អានតួអត្ថបទ
កម្ពុជា

អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​អង្គការ​នឹង​ត្រូវ​ទម្លាយ​អោយ​ដឹង​

ភាព​មិន​ប្រក្រតី​នៅ​ក្នុង​អង្គការ​សង្គមស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ទម្លាយ​អោយ​ដឹង​នៅ​ក្នុង​រយៈពេល​ពីរ​ខែ​ទៀត​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក កែម ឡី អ្នកជំនាញ​សង្គម​សេដ្ឋកិច្ច​ឯករាជ្យ។ ប្រទេស​កម្ពុជា​មាន​អង្គការ​សង្គម​ស៊ីវិល​ជាង​៣​ពាន់​ស្ថាប័ន។ ប៉ុន្តែ​មាន​អង្គការ​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​កំពុង​បំពេញ​សកម្មភាព។

ក្នុង​អង្គការ​ខ្លះ ទាំងប្តី​ ទាំងប្រពន្ធ ​ទាំងកូន សុទ្ធតែ​កាន់កាប់​តំណែង​សំខាន់ៗ
ក្នុង​អង្គការ​ខ្លះ ទាំងប្តី​ ទាំងប្រពន្ធ ​ទាំងកូន សុទ្ធតែ​កាន់កាប់​តំណែង​សំខាន់ៗ
ផ្សាយពាណិជ្ជកម្ម

លោក កែម ឡី អ្នកស្រាវជ្រាវ​សង្គម​សេដ្ឋកិច្ច​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ស៊ីជម្រៅ​មួយ​ស្តី​អំពី​ភាព​មិន​ប្រក្រតី​កើត​ឡើង​នៅ​ក្នុង​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល។

ប្រទេស​កម្ពុជា​មាន​អង្គការ​សង្គម​ស៊ីវិល​ជាង​៣០០០​ស្ថាប័ន​ប៉ុន្តែ​មាន​អង្គការ​ប្រមាណ​ជា​ពាក់កណ្តាល​ប៉ុណ្ណោះ​ដែល​នៅ​មាន​សកម្មភាព​ធម្មតា។ ការ​សិក្សា​ស្រាវជ្រាវ​រក​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​បាន​ចាប់​ផ្តើម​ហើយ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​រយៈពេល​២​ខែ​ទៀត។

លោក កែម ឡី អ្នកស្រាវជ្រាវ​សង្គម​សេដ្ឋកិច្ច​ដែល​ជា​អ្នក​ធ្វើ​កិច្ច​ការ​នេះ​ផ្ទាល់​បាន​​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា គ្រួសារ​និយម​នៅ​ក្នុង​អង្គការ ការ​ជ្រើសរើស​បុគ្គលិក​មិន​មាន​តម្លាភាព ការ​ប្រើប្រាស់​ធនធាន​អង្គការ​ខុស​ទិសដៅ ដូចជា រថយន្ត ម៉ូតូ និង​សម្ភារៈ​ផ្សេង​ៗ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន សុទ្ធសឹង​ជា​ប្រធាន​បទ​សំខាន់​ៗ​នៅ​ក្នុង​ការ​សិក្សា​អង្កេត។ លោក កែម ឡី បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​អង្គការ​ខ្លះ ទាំងប្តី ទាំងប្រពន្ធ ​ទាំងកូន សុទ្ធតែ​កាន់កាប់​តំណែង​សំខាន់ៗ។ តើ​ការ​ធ្វើ​យ៉ាង​ដូច្នេះ មានតម្លាភាព និង​គណនេយ្យភាព​ដែរ​ឬ​ទេ?

ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​អង្គការ​វិញ លោក កែម ឡី បាន​បង្ហើប​អោយ​ដឹង​ថា មាន​ប្រធាន​អង្គការ​មួយ​ចំនួន​បាន​ប្រើប្រាស់​រថយន្ត​អង្គការ​ដើម្បី​បម្រើ​កិច្ច​ការ​ផ្ទាល់​ខ្លួន ដូច​ជា​ យក​ទៅ​ប្រើប្រាស់​សម្រាប់​ពិធីបុណ្យ​កថិន បុណ្យសព ឬ​ដើរ​កម្សាន្ត​ជាដើម។

ការ​សិក្សា​របស់​លោក កែម ឡី មិន​គ្រប​ដណ្តប់​ស្ថាប័ន​រដ្ឋ​ទេ​នៅពេល​នេះ​ប៉ុន្តែ​ស្ថានភាព​ទូទៅ​នៅ​ក្នុង​អង្គការ​ក៏​មិនសូវ​ខុសគ្នា​ពី​ស្ថាប័ន​រដ្ឋ​ប៉ុន្មាន​នោះ​ទេ។

នៅ​ក្នុង​ស្ថាប័ន​ក្រសួង​នីមួយ​ៗ​ គេ​សង្កេត​ឃើញ​មាន​ខ្សែ​ស្រឡាយ​អ្នកធំ​ជា​ច្រើន​ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​នោះ។ ក្រសួង​មួយ​ចំនួន​ត្រូវ​បាន​គេ​រិះគន់​ថា ជា​ក្រសួង​គ្រួសារ​និយម​ពីព្រោះ​សាច់សារ​លោហិត​របស់​អ្នកមាន​អំណាច​ត្រូវ​បាន​គេ​ដំឡើង​អោយ​មាន​បុណ្យសក្តិ។

ក្រៅ​ពី​បញ្ហា​បក្សពួក​និយម ការ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​សម្រាប់​ប្រយោជន៍​របស់​បុគ្គល​ក៏​នៅ​តែ​កើត​មាន​ច្រើន​ដែរ។ រថយន្ត​របស់​រដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ការ​ប្រើប្រាស់​ខុស​ទិសដៅ​ទាំងស្រុង។

ខុស​ទិសដៅ ពីព្រោះ​ថា ​មន្ត្រី​មាន​អំណាច​ប្រើប្រាស់​រថយន្ត​ទាំងនោះ​សម្រាប់​ដើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​នៅ​ថ្ងៃ​ឈប់​សម្រាក ឬ​ប្រើប្រាស់​រថយន្ត​របស់​រដ្ឋ​សម្រាប់​ជំនួញ​ផ្ទាល់​ខ្លួន​ទៅវិញ។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម​សេដ្ឋកិច្ច​ឯករាជ្យ​បាន​និយាយ​ទៀត​ថា លោក​មិនទាន់​មាន​គម្រោង​ស្រាវជ្រាវ​ទៅលើ​ស្ថាប័ន​រដ្ឋ​នៅ​ឡើយ​ទេ។ សម្រាប់​ពេល​នេះ លោក​ផ្តោតការ​ស្រាវជ្រាវ​របស់​លោក​ទៅ​លើ​អំពើ​ពុករលួយ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ស្ថាប័ន​អង្គការ​ជាមុន​សិន។ ប្រសិនបើ​មាន​អំពើពុក​រលួយ​ច្រើន​​នៅ​ក្នុង​អង្គការ​ ពេលនោះ ម្ចាស់​ជំនួយ​អាច​កាត់​ផ្តាច់​ជំនួយ។ ម្ចាស់​ជំនួយ​កាត់​ជំនួយ ប្រជាពលរដ្ឋ​គឺជា​អ្នករង​គ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ