រដ្ឋធម្មនុញ្ញថ្មីអនុញ្ញាតឲ្យកូរ៉េខាងជើងបំពាក់អាវុធនុយក្លេអ៊ែរជាផ្លូវការ
កូរ៉េខាងជើងទើបបានប្រកាសឲ្យដឹងអំពីច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលបានអនុញ្ញាតឲ្យប្រទេសបំពាក់អាវុធនុយក្លេអ៊ែរជាផ្លូវការ។ នេះជាលើកទីមួយបង្អស់ដែលរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ពីមហិច្ឆតាមហាអំណាចនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ រដ្ឋធម្មនុញ្ញថ្មីនេះនឹងបង្កការលំបាកមួយកម្រិតបន្ថែមទៀតសម្រាប់សហគមន៍អន្តរជាតិក្នុងការជម្នះកូរ៉េខាងជើងឲ្យបោះបង់ចោលអាវុធបរមាណូ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៤
ច្បាប់រដ្ឋធម្មនុញ្ញថ្មីរបស់កូរ៉េខាងជើងទើបត្រូវបានដាក់ផ្សាយតាមគេហទំព័រផ្លូវការរបស់រដ្ឋ ក្រោយពីបានពិនិត្យមើលឡើងវិញនាសម័យប្រជុំសភាកាលពីថ្ងៃទី ១៣ មេសា ឆ្នំា ២០១២។ គួរជម្រាបជូនថា រៀងរាល់ ២ឆ្នំាម្តង រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងតែងតែធ្វើការសើរើ-ពិនិត្យមើលច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន តែកាលណោះ មិនបានចែងពីរដ្ឋបំពាក់អាវុធនុយក្លេអ៊ែរទេ។
អត្ថបទថ្មីនៃច្បាប់រដ្ឋធម្មនុញ្ញដែលទើបបានកែប្រែក្នុងឆ្នំា ២០១២ នេះបានចែងថា៖ « អគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ីល ប្រធានគណៈកម្មការការពារជាតិបានធ្វើឲ្យប្រទេសរបស់យើងក្លាយជារដ្ឋមួយដែលគ្មាននរណាអាចឈ្លានពានបានខាងឧត្តមគតិនយោបាយ ជារដ្ឋមួយបំពាក់អាវុធនុយក្លេអ៊ែរ និងជាមហាអំណាចយោធាដែលគ្មានគូប្រៀប។ តាមរយៈមហិច្ឆតានេះ នឹងបើកផ្លូវឲ្យមានការកសាងរដ្ឋមួយខ្លំាង និងសម្បូររុងរឿង »។
សូមបញ្ជាក់ថា គណៈកម្មការការពារជាតិ គឺជាស្ថាប័នជាន់ខ្ពស់មួយនៅក្នុងរបបកុម្មុយនិស្តកូរ៉េខាងជើងដែលដឹកនំាដោយអគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ីល រហូតដល់ថ្ងៃមរណភាពរបស់លោកក្នុងខែធ្នូ ឆ្នំា ២០១១។ បច្ចុប្បន្ន ប្រធានគណៈកម្មការនេះកំពុងដឹកនំាដោយលោក អគ្គមគ្គុទ្ទេសក៍ថ្មី គីម ជុងអ៊ុន។
ច្បាប់រដ្ឋធម្មនុញ្ញថ្មីបានគូសបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ទីក្រុងព្យុងយ៉ាងគ្មានបំណងនឹងបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេ ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ នេះជាការអះអាងរបស់លោក Cheon Sung-Whun នៃវិទ្យាស្ថានកូរ៉េដើម្បីបង្រួបបង្រួមជាតិនៅក្នុងទីក្រុងសេអ៊ូល កូរ៉េខាងត្បូង។ លោក Whun បានបន្ថែមថា បើមានការអំពាវនាវឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរនៅក្នុងកិច្ចចរចាណាមួយនោះ ទីក្រុងព្យុងយ៉ាងនឹងឆ្លើយថា ជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសខ្លួន។
ដូច្នេះឃើញថា ការដែលទីក្រុងព្យុងយ៉ាងទើបមានច្បាប់រដ្ឋធម្មនុញថ្មីនេះ ពិតជាដំណឹងអាក្រក់មួយចំពោះភាគីពាក់ព័ន្ធនៅក្នុងកិច្ចចរចា ៦ភាគីស្តីពីសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។ កិច្ចចរចា ៦ ភាគីដែលជាប់គំាងតំាងពីខែធ្នូ ឆ្នំា ២០០៨ មកម្ល៉េះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ