អានតួអត្ថបទ
កម្ពុជា

កម្ពុជា-ចិន​ ព្រមព្រៀង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យ​

លោក ហ៊ូ ជិន​តាវ​ ( Hu Jintao )​ ប្រធានាធិបតី​​ចិន​ បាន​បញ្ចប់​​ដំណើរ​​ទស្សនកិច្ច​​រយៈពេល​ ៤​ ថ្ងៃ​​នៅ​​កម្ពុជា​ នៅ​​ថ្ងៃ​​ចន្ទ​ទី​​២​​មេសា​​នេះ​។​ កម្ពុជា​ និង​​ចិន​ បាន​ចេញ​​សេចក្តីថ្លែងការណ៍​​រួម​ ដែល​​មាន​ ៦​ ទំព័រ​ បង្ហាញ​​ពី​​ការ​គាំទ្រ​និង​​ឯកភាព​​គ្នា​​ ​អនុវត្ត​​នូវ​​កិច្ច​​សហ​ប្រតិ​ប​ត្តិ​ការ​ ក្នុង​​ភាព​​ជា​​ដៃគូ​ ជា​​​យុទ្ធសាស្ត្រ​​ រវាង​​ប្រជាជាតិ​​ទាំង​ពីរ​។​ កម្ពុជា ​បាន​​ប្រកាស​​បន្ត​​គាំទ្រ​​នយោបាយ​​ចិន​​តែ​មួយ​។​ កម្ពុជា​ ក៏​​គាំទ្រ​​ចិន​ ក្នុង​​បញ្ហា​​ជម្លោះ​​នៅ​​សមុទ្រ​​ចិន​​ខាង​ត្បូង​ គឺ​​បញ្ហា​​ព្រំដែន​​សមុទ្រ​​ រវាង​​ចិន​ និង​​បណ្តា​​ប្រទេស​​សមាជិក​​អាស៊ាន ​ត្រូវ​​ដោះស្រាយ​​តែ​​ក្នុង​​ក្រប​ខណ្ឌ​​អាស៊ាន​-​ចិន​ និង​យន្ត​ការ​​ដែល​មាន​ស្រាប់។ ​​

លោក​ប្រធានាធិបតី​ចិន ហ៊ូជីនតាវ​(ឆ្វេង)​និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​(ស្តាំ)​នៅឱកាស​ពិធីចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​​នៅភ្នំពេញ​៣១មីនា​២០១២
លោក​ប្រធានាធិបតី​ចិន ហ៊ូជីនតាវ​(ឆ្វេង)​និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​(ស្តាំ)​នៅឱកាស​ពិធីចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​​នៅភ្នំពេញ​៣១មីនា​២០១២ REUTERS/Tang Chhin Sothy
ផ្សាយពាណិជ្ជកម្ម

ក្នុងអំឡុងពេល​ដែល​មាន​ការផ្លាស់ប្តូរ​យ៉ាង​ជ្រាលជ្រៅ និង​ស្មុគស្មាញ​នៃ​ទិដ្ឋភាព​ក្នុង​តំបន់ និង​​អន្តរជាតិ វា​ពិតជា​ចាំបាច់​ណាស់ ដែល​យុទ្ធសាស្ត្រ​រយៈពេល​វែង និង​ច្បាស់លាស់ រវាង​ចិន និង​កម្ពុជា ត្រូវ​ធ្វើឲ្យ​កាន់តែ​ស៊ី​ជម្រៅ​នូវ​ការទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មកជា​លក្ខណៈ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត​។ នេះ​ជា​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​រួម​រវាង​កម្ពុជា និង​ចិន នៅ​ពេល​​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន នៅ​កម្ពុជា ​រយៈពេល ៤ ថ្ងៃ នា​ថ្ងៃ​ចន្ទ ទី​២​មេសា​។

​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​ជា​យុទ្ធសាស្ត្រ ​រវាង​កម្ពុជា និង​ចិន ត្រូវ​បាន​បញ្ជាក់​ឡើង​វិញ​​លើ​គ្រប់​វិស័យ មាន​ជាអាទិ៍​វិស័យ​នយោបាយ និង​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ជាដើម​។ តាម​​សេចក្តីថ្លែងការណ៍​រួម កម្ពុជា​-​ចិន ឯកភាព​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រចាំឆ្នាំ ឲ្យ​កើន​ឡើង​ទ្វេដង ពី ២.៥០០ លាន​ដុល្លារ នៅពេល​បច្ចុប្បន្ន ឲ្យដល់ ៥.០០០ លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧​។

 ភាគី​ចិន ក៏​ត្រៀម​បន្ត​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ទៅតាម​សមត្ថភាព​របស់​ខ្លួន ដល់​ការ​អភិវឌ្ឍន៍​​ជាតិ​កម្ពុជានិង​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា ដូចជា គមនាគមន៍ ថាមពល​ទូរគមនាគមន៍​ និង​ការគ្រប់គ្រង​ទឹក​។​ល​។

​ភាគី​កម្ពុជា​បញ្ជាក់​សា​ជា​ថ្មី​អំពី​ការបន្ត​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែមួយ នោះគឺ​ទទួល​​ស្គាល់​​​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថា ជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយ​គត់​​របស់​ចិន ហើយ​តៃវ៉ាន់ គឺជា​ផ្នែក​មួយ មិន​អាច​កាត់ផ្តាច់​ចេញ​បាន​របស់​ចិន​។ តាម​សេចក្តី​សេចក្តី​ថ្លែងការណ៍ កម្ពុជា​ប្រឆាំងនឹង​ឯករាជ្យ​របស់​តៃវ៉ា់ន់ ទោះជា​ក្នុង​រូបភាព​ណាក៏ដោយ ហើយ​​បន្ត​គាំទ្រ​ការវិវឌ្ឍន៍ ដោយ​សន្តិវិធី​នៃ​ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ និង​បុព្វហេតុ​ដ៏​ចម្បង​នៃ​ការ​បង្រួបបង្រួម​ចិន​ឡើងវិញ ដោយ​សន្តិវិធី​។ ចំពោះ​ជំហរ​របស់​កម្ពុជា​ដូច្នេះ នាំឲ្យ​ភាគី​ចិន ពេញ​ចិត្ត​យ៉ាងខ្លាំង​។

​ភាគី​ចិន គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ភាគី​កម្ពុជា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ ដើម្បី​ជំរុញ​​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​បូ​ព៌ាជាដើម​។ ភាគី​ទាំងពីរ ឯកភាព​ថា ចិន និង​បណ្តា​ប្រទេស​​អាស៊ាន ត្រូវ​បន្ត​គោរព​តាម​គោលបំណង និង​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍ ស្តីពី ការ​ប្រតិបត្តិ​របស់​​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បុង ធ្វើ​ឲ្យ​យន្តការ ដែល​មាន​ស្រាប់​ទាំងអស់ ​ដំណើរការ​ពេញ​លេញ​។

ចិន និង​បណ្តា​ប្រទេស​អាស៊ាន ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នៃ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ធ្វើ​​ឲ្យ​តំបន់​នេះ ក្លាយ​ជា​សមុទ្រ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ សម្រាប់​ចិន និង​បណ្តា​​ប្រទេស​អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និង​ម៉ាឡេស៊ី​។

​សូម​រម្លឹកថា នៅ​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន នៅ​កម្ពុជានា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្ត្រី​ពលរដ្ឋ​បឹងកក់​មួយក្រុម បាន​ព្យាយាម​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន ទោះបីជា​មាន​សមត្ថកិច្ច​រារាំង​ក៏ដោយ​។ ប៉ុន្តែមិនមានអំពើហិង្សាវាយបង្ក្រាបទេ។ ​មន្ត្រី​ស្ថានទូត​ចិន មិន​ទទួល​យក​ញត្តិ សុំ​អន្តរាគមន៍​ក្នុង​រឿង​ដីធ្លី នៅ​បឹង​កក់ ដែល​រដ្ឋាភិបាល ប្រគល់​ដី​បឹងកក់ ឲ្យ​ក្រុមហ៊ុនស៊ូ​កាគូ​អ៊ិន សហការ​នឹង​ក្រុមហ៊ុន​ចិន ​អភិវឌ្ឍន៍​នោះ​ឡើយ​។ អ្នកយាម​ស្ថានទូត សំអាង​​ថា ទូត​ចិន​ត្រូវ​ឈប់​សម្រាក​បុណ្យ​សែន​ឆេង​ម៉េង​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​តំណាង​​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ទេព វ​ន្នី​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ