អានតួអត្ថបទ
អាល់ហ្សេរី

យន្តហោះធ្លាក់​បែក​ខ្ទេច​ពេក ពិបាក​​ប្រមូល​សាកសព

មួយថ្ងៃ​ក្រោយ​​ការ​ធ្លាក់​យន្តហោះ​ នៅ​ភាគ​ខាង​ជើងប្រទេសម៉ាលី ស្លាប់​អ្នក​ដំណើរ​និង​បុគ្គលិក​សរុប ១១៨​នាក់ ប្រធានាធិបតី​បួរគីណាហ្វាសូ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែងគ្រោះថ្នាក់។ តំណាង​ក្រុម​គ្រួសារ​រង​គ្រោះ ក៏​បាន​ទៅ​ដល់​ហើយ​កន្លែង​យន្តហោះ​ធ្លាក់។ ចំណែក​នៅ​ប៉ារីស ប្រធានាធិបតី​បារាំង​បាន​បើក​ជំនួប​ប្រជុំ​ពិសេស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ជា​លើក​ទី​បី​ និង​ទទួល​ជួប​ក្រុមគ្រួសារ​ជន​រងគ្រោះបារាំង។ ការ​ប្រមូល​សាកសព​ជន​រងគ្រោះ​ដែល​ទំនង​ជា​ពិបាក​ខ្លាំង​ព្រោះ​យន្តហោះ​បែក​ខ្ចាត់ខ្ចាយ​ ជា​បំណែក​តូចៗ។

ប្រធានាធិបតី បួរគីណាហ្វាសូ លោក Blaise Compaoréអម​ដោយ​យោធា នៅ​កន្លែង​ធ្លាក់​យន្តហោះ​ភាគ​ខាង​ជើង​ម៉ាលី
ប្រធានាធិបតី បួរគីណាហ្វាសូ លោក Blaise Compaoréអម​ដោយ​យោធា នៅ​កន្លែង​ធ្លាក់​យន្តហោះ​ភាគ​ខាង​ជើង​ម៉ាលី Photo DR / Présidence Burkina Faso
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​បែក​ខ្ចាយ ខ្ទាត​ក្នុង​រង្វង់​កន្លះ​គីឡូម៉ែត្រ​​ ! នេះ​បើ​តាម​ការ​រៀប​រាប់​របស់​ឧត្តមសេនីយ៍​បួរគីណាហ្វាសូ ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ជាមួយ​ប្រធានាធិបតី ម្សិល​មិញ។ ចំណែក​ប្រធានាធិបតី​ម៉ាលី មិន​បានត្រឹម​តែ​ចុះ​ទៅ​ក្រុង​Gao ក្រុង​ជិត​ជាង​គេ​នៃ​កន្លែង​យន្តហោះ​ប៉ុណ្ណោះ មិន​បាន​ទៅ​ដល់​ផ្ទាល់​កន្លែង​កើត​ហេតុ​ទេ។ រូបភាព​ថត​ដោយ​ទាហាន​បួគីណាហ្វាសូ និង​បារាំង បាន​បង្ហាញ​ពី​បំបែក​យន្តហោះ ជា​ដុំ​ដែក ដុំ​មេតាល់ តូចៗ ខ្ទាត​ខ្ចាត់​ខ្ចាយ  លើ​ដី ក្នុង​ថ្លុក​ទឹក មើល​មិន​យល់​ថា​ជា​យន្តហោះ​ទេ។

 
បំបែក​យន្តហោះ​រាយ​ពាស​ពេញដី ដែល​អាច​បញ្ជាក់​កាន់​តែ​ច្បាស់ ថា​យន្តហោះ​បាន​ធ្លាក់​មក​ប៉ះ​ដី ឡើង​ខូង រួច​ផ្លោង​ហោះ​ទៅ​មុខ​បន្តិច មុន​បែកខ្ទេច​ ជា​ចំរៀក គ្មាន​សល់​អ្វី​ជា​ទម្រង់ដើម។ ដូច្នេះ​ការ​ប្រមូល​ ស្វែង​រក​សាក​សព ប្រមូល​ផ្គុំ​គ្នា​ពិ​ត​ជា​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ខ្លាំង និង​គ្មាន​សោះ​ឡើយ ក្តី​សង្ឃឹម​ថា​រក​ឃើញ​មាន​អ្នក​ដំណើរ​រួច​ពី​ស្លាប់។

ក្រុមគ្រួសារ​ជន​រងគ្រោះនៅ​បួគីណាហ្វាសូ អាច​នឹង​ធ្វើ​ដំណើរ​ទៅ​ក្បែរ​កន្លែង​កើត​ហេតុ ចាប់​ពី​ថ្ងៃ​សៅរ៍​នេះ​ទៅ។ ឯ​នៅ​ប្រទេស​បារាំង​វិញ លោក​ប្រធានាធិបតី​ ហ្វ្រង់ស័រ​ហូឡង់ បាន​ទទួល​ក្រុមគ្រួសារ​ នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ខណៈ​ដែល​ប្រទេស​អាល់ហ្សេរី និង​បួរគីណាហ្វាសូ កាន់​ទុក្ខ​ថ្នាក់​ជាតិ។ បារាំង​ដែល​មាន​ជន​រងគ្រោះ​ច្រើន​ជាង​គេ និង​កំពុង​មាន​ទាហាន​បំពេញ​បេសកកម្ម​ក្នុង​តំបន់​នោះ​ស្រាប់ បាន​រួស​រាន់​បញ្ជូន​ប៉ូលិស​ឯកទេស​ជាង​ម្ភៃ​នាក់​ ទៅ​ភាគ​ខាង​ជើង​ម៉ាលី​ ដើម្បី​ទទួល​បន្ទុក​ស៊ើប​អង្កេត និង​រក​អត្តសញ្ញាណ​សាកសព​៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ