អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វប្បធម៌​និទណ្ឌ​ភាព​ជ្រក​ក្រោម​ប្រព័ន្ធ​នយោបាយ​ចាស់​គំរឹល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ​១៥​កញ្ញា​គឺ​ជា​ពេល​វេលា​ដែល​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មិន​អាច​ចៀសវាង​មិន​និយាយ​អំពី​«វប្បធម៌​និទណ្ឌ​ភាព»​បាន​ទេ​ពីព្រោះ​និទណ្ឌ​ភាព​គឺ​ជា​ឧបសគ្គ​រារាំង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​និង​ជា​ប្រភព​បញ្ហា​ច្រើន​យ៉ាង​ក្នុង​សង្គម។ ​នៅ​កម្ពុជា​ អ្វី​ក៏​ដោយ​សុទ្ធ​តែ​មាន​ឫស​គល់​របស់​វា​ដែល​កប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ផ្នត់​គំនិត​របស់​មនុស្ស​និង​ក្នុង​ប្រព័ន្ធ​ដឹក​នាំ​សង្គម។ ​ដូច្នេះ​ ដើម្បី​លុប​បំបាត់​វប្បធម៌​និទណ្ឌ​ភាព ​គេ​ត្រូវ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​នយោបាយ​ចាស់​គំរឹល​ចេញ​ពី​ផ្នត់​គំនិត​មនុស្ស​ខ្មែរ​ជា​ចាំ​បាច់។

កងកម្លាំងសមត្ថិកិច្ចប្រដាប់អាវុធ បង្រ្កាបបាតុករនៅផ្លូវវ៉េងស្រេង នាពេលកន្លងមក។
កងកម្លាំងសមត្ថិកិច្ចប្រដាប់អាវុធ បង្រ្កាបបាតុករនៅផ្លូវវ៉េងស្រេង នាពេលកន្លងមក។ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

នៅ​លើ​លោក​នេះ ​ប្រហែល​ជា​គ្មាន​ប្រទេស​ណា​មួយ​ហ៊ាន​អះ​អាង​ថា​អាច​លុប​បំបាត់​និទណ្ឌ​ភាព​ទាំង​ស្រុង​បាន​ទេ។ ​ប៉ុន្តែ ​យ៉ាង​ហោច​ណាស់​គេ​អាច​កាត់​បន្ថយ​វា​ឲ្យ​នៅ​ត្រឹម​កម្រិត​តិច​តួច​បំផុត​តាម​រយៈ​ការ​ពង្រឹង​នីតិរដ្ឋ​ឲ្យ​បាន​រឹង​មាំ​ដែល​ធ្វើ​ឲ្យ​ជន​ល្មើស​ពិបាក​គេច​ផុត​ពី​សំណាញ់​ច្បាប់។

ដោយ​ឡែក​ នៅ​កម្ពុជា ​និទណ្ឌ​ភាព​ជា​បញ្ហា​ធំ​ធេង​និង​បាន​អូស​បន្លាយ​ពី​ជំនាន់​មួយ​ទៅ​មួយ។ ដោយ​មិន​ចាំ​បាច់​និយាយ​ដល់​សម័យ​សង្គ្រាម​និង​សម័យ​ខ្មែរ​ក្រហម​ដែល​និទណ្ឌ​ភាព​បាន​កើតឡើង​ពេញ​បន្ទុក​នោះ​ទេ​ សូម្បី​ក្នុង​សម័យ​ប្រជាធិបតេយ្យ​នេះ​ក៏​និទណ្ឌ​ភាព​នៅ​តែ​មាន​អត្ថិភាព ខ្លាំង​នៅ​ឡើយ​ដែរ។ ​និទណ្ឌ​ភាព​គឺ​ចង់​សំដៅ​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ល្មើស​ដែល​រួច​ខ្លួន​ការ​ផ្តន្ទាទោស។

ជាក់​ស្តែង​ ជន​ដៃ​ដល់​និង​អ្នក​នៅ​ពី​ក្រោយ​អំពើ​ហិង្សា​នានា​ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ ​២០១៣ ​កន្លង​ទៅ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ឡើយ។ ​ក្រៅ​ពី​នោះ ​តើ​នៅ​មាន​ជន​រង​គ្រោះ​ប៉ុន្មាន​នាក់​ទៀត​ដែល​មាន​វាសនា​ដូច​គ្នា​នេះ? ​សំណួរ​នេះ​អាច​បញ្ជាក់​បាន​អំពី​ទំហំ​នៃ​និទណ្ឌ​ភាព​នៅ​កម្ពុជា។

មាន​មូល​ហេតុ​ច្រើន​យ៉ាង​ដែល​ធ្វើ​ឲ្យ​វប្បធម៌​និទណ្ឌ​ភាព​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កម្ពុជា៖
មូលហេតុ​ទី​១៖ ​ចរិត​របស់​អ្នក​នយោបាយ​ដែល​ចូល​ចិត្ត​ទទួល​យក​ត្រូវ​តែ​មិន​សូវ​ចេះ​ទទួល​ខុស​។​ សូម្បី​តែ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​បាន​រុញ​ច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​រណ្តៅ​ប្រល័យពូជ​សាសន៍​ជាក់​ស្តែង​បែប​នេះ​ក៏​ដោយ​ក៏​នៅ​តែ​បដិសេធ​មិន​ទទួល​កំហុស​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​របប​ដែល​ខ្លួន​ដឹក​នាំ​ដែរ។​ ទម្លាប់​គេច​ចេញ​ពី​ទំនួល​ខុស​ត្រូវ​ហើយ​បង្វែរ​កំហុស​ទៅ​ឲ្យ​អ្នក​ដទៃ​នៅ​តែ​បន្ត​រហូត​ដល់​បច្ចុប្បន្ន។

មូល​ហេតុ​ទី​២៖​ ទម្លាប់​ប្រើ​កម្លាំង​ទៅ​លើ​គូ​បដិបក្ខ​តាម​គ្រប់​រូបភាព​ដែល​អាច​ទៅ​រួច​ក្នុង​នោះ​វិធី​កម្ចាត់​ឬ​វាយ​បំបាក់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រាង​ចាល​ជា​យុទ្ធសាស្ត្រ​ដែល​អ្នក​នយោបាយ​ខ្មែរ​តែង​ប្រើ​ប្រាស់​និង​នៅ​តែ​មាន​ឥទ្ធិពល​នៅ​ឡើយ។​ នៅ​ពេល​មាន​បញ្ហា​ធំ​កើត​ឡើង​ ពួក​គេ​បាន​ត្រឹម​ចង្អុល​មុខ​ដាក់​គ្នា​ដោយ​គ្មាន​អ្នក​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ឡើយ។ ​នេះ​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ច្រើន​តែ​ចាត់​ទុក​ពិភព​នយោបាយ​ថា​ជា​ពិភព​ពិស​ពុល​គួរ​ឲ្យ​ព្រឺ​ខ្លាច។

មូលហេតុ​ទី៣៖​ ទម្លាប់​អ្នក​ធំ​ខ្លះ​តែង​ការ​ពារ​មនុស្ស​ក្រោម​បង្គាប់​បើ​ទោះ​ជា​អ្នក​នោះ​ប្រព្រឹត្ត​ខុស​ក៏​ដោយ​។​ ទម្លាប់​នេះ​អាច​ការពារ​អំណាច​យ៉ាង​មាន​ប្រសិទ្ធភាព​ហើយ​ក៏​បាន​ធ្វើ​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​ក្លាយ​ជា​ឧបករណ៍​ដោះ​ស្រាយ​បញ្ហា​ច្រើន​ជាង​ឧបករណ៍​ច្បាប់។

មូល​ហេតុ​ទី​៤៖ ​ប្រព័ន្ធ​តុលាការ​នៅ​ទន់​ខ្សោយ​ដែល​ងាយ​រង​ឥទ្ធិពល​អំណាច​និង​ទឹក​ប្រាក់។
មូលហេតុ​ទាំង​នេះ​ពូត​ផ្តុំ​គ្នា​បង្កើត​បាន​ជា​គ្រឹះ​នៃ​វប្បធម៌​និទណ្ឌ​ភាព​យ៉ាង​រឹង​មាំ​នៅ​ក្នុង​សង្គម។ ជាក់ស្តែង​ បើ​ទោះ​ជា​កម្ពុជា​ឈាន​ចូល​ក្នុង​យុគសម័យ​ថ្មី​និង​បាន​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ជាង​២០​ឆ្នាំ​ហើយ​ក៏​ដោយ​ ក៏​នីតិរដ្ឋ​នៅ​តែ​ទន់ខ្សោយ​នៅ​ឡើយ​ពីព្រោះ​តែ​ទម្លាប់​ចាស់​បាន​កប់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់​គំនិត​មនុស្ស​និង​ក្នុង​ប្រព័ន្ធ​ដឹកនាំ​សង្គម​ដែល​ពិបាក​លាង​ជម្រះ។

ដូច្នេះ​ ដើម្បី​លុប​បំបាត់​វប្បធម៌​និទណ្ឌ​ភាព​និង​លើក​កម្ពស់​នីតិរដ្ឋ​ ពិភព​នយោបាយ​ខ្មែរ​ត្រូវ​តែ​ផ្លាស់​ប្តូរ​ទម្លាប់​ពី​ការ​អាង​លើ​អំណាច​ លើ​កម្លាំង​បាយ​ មក​អាង​លើ​ផ្លូវ​ច្បាប់​វិញ។ ​នៅ​ពេលដែល​គ្រប់​ភាគី​គោរព​ច្បាប់​ ហើយ​រាល់​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ប្រកប​ដោយ​យុត្តិធម៌​នោះ ​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាស់​ជា​ខ្លាច​ច្បាប់​ជា​មិន​ខាន។ ​ពេល​នោះ ​វប្បធម៌​និទណ្ឌ​ភាព​នឹង​ត្រូវ​ចុះ​ខ្សោយ​ឥទ្ធិពល​ជា​ស្វ័យ​ប្រវត្តិ។

ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​អ្នក​នយោបាយ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ដណ្តើម​អំណាច​គ្នា​តាម​មធ្យោបាយ​ចាស់​គំរឹល​ដោយ​ចាត់​ទុក​ប្រជា​ធិបតេយ្យ​ថា​គ្រាន់​តែ​ជា​មធ្យោបាយ​ឡប់​ឡែ​នោះ​ វប្បធម៌​និ​ទណ្ឌ​ភាព​នឹង​បន្ត​មាន​អត្ថិភាព​យូរ​អង្វែង​តទៅ​ទៀត​ដោយ​មិន​ងាយ​លុប​បំបាត់​បាន​ឡើយ​បើទោះ​ជា​គណបក្ស​ណា​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​ក៏​ដោយ។

សូម​កុំ​ភ្លេច​ថា ​នៅ​កម្ពុជា​ មាន​ទម្លាប់​មិន​ល្អ​ច្រើន​ណាស់​ដែល​កើត​ចេញ​ពី​ផ្នត់​គំនិត​មនុស្ស​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​តែ​វា​ច្រើន​តែ​ត្រូវ​គេ​មើល​រំលង។​ អ៊ីចឹង​ហើយ​បាន​ជា​ប្រវត្តិសាស្ត្រ​ច្រើន​តែ​ច្រំ​ដែល​ឬ​និយាយ​តាម​បែប​ផ្សេង​អ្នក​នយោបាយ​ច្រើន​តែ​ប្រព្រឹត្ត​ដដែល​ដូច​ៗ​គ្នា។ ដូច្នេះ ​ការ​គាស់​រំលើង​ប្រព័ន្ធ​នយោបាយ​ចាស់​គំរឹល​មួយ​ចំនួន​ចេញ​ពី​ផ្នត់​គំនិត​សង្គម​គឺ​ជា​គន្លឹះ​លុប​បំបាត់​បញ្ហា​ច្រើន​យ៉ាង​ក្នុង​នោះ​ក៏​មាន​បញ្ហា​និទណ្ឌ​ភាព​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ