អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកអូបាម៉ាបង្ហាញពីផែនការសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Ebola

កាល​ពី​ថ្ងៃ​អង្គារថ្លែង​ចេញ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​នៅ Atlanta ក្នុង​រដ្ឋ Georgia លោក​ប្រធានាធិបតី​អូបាម៉ាបាន​ប្រកាស​ពី​ផែនការ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លងEbola ដែល​បង្ហាញ​ពី​ការ​បង្កើន​ការ​យកចិត្ត​ទុកដាក់​និង​ជំនួយ​របស់​សហរដ្ឋ​អាមេរិចដើម្បី​ឆ្លើយតប​នឹងការ​ទន្ទឹង​រងចាំ​ដ៏​អន្ទះសារ​របស់​ពិភពលោក។

ក្រុម​គ្រូពេទ្យ​ សែងសាកសព អ្នកជំងឺ​ដែល​បាន​ស្លាប់​ដោយសា​​មេរោគ​អេបូឡា ថ្ងៃ ១១ កញ្ញា ២០១៤
ក្រុម​គ្រូពេទ្យ​ សែងសាកសព អ្នកជំងឺ​ដែល​បាន​ស្លាប់​ដោយសា​​មេរោគ​អេបូឡា ថ្ងៃ ១១ កញ្ញា ២០១៤ REUTERS/James Giahyue
ផ្សាយពាណិជ្ជកម្ម

បើ​គិត​ចាប់​តាំង​ពី​ដើមឆ្នាំ​រហូត​មក​ដល់​ពាក់​កណ្តាល​ខែ​កញ្ញា​នេះ ជំងឺ​ឆ្លង​អេបូឡា​ដែល​បាន​រាត​ត្បាត​ពិសេស ក្នុង​ប្រទេស​ចំនួន​បី​នៅ​ទ្វីប​អាហ្រិក​ខាងលិច​គឺ ប្រទេស​ហ្គីណេ លីបេរីយ៉ា ស្សីរ៉ាលេអូន បាន​សំលាប់​ជីវិត​មនុស្ស​សរុប​ជាង ២៤៦១​នាក់​ហើយ​នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​បំផុតរបស់​អង្គការ​សុខភាព​ពិភពលោក (OMS)។

 
ការ​បង្កើន​អន្តរាគមន៍​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​របស់​អាមេរិច​នៅ​ពេល​នេះ​ គឺ​ជា​ចំលើយ​ដ៏​សក្តិសម​ដែល​ពិភពលោក​ រងចាំ ​ព្រោះ​បើ​ទោះ​ប្រទេស​រងគ្រោះ​ទាំង​នេះ​នៅ​ម្ខាង​មហា​សមុទ្រ​ពី​អាមេរិក​ក្តី តែ​លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា « វាគឺជា​ជំងឺឆ្លង ដែល​មិន​ត្រឹម​តែ​គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់​ប៉ុណ្ណោះ​ទេ តែ​គឺ​អាច​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ពិភពលោក​ប្រសិន​បើ​បណ្តា​ប្រទេស​រងគ្រោះ​ទាំងនេះ​ត្រូវ​ដួល​រលំ​ សេដ្ឋកិច្ច​របស់​គេ​ស្រុត​ចុះ​ដល់​បាត ​ និង​ប្រសិន​បើ​ជា​មនុស្សម្នា​មាន​ការភ័យ​ស្លន់ស្លោ»។

តែ​លោក​អូបាម៉ា​បាន​ធានា​ដល់​ប្រជាជន​អាមេរិក​ដោយ​ផ្អែក​លើ​របាយការ​ជំនាញ ថា​លទ្ធភាព​ដែល​ការ​រាតត្បាត ឆ្លង​ដល់​សហរដ្ឋ​អាមេរិច​គឺ​មាន​តិចតួច​ស្តួចស្តើង​បំផុត។ ទោះ​ជា​យ៉ាងណា​លោក​ក៏​បានចេញ​នូវ​វិធាន​ផ្ទៃក្នុង​ដើម្បី​ទប់ស្កាត់​ការរាតត្បាត​ជា​យថាហេតុ​មក​កាន់​អាមេរិក ដែល​ក្នុង​នោះ​មាន​ដូច​ជា​ការ​ត្រៀម​បម្រុង​នូវ បរិក្ខា​ពេទ្យ ទីតាំង បុគ្គលិក​ពេទ្យ គិលានុបដ្ឋាយិការ និង​ការ​ទប់ស្កាត់​នៅ​តាម​ព្រំដែន​តាម​ការត្រួត​ពិនិត្យ​ដ៏ម៉ត់​ចត់ មុន​ពេល​ហោះហើរ​និង​ចុះសំចត​មកកាន់​ទឹកដី​អាមេរិក។

ទន្ទឹម​នឹង​នោះ លោក​ប្រធានាធិបតី​អូបាម៉ា ក៏​បាន​ចេញ​វិធានការ​លើ​ជំនួយ​បន្ថែម​ទៅ​កាន់​អាហ្រិក​ខាងលិច ដែល​ក្នុង​នោះ​ ក្រៅ​ពី​ការបញ្ជូន​គ្រូពេទ្យ​បន្ថែម​ទៀត​និង​ទីប្រឹក្សា​ពេទ្យ​ឲ្យ​កាន់​តែ​ច្រើន​ និង​បង្កើន​ចំនួន​មន្ទីរ​ពេទ្យ ​ទីតាំង​ព្យាបាល​ដាច់​ស្រយាល​និង​ការ​បណ្តុះបណ្តា​សម្រាប់​បុគ្គលិក​សុខាភិបាលនៅ​មូលដ្ឋាន លោក​ក៏​នឹង​បញ្ជូន​ទាហាន​ប្រមាណ ជាង ៣០០០នាក់ ដែល​នឹង​តាំង​ទី​បញ្ជាការដ្ឋាន​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា តប​តាម​ការស្នើសុំ​នៃ​រដ្ឋាភិបាល ប្រទេសនេះ។ ទាហាន​ទាំង​នេះ​ជា​កង​កំលាំង​សំរាប់ ជួយ​ទ្រទ្រង់​សន្តិសុខ និង​ជា​​កំលាំង​វិស្វកម្ម​សាងសង់​មន្ទីរពេទ្យ​និង មជ្ឈមណ្ឌល​ព្យាបាល​ថ្មីៗ​បន្ថែម​នៅក្នុង​តំបន់។​ ក្រៅ​ពី​នេះ​អាមេរិក​ក៏​នឹង​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​ឲ្យ​កាន់​តែ​ច្រើន​​ ពី​ប្រទេស ផ្សេងៗ​ទៀត។ ហើយ​ព្រមពេល​ជាមួយ​គ្នា​នោះ នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ក៏​នឹង​បើក​​កិច្ច​ប្រជុំ​ជា​ប្រញាប់​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​រាតត្បាត​អេបូឡា​នេះ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ