សាលាឧទ្ធរណ៍សម្រេចទោសអោយអ្នកភូមិបឹងកក់មានសេរីភាព

សាលាឧទ្ធរណ៍បានយកសំណុំរឿងអ្នកភូមិបឹងកក់ចម្រូងចម្រាសមកជំនុំជម្រះនៅថ្ងៃនេះ។ សាលាឧទ្ធរណ៍ បានសម្រេចផ្តន្ទាទោសស្ត្រីអ្នកភូមិបឹងកក់ចំនួន១ខែ៣ថ្ងៃ ជាការដាក់ទោសកាត់តម្រឹមដែលធ្វើអោយស្ត្រីអ្នកភូមិបឹងកក់អាចមានសេរីភាពពីថ្ងៃនេះទៅ។ ទោះយ៉ាងនេះក្តី ការប៉ះទង្គិចគ្នារវាងក្រុមគ្រួសារអ្នកភូមិបឹងកក់និងអាជ្ញាធរ បានកើតឡើងមួយប្រ៉ាវដែរនៅខាងក្រៅរបងសាលាឧទ្ធរណ៍។
ស្ត្រីអ្នកភូមិបឹងកក់១៣នាក់នឹងអាចជួបជុំគ្រួសាររបស់ពួកគេវិញនៅល្ងាចថ្ងៃនេះឬថ្ងៃស្អែកក្រោយពីពួកគេបំពេញឯកសារចេញពីពន្ធនាគារ។ នៅថ្ងៃអង្គារនេះ សាលាឧទ្ធរណ៍បានជំនុំជម្រះសំណុំរឿងស្ត្រីអ្នកភូមិបឹងកក់ដ៏ចម្រូងចម្រាសទាំង១៣នាក់ដែលសាលាដំបូងបានដាក់ទោសអោយជាប់ពន្ធនាគារម្នាក់២ឆ្នាំកន្លះ។
ក្រុមប្រឹក្សាចៅក្រមសាលាឧទ្ធរណ៍បានសម្រេចឡើងវិញបន្ថយទោសរបស់ស្ត្រីទាំង១៣នាក់មកនៅត្រឹម១ខែ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលពួកគេត្រូវបានសាលាដំបូងប្រកាសដាក់ទោស។ សាលដីការបស់សាលាឧទ្ធរណ៍នេះ មានន័យស្មើនឹងការដោះលែងស្ត្រីអ្នកភូមិបឹងកក់ ចាប់ពីថ្ងៃនេះទៅដោយសារតែរយៈពេលនៃការឃុំខ្លួននោះបានគ្រប់ចំនួនហើយ។
សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍បានធ្វើអោយក្រុមស្ត្រីអ្នកភូមិបឹងកក់ ក្រុមគ្រួសារញាតិមិត្តនិងអង្គការក្រៅរដ្ឋាភិបាលផងសប្បាយចិត្តនិងស្វាគមយ៉ាងខ្លាំង។ ហើយនេះគឺជាអ្វីដែលពួកគេបានស្រែកទាមទារស្ទើររៀងរាល់ថ្ងៃតាមរយៈ ការតវ៉ា ការដង្ហែក្បួន ទៅរកអន្តរាគមន៍ពីថ្នាក់ដឹកនាំនិងសហគមន៍អន្តរជាតិ រួមទាំងការបន់ស្រន់ផង។
ប៉ុន្តែគួរបញ្ជាក់ថា មុននឹងទទួលបានភាពសប្បាយរីករាយនេះ ការប៉ះទង្គិចរវាងក្រុមគ្រួសារញាតិមិត្តអ្នកភូមិបឹងកក់ជាមួយសមត្ថកិច្ចនៅខាងក្រៅរបងសាលាឧទ្ធរណ៍ ក៏បានកើតឡើងមួយប៉្រាវផងដែរ។
គួររម្លឹកថា ស្ត្រី១៣នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ឧសភាខណៈដែលពួកគេបាននាំគ្នាមកសង់ផ្ទះនិមិត្តរូបនៅលើដីដែលក្រុមហ៊ុនបាន បណ្តេញពួកគេចេញ។ នៅពេល នោះអាជ្ញាធរបានចុះទៅរារាំង ហើយក៏កើតមានការប៉ះទង្គិចគ្នា។ ស្ត្រីអ្នកភូមិបឹងកក់ទាំងនោះត្រូវបានចោទប្រកាន់ពីបទចូលកាន់កាប់ដីរបស់ក្រុមហ៊ុន និងពីបទប្រឆាំង អាជ្ញាធរ សាធារណៈ។ ពួកគេត្រូវបានតុលាការរាជធានីភ្នំពេញបើកសវនាការភ្លាមៗនៅថ្ងៃទី២៤ឧសភានិងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារតែម្តង។
ក្រៅពីសម្រែកទាមទារអោយមានការដោះលែងស្ត្រីទាំង១៣នាក់ អង្គការជាតិ និងអន្តរជាតិក៏បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងដែរប្រឆាំងការឃុំខ្លួននេះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ