អានតួអត្ថបទ
ចិន

អង្គការ Apec អំពាវនាវ​ឲ្យ​បង្កើន​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​ដើម្បី​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច

រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ជា​សមាជិក​របស់​អង្គការ Apec បាន​រួម​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​ប៉េកំាង ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ ទី២២ តុលា។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ Apec បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ហានិភ័យ​ដែល​នឹង​ជះ​ឥទ្ធិពល​អាក្រក់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើន​វិនិយោគ​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​ដើម្បី​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ នៅ​ក្នុង​ជំនួប​ APEC ថ្ងៃទី ១៧ ឧសភា ២០១៤
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ នៅ​ក្នុង​ជំនួប​ APEC ថ្ងៃទី ១៧ ឧសភា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

« ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​កំពុង​យ៉ាប់យឺន​ខ្លំាង​ពិបាក​នឹង​ងើប​ឡើង​វិញ​ណាស់ ហើយ​ដែល​កំពុង​មាន​ហានិភ័យ​ជាប់​ជា​ប្រចំា » នេះ​ជា​ឃ្លា​របស់​លោក​ឧបនាយករដ្ឋមន្រ្តី​ចិន​ហ្សាង ហ្គាវលី​ដែល​បាន​​ថ្លែង​នៅ​ពេល​បើក​កិច្ចប្រជុំ​របស់​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​សមាជិក​របស់​អង្គការ Apec។ ចិន​ដែល​បាន​បញ្ជាក់​នៅ​មួយ​ថ្ងៃ​មុន​កិច្ចប្រជុំ​ថា ខ្លួន​ក៏​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ខ្លំាង​នៅ​ក្នុង​ត្រីមាសទី៣ ឆ្នំា ២០១៤ ដែល​ជា​កម្រិត​មួយ​ដែល​ចិន​មិន​ធ្លាប់​ស្គាល់​ទេ​តំាង​ពី ៥ឆ្នំា​កន្លង​ទៅ។ នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ចុង​ក្រោយ​មួយ Apec បាន​អំពាវនាវ​ឲ្យ​បង្កើន​វិនិយោគ​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ​ដើម្បី​បង្កើន​សេចក្តី​ត្រូវ​ការ និង​ជួយ​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច។ ការ​លើក​ឡើង​យ៉ាង​ដូច​នេះ​មក​ពី Apec បាន​សម្លឹង​ឃើញ​ពី​គម្លាត​ខ្លំាង​រវាង​តម្រូវការ​ហេដ្ឋារចនាសម្ពន្ធ​របស់​ប្រទេស​មួយ​ចំនួន និង​កង្វះ​ថវិកា ឬ​មួយ​ការ​ចាយ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល។ នៅ​ត្រង់​ចំណុច​នេះ Apec បាន​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ផ្តើម​ធ្វើ​កំណែទម្រង់​ក្នុង​វិស័យ​នេះ​ដោយ​សហការណ៍​ជាមួយ​ក្រុមហ៊ុន​ឯកជន។

លោក​អាឡំាង បូឡា អគ្គនាយក​អង្គការ Apec បាន​បញ្ជាក់​ថា ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​មួយ​ដែល​មិន​ទៅ​មុខ និង​ម្ង៉ៃកាត់ ម្ង៉ៃកោ និង​ដែល​គ្រប់​គ្នា​មិន​អាច​បន្ត​ឈរ​ឱបដៃ​មើល រួច​នំា​គ្នា​បន្ត​រង់ចំា​របៀប​នេះ​ទេ។ លោក​អាឡំាង​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​អង្គការ Apec បាន​ពឹង​ផ្អែក​ខ្លំាង​លើ​វិស័យ​ពាណិជ្ជកម្ម និង​ដែល​ទង្វើ​របៀប​នេះ​នឹង​លែង​មាន​ប្រសិទ្ធិភាព​ទៀត​ហើយ​នៅ​ពេល​ខាង​មុខ ពោល​គេ​ត្រូវ​ស្វែង​រក​ផ្លូវ​ថ្មី​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ។ សូម​ជម្រាប​ជូន​ថា Apec បាន​បង្កើត​ឡើង​ក្នុង​ឆ្នំា ១៩៨៩ ដោយ​មាន​សមាជិក​ប្រមាណ​ជា ២០ប្រទេស និង​បាន​ស្រូប​យក​ចំណែក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជិត ៥០% នៃ​សកម្មភាព​ពាណិជ្ជកម្ម​ក្នុង​លោក។

កិច្ចប្រជុំ​របស់​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ Apec ក្នុង​ទីក្រុង​ប៉េកំាង ប្រទេស​ចិន​ពេល​នេះ គឺ​ដើម្បី​ត្រៀម​រៀបចំ​បើក​ជំនួបកំពូល​នៅ​ខែ​វិច្ឆិកា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ