អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុ​អ្វី​ អាមេរិក​ពិបាក​យក​ប្រៀប​​លើ​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ស៊ីរី​និង​អ៊ីរ៉ាក់ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង​ពីរ​ខែ​ក្រោយ​ការបើក​យុទ្ធនាការ​ផ្លូវ​អាកាស​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​​សហរដ្ឋ​អាមេរិក​ បាន​ទប់​ស្កាត់ និង​ស្រោចស្រង់​ក្រុង​កូបាណេ​ នៅស៊ីរី​ មិន​ឱ្យ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​មែន ប៉ុន្តែ​ប្រតិបត្តិការ​នេះ​មិន​អាច​បញ្ឈប់​ពួក​ជីហាត​កុំ​ឱ្យ​រុល​ទៅ​មុខ​នៅ​តាម​ទិស​ដៅ​ផ្សេងៗ​បាន​ទេ។ តើ​នេះ​មក​ពី​ពួក​ជីហាត​មាន​កម្លាំង​ខ្លាំង ឬ​ក៏​មក​ពី​យុទ្ធសាស្ត្រ​សហរដ្ឋ​អាមេរិក​មាន​ចំណុច​ខ្សោយ​ច្រើន ?

យន្តហោះ​ចម្បាំង​អាមេរិក​ត្រៀម​ហោះ​ចេញ​ពី​នាវា​ផ្ទុក​យន្តហោះ USS George H.W. Bush ទៅ​ទម្លាក់​គ្រាប់​បែក​នៅ​ស៊ីរី
យន្តហោះ​ចម្បាំង​អាមេរិក​ត្រៀម​ហោះ​ចេញ​ពី​នាវា​ផ្ទុក​យន្តហោះ USS George H.W. Bush ទៅ​ទម្លាក់​គ្រាប់​បែក​នៅ​ស៊ីរី REUTERS/U.S. Navy
ផ្សាយពាណិជ្ជកម្ម

តុល្យការ​នៃ​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវ​អាកាស ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី ៨ សីហា ដោយ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​​ជា​បន្តបន្ទាប់ គ្មាន​លទ្ធផល​ត្រចះត្រចង់​​សោះ។ អង្គការ​រដ្ឋ​អ៊ីស្លាម​ នៅ​តែ​បន្ត​រុល​ទៅ​មុខ ដណ្តើម​កាន់​កាប់ ពង្រឹង​ការ​ត្រួត​ត្រា លើ​​​ទឹកដី​នៅ​ភាគ​ខាង​លិច​អ៊ីរ៉ាក់។

ប៉ុន្តែ​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ នៅ​តែ​អះអាង​​ការពារ​ខ្លួន​ កុំ​ឱ្យ​ឆាប់​ធ្វើ​សេចក្តី​សន្និដ្ឋាន​នៅ​ពេល​នេះ​ពេក​ ដោយ​សំអាង​ថា​កង​កម្លាំង​អ៊ីរ៉ាក់​និង​គួដ​មិន​ទាន់​បាន​បញ្ចេញ​សមត្ថភាព​រួម​គ្នា​នៅ​ឡើយ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​​ជីហាត​រដ្ឋ​អ៊ីស្លាម។​ បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​និង​យោធា​អាមេរិក កង​ទ័ព​អ៊ីរ៉ាក់ ត្រូវ​ការ​ពេលវេលា​ជា​ច្រើន​ខែ​ទៀត​ ទើប​អាច​មានសមត្ថភាព​ត​តាំង​ជាមួយ​ពួក​ជីហាត​នៅ​ភាគ​ខាង​លិច និង​ខាង​ជើង​ប្រទេស​បាន។ ម្យ៉ាង​វិញ​ទៀត​កង​កម្លាំង​យោធា​នៅ​តាម​តំបន់​កុលសម្ព័ន្ធ​ ក៏​មិន​ទាន់​ត្រូវ​បាន​គៀងគ​ ឱ្យ​មក​បង្រួបបង្រួម​កម្លាំង​ធ្វើ​សង្គ្រាម​ដែរ ព្រោះ​មេ​ដឹកនាំ​​រង់ចាំ​មើល​នយោបាយ​បើក​ចំហ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ថ្មី​សិន​។

នៅ​កូប៉ាណេ ក្រុង​ស៊ីរី​ជាប់​ព្រំដែន​ប្រទេស​តួកគី​វិញ កង​កម្លាំង​គួដ មិន​ត្រឹម​តែ​ទប់ទល់​ទេ តែ​ថែម​ទាំង​បាន​រុញ​ច្រាន​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម ឱ្យ​ថយ​ក្រោយ​វិញ​បាន។ សម្រាប់​វ៉ាស៊ីនតោន​​ជោគជ័យ​នេះ គឺ​ដោយសារតែ​អាមេរិក​ធ្វើ​ការ​ទម្លាក់​គ្រាប់​បែក​ច្រើន​​ តាម​ផ្លូវ​អាកាស។

ជា​ការពិត​ដែល​ថា​អាមេរិក អាច​បង្អាក់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម មិន​ឱ្យស្រែក​ជយោ ​ដណ្តើម​យក​ក្រុង​កូបាណេ​បាន​មែន ប៉ុន្តែ​នៅ​លើ​សមរភូមិ ស្ថានភាព​កំពុង​ទ័ល​ច្រក​ខ្លាំង​ សម្រែក​ដង្ហើយ​សុំ​ជំនួយ​យ៉ាង​អស់​សង្ឃឹម​របស់​ពលរដ្ឋ​គួដ និង​ចម្លើយ​ត្រជាក់​ល្អឹម​របស់​តួកគី​ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​ប្រេះឆា​ក្នុង​រង្វង់​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាម។

ហេតុអ្វី​បាន​ជា​ដូច្នេះ ?! កម្មវត្ថុ​របស់​សហរដ្ឋ​អាមេរិក​មិន​អាច​សម្រេច​បាន​ ក៏​ព្រោះ​តែ​ផល​ប្រយោជន៍​របស់​ដៃ​គូ​ ផ្ទុយ​គ្នា​ស្រលះ។ សម្ព័ន្ធអន្តរជាតិប្រឆាំង​នឹង​ពួកជីហាត​ មាន​លក្ខណៈ​ផុយ​ស្រួយ បើ​ប្រៀប​ទៅ​សម្ព័ន្ធភាព​ក្នុង​ពេល​ធ្វើ​​សង្គ្រាម​នៅ ឈូង​សមុទ្ធ​ពែរ្ស កាលពី​ឆ្នាំ​១៩៩១ ដែល​​​មាន សហរដ្ឋ​អាមេរិក​ បាន​ចាប់​ដៃ​ជា​ធ្លុងមួយជាមួយ​រដ្ឋ​​ក្នុង​តំបន់​ រហូត​បាន​ទទួល​​ជ័យ​ជំនះ។

តួនាទី​របស់​តួកគី​ សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក​ប្រចាំ​តំបន់ បាន​ក្លាយ​ជា​ប្រភព​នៃ​ភាព​តាន​តឹង​អត់​ដាច់។ អាមេរិក​មិន​នឹង​ស្មាន​ដល់​ថា​ក្រុង​អង់ការ៉ា មាន​ចិត្ត​មានៈ​ដាច់​ខាត​ខ្លាំងឈរ​មើល​​ពលរដ្ឋ​គួដតស៊ូ​លើ​​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​ម្នាក់​ឯង​ដូច្នេះ​សោះ។ ឥលូវ​ប្រហែល​ដល់​ពេល​ដែល​អាមេរិក​ត្រូវ​សង​​ជំងឺ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ! តួកគី និង​បណ្តា​ប្រទេស​អារ៉ាប​មួយ​ចំនួន​ ​ខឹង​សម្បារ​ខ្លាំង​នឹង​វ៉ាស៊ីនតោន​ដែល​​បដិសេធ​មិនព្រម​ចូល​ធ្វើ​អន្តរាគមន៍​ទម្លាក់​របប​ដឹកនាំ​ស៊ីរី របស់​លោក បាស្ហារ អាល់អាសាដ បើ​ទោះ​បី​ជា​ដាម៉ាស​ហ៊ាន​ល្មើស​នឹង​​បម្រាម​អាមេរិក​ទៅ​ហើយ។

ចំណែក​ខាង​សម្ព័ន្ធភាព​អឺរ៉ុប​វិញ អឺរ៉ុប​ចែក​រំលែក​យុទ្ធនាការ​នៅ​អ៊ីរ៉ាក់ តែ​បដិសេធ​មិន​បញ្ជូន​យន្តហោះ​ទៅ​ស៊ីរីទេ។ កម្មវត្ថុ​នៃ​សង្គ្រាមមិន​ត្រូវ​បាន​កំណត់​ដោយ​ច្បាស់​លាស់​ សម្រាប់​ដៃគូ​ជា​សម្ព័ន្ធមិត្ត​សោះ ! បញ្ហានយោបាយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​យុទ្ធសាស្ត្រយោធា។ នេះ​បើ​តាម​​អ្នក​ទទួល​បារាំង​សុំ​មិន​បញ្ចេញ​ឈ្មោះ។

ដំបូង​ឡើយ សម្ព័ន្ធ​អន្តរជាតិ​ចង់​​បញ្ឈប់​ការ​រុល​ទៅ​មុខ​របស់​ពួក​ជីហាត ដោយ​ប្រើ​រនាំង​គ្រាប់​ ទម្លាក់​ពី​លើ​មេឃ​ ដើម្បី​ទុក​ឱកាស​ឱ្យ​កម្លាំង​យោធា​អ៊ីរ៉ាក់​​មាន​ពេល​សម​ហាត់​បង្កើន​សមត្ថភាព​វាយបក។ ប៉ុន្តែ​ជាមួយ​​ប្រតិបត្តិការបាញ់​​តាម​​ផ្លូវ​អាកាស​៦៣០​ដង​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់​ហើយ ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​តែ​តែង​អាច​រុល​ទៅ​មុខ​បាន​ទៀត ទើប​មជ្ឈមណ្ឌល​​យុទ្ធសាស្ត្រ​អាមេរិកភ្ញាក់​ខ្លួន​ដឹង​ថា​កងទ័ព​អ៊ីរ៉ាក់​​ខ្សោយ​ជាង​ការ​គិត​ទុក​ពីមុន។

ដោយ​ឡែក ​យុទ្ធនាការ​ផ្លូវ​អាកាស​ ​មាន​សន្ធឹក​ស្រាល​​ជាង​ប្រតិបត្តិការ​អូតង់​នៅ​លីប៊ី​ កាលពី​ឆ្នាំ​២០១១​ឆ្ងាយ​ណាស់។ ការ​កំរិត ដើម្បី​បង្ការ​កុំ​ឱ្យមាន​ជន​ស៊ីវិល​រង​គ្រោះ​ច្រើននេះ​បាន​ក្លាយ​ជា​ប្រភព​នៃ​ការ​ព្រួយ​បារម្ភ​សម្រាប់​​អ្នក​វិភាគ​យោធា​ទៅ​វិញ។ អ្នក​ខ្លះ​យល់​ថា អាមេរិក​មាន​កំហុស​យុទ្ធសាស្ត្រ ព្រោះក្នុង​ពេល​ដែល​​គេ​ត្រូវ​ការ​ព្យុះ​ភ្លៀង​​ ​អាមេរិក​បែរ​ជា​គ្រាន់​តែ​បោះ​ទឹក​ទៅ​វិញ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ