សេដ្ឋកិច្ច-អឺរ៉ុប - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 24 មេសា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 24 មេសា 2012

ការបោះឆ្នោត​នៅបារាំង​និង​វិបត្តិ​នយោបាយ​នៅហូឡង់​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ស្លន់ស្លោ​

លោក​នាយក​រដ្ឋមន្ត្រី​​ហូឡង់​​ Mark Rutte​​បាន​លាឈប់​​ពី​មុខ​​តំណែង​​កាលពី​​ថ្ងៃចន្ទ​​ម្សិលមិញ​​ ​
លោក​នាយក​រដ្ឋមន្ត្រី​​ហូឡង់​​ Mark Rutte​​បាន​លាឈប់​​ពី​មុខ​​តំណែង​​កាលពី​​ថ្ងៃចន្ទ​​ម្សិលមិញ​​ ​
REUTERS/Toussaint Kluiters

ដោយ សៀក សារិន

ការលាឈប់​ពីមុខ​តំណែង​ដោយ​ប្រមុខ​រដ្ឋាភិបាល​ហូឡង់​ ​ និង​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បារាំង​នៅ​ជុំ​ទីមួយ​ ​ ហើយនិង​តួលេខ​ពុំល្អ​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៃ​តំបន់​អឺរ៉ូ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​បារម្ភ​យ៉ាងខ្លាំង។

បទវិភាគរបស់​ សៀក សារិន
 

24/04/2012 by សៀក សារិន

 

នៅក្នុង​បរិបទ​មួយ​ដ៏​សែន​ផុយស្រួយ​ស្រាប់​ដែល​គេ​បារម្ភ​ពី​សមត្ថភាព​របស់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ក្នុងការ​ប្រយុទ្ធ​កាត់​បន្ថយ​ឧនភាព​សាធារណៈ​ ​ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បារាំង​នៅ​ជុំទីមួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ជោគជ័យ​របស់​បេក្ខជន​នៃ​បក្ស​សង្គមនិយម​ François Hollande ​ ​ បាន​ធ្វើឲ្យ​វិនិយោគិន​និង​ទីផ្សារ​ហិរញ្ញវត្ថុ​កើតមាន​ក្តីបារម្ភ​យ៉ាងខ្លាំង។
ដូច្នេះ​ ​ លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បារាំង​នៅ​ជុំទីមួយ​ ​ ហើយនិង​ការបាត់បង់​ទំនុកចិត្ត​ទៅលើ​សមត្ថភាព​នៃ​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​គឺ​ពិតជា​កត្តា​ដ៏​អវិជ្ជមាន​មក​គាប​សង្កត់​ទៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ។
 
ភាព​ពុំ​ជាក់ច្បាស់​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បារាំង​នៅ​ជុំ​ទីពីរ​ ​ បូកបន្ថែម​នឹង​បញ្ហា​ទំនាក់​ទំនង​បារាំង-អាល្លឺម៉ង់​ ​ ហើយនិង​ការចចារ​ជាយថាហេតុ​ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​អឺរ៉ុប​ក៏​ជា​កត្តា​ដ៏​អវិជ្ជមាន​មក​ដាក់​សម្ពាធ​បន្ថែម​ទៅលើ​ទីផ្សារ។​ ហើយ​ជោគជ័យ​របស់​បេក្ខជន​នៃ​បក្ស​សង្គមនិយម​ François Hollande ​នៅ​ថ្ងៃទី៦​ឧសភា​ខាងមុខ​ក៏​អាច​ធ្វើឲ្យ​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel ​បាត់បង់​ដៃគូ​ដ៏​សំខាន់​មួយរូប​ដូចជា​លោក​នីកូឡា​សាកូហ្ស៊ី​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នារយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។
 
វិបត្តិ​នយោបាយ​នៅ​ប្រទេស​ហូឡង់​ក៏​ជា​កត្តា​មួយ​ទៀត​មកធ្វើ​ឲ្យ​ស្ថានភាព​ទីផ្សារ​ហិរញ្ញវត្ថុ​ធ្លាក់​ស្រុត​ចុះ​មួយ​កម្រិត។​ លោក​នាយករដ្ឋមន្ត្រី​ហូឡង់​ Mark Rutte ​នៃ​រដ្ឋាភិបាល​កណ្តាល​និយម​លំអៀង​ស្ដាំ​បាន​លាឈប់​ពី​មុខ​តំណែង​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ ​ ក្រោយពី​មាន​បរាជ័យ​កាលពី​ថ្ងៃសៅរ៍​កន្លងទៅ​ក្នុង​កិច្ចចចារ​ដើម្បី​ធ្វើការ​កាត់​បន្ថយ​ឧនភាព​សាធារណៈ។
 
គួរកត់​សម្គាល់ថា​ ​ ក្រោយពី​មាន​បរាជ័យ​ក្នុង​កិច្ចចចារ​អស់រយៈ​៧សប្តាហ៍​ ​ ជាមួយ​សមាជិក​នៃ​រដ្ឋាភិបាល​ចម្រុះ​ហូឡង់​ ស្ដីពី​វិធានការ​សម្រាប់​សំចៃ​ឲ្យបាន​ប្រាក់​ប្រមាណ​១៦ពាន់លាន​អឺរ៉ូ​ដើម្បី​ធ្វើការ​កាត់​បន្ថយ​ឧនភាព​សាធារណៈ​របស់​ប្រទេស​ហូឡង់​ដែល​បាន​កើនឡើង​ដល់​៤,៧%​នៃ​ផលិតផល​ដុល​សរុប​នៅឆ្នាំ២០១១​ ​ ដែល​ជាកម្រិត​មួយ​ខ្ពស់ជាង​កំណត់​ប្រក្រតី​៣%​សម្រាប់​តំបន់​អឺរ៉ូ។
 
ក្រៅពីនេះ​ ​ សកម្មភាព​នៃ​ឧស្សាហកម្ម​កម្មន្តសាល​របស់​ប្រទេស​ចិន​ដែល​ធ្លាក់​ស្រុតចុះ​នៅ​ខែមេសា​នេះ​ក៏​ជា​សញ្ញា​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ស្រុត​នៃ​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ។​ ហើយ​សកម្មភាព​ធ្លាក់​ស្រុតចុះ​ក្នុង​វិស័យ​ឯកជន​នៅ​ក្នុង​តំបន់​អឺរ៉ូ​ ​ ក៏បាន​បណ្តាល​ឲ្យ​គេ​គិតថា​ ​ ប្រទេស​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​អាច​ស្គាល់​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​យូរ​ជាង​ការ​ប្រមាណ​ទុក​ពី​ពេល​មុន។
 
ដំណឹង​ពុំល្អ​មួយ​ទៀត​សម្រាប់​ប្រទេស​អាល្លឺម៉ង់​គឺ​សកម្មភាព​ក្នុង​វិស័យ​ឯកជន​ដែលបាន​ធ្លាក់​ចុះ​ខ្លាំង។​ ហើយ​សម្រាប់​ប្រទេស​បារាំង​ក៏​ដូចគ្នា​អ៊ីចឹងដែរ​ ​ សកម្មភាព​ក្នុង​វិស័យ​ឯកជន​នៅ​ខែមេសា​នេះ​បាន​ស្គាល់​ការ​ធ្លាក់​ស្រុតចុះ​យ៉ាងខ្លាំង។
ដូច្នេះ​ ​ ទាំងនេះ​សុទ្ធសឹង​ជា​ដំណឹង​ពុំល្អ​ឡើយ​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​ ​ ថ្វីដ្បិតតែ​នៅ​ថ្ងៃអង្គារ​ទី២៤​មេសានេះ​ ទីផ្សារ​ហិរញ្ញវត្ថុ​បាន​ស្គាល់​ភាព​ធូរស្បើយ​បន្តិចវិញ​ ​ ក្រោយពី​មាន​ការបារម្ភ​ស្លន់ស្លោ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ៕

 

tags: ចិន - បារាំង - វិបត្តិបំណុល - សេដ្ឋកិច្ច - ហិរញ្ញវត្ថុ - ហូឡង់ - អាល្លឺម៉ង់ - អឺរ៉ុប
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close