អានតួអត្ថបទ
អាស៊ី

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ប្រភេទសត្វ​ និង​រុក្ខជាតិ​ថ្មី​ ១២៦​ប្រភេទ​នៅ​ជុំវិញ​ទន្លេ​មេគង្គ​

អង្គ​ការ​ការពារ​​សត្វ​ព្រៃ និង​រុក្ខ​ជាតិ​ WWF បាន​​ផ្តល់​ដំណឹង​ នៅ​ថ្ងៃ​អង្គារ​នេះ​​​ថា​ ក្រុម​អ្នក​​វិទ្យាសាស្ត្រ​បាន​រក​​ឃើញ​​ប្រភេទ​សត្វ និង​រុក្ខជាតិ​​ថ្មីៗ​ ចំនួន​១២៦​​ប្រភេទ​​ នៅ​តំបន់​​ទន្ល​មេគង្គ​ធំ​ កាល​ពី​ឆ្នាំ​ ២០១១​កន្លង​មក។ ​​ប៉ុន្តែ​​ WWF​ សំដែង​ការ​ព្រួយ​បារម្ភ​​​ អំពី​ភាព​គង់វង្ស​ នៃ​​​ជីវៈចំរុះ​ទាំង​នេះ ដោយ​សារ​​ប្រភេទ​សត្វ​និង​រុក្ខជាតិ​ នៅ​តែ​ទទួល​នូវ​ការ​​​គំរាម​កំហែង​អំពី​ មនុស្ស​ និង​គំរោង​សាងសង់​នានា​ ក្នុង​តំបន់។ ​​ ប្រជាជន​​ ៦០​លាន​នាក់​ នៅ​​កម្ពុជា​ ឡាវ​ វៀតណាម​ ថៃ​​ ភូមា និង​ចិន​​ មាន​កំពុង​រស់​នៅ ប្រកប​របរ​ចិញ្ចឹម​ជីវិត​​​ក្នុង​តំបន់​នេះ​។

សត្វ​​កង្កែប​​ចេះ​​ច្រៀង​​រក​​ឃើញ​​នៅ​ភាគ​ខាង​ជើង​​​វៀតណាម​
សត្វ​​កង្កែប​​ចេះ​​ច្រៀង​​រក​​ឃើញ​​នៅ​ភាគ​ខាង​ជើង​​​វៀតណាម​ @WWF
ផ្សាយពាណិជ្ជកម្ម

នៅក្នុងបញ្ជីប្រភេទសត្វនិងរុក្ខជាតិ ទាំង១២៦ប្រទេស ដែលរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រ ភាគច្រើនជាប្រភេទរុក្ខជាតិ។ ក្នុងពពួកសត្វ មានប្រភេទល្មូន ២១ប្រភេទ និងបណ្តាសត្វដែលរស់បាន ទាំងលើគោកនិងក្នុងទឹក ៥ប្រភេទ។
គេឃើញមាន សត្វកង្កែបចេះច្រៀង ដូចជាសត្វស្លាបដែរ ហើយមានសត្វកង្កែបមួយប្រភេទទៀត មានភ្នែកពណ៌ ខ្មៅ-ស រួមគ្នា។

នៅតំបន់ព្រៃត្រូពិច ក្រុមអ្នកវិទ្យាសាស្ត្រ រកឃើញសត្វប្រចៀវម្យ៉ាង មានច្រមុះ រាងជាបំពង់។ អ្នកវិទ្យាសាស្ត្រដាក់ឈ្មោះ អោយប្រចៀវនេះថា Belzébuth។ នៅភូមាវិញ គេរកឃើញ ប្រភេទពស់ថ្លាន់ម្យ៉ាង មានកន្ទុយខ្លី។

ការរកឃើញនេះ ជាដំណឹងល្អសំរាប់ អង្គការអង្គការការពារសត្វព្រៃ WWF ព្រោះជាការបង្ហាញនូវ ភាពសំបូរបែបនៃ ជីវៈចំរុះ នៅក្នុងតំបន់ទន្លេមេគង្គ។ ប៉ុន្តែ WWF មានការព្រួយបារម្ភអំពីស្ថិរភាពនៃ ប្រភេទសត្វ និងរុក្ខជាតិទាំងអស់នេះ។

ពីមួយថ្ងៃទៅមួយថ្ងៃ ប្រភេទសត្វនិងរុក្ខជាតិទាំងអស់នេះ ទទួលរងនូវការគំរាមកំហែង ដូចជាការប្រមាញ់ នេសាទ រឺក៏ គំរោងសំណង់នានា នៅតាមតំបន់ទន្លេមេគង្គ។
តែក្នុងរយៈពេល ៤០ឆ្នាំប៉ុណ្ណោះ តំបន់ព្រៃត្រូពិច នៅទន្លេមេគង្គ បានបាត់បង់ធនធានព្រៃឈើរបស់ខ្លួន អស់៣០ភាគរយ។ អង្គការ WWF ជំទាស់នឹងគំរោងទំនប់ សាយ៉ាប៊ូរី នៅប្រទេសឡាវ ដែលទើបនឹងអនុវត្តន៍ធ្វើ កាលពីខែមុន។ យោងតាម WWF ទំនប់នេះ នឹងបង្កមហន្តរាយ ដល់ជីវៈចំរុះនៅទន្លេមេគង្គ។ បច្ចុប្បន្ននេះ ប្រជាជន៦០លាននាក់ ប្រកបរបរចិញ្ចឹមជីវិត ដោយពឹងផ្អែកលើធនធានធម្មជាតិនៅទន្លេមេគង្គ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ