អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

ការ​រក្សាសិទ្ធិ៖ តើ​អ្នកនិពន្ធ​ស្នាដៃ​ទទួលបាន​ការ​ការពារ​បែបណា​ខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូម​ធ្វើ​ការ​បកស្រាយ​ពន្យល់​អំពី​សិទ្ធិ​អ្នក​និពន្ធ។ តើ​អ្នក​និពន្ធ​ស្នាដៃ​មួយ​​ទទួល​បាន​ការការពារ​បែបណា​ខ្លះ? តើ​​សាធារណជន​ជាទូទៅ អាច​ប្រើប្រាស់​ស្នាដៃ​មួយ​ត្រឹមកម្រិតណា ដែល​មិនចាំបាច់​សុំ​ការអនុញ្ញាត​ពី​អ្នក​និពន្ធ?

សេង ឌីណា
សេង ឌីណា ©RFI
ផ្សាយពាណិជ្ជកម្ម

តើ​អ្វី​ទៅ​ជា​ “សិទ្ធិ​អ្នក​និពន្ធ”?

សិទ្ធិអ្នកនិពន្ធ (ការ​រក្សា​សិទ្ធិ) គឺ​ជា​​មែកធាងមួយ នៃ​កម្មសិទ្ធិ​បញ្ញា។

“កម្មសិទ្ធិបញ្ញា” (កម្មសិទ្ធិ + បញ្ញា) គឺ​ជា​សិទ្ធិ​​របស់​បុគ្គល​ណាមួយ (ទោះជា​រូបវ័ន្ត​បុគ្គល​ក៏ដោយ ឬជា​នីតិបុគ្គល​ក៏ដោយ) ​ជា​ម្ចាស់​​កម្មសិទ្ធិ​​ផ្តាច់មុខ​ទៅ​លើ​​​ស្នាដៃ ឬ​ក៏​អ្វី​ផ្សេងទៀត ដែល​ជា​ផលផ្លែ កើតចេញ​ពី​គំនិត-បញ្ញា​របស់​ខ្លួន។  “កម្មសិទ្ធិបញ្ញា” ត្រូវ​ចែកចេញ​ជា​ពីរផ្នែក​ធំៗ៖

១-កម្មសិទ្ធិឧស្សាហកម្ម៖ ដូចជា រូបគំនូរ​ឧស្សាហកម្ម, សញ្ញា​ពាណិជ្ជកម្ម, ការ​រកឃើញ ឬ​ការ​ច្នៃប្រឌិត​អ្វី​មួយ (តក្កកម្ម) ដូចជា ការ​រកឃើញ​ផលិតផល​អ្វីមួយ ឬ​ក៏​ដំណើការ​ផលិតកម្ម​ណាមួយ ។ល។ នៅ​កម្ពុជា សិទ្ធិ​ទាំងនេះ ត្រូវបាន​ការ​ពារ​ដោយ​ច្បាប់​ ស្តីពី​ ប្រកាសនីយបត្រ​តក្កកម្ម, វិញ្ញាបនបត្រ​ម៉ូដែល​មាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម ដែល​សភា​អនុម័ត​ កាល​ពីឆ្នាំ​២០០២។

២-សិទ្ធិអ្នកនិពន្ធ៖ គឺ​សំដៅ​លើ​ស្នាដៃ​​ខាងផ្នែក​អក្សរសាស្រ្ត, វិទ្យាសាស្រ្ត, សិល្បៈ, តូរ្យតន្រ្តី ដែល​កើត​ចេញ​ពី​ការ​ច្នៃប្រឌិត បង្កើត​ឡើង​ដោយ​គំនិត​ប្រាជ្ញា​ ឬ​ដោយ​មនោសញ្ចេតនា។ ស្នាដៃ​ទាំង​អស់នេះ​ទទួល​បាន​ការ​ការពារ​ពី​ច្បាប់ ស្តីពី​សិទ្ធិអ្នកនិពន្ធ​ និង​សិទ្ធិ​ប្រហាក់ប្រហែល ដែល​សភា​អនុម័ត កាល​ពី​ឆ្នាំ​២០០៣។

ដើម្បី​ឲ្យ​ស្នាដៃ​មួយ​​ទទួល​បាន​ការការពារ​ដោយ​សិទ្ធិ​អ្នក​និពន្ធ តើ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​អ្វីខ្លះ?

ដើម្បី​ឲ្យ​ស្នាដៃ​មួយ​អាច​ទទួល​បាន​ការការពារ​ពី​សិទ្ធិ​អ្នក​និពន្ធ ស្នាដៃ​នោះ​​ត្រូវ​តែ​មាន​ទម្រង់​ណាមួយ​ជាក់លាក់ មិនមែន នៅ​ជា​គំនិត​អរូបិយ។ គំនិត ដែល​​ស្ថិត​នៅ​​ជា​លក្ខណៈ​អរូបិយ​​គេ​មិន​អាច​ការពារបានទេ។ គេ​ការពារ​បាន​ លុះត្រាតែ​គំនិត​នោះ ​ត្រូវ​បញ្ចេញ​មក​ខាងក្រៅ ក្នុង​ទ្រង់ទ្រាយណាមួយ​ជាក់លាក់ ដែល​តាម​ច្បាប់ គេ​​ឲ្យ​ឈ្មោះ​ថា “ស្នាដៃ” ដូចជា៖

  • ការ​និពន្ធ​៖ សៀវភៅ, ​បទភ្លេង, ចម្រៀង, ប្រលោមលោក, ភាពយន្ត
  • ការ​សម្តែង៖ ការ​សម្តែង​​របាំ ឬការប្រគំតន្រ្តី
  • ការផ្សាយ​ជា​សំឡេង, រូបភាព ឬ​ឯកសារ​នានា ​តាម​វិទ្យុ ឬ ទូរទស្សន៍ ។ល។

យោងតាម​មាត្រា ៣ នៃ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ គឺ​ស្នាដៃ​ទាំងនេះ​ហើយ ដែល​ទទួល​បាន​ការការពារ​ពីច្បាប់។

លក្ខខណ្ឌ​ទី២ ​ស្នាដៃ ដែល​ទទួល​បាន​ការការពារដោយ​សិទ្ធិអ្នកនិពន្ធ ត្រូវតែ​ជា​ស្នាដៃ​ដើម ពោលគឺ​ជា​ស្នាដៃ​ ដែល​បង្កើត​ឡើង​​តាម​គំនិត​ប្រាជ្ញា​ផ្ទាល់​របស់​អ្នក​និពន្ធ មិនមែន​​ធ្វើ​តាម​គេ។

ជាឧទាហរណ៍​ជាក់ស្តែង តើ​ស្នាដៃ​អ្វី​ខ្លះ ដែល​ទទួល​បាន​ការការពារ​ពី​ច្បាប់ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ?

ចំណុច​នេះ គឺ​មាន​ចែង​ក្នុង​មាត្រា ៣​ នៃ​ច្បាប់​ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ៖

  • សៀវភៅ​អាន​គ្រប់ប្រភេទ ឬ​ក៏​ឯកសារ​ផ្សេងៗ​ទៀត ស្តីពី​អក្សរសាស្រ្ត, សិល្បៈ វិទ្យាសាស្រ្ត និង​ការ​អប់រំ
  • អត្ថបទ​បឋកថា សង្កថា ឬ​ធម្មទេសនា
  • ការតែងទំនុកច្រៀង, ​បទភ្លេង
  • ការសម្តែង​របាំ, ការសម្តែង​សៀក ឬ​ការ​សម្តែង​កាយវិការ
  • ស្នាដៃ​ជា​ផ្ទាំងគំនូរ, រូបចម្លាក់, រូបថត, ផែនទី, ប្លង់​ស្ថាបត្យកម្ម
  • កម្មវិធី​កុំព្យូទ័រ
  • ផលិតផល​សិប្បកម្ម ដូចជា តម្បាញ ឬ​ក៏​ម៉ូដ​សម្លៀកបំពាក់ ។ល។ និង​។ល។

 
ស្នាដៃមួយ ដើម្បី​ទទួល​បាន​ការការពារ​ពី​សិទ្ធិអ្នក​និពន្ធ តើ​គេ​ត្រូវ​​ធ្វើ​ការ​ចុះ​បញ្ជី​​អ្វី​ដែរ​ឬទេ?

សិទ្ធិអ្នកនិពន្ធ មិនតម្រូវ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​អ្វីទេ។ ឲ្យ​តែ​ស្នាដៃ​នោះ​ កើតឡើង​ចេញ​ជា​ទម្រង់​ជាក់លាក់​ណាមួយ ហើយ​ជា​ស្នាដៃ​ដើម​របស់​អ្នកនិពន្ធ គឺ​អាច​ទទួល​បាន​ការ​ការពារ​ពី​សិទ្ធិ​អ្នក​និពន្ធ។

យោងតាម​មាត្រា ៥ នៃ​ច្បាប់​ស្តីពី​សិទ្ធិអ្នកនិពន្ធ ឆ្នាំ​២០០៣ ចែងថា ស្នាដៃមួយ ទោះបីពុំទាន់​ចប់សព្វគ្រប់ក្តី ឬពុំទាន់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈក្តី ស្នាដៃនោះ ត្រូវ​ចាត់ទុក​ថា​បាន​បង្កើតឡើង​ដោយ​ចំណេះដឹង​ពិតប្រាកដ​តែមួយ​គត់​ពីគំនិត​ប្រាជ្ញា​អ្នកនិពន្ធ​ដែរ ពោល​គឺ ត្រូវ​ទទួលបាន​ការការពារ​ពី​សិទ្ធិ​អ្នកនិពន្ធ​ដែរ។

ដូច្នេះ ចំពោះ​សិទ្ធិ​អ្នកនិពន្ធ ច្បាប់​​​មិនតម្រូវ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​អ្វី​ទេ។ ក៏ប៉ុន្តែ ការ​យក​ស្នាដៃ​ទៅ​ចុះ​បញ្ជី នៅ​ស្ថាប័ន​មាន​សមត្ថកិច្ច គឺ​វាមាន​ប្រយោជន៍​​ដល់​ម្ចាស់​ស្នាដៃ ព្រោះ​ថា ការចុះបញ្ជី​ គឺ​​ជា​ភស្តុតាង​បញ្ជាក់​​​​អំពី​កម្មសិទ្ធិ​លើ​ស្នាដៃ។

តើ​សិទ្ធិអ្វី​ខ្លះ ដែល​ត្រូវ​បាន​ការពារ​ដោយ​សិទ្ធិ​អ្នកនិពន្ធ?

យោងតាម​​ច្បាប់ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ ត្រង់មាត្រា ១៨៖ អ្នកនិពន្ធ​ស្នាដៃ គឺ​ជា​​ម្ចាស់​កម្មសិទ្ធិ​ផ្តាច់មុខ​លើ​ស្នាដៃ​នោះ ហើយ​ជា​សិទ្ធិ ដែល​ជន​គ្រប់រូប​​ត្រូវ​តែ​ទទួល​ស្គាល់។ សិទ្ធិ​នេះ​បែងចែក​ចេញ​ជាពីរ៖

សិទ្ធិសីលធម៌

  • សិទ្ធិ​សម្រេច​អំពី​​ទម្រង់ និង​ពេលវេលា​នៃ​ការផ្សព្វផ្សាយ​ស្នាដៃ​របស់​ខ្លួន​ជា​សាធារណៈ
  • សិទ្ធិ​តម្រូវ​​ឲ្យ​គេ​ដាក់​ឈ្មោះ និង​ឋានៈ សម្រាប់​ទាក់ទង​ជាមួយ​សាធារណជន
  • សិទ្ធិ​ធ្វើការជំទាស់​​នូវ​គ្រប់រូបភាព​នៃ​ការ​បំផ្លើស​ ឬ​ការកែប្រែខ្លឹមសារ ក្នុង​ស្នាដៃ​របស់ខ្លួន ដែល​ជាហេតុ​​ធ្វើ​ឲ្យ​ខូច​​កេរ្តិ៍ឈ្មោះ អ្នក​និពន្ធ

សិទ្ធិបេតិកភណ្ឌ គឺ​សិទ្ធិ​ប្រកបអាជីវកម្ម​លើ​ទ្រព្យ ដែល​ជាស្នាដៃ​របស់​ខ្លួន តាមរយៈ​​ការ​បោះផ្សាយ​ជាសាធារណៈ ឬ​ក៏​តាមរយៈ​​ការ​បង្កើត​ស្នាដៃ​បន្ត។ យោងតាម​មាត្រា ២១ នៃ​ច្បាប់ ស្តីពី​សិទ្ធិអ្នកនិពន្ធ អ្នកនិពន្ធ​មាន​សិទ្ធិ​ផ្តាច់មុខ ធ្វើ​ដោយ​ខ្លួន​ឯង ឬ​ក៏​អនុញ្ញាត​ឲ្យ​គេ​ធ្វើ​បន្ត នូវកិច្ចការ​ដូចតទៅ៖

  • ចែកចាយ​ជា​សាធារណៈ តាម​ការលក់ ការជួល ឬ​តាម​មធ្យោបាយផ្សេង​ទៀត នូវច្បាប់ដើម ឬ​ច្បាប់​ចម្លង
  • ការបកប្រែ​ជា​ភាសា​បរទេស
  • ការយកលំនាំតាម ឬ​ការ​កែសម្រួល​ផ្សេងៗ​ទៀត ដូចជា ការ​យក​រឿងប្រលោមលោក និពន្ធ​ជាសៀវភៅ ទៅ​ធ្វើ​ជា​ខ្សែភាពយន្ត
  • ការផលិត​ស្នាដៃ​ឡើងវិញ ដូចជា ការ​យក​សៀវភៅ​ទៅ​បោះពុម្ពឡើងវិញ ឬក៏យក​ខ្លឹមសារ​ទៅ​ផ្សព្វផ្សាយ​តាមប្រព័ន្ធ​អ៊ីនធ័រណិត ។ល។ និង​។ល។

សូមបញ្ជាក់ថា ទាំងនេះ គឺ​ជាសិទ្ធិ​ផ្តាច់មុខ​របស់​អ្នក​និពន្ធ មានន័យថា មាន​តែ​អ្នក​និពន្ធ​ទេ ដែល​អាច​ធ្វើ​ការ​ទាំងអស់​នេះ​បាន។ គ្មាន​អ្នកណា​ផ្សេង​អាច​ធ្វើ​បានទេ លុះត្រាតែ​មាន​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ។

តើ​​សិទ្ធិអ្នកនិពន្ធ ទទួល​បាន​នូវការការពារ​ពី​ច្បាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ?

បើនិយាយ​អំពី​សិទ្ធិសីលធម៌ គឺ​មានលក្ខណៈ​អចិន្រ្តៃយ៍ (​មាត្រា ១៩ ច្បាប់​ស្តីពី​សិទ្ធិ​អ្នក​និពន្ធ)។
បើ​និយាយ​អំពី​សិទ្ធិ​បេតិកភណ្ឌវិញ មានន័យថា សិទ្ធិ​ផ្តាច់មុខ​ក្នុងការប្រកបអាជីវកម្ម​លើ​ស្នាដៃ គឺ​ទទួលបានការការពារ​​ពេញ​មួយ​ជីវិត​របស់​អ្នក​និពន្ធ បូកថែម ៥០​ឆ្នាំ ក្រោយ​ពី​អ្នកនិពន្ធ​ទទួលមរណភាព​ទៀត (មាត្រា ៣០ ច្បាប់​ស្តីពី​សិទ្ធិ​អ្នក​និពន្ធ)។

ផុតពី​រយៈពេល​នេះ​ទៅ ស្នាដៃ​ត្រូវ​ក្លាយ​ជា​សម្បត្តិ​សាធារណៈ ដែល​សាធារណជន​ទូទៅ​អាច​យក​ទៅ​​ប្រើប្រាស់​បាន។

តើ​​ស្នាដៃ ចាំបាច់​ត្រូវ​តែ​មាន​ដាក់​សញ្ញា​ “©រក្សាសិទ្ធិ” ទើប​ទទួល​បាន​ការការពារ​សិទ្ធិ​អ្នកនិពន្ធ ឬ​យ៉ាងណា?

តាមច្បាប់ នៅប្រទេស​ខ្លះ គេ​តម្រូវ​ឲ្យ​​ដាក់​​សញ្ញា​ "©រក្សាសិទ្ធិ" លើ​ស្នាដៃ​ណាមួយ ទើប​អាច​ទទួល​បាន​ការការពារ​​សិទ្ធិ​អ្នក​និពន្ធ។

ក៏ប៉ុន្តែ តាម​ច្បាប់ នៅ​កម្ពុជា ក៏​ដូចជា ប្រទេស​ផ្សេងទៀត ដែល​ជា​ហត្ថលេខី នៃ​អនុសញ្ញាក្រុង​ប៊ែន (Berne) គេ​មិនតម្រូវ​ឲ្យ​មាន​ដាក់​សញ្ញា “©រក្សាសិទ្ធិ”​ទេ។ បើទោះជា​ស្នាដៃ​ ដែល​គ្មាន​ដាក់​សញ្ញា​ “©រក្សាសិទ្ធិ” ក៏​ទទួល​បាន​ការការពារ​​ដោយ​សិទ្ធិ​អ្នកនិពន្ធ​ដែរ។

ក៏ប៉ុន្តែ សញ្ញា “©រក្សាសិទ្ធ” មានប្រយោជន៍ ក្នុង​ការ​ជូនដំណឹង​ដល់​សាធារណជន​ថា ស្នាដៃ​នេះ ស្ថិត​ក្រោម​​ការរក្សាសិទ្ធិ។ ប្រសិន​បើគ្មាន​សញ្ញា “©រក្សាសិទ្ធិ” វា​អាច​ចោទជាបញ្ហា នៅពេល​មាន​ក្តីក្តាំ។ ចុងចោទ​គេ​អាច​ដោះសារថា គេ​មិនបានដឹង ដោយ​ស្មានថា ស្នាដៃ​នេះ​​មិនមាន​រក្សាសិទ្ធិ។ ប្រសិនបើ​មាន​ដាក់​សញ្ញា “©រក្សាសិទ្ធិ” គេ​មិន​អាច​​ដោះសារ​ថា មិន​បាន​ដឹងនោះទេ។

ការចម្លង​ឡើងវិញ​នូវ​ស្នាដៃ​និពន្ធមួយ ដើម្បី​ទុក​ប្រើប្រាស់​ផ្ទាល់​ខ្លួន ដោយ​មិន​យក​ទៅធ្វើ​អាជីវកម្ម តើ​ជា​ការរំលោភ​សិទ្ធិ​អ្នកនិពន្ធ​ដែរឬទេ?

បើ​តាម​ច្បាប់ នៅប្រទេស​ខ្លះ (ដូចជា ​បារាំង​ ជាដើម) ការ​ចម្លង​ស្នាដៃ​មួយ ដូចជា ចម្លង​សៀវភៅ​ជាដើម អាច​ធ្វើ​ទៅបាន​ ទាល់តែ​ការ​ចម្លង​នេះ​ធ្វើ​ឡើង​តែ​មួយ​ផ្នែក​តូចមួយ។
ក៏ប៉ុន្តែ នៅ​កម្ពុជា​វិញ ច្បាប់​ស្តីពី​សិទ្ធិអ្នក​និពន្ធ ត្រង់មាត្រា ២៤ ចែងថា ការផលិតឡើងវិញ​ចំនួន​មួយច្បាប់ ជាលក្ខណៈ​ឯកជន​នូវស្នាដៃ ដែល​បាន​បោះពុម្ព​រួចហើយ ដើម្បី​យក​មកប្រើប្រាស់​ផ្ទាល់ខ្លួន គឺ​អាច​ធ្វើ​ទៅបាន ដោយ​មិនចាំបាច់​មាន​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ​ឡើយ។

ក៏ប៉ុន្តែ ​ការចម្លង​​យក​ទៅប្រើប្រាស់​ផ្ទាល់ខ្លួន​នេះ មិនអាច​ធ្វើ​ទៅបាន​ទៅបាន​ទេ ក្នុង​ករណី​មួយចំនួន ដូចជា៖

  • ការចម្លង​កម្មវិធី​កុំព្យូទ័រ
  • ការចម្លង​​​ប្លង់​ស្ថាបត្យកម្ម
  • ការចម្លង​​ចេញ​ពី​​ប្រព័ន្ធ​អ៊ីនធ័រណិត
  • ឬ​ការ​ចម្លង​ ឬ​ការ​ផលិតឡើងវិញ នូវ​ស្នាដៃ​ណាមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​អាជីវកម្ម​ជាប្រក្រតី​​នៃ​​ស្នាដៃ​នោះ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ស្របច្បាប់​​របស់​អ្នក​និពន្ធ។

ការដកស្រង់ខ្លឹមសារ​មួយ​ផ្នែក​នៃ​ស្នាដៃ​មួយ ដើម្បី​យក​មកផ្សព្វផ្សាយ តើ​ចាំបាច់ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ​ដែរឬទេ?

ការដកស្រង់ខ្លឹមសារ​នេះ អាច​ធ្វើ​ទៅបាន ដោយ​មិនចាំបាច់​សុំ​ការអនុញ្ញាត​ពី​អ្នក​និពន្ធ​ទេ យោង​ទៅតាម​មាត្រា ២៥ នៃ​ច្បាប់​ស្តីពី​សិទ្ធិអ្នកនិពន្ធ។ ក៏ប៉ុន្តែ ត្រូវមាន​លក្ខខណ្ឌ​ពីរ៖

  • ជាការ​ដកស្រង់​តែមួយផ្នែកខ្លីៗ មិនមែន​ដកស្រង់​ទាំងស្រុង
  • ត្រូវមាន​ការ​បញ្ជាក់​យ៉ាងច្បាស់លាស់​នូវឈ្មោះ​របស់​អ្នកនិពន្ធ និង​ប្រភព​នៃ​ស្នាដៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ