អានតួអត្ថបទ
កម្ពុជា

WWF៖ ផ្សោត​ទន្លេ​មេគង្គ​នឹង​ផុត​ពូជ​ប្រសិន​បើ​វា​រី​អគ្គិ​សនី​ដន ​សា​ហុង​ឡាវ​សាង​សង់​

សត្វ​ផ្សោត​ទន្លេ​មេ​គង្គ នឹង​រង​ការ​គំរាម​កំហែង​ប្រ​សិន​បើ​ទំនប់​វារី​អគ្គិ​សនី ដន សា​ហុង​របស់​ប្រទេស​ឡាវ​ត្រូវ​សាង​សង់​ឡើង​យ៉ាង​ពិត​ប្រាកដ​នោះ។ នេះ​ជា​ការ​ព្រ​មាន​របស់​អង្គការ​មូល​និធិ​សកល​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​ WWF នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន មួយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ២០​កុម្ភៈ​នេះ។ អង្គ​ការ​នេះ​អះ​អាង​ថា សត្វ​ផ្សោត​ទន្លេ​មេ​គង្គ ដែល​បច្ចុប្បន្ន​មាន​ចំ​នួន​៨៥ ក្បាល​នោះ នឹង​ឈាន​ទៅ​រក​ការ​ផុត​ពូជ​ដោយ​សារ​ទំនប់​វា​រី​អគ្គិ​សនី​ដន សា​ហុង​របស់​ប្រទេស​ឡាវ។

កម្ពុជា​ពង្រឹង​ការអភិរក្ស​ត្រីផ្សោត​ដែលប្រឈម​នឹងការបាត់បង់​
កម្ពុជា​ពង្រឹង​ការអភិរក្ស​ត្រីផ្សោត​ដែលប្រឈម​នឹងការបាត់បង់​
ផ្សាយពាណិជ្ជកម្ម

ការ​សាង​សង់​ទំនប់​វា​រី​អគ្គិសនី ដន សា​ហុង​របស់​ប្រទេស​ឡាវ គឺ​នៅ​ត្រង់​ច្រក​មួយ ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ ចំ​ពីលើ​តំបន់​សត្វ​ផ្សោត​រស់​នៅ។ ការ​សាងសង់​ទំនប់​ដន សា​ហុង​នេះ អាច​នឹង​ពន្លឿន​ដល់​ការ​បាត់​បង់​សត្វ​ផ្សោត​ពី​ទន្លេ​មេគង្គ។ នេះ​ជាការ​អះ​អាង​របស់​លោក ឈិត សំអាត នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ WWF ដែល​បាន​ថ្លែង​ក្នុង​សន្និ​សីទ​កាសែត​នៅ​សណ្ឋាគារ​សាន់វ៉េ​នៅ​ព្រឹក​ថ្ងៃទី ២០ កុម្ភៈ​នេះ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទំនប់​វា​រី​អគ្គិសនី​ដន សា​ហុង​នេះ នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រជា​ពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ដង​ទន្លេ​មេគង្គ។ ជាក់​ស្តែង​លោក សុខ ស៊ីម ដែល​ជា​ប្រជា​ពល​រស់​នៅ​ក្បែរ​តំបន់​សត្វ​ផ្សោត​រស់​នៅ​ក្នុង​ខេត្ត​ក្រចេះ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ប្រជា​ជន​នៅ​ក្នុង​តំបន់​នោះ ពឹង​អាស្រ័យ​ការ​ធ្វើ​នេ​សាទ​ត្រី ក្នុង​ទន្លេ​មេគង្គ ហើយ​ជា​ពិសេស​ពួក​គាត់​អាច​រក​ប្រាក់​ចំណូល​បាន​បន្ថែម​ទៀត ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិ ដែល​ធ្វើ​ដំ​ណើរ​មកពី​ចំ​ងាយ ដើម្បី​មក​ទស្សនា​សត្វ​ផ្សោត នៅក្នុង​ខេត្ត​ក្រចេះ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ទំនប់​នោះ​ត្រូវ​បាន​សាង​សង់​នោះ លំហូរ​ទឹកនឹង​មិន​ទៀង​ទាត់ ហើយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​សត្វ​ផ្សោត និង​ត្រី ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ប្រ​ជា​ពល​រដ្ឋ​។

លោក​ឈិត សំអាត បាន​សំណូម​ពរ​ដល់​រដ្ឋាភិ​បាល​កម្ពុជា ធ្វើ​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្អាក​ការ​សាង​សង់​ទំនប់ ដន សា​ហុង នៅ​ក្នុង​ឱកាស​ជំនួប​កំពូល រវាង​ប្រមុខរដ្ឋ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ នា​ខែ​មេសា​ខាង​មុខ​។

 
របាយ​ការណ៍​របស់​អង្គការ​មូល​និធិ​សកល​សម្រាប់​ការ​អភិរក្ស​ធម្ម​ជាតិ WWF បាន​បង្ហាញ​ថា បច្នុប្បន្ន សត្វ​ផ្សោ​តន​ទ្លេ​មេគង្គ​គឺជា​ប្រភេទ​សត្វ ដែល​ទទួល​រង​ការ​គំរាមកំហែង​ជិត​ផុត​ពូជ​បំផុត ហើយ​ចំនួន​របស់​វា​បាន​ធ្លាក់​ចុះ​នៅ​ប្រមាណ ៨៥ ក្បាល ប៉ុណ្ណោះ​ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ទី​ជម្រក តាម​បណ្តោយ​ដង​ទន្លេ​មេ​គង្គ មាន​ចម្ងាយ ១៩០ គីឡូម៉ែត្រ នៅ​ចន្លោះ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ និង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។

គួរ​បញ្ជាក់​ថា​គម្រោង​ទំនប់​វា​វី​អគ្គិសនី ដន សា​ហុង មាន​ថាម​ពល ២៦០ មេ​ហ្គា​វ៉ាត់ មាន​ទី​តាំង​នៅ​ត្រង់​ច្រក ហ៊ួ សា​ហុង ស្ថិត​នៅ​ចន្លោះ​កោះ​ដន សា​ហុង និង​កោះ​ដន​សា​ដាម ក្នុង​ខេត្ត​ចំប៉ា​សាក់ ប្រ​ទេស​ឡាវ ដែល​ស្ថិត​នៅ​លើ​ដង​ទន្លេ​មេ​គង្គ​ផ្នែក​ខាង​លើ នៃ​ប្រទេស​កម្ពុជា និង​វៀតណាម។ ទំនប់​វា​រី​អគ្គីសនី​ដន សា​ហុង មាន​ចម្ងាយ​ប្រមាណ​ជា ១គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​តំបន់​ជម្រក​សត្វ​ផ្សោត​ទន្លេ​មេ​គង្គ៕ ទំ​នប់នេះ គ្រោង​នឹង​សាងសង់​នៅ​ក្នុង​ឆ្នាំ​ ២០១៤​នេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ