កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 28 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 29 តុលា 2012

ខួបទី៨ឆ្នាំ​នៃ​ការ​ឡើង​គ្រងរាជ​របស់​ព្រះមហាក្សត្រ​ចំពេល​សម្តេចឪ​សោយ​ទិវង្គត

ព្រះមហាក្សត្រខ្មែរ​នរោត្តម​ សីហមុនី​ និង​ព្រះមាតា​ មុនីនាថ សីហនុ
ព្រះមហាក្សត្រខ្មែរ​នរោត្តម​ សីហមុនី​ និង​ព្រះមាតា​ មុនីនាថ សីហនុ
REUTERS/Samrang Pring

ដោយ ប៉ែន បូណា

ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​ខួប​ទី៨ឆ្នាំ​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​សម្តេច​ព្រះបរមនាថនរោត្តមសីហមុនីនៅ​ថ្ងៃទី២៩តុលា​ស្អែក​នេះ។ ប៉ុន្តែឆ្នាំនេះខួប​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​បាន​ប្រព្រឹត្តទៅ​ចំពេល​ដែល​ប្រទេស​កម្ពុជា​ទាំងមូល​កំពុង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះរាជ​បរមសព​របស់​សម្តេច​ឳ។ ការផ្ទេរ​រាជសម្បត្តិ​ឲ្យ​ទៅ​ព្រះរាជបុត្រ​កាលពី៨ឆ្នាំមុន​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រីហ៊ុនសែនចាត់ទុកជា​សមិទ្ធផល​ធំធេង​មួយទៀត​របស់​អង្គ​សម្តេច​ឳ​ក្នុងការ​បញ្ចៀស​វិបត្តិ​រាជបល្ល័ង្ក​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ។

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ
 

28/10/2012

ជា​រៀងរាល់ថ្ងៃទី២៩តុលា​ ចាប់​ពីឆ្នាំ ២០០៥ មក កម្ពុជា​តែង​ប្រារព្ធ​ខួប​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី។ ព្រះអង្គ​ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសរើស​ឲ្យ​ឡើង​គ្រង​រាជសម្បត្តិ​ជា​ព្រះមហាក្សត្រ​កម្ពុជា​កាលពី​ថ្ងៃទី២៩តុលា​ឆ្នាំ ២០០៤ បន្ទាប់ពី​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានដាក់​រាជ​នៅ​ដើមខែ​តុលា​ដដែល​នោះ។

ប៉ុន្តែ ខួប​ទី៨ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះអង្គ​នៅ​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​ចំ​ពេលដែល​ព្រះរាជវាំង និង​ប្រទេស​កម្ពុជា​ទាំងមូល​កំពុង​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​ព្រះ​បរមសព​របស់​អង្គ​សម្តេច​ឳ។ ការ​ប្រារព្ធ​ខួប​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​ជួន​ចំពេល​នៃ​ការ​សោយ​ទិវង្គត​របស់​អង្គ​សម្តេច​ឳ​នៅពេលនេះ​ជា​ឱកាស​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រម្លឹក​អំពី​សមិទ្ធ​ផល​ដ៏​ធំ​មួយទៀត​របស់​អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។ សមិទ្ធផល​ដ៏​ធំ​នោះ​គឺ​ការផ្ទេ​រាជសម្បត្តិ​របស់​ព្រះអង្គ​កាលពី​ឆ្នាំ ២០០៤ ដែល​អាច​បញ្ចៀស​វិបត្តិ​រាជបល្ល័ង្ក​នៅពេលនេះ។
 
ថ្លែង​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ព្រះរាជតម្រិះ​របស់​អង្គ​សម្តេច​ឳ​ដែល​ព្រះអង្គ​បានរៀបចំ​ទុកជាមុន​នូវ​ការផ្ទេរ​រាជសម្បត្តិ​ដោយ​រលូន​មុន​ពេលដែល​ទ្រង់​សោយ​ទិវង្គត។ ប្រសិនបើ​មិន​ដូច្នេះ​ទេ វិបត្តិ​រាជបល្ល័ង្ក​នឹង​កើតឡើង​ធំធេង​ពិបាក​ដោះស្រាយ​នៅពេលនេះ​ជាមិនខាន ពី​ព្រោះតែ​រដ្ឋធម្មនុញ្ញ​បាន​តម្រូវ​ឲ្យ​ជ្រើសរើស​មហាក្សត្រ​ថ្មី​រយៈពេល​តែ៧ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​ព្រះមហាក្សត្រ​ចាស់​សោ​ទិវង្គត។
 
ព្រះករុណា​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី១៥ តុលា នៅឯ​មន្ទីរពេទ្យក្រុង​ប៉េកាំង​ប្រទេស​ចិន​ពោលគឺ៨ឆ្នាំ ក្រោយពី​ការផ្ទេ​រាជសម្បត្តិ​ទៅ​ឲ្យ​ព្រះរាជបុត្រ។ ព្រះរាជ​បរមសព​រប​ស់​ព្រះអង្គ​ត្រូវបាន​ដង្ហែ​មកដល់​កម្ពុជា​វិញ​កាលពី​ថ្ងៃទី១៧តុលា​ដែលមាន​មហាជន​ខ្មែរ​រាប់លាន​នាក់​ចូលរួម។ បច្ចុប្បន្ន ព្រះ​បរមសព​ត្រូវបាន​តម្កល់​ក្នុង​ព្រះបរមរាជវាំង​រហូត​ដល់​រយៈពេល​បី​ខែ​ដើម្បី​ឲ្យ​មហាជន​ខ្មែរ និង​ភ្ញៀវ​អន្តរជាតិ​បាន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ។
 
នៅ​ថ្ងៃអាទិត្យ​នេះ ព្រះរាជ​បុត្រា​ទី២នៃ​មហាក្សត្រ ស៊ុ​លត​ង់ និង​ជា​ព្រះរាជតំណាង​របស់​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី​យ នៃ​ប្រទេស​ព្រុយណេ ដា​រូ​សា​ឡឹម បាន​យាង​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឳ​នៅក្នុង​ព្រះបរមរាជវាំង​ក្រុងភ្នំពេញ។ ព្រះ​បរមសព​សម្តេច​ឳ​ត្រូវគេ​គ្រោង​នឹង​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​ដើមខែ​កុម្ភៈ​ខាងមុខនេះ​។ មុនការសោយទិវង្គត ព្រះអង្គ​បាន​រៀបចំ​ជាស្រេ​ចអំពីអនាគតរាជបល្ល័ង្ក៕

tags: កម្ពុជា - នរោត្តម សីហនុ - នរោត្តម សីហមុនី - ព្រះមហាក្សត្រ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close