អានតួអត្ថបទ
បារាំង

អាជ្ញាធរ​ម៉ាលី​និង​បារាំង​កំពុង​ធ្វើការ​ស៊ើបអង្កេត​ករណី​សម្លាប់​​​អ្នកសារព័ត៌មាន​​វិទ្យុ​ RFI

នៅថ្ងៃ​ចន្ទនេះ សាកសព​អ្នកកាសែត​វិទ្យុ​បារាំង​RFI ដែល​​ត្រូវ​ស្លាប់​ដោយស្នាដៃ​ភេរវជន នៅប្រទេស​ម៉ាលី កាលពី​ថ្ងៃសៅរ៍​កន្លងទៅ ​នឹង​​​បញ្ជូន​មកប្រទេស​បារាំង​វិញ។ អាជ្ញាធរ​ប្រទេស​ម៉ាលី​ និង​ប្រទេស​បារាំង​កំពុង​តែ​ស៊ើបអង្កេត​លើឃាតកម្ម​អ្នកកាសែត​ទាំងពីររូប។ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រមុខការទូតបារាំង​លោក ឡូរ៉ង់ ហ្វាប៊ីយុស បាន​ប្រាប់ថា ឃាតករ​ដែល​បាន​សម្លាប់​អ្នកសារព័ត៌មាន​បារាំង​ទាំងពីររូបនេះ គឺ​ជា​ក្រុមភេរវជន​ដែល​កងទ័ព​បារាំង​​បាន​ប្រយុទ្ធ​ប្រឆាំង​ នៅ​ប្រទេស​ម៉ាលី។  

លោក Claude Verlon (រូបអង្គុយ) និង​លោកស្រី​ Ghislaine Dupont (ស្តាំ) កាល​នៅមាន​ជីវិត នៅប្រទេស​ម៉ាលី ក្នុង​ខែ​កក្កដា កន្លងទៅ។
លោក Claude Verlon (រូបអង្គុយ) និង​លោកស្រី​ Ghislaine Dupont (ស្តាំ) កាល​នៅមាន​ជីវិត នៅប្រទេស​ម៉ាលី ក្នុង​ខែ​កក្កដា កន្លងទៅ។ RFI
ផ្សាយពាណិជ្ជកម្ម

វិទ្យុបារាំង​អន្តរជាតិ​ RFI នៅ​បន្ត​កាន់ទុក្ខ​​អ្នកសារព័ត៌មាន​បារាំងប្រកបដោយ​វិជ្ជាជីវៈ​​​ពីររូប​របស់​យើង គឺលោកស្រី​​ Ghislaine Dupont និង​លោក Claude Verlon ដែល​ត្រូវ​បាន​ក្រុមភេរវជន​បាញ់សម្លាប់​ នៅ​ក្រុង​គីដាល់ ប្រទេសម៉ាលី កាលពី​ថ្ងៃ​ចុងសប្តាហ៍​កន្លងទៅ។ សាកសព​អ្នកទាំងពីរ ត្រូវ​បញ្ជូន​ត្រលប់​មកបារាំង​វិញ​ នៅថ្ងៃ​ចន្ទនេះ។

អាជ្ញាធរ​ប្រទេស​ម៉ាលី និង​អាជ្ញាធរ​បារាំង​ កំពុង​តែ​បន្ត​ការស៊ើបអង្កេត​លើ​ឃាតកម្ម​នេះ។ នៅ​ពេលនេះ ប្រតិបត្តិការ​តាម​រក​មុខ​មនុស្ស​ជាច្រើនរូប​កំពុង​បន្តធ្វើ។ កាលពី​ថ្ងៃ​​អាទិត្យ​ម្សិលមិញនេះ ជនសង្ស័យ​ជាច្រើនរូប​ ត្រូវ​បាន​ចាប់ខ្លួន​។ ចៅក្រម​បារាំង​ និង​អ្នកស៊ើបអង្កេត​​ជាច្រើនរូប កំពុង​តែធ្វើដំណើរ​ទៅ​ក្រុងបាម៉ាកូ ប្រទេស​ម៉ាលី។

យោងតាម​​រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក ឡូរ៉ង់ ហ្វាប៊ីយុស ​ឃាតករ​ដែល​បាន​សម្លាប់​អ្នកសារព័ត៌មាន​​បារាំង​ទាំងពីររូបនេះ គឺ​ជា​ក្រុមភេរវជន​ដែល​កងទ័ព​បារាំង​​បាន​ប្រយុទ្ធ​ប្រឆាំង​ នៅ​ប្រទេស​ម៉ាលី។ លោក ហ្វាប៊ីយុស​ បន្ថែម​ទៀតថា ​នឹង​ពង្រឹង​​សន្តិសុខ​បន្ថែមទៀត ​​នៅតំបន់គីដាល់ ដែល​ជា​​កន្លែង​ដ៏មានគ្រោះថ្នាក់​ខ្ពស់​នោះ។ ​ទន្ទឹម​នេះដែរ អាជ្ញាធរ​ម៉ាលី​​​ប្រាប់ថា នឹង​ស្វែង​រកដំណោះស្រាយពិសេស​​​សំរាប់​ករណី​តំបន់គីដាល់​នេះ។ រដ្ឋាភិបាល​ម៉ាលី​នៅតែ​មិន​ចង់​អត្ថាធិប្បាយ​អ្វី​ជុំវិញ​​​អត្តសញ្ញាណ​ឃាតករ និង​ស្ថានភាព​លក្ខខណ្ឌ​នៃ​ឃាតកម្ម​លើ​​អ្នកសារព័ត៌មាន​បារាំង​ទាំងពីររូប​​នេះឡើយ។

សំណួរ​​ចោទសួរ​នៅពេលនេះ គឺថា ​នៅពេល​ដែល​ក្រុមភេរវជន​បាន​ចាប់អ្នកសារព័ត៌មាន​​ទាំងពីររូប​ទៅ តើពួកគេចង់​សម្លាប់​អ្នកសារព័ត៌មាន​ទាំងពីរ​នេះ​ភ្លាមៗ​តែម្តង​​រឺយ៉ាងណា ? រឺ​ក៏​ក្រុមភេរវជន​ទាំងនោះ មាន​អារម្មណ៍ថា ខ្លួន​ត្រូវ​បាន​គេគំរាមកំហែង និង​តាម​ចាប់ខ្លួន ?

ប្រភព​ព័ត៌មាន​ជាច្រើន​ប្រាប់​ថា ក្រោយពេល​ដែល​អ្នកសារព័ត៌មាន​វិទ្យុបារាំង​ទាំងពីររូប​ត្រូវ​គេចាប់ទៅ​នោះ គេ​លឺសូរសម្លេង​ឧទ្ធម្ភាគចក្រ​ហោះហើរ​នៅ​​ក្រុង។ ប៉ុន្តែ ​យោធា​បារាំង​ប្រាប់ថា គ្មាន​ការហោះហើរ​ណាមួយ​ដើម្បី​តាម​រក​ក្រុមភេរវជន​ទាំងនោះទេ ព្រោះ​ថា នៅតំបន់​នោះ គ្មាន​យន្តហោះឡើយ។ ហើយ​ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង ដែល​​ត្រូវ​ប្រើ​ តាម​រកជួយ​​អ្នកសារព័ត៌មាន​នោះ គឺ​ចំណាយពេល​ដល់ទៅ​ពីរម៉ោង​កន្លះ​ឯណោះ ដើម្បី​ទៅដល់​តំបន់គីដាល់។ ដូច្នេះ ទំរាំ​តែ​យោធា​បារាំង​ទៅដល់​ទីនោះ គឺ​យឺតពេល​ទៅហើយ អ្នកកាសែត​ទាំងពីររូប​ត្រូវ​បាន​ក្រុមភេរជន​សម្លាប់​រួចហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ