គោលនយោបាយវិមជ្ឈការថ្នាក់មូលដ្ឋានបរាជ័យច្រើនជាងជ័យជំនះ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារិះគន់ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ដែលរឹតត្បិតការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានតាមដានដំណើរការអនុវត្តន៍គោលនយោបាយវិមជ្ឈការអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះបាននិយាយអត្ថាធិប្បាយនៅថ្ងៃសៅរ៍នេះថា ការអនុវត្តន៍គោលនយោបាយវិមជ្ឈការអំណាចនាពេលកន្លងមកគឺបរាជ័យច្រើនជាងជោគជ័យ។
ក្រោយពីការបោះឆ្នោតឃុំសង្កាត់បានរយៈពេល៦ថ្ងៃរួចមក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញកម្រងឯកសារមួយនិយាយពីភាពមិនរលូននៅក្នុងដំណើការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់នាពេលកន្លងមក។ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ត្រូវបានរដ្ឋសភាអនុម័តកាលពីឆ្នាំ២០០១។
ច្បាប់នេះមានគោលបំណងអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន និយាយបែបផ្សេង មានន័យថា គឺជាការអនុវត្តន៍គោលនយោបាយផ្ទេរអំណាចពីថ្នាក់លើទៅកាន់ថ្នាក់មូលដ្ឋានដែលធ្វើការកៀកជាមួយប្រជាពលរដ្ឋ។ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបំពេញការងាររបស់ខ្លួនដោយឯករាជ្យ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានតាមដានដំណើរការអនុវត្តន៍គោលនយោបាយវិមជ្ឈការអស់រយៈពេលជាច្រើនឆ្នាំ មកហើយនោះ បានអត្ថាធិប្បាយនៅថ្ងៃសៅរ៍នេះថា ការអនុវត្តន៍គោលនយោបាយវិមជ្ឈការអំណាចនាពេលកន្លងមកគឺបរាជ័យច្រើនជាងជ័យជំនះពីព្រោះក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតដោយប្រជាពលរដ្ឋមិនសូវមានអំណាចទេ។ បើយោងតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ច្បាប់នេះគួរធ្វើវិសោធនកម្មឡើងវិញដើម្បីផ្តល់អោយមានការលើកកម្ពស់វិមជ្ឈការប្រជាធិបតេយ្យពិតប្រាកដនៅថា្នក់មូលដ្ឋាន។
បើផ្អែកលើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់អនុម័តកាលពីឆ្នាំ២០០១ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបោះឆ្នោតចេញពីគណបក្សនយោបាយ។ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើការទៅតាមការណែនាំនិងស្ថិតនៅក្រុមចំណុះរបស់ក្រសួងមហាផ្ទៃ។ ក្រុមប្រឹក្សាឃុំសង្កាត់ទទួលបានការឧបត្ថម្ភសេដ្ឋកិច្ចពីក្រសួងហិរញ្ញវត្ថុ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានបន្តបញ្ជាក់ទៀតថា ក្រុមប្រឹក្សាឃុំសង្កាត់មិនអាចធ្វើការដោយឯករាជ្យបានទេដរាបណាស្ថាប័នថ្នាក់មូលដ្ឋានមួយនេះស្ថិតនៅក្រោមការត្រួតត្រាពីបក្ស ពីស្ថាប័នថ្នាក់លើទាំងអំណាចរដ្ឋបាលនិងអំណាចហិរញ្ញវត្ថុនោះ។ លោក អ៊ូ វីរៈបានអះអាងបញ្ជាក់ទៀតថា ដើម្បីអោយក្រុមប្រឹក្សាឃុំសង្កាត់អាចធ្វើការដើម្បីបម្រើប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធិភាពនោះ ក្រុមប្រឹក្សាឃុំសង្កាត់គួរតែបោះឆ្នោតចេញពីបុគ្គលមិនពាក់ព័ន្ធនឹងបក្សនយោបាយ។ អំណាចមួយចំនួនគួរឯករាជ្យនិងហិរញ្ញវត្ថុមួយផ្នែកណាត្រូវឯករាជ្យដោយខ្លួនឯងតាមរយៈការយកពន្ធដីធ្លី ពន្ធផ្លូវនិងពន្ធមួយចំនួនផ្សេងទៀត។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៣ខែមិថុនាកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះលើសលប់បន្ទាប់មក គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស។ រីឯគណបក្សតូចតាចផ្សេងទៀតទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់តិចតួចបំផុត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ