អានតួអត្ថបទ
កម្ពុជា

ទី​លាន​ប្រជាធិបតេយ្យ​បើក​ឡើង​វិញ ក្រោយ​ពី​គណបក្ស​សង្គ្រោះជាតិ​ស្បថ​ចូល​កាន់​តំណែង​ក្នុង​រដ្ឋសភា​

បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សច្ចា​ប្រណិធាន ក្នុង​ព្រះបរមរាជវាំង កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​លាន​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​បិទ​អស់​រយៈពេល​ប្រមាណ​ជា ៧​ខែ​មក​ហើយ​នោះ ក៏​ត្រូវ​បាន​បើក​ឲ្យ​ប្រើប្រាស់​ឡើង​ភ្លាមៗ​ដែរ។ សាលា​រាជធានី​ភ្នំពេញ បាន​លើក​ហេតុផល​ថា សន្តិសុខ​ជាតិ មាន​ភាព​ប្រសើរ​ឡើង​វិញ។ សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​សារទរ ចំពោះ​ការ​បើក​ទីលាន​ប្រជាធិបតេយ្យ​វិញ​នេះ ហើយ​ស្នើ​សុំ​កុំ​ឲ្យ​អាជ្ញាធរ​បិទ​ទី​លាន​ប្រជាធិបតេយ្យ​ជា​ថ្មី​ទៀត។

អាជ្ញាធររាជធានីភ្នំពេញ ដករបងបន្លាលួស ចេញពីទីលានប្រជាធិបតេយ្យ។
អាជ្ញាធររាជធានីភ្នំពេញ ដករបងបន្លាលួស ចេញពីទីលានប្រជាធិបតេយ្យ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សម្រេច​បើក​ឲ្យ​ដំណើរការ «ទីលាន​ប្រជាធិបតេយ្យ» ជា​ធម្មតា​ឡើងវិញ​ហើយ​ចាប់ពី​ថ្ងៃទី ៥សីហា តទៅ។ នេះ​គឺជា​ការបញ្ជាក់ របស់​សាលា​រាជធានី​ភ្នំពេញ ក្នុង​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី ៥សីហា។ 

លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​បារាំង នៅ​ថ្ងៃ​ពុធ​នេះ​ថា ទីលាន​ប្រជាធិបតេយ្យ នឹង​បើក​ជា​រៀងរហូត​ចាប់ពីពេលនេះ ហើយ​លោក​ក៏​សំណូមពរ ឲ្យ​ប្រជាពលរដ្ឋ ត្រូវតែ​ប្រើប្រាស់​ទីលាន​នេះ ដើម្បី​សម្តែង​មតិ ដោយ​ត្រូវតែ​គោរព​តាមច្បាប់ និង​បទបញ្ញត្តិ​ជា​ធរមាន របស់​ប្រទេស។ អ្នកនាំពាក្យ​សាលា​រាជធានី​បានបញ្ជាក់​ទៀតថា អ្នកប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ​ត្រូវតែមាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព សុវត្ថិភាព និង​សន្តិសុខ​សង្គម ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ របស់​កម្ពុជា។

លោកស្រី មួរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កន្លងមក​តែងតែ​ទាមទារ​ឲ្យ​មាន «ការរំដោះ​ទីលាន​ប្រជាធិបតេយ្យ» បាន​សាទរ ចំពោះ​ការបើក​ទីលាន​នេះ​វិញ។ លោកស្រី សប្បាយចិត្ត ដែល​បានសម្រេច​ភារកិច្ច​ជា​តំណាងរាស្ត្រ ក្នុងការ​ស្នើ​ឲ្យ​ដំណើរការ​ទីលាន​ប្រជាធិបតេយ្យ​វិញ​នេះ។ លោកស្រី បាន​និយាយថា នេះ​គឺជា​ជំហាន​ឈានទៅរក​វប្បធម៌ នៃ​ការជជែក​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។ តំ​ណារ​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បន្ថែមថា នេះ​គឺជា​សញ្ញា​ល្អ រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ដើម្បី​បន្តការងារ​ជាមួយគ្នា។

ប្រធាន​បច្ចេកទេសផ្នែក​ស៊ើប​អ​ង្គេ​តនៃ​អង្គការ​លីកាដូ លោក អំ សំអាត ក៏​រីករាយ ចំពោះ​ការបើក​ដំណើរការ​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ​នេះដែរ។ លោក​និយាយថា ការបិទ​ទីលាន​នេះ បានធ្វើ​ឲ្យ​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធ​បញ្ចេញមតិ​របស់​ពលរ​ដ្ឋ​នៅ​កម្ពុជា ដើរ​ថយក្រោយ។ យ៉ាងណាក៏ដោយ លោក​បាន​បញ្ជាក់ថា នេះ​គឺជា​ហេតុផល​នយោបាយ ទាំង​នៅក្នុងពេល​បិទ និង​ពេល​បើក​ទីលាន​ប្រជាធិបតេយ្យ។ អង្គការ​សង្គម​ស៊ីវិល តាមរយៈ​លោក​អំ សំអាត បានស្នើ​កុំ​ឲ្យ​អ្នកនយោបាយ យក​ទីលាន​ប្រជាធិបតេយ្យ ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ ព្រោះ​ទីលាន​នេះ គួរតែ​ប្រើប្រាស់​សម្រាប់​ការសម្តែង​មតិ​របស់​ប្រជាពលរដ្ឋ មិនមែន​សម្រាប់​បញ្ហានយោបាយ​ជាតិ​នោះទេ។

គួរ​រម្លឹក​ជូន​ថា ទីលាន​ប្រជាធិបតេយ្យ បាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី ៤វិច្ឆិកា ឆ្នាំ ២០១០។ ទីលាន​នេះ មាន​ទំហំ ១២០០ ម៉ែត្រក្រឡា ស្ថិតនៅ​ខាងក្រោយ​ស្ថានទូត​អាមេរិក ជិត​វត្តភ្នំ និង​នៅលើ​សួនច្បារ មុខ​ស្ថានីយ៍​រថភ្លើង ក្នុង​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ ទីលាន​ប្រជាធិបតេយ្យ​ ដែលជា​កន្លែង​សម្រាប់​មហាជន​ប្រមូលផ្តុំ ធ្វើបាតុកម្ម នៅ​ទីក្រុង​ភ្នំពេញ  ត្រូវ​បាន​​អាជ្ញាធរ​ក្រុងភ្នំពេញ ដាក់​របង​បន្លា​លួស​ហ៊ុមព័ទ្ធ មិន​ឲ្យ​ប្រើប្រាស់ ក្នុង​ខែមករា ឆ្នាំ​២០១៤​ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា នៅ​ផ្លូវ​វេ​ង​ស្រេង ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ កាលពីដើម​ខែមករានោះ​។

ទីលាន​ប្រជាធិបតេយ្យ បាន​បើក​ឲ្យ​ដំណើរការ​នៅពេលនេះ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់ព្រម ចូល​សច្ចាប្រណិធាន​ក្នុង​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី ៥សីហា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ