អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីរ៉ាក់៖ហេតុអ្វី​បាន​ជា​លោក​នូរី អាល់ម៉ាលីគី​សុខចិត្ត​បោះបង់​កៅអី​នាយករដ្ឋមន្រ្តី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃទី១៥ សីហា​កន្លង​ទៅ​ថ្មីៗ​នេះ លោក​នូរី អាល់ម៉ាលី​បាន​បញ្ឈប់​ការ​ទាមទារ​យក​តំណែង​នាយករដ្ឋមន្រ្តី​អ៊ីរាក់​សម្រាប់​អាណត្តិ​ទី៣។ គឺ​ជា​តំណែង​មួយ​ដែល​លោក​អាល់ម៉ាលីគី​បាន​កាន់​អស់​រយៈពេល ២អាណត្តិ​ជាប់ៗ​គ្នា​មក​ហើយ។ តែ​មុន​នឹង​សុខចិត្ត​ប្រគល់​កៅអី​នាយករដ្ឋមន្រ្តី​ទៅ​ឲ្យ​លោក​ហៃដា អាបាឌី លោក​អាល់ម៉ាលីគី​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ទំាង​អស់​ដើម្បី​តោន​មួយ​អាណត្តិ​ថ្មី​ទៀត។ តែ​នៅ​ទីបំផុត និង​ខុស​ពី​ការ​ទន្ទឹម​រង់ចំា លោក​អាល់ម៉ាលីគី​បែរ​ជា​បាន​ប្រកាស​ដើរ​ចេញ​ដោយ​ខ្លួន​ឯង​ទៅ​វិញ។ តើ​នេះ មក​ពី​មូលហេតុ​អ្វី​ទៅ?

លោក​អតីត​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ នូរី អាល់ម៉ាលីគី
លោក​អតីត​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ នូរី អាល់ម៉ាលីគី AFP PHOTO/ Prakash SINGH
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​ក្នុង​ប្រទេស​ស្ទើរប្រជាធិបតេយ្យ ស្ទើរ​ផ្តាច់ការ គេ​ពិត​ជា​កម្រ​ឃើញ​មាន​អ្នក​កាន់​អំណាច​យូរ​ឆ្នំា​ម្នាក់​យល់ព្រម​បោះបង់​ចោល​កៅអី​របស់​ខ្លួន​ដោយ​ងាយៗ នោះ​បើ​ទោះ​បី​ជា​ដឹង​ខ្លួន​ថា​ចាញ់​ឆ្នោត​ក៏​ដោយ​ក្តី។ ករណី​លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​នូរី អាល់ម៉ាលីគី​ក៏​ត្រូវ​បាន​គេ​រាប់បញ្ចូល​ទៅ​ក្នុង​ក្រុម​មនុស្ស​ទំាង​នោះ​ដែរ។ កាន់តំណែង ២អាណត្តិ​ជាប់ៗ​គ្នា​ហើយ តែ​លោក​អាល់ម៉ាលីគី​ព្យាយាម​តោន​មួយ​អាណត្តិ​ថ្មី​ទៀត​ដោយ​មិន​ព្រម​ទទួល​ស្គាល់​ភាព​បរាជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ទេ។ ទំរំា​នឹង​សុខចិត្ត​ដើរចេញ​ដោយ​ខ្លួន​ឯង​កាល​ពី​ថ្ងៃទី១៥ សីហា លោក​អាល់ម៉ាលីគី​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទំាង​អស់​ដើម្បី​រក្សា​កៅអី​នាយករដ្ឋមន្រ្តី ដូច​យ៉ាង​ដាក់​ពាក្យប្តឹង​រូប​លោក​ប្រធានាធិបតី និង​រូបលោក​នាយករដ្ឋមន្រ្តី​ថ្មី​ពី​បទ​រំលោទ​ច្បាប់​រដ្ឋធម្មនុញ្ញ។

ប្រសិន​បើ​គ្មាន​ការ​ប្រកាស​ចុះចេញ​ដោយ​ខ្លួន​លោក​ផ្ទាល់​ទេ ពិត​ជា​គ្មាន​ព្រះអង្គម្ចាស់​ណា​អាច​គាស់រំលើង​លោក​បាន​ឡើយ។ កុំ​ថា​ឡើយ​លោក​បាត់​ការ​គំាទ្រ​ពី​គណបក្ស​របស់​លោក ឬ​មួយ​ក៏​ការ​ព្រមាន​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​ការ​សន្យា​របស់​បស្ចិមលោក​ក្នុង​ការ​ដំឡើង​ជំនួយ​យោធា និង​សេដ្ឋកិច្ច​ឲ្យ​អ៊ីរ៉ាក់ ប្រសិន​បើ​លោក​អាល់ម៉ាលីគី​យល់ព្រម​ចុះចេញ​ពី​តំណែង​នោះ សូម្បី​តែ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ពី​លោក​អាលី ស៊ីស្តានី ប្រមុខ​សាសនាអ៊ីស្លាម​និកាយ​ឈីអ៊ីត​នៅ​អ៊ីរ៉ាក់ ក៏​លោក​នូរី អាល់ម៉ាលីគី​មិន​ឈឺក្បាល យក​ត្រចៀក​ស្តាប់​ដែរ។ អ៊ីចឹង​សួរ​ថា ហេតុអ្វី​បាន​ជា​នៅ​ទីបំផុត លោក​អាល់ម៉ាលីគី​បែរ​ជា​បាន​ប្រកាស​ចុះចេញ​ដោយ​ខ្លួន​ឯង​តាម​សម្រួល​ទៅ​វិញ?

បើ​និយាយ​ពី​ឆន្ទៈល្អ​របស់​លោក​អាល់ម៉ាលីគី គឺ​គ្មាន​ទេ បើ​មាន គួរ​តែ​លោក​ត្រូវ​ធ្វើ​តំាង​ពី​ដើម​មក​ម្ល៉េះ។ តាម​ពិត​ទៅ អ្នក​ដែល​មាន​ឥទ្ធិពល​លើ​លោក​នូរី អាល់ម៉ាលីគី និង​ដែល​បាន​បង្ខំ​លោក​ឲ្យ​បោះបង់​ចោល​កៅអី​នាយករដ្ឋមន្រ្តី គឺ​ប្រទេស​អ៊ីរ៉ង់ ពិសេស​គឺ​លោក​ប្រមុខ​សាសនា​កំពូល​អ៊ីរ៉ង់ អាលី ខាមេណី។ លោក​ខាមេណី​បាន​សរសេរ​លិខិត​មួយ​ដោយ​បញ្ជាក់​ថា « សាធារណរដ្ឋ​អ៊ីរ៉ង់​សូម​គំាទ្រ​ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​អ៊ីរ៉ាក់​រហូត​ដល់​មាន​ការ​តែងតំាង​នាយករដ្ឋមន្រ្តី​ថ្មី និង​សូម​អំពាវនាវ​គូបដិបក្ខ​ទំាង​អស់​នៅ​អ៊ីរ៉ាក់​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ក្នុង​ការ​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​របស់​ពួក​ជីហាត »។ គឺ​ខ្លឹមសារ​នៅ​ក្នុង​លិខិត​របស់​លោក​ប្រមុខ​សាសនាកំពូល​អ៊ីរ៉ង់​អាលី ខាមេណី​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​លោក​នូរី អាល់ម៉ាលីគី​យល់​ភ្លាម​ថា ការ​តស៊ូ ប្រយុទ្ធ​តោន​អំណាច​របស់​ខ្លួន​បាន​ចប់​ត្រឹម​នេះ។ ចប់​ដោយ​លោក​បាត់​ការ​គំាទ្រ​ពី​ប្រទេស​អ៊ីរ៉ង់។

ហេតុអ្វី​បាន​ជា​ទឹកមាត់​របស់​អ៊ីរ៉ង់​ប្រៃ​ខ្លំាង​ម្ល៉េះ?

តាម​ពិត​ទៅ គ្មាន​ឥស្សរជន​នយោបាយ​អ៊ីរ៉ាក់​ណា​ម្នាក់​អាច​ដឹកនំា​ប្រទេស ដោយ​ប្រឆំាង​នឹង​ឆន្ទៈ​របស់​អ៊ីរ៉ង់ ឬ​មួយ​ក៏​គ្មាន​ការ​គំាទ្រ​ពី​ប្រទេស​អ៊ីរ៉ង់​នោះ។ ត្រង់​ចំណុច​នេះ លោក​នូរី អាល់ម៉ាលីគី​បាន​ដឹង​ច្បាស់​ណាស់ និង​ដឹង​ច្រើន​ជាង​អ្នក​ដទៃ​ទៅ​ទៀត។ ជាក់ស្តែង​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​អ៊ីរ៉ាក់​ក្នុង​ឆ្នំា ២០១០ លោក​អាល់ម៉ាលីគី​បាន​ស្ថិត​ចំណាត់ថ្នាក់​ទី២ តែ​ដោយ​មាន​ការ​គំាទ្រ​ពេញ​ទំហឹង​ពី​អ៊ីរ៉ង់ លោក​ត្រូវ​បាន​បន្ត​តំណែង​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​មួយ​អាណត្តិ​ថ្មី​ទៀត។ លោក​នូរី អាល់ម៉ាលីគី​ជា​អ្នកកាន់សាសនាអ៊ីស្លាម​និកាយ​ឈីអ៊ីត រីឯ​នៅ​អ៊ីរ៉ង់​វិញ ភាគច្រើន​ក៏​ជា​អ្នកកាន់សាសនាអ៊ីស្លាម​និកាយ​ឈីអ៊ីត​ដែរ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី លោក​អាល់ម៉ាលីគី​បាន​ប្រកាន់​យក​នូវ​នយោបាយ​តឹងតែង​លើ​ពួក​ស៊ុយនីត។

គឺ​នយោបាយ​រារំាង​មិន​ឲ្យ​ពួក​ស៊ុយនីត​មាន​វត្តមាន​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នេះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ក្នុង​ស្រុក​ចេះ​តែ​ធ្លាក់​ដុនដាប​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ ព្រឹត្តិការណ៍​នៃ​ការ​ងើប​បះបោរ​របស់​ពួក​ជីហាត​សព្វថ្ងៃ ក៏​អាច​ជា​លទ្ធផល​នៃ​នយោបាយ​ដឹកនំា​របស់​លោក​អាល់ម៉ាលីគី​ដែរ។ ត្រង់​ចំណុច​នេះ ថ្នាក់ដឹកនំា​អ៊ីរ៉ង់​ពិត​ជា​យល់​មិន​ច្រឡំ​ទេ ព្រោះ​ថា កំណើន​ឥទ្ធិពល និង​ការ​បោះទីតំាង​របស់​ពួក​ស៊ុយនីត​និយមជ្រុល​នៅ​ជាប់​ព្រំដែន​របស់​ខ្លួន គឺ​ជា​ការ​គំរាមកំហែង​សម្រាប់​សន្តិសុខ​អ៊ីរ៉ង់។ អ៊ីចឹង​បាន​ជា​តំាង​ពី​មាន​យុទ្ធនាការ​វាយប្រហារ​លើ​ពួក​ជីហាត​មក អ៊ីរ៉ង់​បាន​លួច​បញ្ជូន​កម្លំាង​ទៅ​ជួយ​ទាហាន​អ៊ីរ៉ាក់ និង​ជួយ​ហ្វឹកហ្វឺន​កម្លំាង​ឈីអ៊ីត​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

មួយ​វិញ​ទៀត ការ​ដែល​ទីក្រុង​តេហេរ៉ង់​បាន​បោះបង់​ចោល​លោក​នូរី អាល់ម៉ាលីគី រួច​ងាក​ទៅ​គំាទ្រ​លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​ថ្មី​ហៃដា អាបាឌី​ក៏​មិនមែន​ជា​ជម្រើស​ចៃដន្យ​ដែរ ព្រោះថា រូប​លោក​ប្រមុខ​រដ្ឋាភិបាល​ថ្មី​នេះ​ក៏​បាន​ទទួល​ការ​គំាទ្រ​ពី​សម្ព័ន្ធអារ៉ាប់ និង​បណ្តា​ប្រទេស​ផ្សេង​ក្នុង​តំបន់​ដែរ ពិសេស​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​ជា​គូ សត្រូវ​ប្រជែង​របស់​ខ្លួន។ នៅ​ក្នុង​បរិបទ​នៃ​តំបន់​មួយ​ដែល​កំពុង​ប្រែ​មុខមាត់​របស់​វា អ៊ីរ៉ង់​បាន និង​កំពុង​ព្យាយាម​រក្សា​តួនាទី​ជា​អ្នក​រក្សា​ស្ថិរភាព​ក្នុង​តំបន់។ នៅ​ស៊ីរី ក៏​ដូច​ជា​នៅ​លីបង់ ទីក្រុង​តេហេរ៉ង់​មិន​ចង់​បាត់បង់​ឥទ្ធិពល​របស់​ខ្លួន​ទេ ព្រោះ​ថា ភាព​រឹងមំា​របស់​ប្រទេស​ជិតខាង​ទំាង​នេះ គឺ​ជា​ជន្ទល់​មិន​អាច​ខ្វះ​បាន​ទេ​សម្រាប់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ