អានតួអត្ថបទ
អ៊ុយក្រែន-ហូឡង់

ទីតាំង​ធ្លាក់​យន្តហោះ​ត្រូវ​បាន​ធានា​ការពារ​សុវត្ថិភាព​ដោយ​ប៉ូលិស​ហូឡង់ និង​អូស្ត្រាលី

កងកម្លាំងប្រដាប់អាវុធ​អន្តរជាតិ​ដឹកនាំ​ដោយ​ប្រទេស​ហូឡង់​ត្រូវ​ចាប់ផ្តើមពង្រាយ​​នៅ​ថ្ងៃ​សុក្រ​ទី​១ សីហា ទៅក្នុង​ទីតាំង​​ដែល​មាន​ផ្ទុះ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​នៅភាគខាងកើត​អ៊ុយក្រែន ដែល​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិតនៅក្រោម​ការកាន់កាប់​របស់​ពួក​ឧទ្ទាម​បំបែក​ទឹកដី​អ៊ុយក្រែន​។ ទិសដៅ​របស់​បេសកកម្ម​​​ប៉ូលិស​ហូឡង់ អូស្ត្រាលី​ គឺ​ធានា​សន្តិសុខ​ដល់​ក្រុម​អ្នកជំនាញ និង​អ្នកស៊ើប​អង្កេត​អន្តរជាតិ​ដែល​ត្រូវ​ចូល​ទៅ​ស្រាវជ្រាវ​រក​ភស្តុតាង​ពី​គំនរ​បាក់បែក​យន្តហោះ ដែល​ធ្លាក់​កាលពីពីរ​សប្តាហ៍មុន។ 

មេដឹកនាំ​ប៉ូលិស​សហព័ន្ធ​រុស្ស៊ី និង​ថ្នាក់​ដឹកនាំ​របស់​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប ទើប​ធ្វើដំណើរ​មក​ពី​មើល​កន្លែង​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​នៅ​តំបន់​ដូណេស នៅថ្ងៃ​ទី ៣១​កក្កដា
មេដឹកនាំ​ប៉ូលិស​សហព័ន្ធ​រុស្ស៊ី និង​ថ្នាក់​ដឹកនាំ​របស់​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប ទើប​ធ្វើដំណើរ​មក​ពី​មើល​កន្លែង​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​នៅ​តំបន់​ដូណេស នៅថ្ងៃ​ទី ៣១​កក្កដា ©REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

ជាលើកដំបូង ប៉ូលិស​ហូឡង់ និង​អូស្ត្រាលី​ដែល​ធ្លាប់​​អាក់​ខាន​មិន​អាចបំពេញ​បេសកកម្ម​របស់ខ្លួន​ដោយសារ​ការប្រយុទ្ធគ្នា​ខ្លាំង​រវាង​កងទ័ព​អ៊ុយក្រែន និង​ពួកឧទ្ទាម នៅទីបំផុត​​​អាច​ចូល​ទៅ​ការពារ​សុវត្ថិភាព នៅក្នុង​ទីតាំង​ធ្លាក់​​យន្តហោះម៉ាឡេស៊ី MH ១៧ ចាប់​ពី​ថ្ងៃ​សុក្រ​នេះ។ ក្រុមអ្នកស៊ើបអង្កេត​អន្តរជាតិ​ដែល​មាន​ដឹកនាំ​ដោយ​ប្រទេស​ហូឡង់ ​អាច​ចាប់ផ្តើម​ការងារ​របស់ខ្លួន​ពេញដៃ ពេញជើង នៅក្រោម​ការយាម​សន្តិសុខ​របស់​ប៉ូលិស​ហូឡង់។ ​អ្នកស៊ើប​អង្កេត​រុស្ស៊ី​ដែល​ត្រូវ​ចូលរួម​នៅក្នុងបេសកកម្ម​អន្តរជាតិ នឹង​ត្រូវ​ទៅដល់​ទីក្រុង​គៀវ​នៅ​ថ្ងៃ​សុក្រ​នេះ មុន​នឹងធ្វើ​ដំណើរ​ទៅ​ភាគខាងកើត​អ៊ុយក្រែន។

 
ប៉ូលិស​ហូឡង់​អាច​ចូលទៅ​ពង្រាយ​នៅក្នុង​ទីតាំង​​​ផ្ទុះ​ធ្លាក់​យន្តហោះ បន្ទាប់ពីអន្តរការី​រុស្ស៊ី និង​អ៊ុយក្រែន ដែល​ជួប​ប្រជុំ​គ្នា​កាលពីថ្ងៃ​ម្សិលមិញ នៅក្នុង​ប្រទេស​បេឡារុស បាន​យល់​ព្រមព្រៀង​​គ្នា​ឲ្យ​ក្រុម​អ្នកជំនាញ​អន្តរជាតិ​អាច​ចូល​ទៅក្នុង​ទីតាំង​ធ្លាក់​យន្តហោះ។ កិច្ច​ព្រមព្រៀង​​តម្រូវ​ឲ្យ​មាន​បទ​ឈប់បាញ់​គ្នា​មួយ​រយៈ​រវាង​កងទ័ព​អ៊ុយក្រែន ជាមួយ​ពួក​ឧទ្ទាម​ក្នុង​រង្វង់​២០​គីឡូម៉ែត្រ​ពី​ទីតាំង​ធ្លាក់​យន្តហោះ ពោល​គឺ​ដើម្បី​ធានា​សុវត្ថិភាពដល់​​អ្នកស៊ើប​អង្កេត​អន្តរជាតិ ដែល​ត្រូវ​ចូល​ទៅធ្វើការ​ស៊ើបអង្កេត​រក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ម៉ាឡេស៊ី​ផ្ទុះ​ធ្លាក់។

ពីរ​សប្តាហ៍​មក​ហើយ ដែល​យន្តហោះ​ម៉ាឡេស៊ី​ផ្ទុះធ្លាក់នៅ ភាគ​ខាងកើត​អ៊ុយក្រែន។ បើ​ទោះ​បី​​ជា​គេ​បាន​ចូលទៅយក​សាកសព​បាន​ជាង​២០០​នាក់ ប៉ុន្តែ នៅមាន​សាកសព​ជាច្រើន​ទៀត ដែល​នៅ​បាត់ ឬ​ដាច់​​រប៉ាត់រប៉ាយនៅក្រោម​គំនររបស់បំណែក​យន្តហោះ ដែល​គេ​មិន​ទាន់​អាច​ចូល​ទៅយក​មកបាន ដោយសារ​តែ​បញ្ហា​អសន្តិសុខ​។ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បើ​ទោះ​ជា​មាន​គ្រាប់ផ្លោង​ផ្ទុះ​នៅ​ក្បែរ​កន្លែង​ធ្លាក់​យន្តហោះ ក្រុមអ្នកជំនាញ​អន្តរជាតិ​របស់​ប្រទេស​ហូឡង់​នៅ​តែ​តស៊ូ​ចូលបាន​សម្រេច​ទៅកន្លែង​ធ្លាក់​យន្តហោះ។

លោកប្រធានាធិបតី​អ៊ុយក្រែន​បាន​បញ្ជាក់​ព័ត៌មាននេះ​ទៅ​នាយករដ្ឋមន្រ្តី​ហូឡង់ និង​អូស្ត្រាលី​ កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ។ លោកបាន​បញ្ជាក់​ផងដែរ ទៅ​សមភាគី​ទាំងពីរ​ពី​ការសម្រេច​របស់​សភា​អ៊ុយក្រែន​ដែល​បាន​បោះឆ្នោត​ច្បាប់​អនុញ្ញាត​ឲ្យ​ក្រុម​ប្រដាប់​អាវុធ ហូឡង់ និង​អូស្ត្រាលី ប្រមាណ​៩៥០​នាក់ ចូល​ទៅ​រក្សា​សន្តិសុខ​នៅ​កន្លែង​ធ្លាក់​យន្តហោះ ដែល​រហូត​មក​ដល់​ពេលនេះ ស្ថិតនៅក្នុង​តំបន់​គ្រប់គ្រង​ដោយ​ពួកឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​អ៊ុយក្រែន៕​ ​  ​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ