ចន្ទ 08 សីហា 2011
កម្ពុជា​ទទួល​កំណើន​សេដ្ឋកិច្ច​ល្អ ប៉ុន្តែ​ប្រឈម​នឹង​អតិផរណា​ខ្ពស់
ផ្សារ​បន្លែ​មួយ​ក្នុង​ខេត្ត​បាត់ដំបង
ផ្សារ​បន្លែ​មួយ​ក្នុង​ខេត្ត​បាត់ដំបង
©
ដោយ គី សុខលីម

នៅ​ក្នុង​ឆ្នាំ​២០១១​នេះ ប្រទេស​កម្ពុជា​នឹង​អាច​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប៉ុន្តែ​ព្រមពេល​ជាមួយ​គ្នា ប្រទេស​ក្រីក្រ​មួយ​នេះ​អាច​ប្រឈម​នឹង​អតិផរណា​ទំនិញ​ដែរ។ អតិផរណា​តម្លៃ​ទំនិញ​នឹង​រុញ​ច្រាន​អោយ​អ្នក​ក្រីក្រ​កាន់​តែ​លំបាក។

បន្ទាប់​ពី​ទទួលរង​សម្ពាធ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨​និង​២០០៩​រួចមក សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ចាប់​ផ្ដើម​ងើប​ក្បាល​ឡើង​វិញ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។
 
កាល​ពី​ឆ្នាំ​មុន ប្រទេស​កម្ពុជា​ទទួល​បាន​កំនើត​សេដ្ឋកិច្ច​ជាង​៦​ភាគរយ។ នៅ​ឆ្នាំ​២០១១​នេះ មន្ត្រី​សេដ្ឋកិច្ច​និង​ពាណិជ្ជ​កម្ម​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​មួយចំនួន​បាន​ទស្សន៍​ទាយ​ថា ប្រទេស​ក្រីក្រ​កម្ពុជា​នឹង​អាច​ទទួល​បាន​កំណើនសេដ្ឋកិច្ច​រហូត​ដល់​ទៅ​៨​ភាគរយ។ កំណើន​សេដ្ឋកិច្ច​នេះ​នឹង​​កើត​ចេញ​ពី​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ​និង​វិស័យ​សំណង់។
 
អ្វី​ដែល​ជា​ការកត់​សម្គាល់​នៅ​ពេល​នេះ​គឺ​នៅ​ត្រង់​ថា នៅពេល​ដែល​សេដ្ឋកិច្ច​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​នោះ អត្រា​អតិផរណា​ទំនិញ​នៅ​លើ​ទីផ្សារ​ហាក់​បី​ដូច​ជា​ចាប់​ផ្ដើម​ហក់​ឡើង​ដែរ។ ការព្យាករណ៍​មួយ​ចំនួន​ធ្លាប់​បាន​គិតគូរ​ថា អត្រា​អតិផរណា​នៅ​ឆ្នាំ​២០១១​នេះ​នឹង​អាច​មាន​កម្រិត​តែ​ក្នុង​រង្វង់​៥,៥​ភាគរយ​ប៉ុណ្ណោះ។ ប៉ុន្តែ​ឥឡូវនេះ អត្រា​អតិផរណា​បាន និង​កំពុង​ហក់​ស្ទុះ​ឡើង​ជា​បន្តបន្ទាប់។
 
ការព្យាករណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​បោះផ្សាយ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​សប្ដាហ៍​មុន​បាន​បង្ហាញ​ថា អត្រា​អតិផរណា​នៅ​ឆ្នាំ​២០១១​នេះ​អាច​​នឹង​កើនឡើង​ក្នុង​ចន្លោះ​ពី​៨​ទៅ​៩​ភាគរយ។ ជា​លក្ខណៈ​ទ្រឹស្ដី នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​កំណើន​សេដ្ឋកិច្ច អត្រា​អតិផរណា​អាច​កើន​ឡើង​បន្តិច​ពីព្រោះ​ថា អ្នក​ប្រើប្រាស់​ចាប់​ផ្ដើម​ចំណាយ​ច្រើន​ជាង​មុន។ ការ​ចំណាយ​ច្រើន​ជាង​មុន​នេះ​ធ្វើអោយ​តម្លៃ​ទំនិញ​កើន​ឡើង។
 
សម្រាប់​ប្រទេស​កម្ពុជា ការ​កើន​ឡើង​អត្រា​អតិផរណា​តម្លៃ​ទំនិញ​ត្រូវ​បាន​លោក កង ចាន់​ដារារ័ត្ន អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពន្យល់​ថា​គឺ​ដោយសារ​ការ​ធ្លាក់ចុះ​តម្លៃ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយវត្ថុ​ផ្សេងៗ។
 
ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​នាំចូល​ច្រើន​ជាង​នាំចេញ។ ជាក់ស្តែង ក្នុង​ឆមាស​ទី​មួយ​ឆ្នាំ​២០១១​នេះ ប្រទេស​ក្រីក្រ​កម្ពុជា​នាំ​ចូល​ក្នុង​ទឹក​ប្រាក់​៣២៥០​លាន​ដុល្លារ​អាមេរិក​រីឯ​ការនាំចេញ​វិញ​មាន​ចំនួន​២២៣០​លាន​ដុល្លារ​អាមេរិក។ ប្រសិន​បើ​គេ​ធ្វើការ​ប្រៀបធៀប​តួលេខ​នាំចូល​និង​នាំចេញ គេ​សង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​ឧុនភាព​សេដ្ឋកិច្ច​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក។
 
អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ លោក កង ចាន់ដារារ័ត្ន បាន​ពន្យល់​ថា ដោយសារ​ប្រទេស​កម្ពុជា​នាំចូល​ទំនិញ​ច្រើន ហើយ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ច្រើន​ក្នុង​ការ​ទូទាត់ ដូច្នេះ នៅពេល​ដែល​ប្រាក់​ដុល្លារ​ចុះ​ថោក​ប្រៀប​នឹង​រូបិយវត្ថុ​ដទៃទៀត ពេលនោះ ទំនិញ​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវតែ​ឡើង​ថ្លៃ​ជា​ស្វ័យប្រវត្តិ។
 
តើ​គេ​គួរ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​កាត់​បន្ថយ​អត្រា​អតិផរណា?
មធ្យោបាយ​មួយ​ដែល​អ្នក​តវ៉ា កាល​ពី​ម្សិលមិញ​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ជា​បន្ទាន់​នោះ គឺ​ការបញ្ចុះ​តម្លៃ​ពន្ធ​នាំចូល​ប្រេងសាំង។ តម្លៃ​ប្រេងសាំង​ខ្ពស់​នៅ​កម្ពុជា គឺ​ដោយសារ​តម្លៃ​ពន្ធ​នាំចូល​ខ្ពស់។ អ្នក​តវ៉ា កាល​ពីម្សិលមិញ​បាន​ពន្យល់​ថា តម្លៃ​ប្រេងសាំង​ខ្ពស់ គឺ​ជា​មូលហេតុ​ដែល​ទាញ​អោយ​ទំនិញ​ដទៃទៀត​ឡើង​ថ្លៃ​តាម។ សាំង​មួយ​លីត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តម្លៃ​ជាង​១​ដុល្លារ​អាមេរិក។
 
លោក​សេដ្ឋកិច្ចវិទូ កង ចាន់ដារារ័ត្ន បាន​ពន្យល់​បន្ថែម​ទៀត​ថា មធ្យោបាយ​ផ្សេង​ទៀត​ដែល​អាច​ទប់ទល់​អត្រា​អតិផរណា​តម្លៃ​ទំនិញ​ដែរ​នោះ គឺ​ជា​ការ​ជំរុញ​ការ​ផលិត​វិស័យ​កសិកម្ម។ ការផលិត​អោយ​បាន​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស ពេលនោះ គេ​អាច​រក្សា​តម្លៃ​នៅ​លើ​ទីផ្សារ​បាន​ខ្លះ ហើយ​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​សម្រាប់​ធានា​ការ​ផ្គត់ផ្គង់​និង​រក្សា​តម្លៃ​អោយ​ស្ថិត​នៅ​ថេរ។
 
អ្នក​វិភាគ​សង្គម​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​និយាយ​ថា អ្នក​ក្រីក្រ​គឺ​ជា​ជន​រងគ្រោះ​ខ្លាំង​ជាង​គេ​ ពី​ការឡើង​ចុះ​នៃ​សេដ្ឋកិច្ច។ មានន័យថា ពេល​សេដ្ឋកិច្ច​មាន​កំណើន អ្នក​ក្រីក្រ​ទទួល​បាន​ផល​តិច​តួច​ប៉ុន្តែ​នៅ​ពេល​សេដ្ឋកិច្ច​ជួប​វិបត្តិ អ្នក​ក្រីក្រ​ ប៉ះ​មុន​គេ។
 
ប្រទេស​កម្ពុជា​នៅ​មាន​ប្រជាជន​៣០​ភាគរយ​ទៀត​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​១​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់៕

ពាក្យគន្លឹះ : កម្ពុជា - សេដ្ឋកិច្ច
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close