អានតួអត្ថបទ
កូរ៉េខាងជើង

រដ្ឋធម្មនុញ្ញ​ថ្មី​អនុញ្ញាត​ឲ្យ​កូរ៉េខាងជើង​បំពាក់​អាវុធ​នុយក្លេអ៊ែរ​ជា​ផ្លូវការ

កូរ៉េខាងជើង​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​បំពាក់​អាវុធ​នុយក្លេអ៊ែរ​ជា​ផ្លូវការ។ នេះ​ជា​លើក​ទីមួយ​បង្អស់​ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​ពី​មហិច្ឆតា​មហាអំណាច​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង។ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​នឹង​បង្ក​ការ​លំបាក​មួយ​កម្រិត​បន្ថែម​ទៀត​សម្រាប់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ជម្នះ​កូរ៉េខាងជើង​ឲ្យ​បោះបង់​ចោល​អាវុធ​បរមាណូ។

លោក អគ្គមគ្គុទ្ទេសក៍កូរ៉េខាងជើង គីម ជុងអ៊ុន
លោក អគ្គមគ្គុទ្ទេសក៍កូរ៉េខាងជើង គីម ជុងអ៊ុន ©KCNA/AFP
ផ្សាយពាណិជ្ជកម្ម

 

ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​កូរ៉េខាងជើង​ទើប​ត្រូវ​បាន​ដាក់​ផ្សាយ​តាម​គេហទំព័រ​ផ្លូវការ​របស់​រដ្ឋ ក្រោយ​ពី​បាន​ពិនិត្យមើល​ឡើង​វិញ​នា​សម័យប្រជុំ​សភា​កាល​ពី​ថ្ងៃទី ១៣ មេសា ឆ្នំា ២០១២។ គួរ​ជម្រាប​ជូន​ថា រៀងរាល់ ២ឆ្នំា​ម្តង រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​តែងតែ​ធ្វើ​ការសើរើ-ពិនិត្យ​មើល​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន តែ​កាល​ណោះ មិន​បាន​ចែង​ពី​រដ្ឋ​បំពាក់​អាវុធ​នុយក្លេអ៊ែរ​ទេ។

អត្ថបទ​ថ្មី​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​ទើប​បាន​កែប្រែ​ក្នុង​ឆ្នំា ២០១២ នេះ​បាន​ចែង​ថា៖ « អគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ីល ប្រធាន​គណៈកម្មការ​ការពារជាតិ​បាន​ធ្វើ​ឲ្យ​​ប្រទេស​របស់​យើង​ក្លាយ​ជា​រដ្ឋ​មួយ​ដែល​គ្មាន​នរណា​អាច​ឈ្លានពាន​បាន​ខាង​ឧត្តមគតិ​នយោបាយ ជា​រដ្ឋ​មួយ​បំពាក់​អាវុធ​នុយក្លេអ៊ែរ និង​ជា​មហា​អំណាច​យោធា​ដែល​គ្មាន​គូប្រៀប។ តាម​រយៈ​មហិច្ឆតា​នេះ នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​កសាង​រដ្ឋ​មួយ​ខ្លំាង និង​សម្បូរ​រុងរឿង »។

សូម​បញ្ជាក់​ថា គណៈកម្មការ​ការពារជាតិ គឺ​ជា​ស្ថាប័ន​ជាន់ខ្ពស់​មួយ​នៅ​ក្នុង​របប​កុម្មុយនិស្ត​កូរ៉េខាងជើង​ដែល​ដឹក​នំា​ដោយ​អគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ីល រហូត​ដល់​ថ្ងៃ​មរណភាព​របស់​លោក​ក្នុង​ខែ​ធ្នូ ឆ្នំា ២០១១។ បច្ចុប្បន្ន ប្រធាន​គណៈកម្មការ​នេះ​កំពុង​ដឹក​នំា​ដោយ​លោក អគ្គមគ្គុទ្ទេសក៍​ថ្មី គីម ជុងអ៊ុន។

ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ក្រឡែត​ថា ទីក្រុង​ព្យុងយ៉ាង​គ្មាន​បំណង​នឹង​បោះបង់​ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ ទោះបី​ជា​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ នេះ​ជា​ការ​អះអាង​របស់​លោក Cheon Sung-Whun នៃ​វិទ្យាស្ថាន​កូរ៉េ​ដើម្បី​បង្រួបបង្រួមជាតិ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល កូរ៉េខាងត្បូង។ លោក Whun បាន​បន្ថែម​ថា បើ​មាន​ការ​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​កិច្ចចរចា​ណា​មួយ​នោះ ទីក្រុង​ព្យុងយ៉ាង​នឹង​ឆ្លើយ​ថា ជា​ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ខ្លួន។

ដូច្នេះ​ឃើញ​ថា ការ​ដែល​ទីក្រុង​ព្យុងយ៉ាង​ទើប​មាន​ច្បាប់​រដ្ឋធម្មនុញ​ថ្មី​នេះ ពិត​ជា​ដំណឹង​អាក្រក់​មួយ​ចំពោះ​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​កិច្ចចរចា ៦ភាគី​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង។ កិច្ចចរចា ៦ ភាគី​ដែល​ជាប់​គំាង​តំាង​ពី​ខែ​ធ្នូ ឆ្នំា ២០០៨ មក​ម្ល៉េះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ