៉ុប នៅ​ថ្ងៃ​ពុធ​នេះ។

កាលពី​ព្រឹកថ្ងៃ​ពុធ បាតុករ​ ២នាក់​ត្រូវ​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង នៅ​ក្នុង​ពេល​ដែល​ប៉ូលិស​អ៊ុយក្រែន​បាន​ប្រើ​កម្លាំង​បង្រ្កាបបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​បាន​អូសបន្លាយ​ពេល​ជាច្រើន​សប្តាហ៍​មក​ហើយ។

លោក José Manuel Barroso បាន​​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មាន​ក្តី​ព្រួយបារម្ភ ចំពោះ​ស្ថានភាព​កាន់តែ​ដុនដាប នៃ​វិបត្តិ​នៅ​អ៊ុយក្រែន ហើយ​ថា សហភាព​អឺរ៉ុប​កំពុង​តាមដាន​យ៉ាង​ដិតដល់​នូវ​​ស្ថានការណ៍​​នៅ​អ៊ុយក្រែន ហើយ​កំពុង​តែ​សិក្សា​អំពី​វិធានការ​មួយ​ចំនួន ដែល​សហភាព​អឺរ៉ុប​អាច​ដាក់ចេញ ចំពោះ​អាជ្ញាធរ​អ៊ុយក្រែន។

លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប​​មិនបាន​បញ្ជាក់​លម្អិត​ថា​តើ​វិធានការ​ទាំងនេះ​ជា​អ្វី​នោះទេ ក៏ប៉ុន្តែ មន្រ្តី​សហភាព​អឺរ៉ុប​​បាន​ឲ្យដឹង​ថា ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​​ការ​ទទួល​សមាជិក​ថ្មី​ គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​សុក្រ​ខាង​មុខ ដើម្បី​ជួប​ជាមួយ​​តំណាង​រដ្ឋាភិបាល និង​តំណាង​ក្រុម​ប្រឆាំង ក៏ដូចជា សង្គម​ស៊ីវិល អ៊ុយក្រែន។

ក្រៅ​ពី​សហភាព​អឺរ៉ុប ការ​ថ្កោលទោស​ចំពោះ​ការ​ប្រើ​កម្លាំង​​បង្រ្កាប​បាតុកម្ម នៅ​អ៊ុយក្រែន ក៏​បាន​កើតមាន​​ផងដែរ ពី​​សំណាក់​សហរដ្ឋ​អាមេរិក​ និង​ពី​អង្គការ​អូតង់។ មន្រ្តី​សេតវិមាន​ក៏​បាន​ព្រមាន​ថា​នឹង​ដាក់​ទណ្ឌកម្ម​ទៅលើ​អ៊ុយក្រែន​ដែរ ប្រសិន​បើ​ការ​ប្រើ​កម្លាំង​បង្រ្កាប​បាតុកម្ម​​នៅតែ​បន្ត​កើតមាន។

ផ្ទុយពី​ប្រទេស​លោក​ខាងលិច រុស្ស៊ីវិញ​បាន​ចេញ​មុខ​ការពារ​ចំណាត់ការ​របស់​អាជ្ញាធរ​អ៊ុយក្រែន ព្រមទាំង​បាន​រិះគន់​​ក្រុមប្រឆាំង​ថា​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​អ៊ុយក្រែន។ អនុរដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​រិះគន់​​​ការ​បញ្ចេញ​ប្រតិកម្មពី​សំណាក់​​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ថា​ជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ