អានតួអត្ថបទ
អង់គ្លេស

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ទៅ​ស្កុតលែនដ៍​បញ្ចុះបញ្ចូល​កុំ​ឲ្យ​ផ្តាច់ខ្លួន​ពី​ចក្រភព​អង់គ្លេស

លោក​ដាវីដ ខាំម៉ឺរ៉ុន នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​អញ្ជើញ​ទៅ​ទីក្រុង​គ្លាសហ្គូវ ទីក្រុង​ធំ​របស់​ដែនដី​ស្កុតលែនដ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៨​ សីហា។ កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គ្មាន​អ្វី​ក្រៅ​តែ​ពី​ចង់​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាជន​នៅ​តំបន់​ស្កុតលែនដ៍​ កុំ​បោះឆ្នោត​ព្រម ឲ្យ​ផ្តាច់​តំបន់​ស្កុតលែនដ៍​ចេញ​ពី​ចក្រភព​អង់គ្លេស។ ដោយសា​មូលហេតុ​សេដ្ឋកិច្ច និង​នយោបាយ ប្រជាជន​ស្កុតលែនដ៍​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ថា​ ​ព្រម​រឺ​មិនព្រម​ ឲ្យ​ស្កុតលេនដ៍​ក្លាយជា​ប្រទេស​ឯករាជ្យ។

ទង់ជាតិចក្រភព​អង់គ្លេស​ និង​ទង់ប្រចាំ​របស់​​ស្កុតលែនដ៍
ទង់ជាតិចក្រភព​អង់គ្លេស​ និង​ទង់ប្រចាំ​របស់​​ស្កុតលែនដ៍ REUTERS/Russell Cheyne
ផ្សាយពាណិជ្ជកម្ម

ចក្រភព​អង់គ្លេស​ដែល​បច្ចុប្បន្ន​ផ្សំឡើង​ដោយ​ដែនដី​ចំនួន​៤តំបន់ ដែល​ក្នុងនោះ​មាន​តំបន់​ស្កុតលែនដ៍​ដែល​ស្ថិតនៅ​ភាគ​ខាងជើង បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៧០៧។ វា​ជា​កិច្ចសន្យា​បង្រួបបង្រួម​គ្នា​រវាង​ទឹកដី​បួន​តំបន់ ដោយ​លប់​ចោល​នូវ​ព្រំដែន ចាយ​លុយ​តែមួយ ប្រព័ន្ធ​ពន្ធដារ​តែមួយ បទដ្ឋាន​ច្បាប់​តែមួយ។ ប៉ុន្តែ​កិច្ចសន្យា​សហភាព​រួម​នេះ កំពុង​រង្គោះរង្គើរ​ ដោយសារ ស្កុតលែនដ៍​កំពុង​ធ្វើ​ការ​រើបំរះ ទាមទារ​ចង់​បាន​ឯករាជ្យ។

 
ប្រជាជន​ស្កុតលេនដ៍​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ​នៅថ្ងៃទី​១៨ កញ្ញា ខាងមុខ​នេះ ថា​ព្រម​រឺ​មិនព្រម​ ឲ្យ​ស្កុតលែនដ៍​ផ្តាច់ខ្លួន​ចេញ​ពី​ចក្រភព​អង់គ្លេស។ បើ​តាម​ការ​ស្ទាបស្ទង់​មតិ ភាគរយ​នៃ​ប្រជាជន​ដែល​ព្រម​ឲ្យ​ស្កុតលែនដ៍ ​ក្លាយ​ជា​ប្រទេស​ឯករាជ្យ​មាន​លើស​អ្នក​ដែល​ប្រឆាំង​ដល់​ទៅ​១២ពិន្ទុ។

អ្នក​នយោបាយ​ដែល​ទាមទារ​ការ​ផ្តាច់ខ្លួន បាន​យក​អំណះអំណាង​សេដ្ឋកិច្ច​ជា​មូលដ្ឋាន។ ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ស្កុតលែនដ៍ នឹង​អនុញ្ញតិ​ឲ្យ​ប្រទេស​ថ្មី​នេះ មាន​ភាព​ម្ចាស់ការ​លើ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​ផ្ទៃក្នុង​យ៉ាង​មានប្រសិទ្ធិ​ភាព ជាជាង​រំពឹង​តែ​ទៅលើ​ការ​សម្រេច របស់​ទីក្រុង​ឡុងដ្រ៍ ដូច​សព្វថ្ងៃ។ ប្រទេស​ស្កុតលែនដ៍​ថ្មី អាច​ប្រហែល​នឹង​ចូល​ជា​សមាជិក​សហគមន៍​អឺរ៉ុប​ទៀត​ផង។ ជា​ការ​ពិតណាស់ កន្លង​មក​មាន​មតិ​រិះគន់ ជាច្រើន​ថា​អំណាច​ក្តោបក្តាប់​ដោយ​ទីក្រុង​ឡុងដ្រ៍ សហគ្រាស​មួយ​ភាគធំ តាំង​ទី​នៅ​ស្កុតលែនដ៍ ប្រៀបដូច​មេគោ​ ដែល​ចាំ​តែ​គេ​ច្របាច់​យក​ទឹកដោះ។ ស្កុតលែនដ៍​មាន​សម្បត្តិ​ប្រេងកាត​នៅ​ក្នុង​ដែន​សមុទ្រ​ខ្លួន​យ៉ា​ងសន្ធឹកសន្ធាប់ តែ​ផល​ប្រយោជន៍​បាន​តែ​ទៅ​លើ​ពួក​អង់គ្លេស។

ទន្ទឹម​គ្នា​ដែល​មាន​ថៅកែ​ក្រុមហ៊ុន​ធំៗ​នៅ​ស្កុតលែនដ៍ ប្រហែល ២០០នាក់ ធ្វើ​ញត្តិ​គាំទ្រ​ការ​ផ្តាច់ខ្លួន​របស់ស្កុតលែនដ៍​ ក៏​មាន​ ថៅកែ​ប្រមាណជា​១៣០នាក់ បាន​ធ្វើ​ញត្តិ អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​បោះឆ្នោត​យល់ព្រម ផង​ដែរ។ មតិ​បដិសេធ គឺ​យោង​ទៅលើ​ប្រវត្តិសាស្រ្ត និង​ទំនាក់ទំនង​ជាមួយគ្នា​រាប់​សតវត្ស​មកហើយ​ ដែល​ស្កុតលែនដ៍​ស្ថិត​ក្នុង​រង្វង់​គ្រួសារ​ចក្រភព​អង់គ្លេស ហើយ​ជា​ពិសេស​នោះ សេដ្ឋកិច្ច​របស់​ស្កុតលែនដ៍​ ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទីក្រុង​ឡុងដ្រ៍។

ទោះ​បី​ជា​យ៉ាងណា បើ​តាម​ការ​មើលឃើញ​ជា​ទូទៅ សង្គម ស្កុតលែនដ៍​ មាន​ការ​បែកបាក់​គ្នា​ជា​ពីរ ដោយសា​តែ​រឿង​នេះ។ ទៅមុខ បើសិន​ជា ស្កុតលែនដ៍​បាន​ឯករាជ្យ​មែន តែ ស្កុតលែនដ៍​ក៏​ពិបាក​ក្នុង​ផ្សះផ្សា​គ្នា ឲ្យ​បាន​ជា​ធ្លុងមួយ​ណាស់។ ក្នុង​ពេល​នេះ ម្នាក់ៗ​អន្ទះសារ​ ចង់ដឹង​លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ​នៅ​ខែ​កញ្ញា​ខាងមុខ ហើយ​បើ​តាម​ការ​ស្មាន ប្រជាជាជន ស្កុតលែនដ៍​ស្ទើរតែ​ទាំងអស់​ ជាង​៤លាន​នាក់ នឹង​ទៅ​ចូលរូម​សម្តែង​មតិ​របស់​ខ្លួន​យ៉ាង​កុះករ ព្រោះ​ថា​ឈ្នះ រឺ​ចាញ់ ព្រម​រឺ​មិន​ព្រម​ វា​អាស្រ័យ​នៅ​លើ​តែ​មួយ​សន្លឹក​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ