កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 20 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 20 តុលា 2012

មេដឹកនាំ​ប្រទេស​អាស៊ាន ៣ទៀត​មក​គោរព​ព្រះវិញ្ញាណក្ខន្ធ​សម្តេចឳ

ប្រជាពលរដ្ឋខ្មែរ​នៅតែបន្ត​កាន់ទុក្ខ​ដល់អតីត​ព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ នៅមុខ​ព្រះបរមរាជវាំង
ប្រជាពលរដ្ឋខ្មែរ​នៅតែបន្ត​កាន់ទុក្ខ​ដល់អតីត​ព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ នៅមុខ​ព្រះបរមរាជវាំង
RFI/Chan Lida

ដោយ ប៉ែន បូណា

ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​កាលវិភាគ​នៃ​ការ​ចូល​មក​គោរព​វិញ្ញាណក្ខន្ធ​សម្តេច​ឳ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន។ នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ប្រធាន​សភា​ហ្វីលីពីន និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​ទី២១ និង​ថ្ងៃ​ចន្ទ​ទី២២ តុលា​នេះ​ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឳ​នៅ​ក្នុង​ព្រះបរមរាជវាំង។ ក្រៅ​ពី​មេដឹកនាំ​បរទេស កាលវិភាគ​នៃ​ការ​គោរព​វិញ្ញាណក្ខន្ធ​មាន​សភាព​មមាញឹក​យ៉ាង​ខ្លាំង​សម្រាប់​ស្ថាប័នរដ្ឋ​ក្នុងស្រុក។

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ
 

20/10/2012 by ប៉ែន បូណា

យោង​តាម​កាលវិភាគ​ដែល​ប្រកាស​ដោយ​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ លោក លី សៀន​លុង (Lee Hsien Loong ) នាយក​រដ្ឋមន្ត្រី​សិង្ហបុរី និង​ភរិយា​នឹង​ដឹកនាំ​គណៈប្រតិភូ​មក​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះនរោត្តម​សីហនុ​នៅ​ក្នុង​ព្រះបរមរាជវាំង នៅ​វេលា​ម៉ោង ១១ ព្រឹក​ថ្ងៃទី២១ ខែតុលា​ស្អែក​នេះ។ បន្ទាប់​មក គឺ​ដល់​វេន​លោក ហ្វេលីស៊ីអាណូ ប៊ែលម៉ុងតេ ( Felliciano R. Belmonte JR.) ប្រធាន​រដ្ឋសភា​ហ្វីលីពីន និង​ជា​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​ហ្វីលីពីន​ដែល​ត្រូវ​អញ្ជើញ​មក​គោរព​ព្រះវិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​ដែរ វេលា​ម៉ោង ១១ និង៣០នាទី​ព្រឹក ពោល​គឺ​កន្លះ​ម៉ោង​ក្រោយ​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី។ចំណែក​លោក​ម៉ាកទី ណាតាឡេហ្គាវ៉ា ( Marty M. Natalegawa ) រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​ក៏​នឹង​អញ្ជើញ​មក​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ​ខ្មែរ​នៅ​ថ្ងៃ​ចន្ទ ទី២២ ខែតុលា​វេលា​ម៉ោង​៣ រសៀល។
 
បន្ទាប់​ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​សម្តេច​ឳ មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង​នោះ​ក៏​គ្រោង​ជួប​ជាមួយ​សមភាគី​កម្ពុជា​ផង​ដែរ។ ជាក់ស្តែង លោក លី សៀន​លុង​នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព។ ចំណែក​លោក ម៉ាទី ណាតាឡេហ្គាវ៉ា​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​ការបរទេស​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​គ្មាន​ព័ត៌មាន​ស្តី​ពី​ការ​ជួប​ពិភាក្សា​រវាង​ប្រធាន​រដ្ឋសភា​ហ្វីលីពីន​ជាមួយ​សមភាគី​កម្ពុជា​ទេ។
 
កាល​ពី​រសៀល​ថ្ងៃទី១៩ ខែតុលា​ម្សិលមិញ នាយក​រដ្ឋមន្ត្រី​វៀតណាម ឡាវ និង​ថៃ បាន​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់ មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ក្នុង​ព្រះបរមរាជវាំង​រួច​ហើយ។ បន្ទាប់​ពី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យុង លោក​នាយក​រដ្ឋមន្ត្រី​ឡាវ ថង​ស៊ី​ង ថាំ​ម៉ា​វង្ស និង​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ យ៉ីងឡាក់ ស៊ីណា​វ៉ាត​បាន​ជួប​ពិភាក្សា​ការងារ​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ។
 
ក្រៅ​ពី​មេដឹកនាំ​បរទេស កាលវិភាគ​នៃ​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចឳ​ក៏​មាន​សភាព​មមាញឹក​ខ្លាំង​ណាស់​ដែរ សម្រាប់​ស្ថាប័នរដ្ឋ​នៅ​ក្នុង​ស្រុក។ ជាក់ស្តែង​នៅ​ថ្ងៃ​សៅរ៍​នេះ មាន​មន្ត្រី​រដ្ឋាភិបាល​មក​ពី ២៦ ស្ថាប័ន រដ្ឋាភិបាល​បាន​ដាក់​វេន​គ្នា​ចូល​គោរព​វិញ្ញាណក្ខន្ធ​ព្រះបរមសព​សម្តេច​ឳ​ជា​បន្តបន្ទាប់។ ដោយឡែក ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ព្រះបរមរាជវាំង​នោះ ក៏​នៅ​តែ​បន្ត​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ​នៅ​មុខ​ព្រះបរមរាជវាំង និង​នៅ​គ្រប់​ទិសទី​ពេញ​ផ្ទៃ​ប្រទេស៕

tags: កម្ពុជា - សង្គម - អាស៊ាន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close