អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រធានាធិបតី​កូស្តារីកា​មិន​ចង់​ឲ្យ​គេ​ចារ​ឈ្មោះ​នៅលើ​ស្ពានថ្នល់ ឬ​តាំងរូបថត​នៅទី​សាធារណៈ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃពុធ​ទី ២៥ មិថុនា ប្រធានាធិបតី​របស់​ប្រទេស​កូស្តារីកា លោក ល្វី ហ្គីយ៉េម៉ូ សូលីស បាន​ចេញ​ក្រឹត្យ​មួយ ដោយ​បានហាម​មិន​ឲ្យ​គេ​ចារ​ឈ្មោះ​របស់លោក នៅ​លើ​ស្ពាន ផ្លូវថ្នល់ ឬ​អគារ​សាធារណៈ ដូចជា​ទម្លាប់​ដែល​ប្រមុខ​រដ្ឋាភិបាល​មុនៗ​បាន​ធ្វើ។ លោកប្រធានាធិបតី​កូស្តារីកា​បាន​ពន្យល់ថា សមិទ្ធិផល​របស់​រដ្ឋាភិបាល គឺ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ទាំងមូល គឺ​មិន​មែន​របស់​រដ្ឋាភិបាល ឬ​របស់​មេដឹកនាំ​ណាមួយនោះទេ។  

ប្រធានាធិបតី​កូស្តារីកា លោក​ល្វី ហ្គីយ៉េម៉ូ សូលីស(ស្តាំ) ជាមួយ​កីឡាករ​កូស្តារីកា
ប្រធានាធិបតី​កូស្តារីកា លោក​ល្វី ហ្គីយ៉េម៉ូ សូលីស(ស្តាំ) ជាមួយ​កីឡាករ​កូស្តារីកា ©REUTERS/Juan Carlos Ulate
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​កូស្តារីកា​បាន​បង្កើត​ភាពភ្ញាក់ផ្អើល ដោយ​លោក​បាន​ប្រកាន់​ឥរិយាបទ​ខុស​ពី​មេដឹកនាំ​មុនៗ។ កាលពី​ថ្ងៃ​ពុធ លោក​បាន​ចុះ​ក្រឹត្យ​មួយ ហាម​ មិន​ឲ្យ​គេ​យក​ឈ្មោះ​របស់​លោក​​ទៅ​ចារ​នៅលើ​ស្ពានថ្នល់ លើ​អគារ​សាធារណៈ ឬ​មួយ​ក៏​លើក​តាំង​បង្ហាញ​រូបថត​របស់​លោក នៅ​កន្លែង​សាធារណៈ ​ដូចដែល​មេដឹក​ប្រទេស​ផ្សេងទៀត​ធ្លាប់​ធ្វើ​ជា​ទម្លាប់​នោះទេ។

 
ការគោរព​បូជា​ដល់​ប្រធានាធិបតី ចប់​ហើយ។ យ៉ាងហោចណាស់ ក៏​នៅក្នុង​អាណត្តិ​របស់ខ្ញុំ​ដែរ។ នេះ​ជា​ការថ្លែង​របស់​លោក​ល្វី ហ្គីយ៉េម៉ូ សូលីស ទៅកាន់​អ្នកកាសែត បន្ទាប់​ពីលោក​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​រដ្ឋាភិបាល។ តាម​លោក​ប្រធានាធិបតី​កូស្តារីកា ការដាក់ឈ្មោះ​របស់លោក នៅលើ​ស្ពាន ថ្នល់ ឬ​លើ​អគារ​សាធារណៈ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​មាន​គំនិត​យល់​ច្រលំ យល់ខុស ព្រោះថា សមិទ្ធិផល​ទាំងឡាយ​ចេញពី​ប្រទេស​ទាំងមូល គឺ​មិនមែន​ចេញ​មក​ពី​រដ្ឋាភិបាល ឬ​បុគ្គល​ពិសេស​ណាមួយទេ។

ជាមួយ​នឹង​ការប្រកាស និង​ចុះ​ក្រឹត្យ​ថ្មីនេះ លោក​ ប្រធានាធិបតី​កូស្តារីកា​​បាន​បង្ហាញ​ពី​របៀប​ដឹកនាំ​ខុសប្លែក ពី​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត។ នៅមួយខែ​ក្រោយ ចូល​កាន់តំណែង​ជា​ប្រធានាធិបតី លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស បាន​ធ្វើ​នយោបាយ ទៅតាម​ការសន្យា​ដែល​លោក​ធ្លាប់​បាន​ធ្វើ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ដើមឆ្នាំនេះ។ នៅក្នុង​ពេល​ឃោសនា​រកសំឡេង​ឆ្នោត លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស ធ្លាប់​បាន​សន្យា​ថា នឹងមាន​តម្លាភាព និង​កាត់បន្ថយ​ចំណាយ​រដ្ឋាភិបាល ដែល​មិន​ចាំបាច់។

ការងារ ភាពចំរុងចំរើន និង​សុភមង្គល គឺ​ជា​ពាក្យ​ស្លោក របស់​គណបក្ស​សកម្មភាព​ប្រជាជន​របស់​លោក ដែល​បាន​អូសទាញ​ប្រជាជន​ឲ្យ​គាំទ្រ​លោក​យ៉ាង​ក្រាសក្រែល។ ដោយមក​ពី​ឃើញ​មានការគំាទ្រ​ច្រើន​អនេក​របស់​ប្រជាជន​ទៅលើ​លោក សូលីស បេក្ខជន​ប្រជែង​របស់​លោក សូលីស មក​ពី​គណបក្ស​កាន់អំណាច​បាន​បោះបង់​ចោល​យុទ្ធនាឃោសនា​បោះឆ្នោត។ ទោះបី​ជា​គូប្រជែង​បាន​រត់ចោល​សមរភូមិ លោក សូលីស នៅតែ​បន្ត​ឃោសនា​រហូត​ដល់​ថ្ងៃ​ចុងបញ្ចប់។ លទ្ធផល​បោះឆ្នោត​បាន​បង្ហាញ​ថា លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស បាន​ទទួល​សំឡេង​គំាទ្រ ៧៨ភាគរយ ដែល​ចំនួន​នេះ ខ្ពស់ មិន​ធ្លាប់​មាន​កន្លងមក នៅ​កូស្តារីកា។

មុន​នឹង​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី នៅ​ខែ​ឧសភា លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស ជា​អ្នកនយោបាយ​ដែល​គេមិនសូវ​ស្គាល់​ឈ្មោះ នៅ​កូស្តារីកា។ លោក​ធ្លាប់​បម្រើការ​នៅក្នុង​គណបក្ស​កាន់អំណាច ប៉ុន្តែ បន្ទាប់ពី​រិះគន់​ពី​ភាពមិនប្រក្រតី នៅក្នុង​ពេលបោះឆ្នោត របស់​គណបក្ស​កាន់អំណាច លោក​បាន​ចាកចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ ឈ្មោះ សកម្មភាព​ប្រជាជន នៅ​ឆ្នាំ ២០០៥។ តាមអ្នកជំនាញ ការសន្យា​លុបបំបាត់​អំពើពុករលួយ និង​ភាពក្រីក្រ​របស់​គណបក្ស​លោក​សូលីស​បាន​អូសទាញ​ប្រជាជន​ដែល​ធ្លាប់​រារែក ឲ្យ​ទៅបោះឆ្នោត។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស រឹត​តែ​ទទួល​បាន​ការស្រឡាញ់​ចូលចិត្ត​ពី​ប្រជាជន គឺ​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​បាន​សន្យា​ថា លោក​នឹង​មិន​ដំឡើង​ពន្ធ​ទេ ដរាបណា​លោក​មិន​អាច​ស្តារ​ការជឿទុក​របស់​ប្រជាជន​ទៅលើ​រដ្ឋាភិបាល​វិញបាន។

ការយកចិត្ត​ទុកដាក់ និង​ដាក់​ខ្លួន​ឲ្យ​សាមញ្ញ បាន​ធ្វើ​ឲ្យ​លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស ទទួល​បាន​ប្រជាប្រិយភាព និង​ក្លាយ​ជា​ប្រធានាធិបតី​ដែល​ស្និទ្ធស្នាល​នឹង​ប្រជាជន​ជាងគេ។ អតីត​ប្រវត្តិវិទូ និង​ជាឪពុក​របស់​កូន ៦នាក់ លោក​ ល្វី ហ្គីយ៉េម៉ូ សូលីស ប្រាថ្នា​ឲ្យមាន​ការផ្លាស់ប្តូរ ទៅតាម​ការទន្ទឹង​ចង់បាន​របស់​ប្រជាជន។ លោក​ថែម​ទាំង​សន្យា​ធ្វើ​នយោបាយ​ណា ដែល​រដ្ឋាភិបាល​មុនៗ​មិន​បានធ្វើ​កន្លងមក។

កូស្តារីកា​ត្រូវ​គេ​ចាត់ទុក​ជា​ប្រទេស​ស៊្វីស នៅ​អាមេរិក​កណ្តាល។ ចាប់តាំងពី​រំដោះខ្លួន​ពី​អាណានិគម​អេស្ប៉ាញ នៅ​ឆ្នាំ ១៨២១ ប្រទេស​នេះ​ប្រកាន់​អព្យាក្រិត​ភាព និង​បាន​ក្លាយ​ជា​ប្រទេស​ទីមួយ នៅក្នុង​ពិភពលោក ដែល​មាន​រដ្ឋធម្មនុញ្ញ​លុប​ចោល មិន​ឲ្យ​ប្រទេស​មាន​កងទ័ព។ គ្មាន​កងទ័ព និង​ផ្តោតថវិកា​តែ​ទៅលើ​ការអប់រំ សុខភាព និង​ការពារ​បរិស្ថាន កូស្តារីកា បាន​ប្រកាន់​ជំហរ​នយោបាយ​ខុស​ពី​ប្រទេស​ដទៃ​ទៀត នៅ​តំបន់​អាមេរិកឡាទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ