អានតួអត្ថបទ

គណបក្ស​នយោបាយ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​

គណបក្ស​​ប្រជាជន​​កម្ពុជា​ គណបក្ស​​សមរង្ស៊ី​ គណបក្ស​​សិទ្ធិមនុស្ស និង ​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ បានបង្ហាញ​កម្លាំង​តាមរយៈ​ការហែក្បួន​​ឃោសនា​​ផ្តាច់ព្រ័ត្រ​​នៅ​​ថ្ងៃ​​ចុង​ក្រោយ​នៃ​​យុទ្ធនាការ​​ឃោសនា​​បោះ​ឆ្នោ​ត​​ឃុំ​​សង្កាត់​នៅ​​ថ្ងៃ​​ទី​​១​​មិថុនា​​នេះ​។​ ចំណែក​​សង្គម​​ស៊ីវិល​​ឃ្លាំ​មើល​​ការ​បោះ​ឆ្នោត​និង ​គ​.​ជ​.​ប​.​ មើល​ឃើញថា​​ ការ​បំភិត​បំភ័យ ​ភាព​មិន​ប្រក្រតី​ និង​​ការ​រារាំង​​សកម្មភាព​​ឃោសនា​ថយ​​ចុះ​​​បើ​​ធៀប​​នឹង​​ការ​បោះឆ្នោត​​លើក​​មុនៗ​។​​ 

គណបក្ស​សមរង្ស៊ី​នៅ​ថ្ងៃ​ចុង​ក្រោយ​ នៃយុទ្ធនាការ​ឃោសនាបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី១មិថុនានេះ
គណបក្ស​សមរង្ស៊ី​នៅ​ថ្ងៃ​ចុង​ក្រោយ​ នៃយុទ្ធនាការ​ឃោសនាបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី១មិថុនានេះ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

​ថ្ងៃ​១​មិថុនា​នេះ ជា​ថ្ងៃ​ចុងក្រោយ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់ ដែល​បាន​ចាប់​ផ្តើម កាលពី​ថ្ងៃ​ទី​១៨​ឧសភា​។ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភ្នំពេញ បាន​ជួបជុំ​ដង្ហែ​ក្បួន​ឃោសនា​ផ្តាច់ព្រ័ត្រ​ធំជាងគេ ដោយ​ប្រើប្រាស់​កម្លាំង​យុវជន​ប្រមាណ ២ ម៉ឺន​នាក់ ឡាន​ម៉តូ និង​រ៉ឺម៉ក​កង់​បី​រាប់រយ​គ្រឿង ចាប់​តាំងពី​ព្រឹក​ព្រលឹម។

ចំណែកនៅតាមបណ្តា​ខេត្ត​ទូទាំង​ប្រទេស គណបក្សប្រជាជនកម្ពុជា ក៏បានហែក្បួនឃោសនា​​ផ្តាច់​ព្រ័ត្រផងដែរ​។ ថ្ងៃ​៧​មករានិង​ការអភិវឌ្ឍ​ប្រទេស ជា​ប្រធានបទ​សំខាន់សម្រាប់​គណបក្ស​កាន់អំណាច​។​

​រីឯ​គណបក្ស​សមរង្ស៊ី ក៏​បាន​បង្ហាញ​កម្លាំង​នៅ​ថ្ងៃ​ចុង​ក្រោយ ដោយ​ការជួបជុំ​ហែ​ក្បួន នា​ពេល​រសៀល ហើយ​នៅពេល​ព្រលប់ លោក​សម​រង្ស៊ី ក៏​បាន​ថ្លែង​តាម​វីដេអូ​ខន់​ហ្វេ​រិន ពី​ក្រៅ​ប្រទេស ចូល​មក​កាន់​ក្បួន​ឃោសនា នៅ​ទីក្រុង​ភ្នំពេញ​។

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចដែល​ស្ងាត់ស្ងៀម​យូរថ្ងៃ​មកហើយ នៅ​ថ្ងៃ​ឃោសនា​បោះឆ្នោត​ចុង​ក្រោយ​​​ថ្ងៃនេះ ក៏​បាន​រៀបចំ​ឡាន​ម៉ូតូ រ៉ឺម៉ក​កង់​បី និង​ចាក់​មេក្រូ ហែ​ក្បួន​ផ្តាច់ព្រ័ត្រ​ផងដែរ នៅ​ភ្នំពេញ​។​

​ដោយឡែក​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម​សុខា ក៏​បាន​បើក​យុទ្ធនាការ​ហែ​ក្បួន​ឃោសនា​​ទ្រង់ទ្រាយ​ធំ ដឹកនាំ​ដោយ​លោក​កឹម​សុខា នៅឯ​ខេត្ត​កំពង់ចាម​។

​ដោយឡែក​គណបក្សនយោបាយ៦ផ្សេងទៀតទោះ​ជា​មិន​ហែ​ក្បួន​ឃោសនា នៅ​ថ្ងៃ​ចុង​ក្រោយ​​នេះ តែ​គណបក្ស​ទាំងនោះ ក៏​បន្តសកម្មភាព​ឃោសនានៅ​មូលដ្ឋានដោយ​ចាក់​មេក្រូ​ផ្សព្វ​ផ្សាយ​​ពី​គោលនយោបាយ ដើម្បី​ទាក់ទាញ​សំឡេងឆ្នោត នៅ​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់ ថ្ងៃ​៣​មិថុនា​ខាង​មុខ​។​

ក្នុងពេល​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ មកដល់​ថ្ងៃ​បញ្ចប់​យុទ្ធនាការ នា​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១២ ខុម​ហ្វ្រែល រកឃើញថា ការបំភិតបំភ័យ ភាពមិនប្រក្រតី និង​ការរារាំង​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​នានា ដែល​កើត​ឡើង​ទៅលើ​សកម្មជន​គណបក្សនយោបាយ និង​ប្រជាពលរដ្ឋ បើ​គិត​ជា​ចំនួន​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​ការថយចុះ បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​មុនៗ​។ ចំណែក​អំពើហិង្សាក៏​ថយចុះ​។ រី​ឯ​ការសម្លាប់​សកម្ម​ជន​នយោបាយ មិន​កើត​មាន​ទេ​។​

​យ៉ាងណាក៏ដោយ ខុម​ហ្វ្រែល រកឃើញថា ករណី​ទិញ​សន្លឹកឆ្នោត ក្នុងអំឡុងពេល​ឃោសនា​បោះ​ឆ្នោត មាន​ចំនួន ១០ ករណី​។ រីឯ​គ​.​ជ​.​ប​. នៅ​មុន​នេះ​បន្តិច​ក៏​បាន​ប្រកាស​ពី​ដំណើរការ​រលូន​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈពេល ១៥ ថ្ងៃ ដែល​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​១​មិថុនា​នេះ​។ ប៉ុន្តែ​គ​.​ជ​.​ប​. ទទួល​ពាក្យបណ្តឹង​សរុប ៧៨ ករណី ក្នុងពេល​ឃោសនាបោះឆ្នោត​។

បណ្តឹង​ភាគច្រើន គឺ​ទាក់ទង​ទៅ​នឹង​ការ​ហែក​ខិត្តប័ណ្ណការរំខាន​សកម្មភាព​ឃោសនា​បោះ​ឆ្នោត​​និង​ការទម្លាក់​ស្លាក​គណបក្សនយោបាយ​។ បណ្តឹង​ទាំងនោះ ភាគច្រើន​ប្តឹង​ដោយ​គណបក្ស​សមរង្ស៊ី​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ