អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពិភពលោក​កំពុង​ធ្វើ​សង្រ្គាម​ប្រឆំាង​នឹង​ជំងឺ​អេបូឡា​ដែល​កំពុង​បន្ត​សម្លាប់​មនុស្ស​យ៉ាង​សាហាវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃទី២៨ សីហា ទីក្រុង​អាក្រា​នៃ​ប្រទេស​ហ្គាណា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​នៃ​សហភាព​សេដ្ឋកិច្ច​នៃ​រដ្ឋអាហ្រ្វិក​ខាងលិច​ដែល​ហៅ​កាត់​ថា​សេដេអាអូ (Cédéao)។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​មាន​គោលដៅ​ស្វែង​រក​វិធានការ​បន្ទាន់​ដើម្បី​ប្រឆំាង​ទប់​នឹង​ជំងឺ​អេបូឡា (Ebola) ដែល​បាន​សម្លាប់​មនុស្ស​ជាង ១ ៥០០នាក់​នៅ​ក្នុង​ទ្វីបអាហ្រ្វិក ពិសេស​នៅ​ក្នុង​ប្រទេស​ចំនួន ៤ គឺ​លីបេរីយ៉ា សៀរ៉ាឡេអូន ហ្គីណេ និង​ប្រទេស​នីហ្សេរីយ៉ា។ រហូត​មក​ដល់​ពេល​នេះ មាន​តែ​ថ្នំា​ដែល​កំពុង​ស្ថិត​ក្នុង​ការ​សាកល្បង​ប៉ុណ្ណោះ ពោល​នៅ​មិន​ទាន់​មាន​ថ្នំាវ៉ាក់សំាង​ដែល​អាច​ព្យាបាល ឬ​មួយ​ក៏​ការពារ​ជំងឺ​អេបូឡា​ឲ្យ​មាន​ប្រសិទ្ធិភាព​នៅ​ឡើយ​ទេ។ រីឯ​ការ​ជួយ​ឈឺ​ឆ្អាល​របស់​សហគមន៍​អន្តរជាតិ​ក៏​ហាក់​ដូច​ជា​មាន​ការ​យឺតយ៉ាវ​ខ្លំាង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆំាង​នឹង​សត្រូវ​គ្មាន​រូបរាង​មួយ​នេះ។

ពិភពលោក​កំពុង​ធ្វើ​សង្រ្គាម​ប្រឆំាង​នឹង​ជំងឺ​អេបូឡា​ដែល​កំពុង​បន្ត​សម្លាប់​មនុស្ស​យ៉ាង​សាហាវ
ពិភពលោក​កំពុង​ធ្វើ​សង្រ្គាម​ប្រឆំាង​នឹង​ជំងឺ​អេបូឡា​ដែល​កំពុង​បន្ត​សម្លាប់​មនុស្ស​យ៉ាង​សាហាវ REUTERS/Luc Gnago
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​ផ្ទុះ​ដំបូង​ពី​ប្រទេស​ហ្គីណេ​កាល​ពី​ដើម​ឆ្នំា ២០១៤ មុន​នឹង​បន្ត​ឆ្លង​រាតត្បាត​យ៉ាង​គំហុក និង​ធ្ងន់ធ្ងរ​ទៅ​ក្នុង​ប្រទេស​ជិតខាង​ចំនួន ៣ ទៀត គឺ​លីបេរីយ៉ា សៀរ៉ាឡេអូន និង​ប្រទេស​នីហ្សេរីយ៉ា។ តែ​រហូត​មក​ដល់​ពេល​នេះ ប្រទេស​ដែល​កំពុង​ទទួល​រងគ្រោះថ្នាក់​ជាង​គេ​នោះ មិនមែន​ហ្គីណេ​ទេ តែ​គឺ​ប្រទេស​លីបេរីយ៉ា​ដែល​មាន​អ្នកស្លាប់​ដល់​ទៅ ៦៩៤នាក់ និង​អ្នក​ឈឺ​ចំនួន ១ ៣៧៨នាក់ បន្ទាប់​មក​គឺ​ប្រទេស​ហ្គីណេ​ដែល​ចំនួន​អ្នកស្លាប់​មាន ៤៣០នាក់ និង​អ្នក​ឈឺ ៦៤៨នាក់ បន្ទាប់​មក​ទៀត គឺ​ប្រទេស​សៀរ៉ាឡេអូន​ដែល​មាន​អ្នក​ស្លាប់ ៤២២នាក់ និង​អ្នក​ឈឺ ១ ០២៦នាក់ និង​ស្រាល​ជាង​គេ គឺ​ប្រទេស​នីហ្សេរីយ៉ា​ដែល​ចំនួន​មនុស្ស​ស្លាប់​មាន​តែ ៦នាក់ និង​អ្នក​ឈឺ​តែ ១៧នាក់​ប៉ុណ្ណោះ។ តែ​យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់​តែ​ជា​តួលេខ​ថ្មី​បណ្តោះអាសន្ន​ផ្តល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​គិត​ត្រឹម​ថ្ងៃ​ទី២៨ សីហា ឆ្នំា ២០១៤ នេះ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​នៅ​ត្រង់​ថា អេបូឡា​មិនមែន​ជា​មេរោគ​ថ្មីថ្មោង​ដែល​ពិភពលោក​ទើប​រក​ឃើញ​នោះ​ទេ តែ​ជា​មេរោគ​ដ៏​គ្រោះថ្នាក់​មួយ​ដែល​ពិភពលោក​បាន​ស្គាល់​អត្តសញ្ញាណ​តំាង​ពី​ខែ​កញ្ញា ឆ្នំា ១៩៧៦ មក​ម្ល៉េះ និង​ដែល​កាលណោះ មាន​អ្នក​ឈឺ​ចំនួន ៣១៨ និង​បាន​សម្លាប់​មនុស្ស ២៨០នាក់។ មួយ​វិញ​ទៀត មេរោគ​អេបូឡា​នេះ​ពិត​ជា​មាន​វត្តមាន​ដំបូង​នៅ​ក្នុង​ទ្វីបអាហ្រ្វិក​មែន តែ​មិនមែន​នៅ​ក្នុង​ប្រទេស​ហ្គីណេ​ទេ គឺ​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ​ឯណោះ។ ដូច្នេះ​សួរ​ថា ហេតុអ្វី​បាន​ជា​ជិត ៤០ឆ្នំា​កន្លង​ទៅ ពិភពលោក​នៅ​តែ​គ្មាន​ថ្នំាវ៉ាក់សំាង​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដើម្បី​ប្រឆំាង​នឹង​ជំងឺ​ដ៏​សាហាវ​មួយ​នេះ និង​ថា ហេតុអ្វី​បាន​ជា​ជិត ៤០ឆ្នំា ក្រោយ​វត្តមាន​មេរោគ​អេបូឡា​មក ទើប​ពិភពលោក​ហាក់​ដូច​ខ្នះខ្នែង រូតរះ​ស្វែង​រក​វិធានការ​ដើម្បី​ប្រឆំាង​ទប់​យ៉ាង​ដូច​នេះ?

ចម្លើយ​មាន​ច្រើន​ចំពោះ​សំណួរ​ខាង​លើ អ្នក​ខ្លះ​យល់​ថា មក​ពី​មេរោគ​មួយ​នេះ​កើត​មាន​ដំបូង​តែ​ក្នុង​ទ្វីបអាហ្រ្វិក និង​សម្លាប់​តែ​ប្រជាជន​អាហ្រ្វិក​ទើប​ពិភពលោក​មិន​សូវ​ចាប់​អារម្មណ៍ និង​ខ្វល់ខ្វាយ។ អ្នក​ផ្សេង​យល់​ថា មក​ពី​ពិភពលោក​បាន​មើល​ស្រាល​លើ​ឥទ្ធិពល​របស់​មេរោគ​អេបូឡា​ដោយ​មិន​នឹកស្មាន​ថា វា​សាហាវ​ដល់​ម្លឹង។ តែ​សម្រាប់​អ្នក​ខ្លះ​ទៀត​បាន​ផ្តល់​ចំណាប់​អារម្មណ៍​ផ្ទុយ​ទៅ​វិញ​ថា ពិភពលោក​មិនមែន​មិន​ដឹង​ពី​គ្រោះថ្នាក់​បង្ក​ដោយ​មេរោគ​អេបូឡា​ទេ តែ​មក​ពី​កង្វះ​ឆន្ទៈ និង​សាមគ្គីភាព ពិសេស​ឆន្ទៈ និង​សាមគ្គីភាព​របស់​ក្រុមប្រទេស​លោកខាង​លិច​ជាមួយ​ទ្វីប និង​ប្រជាជន​អាហ្រ្វិក។ អ្វី​ដែល​មិន​អាច​ប្រកែក​បាន​នោះ​គឺ​ថា បើ​កុំ​តែ​មេរោគ​អេបូឡា​បាន​ឆ្លង​ប៉ះ​ជនបរទេស ក្រៅ​ពី​ប្រជាជន​អាហ្រ្វិក និង​បាន​សម្លាប់​មនុស្ស​ដោយ​មិន​រើស​មុខ​អស់​ជា​ច្រើន​នាក់​នោះ ម្ល៉េះ​បញ្ហា​ច្រំដែល​មួយ​នេះ​នឹង​មិន​ត្រូវ​បាន​គេ​ខ្វាយខ្វល់​ប៉ុន្មាន​ទេ។

ឥឡូវ​នេះ និង​ក្រោយ​ពី​មាន​វត្តមាន​ជិត ៤០ឆ្នំា​មក មេរោគ​អេបូឡា​ដដែល​នេះ​ទើប​ត្រូវ​បាន​អង្គការ​សុខភាពពិភពលោក​ប្រកាស​ជា​គ្រោះអាសន្ន​ពិភពលោក​សម្រាប់​សុខភាព​សាធារណៈ។ តំាង​ពី ៦៦ឆ្នំា​មក​ហើយ​ដែល​អង្គការ​សុខភាព​ពិភពលោក​ត្រូវ​បាន​បង្កើត​ឡើង តែ​នេះ​ជា​លើកទី១ បង្អស់​ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ប្រកាស​ភាពអាសន្ន​សម្រាប់​សុខភាព​សាធារណៈ​ដោយសារ​តែ​មេរោគ​អេបូឡា។ និយាយ​រួម​នៅ​ពេល​នេះ សហគមន៍​អន្តរជាតិ​ហាក់​ដូច​ជា​បាន​ភ្ញាក់ខ្លួន និង​កំពុង​ពួតដៃ​គ្នា​ដើម្បី​ស្វែង​រក​វិធានការ​ទប់ទល់។ ក្រុមអ្នកឯកទេស​ផ្នែក​សុខភាព​នៅ​ទូទំាង​ពិភពលោក ពិសេស​នាយក​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​នៅ​អាមេរិក​បាន​ទាញ​សញ្ញាអាសន្ន​ដោយ​ប្រកាស​ព្រមាន​ថា ពិភពលោក​មិន​ដែល​ស្គាល់​ជំងឺ​ឆ្លង​យ៉ាង​សាហាវ​ដូច​ជំងឺ​អេបូឡា​ទេ និង​ថា ករណី​អ្នក​កើត​ជំងឺ​អេបូឡា​មាន​ចំនួន​ច្រើន​ជាង​តួលេខ​ដែល​គេ​បាន​រក​ឃើញ​ទៅ​ទៀត។ រីឯ​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​ស្តីបន្ទោស​ត្រង់ៗ​ថា អន្តរាគមន៍​របស់​ពិភពលោក​បាន​យឺតពេល​ខ្លំាង​ណាស់ ព្រោះ​ជំងឺ​អេបូឡា​បាន​ក្លាយ​ជា​ជំងឺ​ឆ្លង​គ្មាន​ព្រំដែន​ដែល​គេ​មិន​អាច​គ្រប់គ្រង​វា​បាន​ឡើយ។

តែ​យ៉ាង​ណា​ក៏​ដោយ ក្តីសង្ឃឹម​នៅ​តែ​មាន​ដោយ​គេ​យល់​ថា អ្វីៗ​ពិត​ជា​មិន​ទាន់​យឺតពេល​ទេ។ កន្លង​មក ការ​សាកល្បង​ព្យាបាល​អ្នក​ជំងឺ​តាម​រយៈ​ថ្នំា​សេរ៉ូម​អាមេរិក​ឈ្មោះ ZMapp បាន​ទទួល​លទ្ធផល​គួរ​ឲ្យ​ចាប់​អារ្មណ៍ តែ​ថ្នំា​នោះ​នៅ​ក្នុង​ដំណាក់កាល​សាកល្បង និង​មាន​បរិមាណ​តិចតួច។ បន្ទាប់​មក ជប៉ុន​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ត្រៀម​ខ្លួន​ផ្តល់​ថ្នំា​សម្រាប់​ព្យាបាល​ជំងឺ​អេបូឡា​ដែល​មាន​ឈ្មោះ​ថា favipiravir ឬ T-៧០៥។ តែ​នេះ​ក៏​ជា​ថ្នំា​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​ដែរ។ ឥឡូវ​នេះ​ទៀត ក្រុមអ្នកស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ផលិតថ្នំាពេទ្យ​ដ៏​ល្បី​ឈ្មោះ GlaxoSmtihKline បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ពន្លឿន​ការ​សាកល្បង​ថ្នំាវ៉ាក់សំាង​ប្រឆំាង​នឹង​ជំងឺ​អេបូឡា​ចាប់​ពី​ខែ​កញ្ញា​ខាង​មុខ​នេះ​ទៅ។ ទន្ទឹម​គ្នា​នេះ សហភាព​សេដ្ឋកិច្ច​នៃ​រដ្ឋអាហ្រ្វិក​ខាងលិច​ដែល​ហៅ​កាត់​ថា​សេដេអាអូ (Cédéao) ក៏​កំពុង​រួមប្រជុំ​គ្នា​ក្នុង​ប្រទេស​ហ្គាណា​ដើម្បី​ស្វែង​រក​យុទ្ធសាស្រ្ត​រួម​ក្នុង​ការ​ប្រឈម​ទប់​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​អេបូឡា។

ដូច្នេះ​ឃើញ​ថា អន្តរគមន៍​របស់​សហគមន៍​អន្តរជាតិ​ហាក់​ដូច​ជា​ចង់​យឺត​ពេល​បន្តិច​មែន តែ​វា​ប្រសើរ​ជាង​ការ​បន្ត​ឈរ​ឱបដៃ​មើល។ ក៏​ប៉ុន្តែ​នៅ​ចំពោះ​មុខ ប្រទេស​អាហ្រ្វិក​ទំាង ៤​ដែល​ជា​អ្នក​រងគ្រោះ​ផ្ទាល់​ត្រូវ​តែ​ប្រឹងប្រែង​ជួយ​ខ្លួន​ឯង​ជា​មុន ដូច​ដែល​សុភាសិត​មួយ​ពោល​ថា មុន​នឹង​ឲ្យ​ព្រះ​ជួយ ត្រូវ​តែ​ជួយ​ខ្លួន​ឯង​សិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ