អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

បាតុកម្ម​នៅ អឺរ៉ុប​ដើម្បី​គាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា

នៅក្នុង​ទីក្រុង​ជាច្រើន​របស់​អឺរ៉ុប បាតុកម្ម​ដង្ហែ​ក្បួន​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​គាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន ដែល​រហូត​មក​ដល់​ថ្ងៃ​សៅរ៍ ត្រូវ​រងគ្រោះ​​ដោយ​ការវាយប្រហារ​របស់​ទ័ព​អ៊ីស្រាអែល។ នៅប្រទេស​បារាំង បាតុកម្ម​ត្រូវ​បាន​ធ្វើឡើង នៅក្នុង​សង្កាត់​សំបូរ​រស់នៅ​ដោយ​ជនជាតិ​អ៊ីស្លាម បើទោះបី​ជា​មាន​ការហាមឃាត់​ពី​តុលាការ និង​ការព្រមាន​ពីលោក​ប្រធានាធិបតី​បារាំង ហ្រ្វង់ស័រ ហូឡង់។  

អ្នកគាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​តវ៉ា​នៅមុខ​សភាអឺរ៉ុប ក្នុងទីក្រុង​ព្រុចស៊ែល
អ្នកគាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​តវ៉ា​នៅមុខ​សភាអឺរ៉ុប ក្នុងទីក្រុង​ព្រុចស៊ែល ©REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

តាំងពី​ប្រទេស​ឆាត ជា​ទី​ដែលលោក​ធ្វើ​ទស្សនកិច្ច លោកប្រធានាធិបតីបារាំង​បាន​ព្រមាន​រួចហើយ​មិន​ឲ្យមាន​ការប្រមូលផ្តុំ ធ្វើ​បាតុកម្ម​ដើម្បី​គាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន។ អ្នកដែល​ល្មើស​ ផ្គើន​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​នឹង​ត្រូវ​ទទួល​ខុសត្រូវ​លើ​សកម្មភាព​របស់ខ្លួន។ ទាក់ទង​នឹង​រឿង​បាតុកម្ម​នេះ លោក​ហ្រ្វង់ស័រ បានរំលឹក​ជាថ្មី​កុំ​ឲ្យ​ធ្វើ​​បាតុកម្ម​ ព្រោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។

 
កាលពី​ថ្ងៃ​សុក្រ​ល្ងាច រដ្ឋអាជ្ញា​បារាំង​បាន​រុញច្រាន​ចោល ពាក្យ​សុំ​ធ្វើ​បាតុកម្ម​របស់​ក្រុម​ប្រជាជន​ដែល​ចង់​ធ្វើ​បាតុកម្ម​គាំទ្រ​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន។ នៅក្នុង​លិខិត​របស់​តុលាការ​ដែល​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP​បាន​ទទួល អ្នកដែល​ល្មើស​រំលោភ​បំពាន​បំរាម​របស់​តុលាការ ដោយ​នៅ​តែ​ចុះ​ថ្នល់ធ្វើ​បាតុកម្ម​នៅថ្ងៃ​សៅរ៍ នឹង​អាច​ប្រឈម​នឹង​ទោស​ជាប់ឃុំ​៦ខែ និង​ប្រាក់​ពិន័យ ៧៥០០​អឺរ៉ូ។ ស្ថាប័ន​ប៉ូលិសនៅ​ប៉ារីស​បាន​ព្រមាន​រួចហើយថា នឹង​អាច​មាន​ចាប់ត្រួតពិនិត្យ ដែល​នឹង​អាច​ឈាន​ទៅដល់​ការចាប់ខ្លួន នៅក្នុងពេល​ធ្វើ​បាតុកម្ម​ដែល​ហាម​ដោយ​ច្បាប់។

នៅប៉ារីស អាជ្ញាធរ​បារាំង​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​គាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន ដោយសារ​តែ​បាតុកម្ម​ក្នុង​ទិសដៅ​ដូចគ្នា​នេះ កាលពី​ថ្ងៃ​ទី ១៣​កក្កដា បាន​ឈាន​ទៅដល់​ការបង្ក​អំពើ​ហិង្សា​នៅ​មុខ​វិហារ​របស់​ជនជាតិ​ជ្វីវ។ មនុស្ស​៨​នាក់​បាន​រងរបួស​នៅក្នុង​ការប្រឈមមុខ​ដាក់គ្នា​រវាង​ប៉ូលិស និង​បាតុករ។

នៅ​ពីថ្ងៃ​សៅរ៍ បើទោះបី​ជា​មាន​ការហាមឃាត់​ ក្រុមមនុស្ស​រាប់ពាន់នាក់ ​នៅក្នុង​ទីក្រុង​មួយ​ចំនួន ក្នុង​ប្រទេស​បារាំង ​បាន​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ដើម្បី​បង្ហាញ​សាមគ្គីភាពជាមួយ​ប្រជាជន​ប៉ាឡេស្ទីន និង​ដើម្បី​បរិហារ​អំពើ​ហិង្សា​របស់​​អ៊ីស្រាអែល​​ទៅលើ​ប្រជាជន​ស៊ីវិល នៅ​តំបន់​ហ្កាហ្សា។ ​​​​នៅ​ទីក្រុង​ឡុងដ៍ ការប្រមូល​ផ្តុំ​មាន​ភាព​ហ៊ឹកហ៊ាក់ ដោយ​ប្រជាជន​រាប់ពាន់​នាក់​ប្រមូលផ្តុំ​គ្នា​នៅមុខ​ការិយាល័យ​នាយក​រដ្ឋមន្រ្តី។ នៅ​តំបន់​ហ្កាហ្សា​វិញ កាណុង​កាំភ្លើង​របស់​អ៊ីស្រាអែល​​ដែល​ចេះ​តែ​រំកិល​ចូល​ទៅក្នុង​តំបន់​ហ្កាហ្សា នៅ​មិន​ឈប់​បាញ់​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន។ គិត​ត្រឹម​ថ្ងៃ​សៅរ៍​ល្ងាច មាន​មនុស្ស​​៤១​នាក់​បន្ថែម​ទៀត​ត្រូវ​ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​អ៊ីស្រាអែល។ ជាសរុប គិត​រហូត​មក​ល្ងាច​ថ្ងៃ​សៅរ៍ មាន​ប្រជាជន​ប៉ាឡេស្ទីន​៣៣៧បាត់បង់​ជីវិត ដោយសារ​ការវាយប្រហារ​របស់​អ៊ីស្រាអែល ចំណែក​ ​ប្រទេស​អន្តរជាតិរួម​ទាំង​អង្គការ​សហប្រជាជាតិ​​នៅ​តែ​គ្មាន​ឥទ្ធិពល​ អំណាចអ្វី​ដើម្បី​​​អាច​បញ្ឈប់​ការវាយប្រហារ​​របស់​ទាហាន​អ៊ីស្រាអែល៕​​ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ