អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

​ទល់​លាមកជា​អ្វី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រប់​គ្នា​បាន​ស្គាល់​តិច​ឬ​ច្រើន​អ្វី​ទៅ​ដែល​ហៅ​ថា ការ​ទល់លាមក។ ថ្វី​បើ​ការ​ទល់​លាមក​នេះ អាច​​រំខាន​យើង​ខ្លាំង ឬ​អាច​ជំរុញ​ឱ្យ​មាន​ឈឺ​ចុក​ចាប់ខ្លាំង​ក៏​ពិត​មែន តែ​ការ​ទល់​លាមក​មិន​មែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​ទេ។ ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ ករណី​ដែល​ការ​ទល់​លាមក​អូស​បន្លាយ​ កើត​ឡើង​ជា​ញឹកញាប់​ជាប់ៗ​គ្នា​រាប់​ខែ​ រាប់​ឆ្នាំ​ បូក​ផ្សំ​បន្ថែម​ដោយ​ការ​ឈឺ​ចុក​ចាប់​ជាប់​ជា​ប្រចាំ​ទៀត​នេះ គឺ​មាន​ការ​ចូល​ដឹក​ចូល​មន្ទីរ​ពេទ្យ​ទេ។ ការ​ទល់​លាមក​បែប​នេះ គេ​ហៅ​ថា ជា​ជំងឺ​រ៉ាំរ៉ៃ​ ឬ​ធ្ងន់ និង​ត្រូវ​ទទួល​ការ​ព្យាបាល​ជា​ពិសេស។

រូប​ចម្លាក់​ស្តី​ពី​បង្គន់ នៅ​កូរ៉េខាង​ត្បូង
រូប​ចម្លាក់​ស្តី​ពី​បង្គន់ នៅ​កូរ៉េខាង​ត្បូង Frédéric Ojardias/RFI
ផ្សាយពាណិជ្ជកម្ម

ឈឺ​ខ្លាំង​ ប៉ោង-​ហើម​ពោះ​ ពិបាក​ទៅប​ត់​ជើង​ធំ ទាំង​នេះ​សុទ្ធ​សឹង​ជា​រោគ​សញ្ញា​​បញ្ជាក់​ថា​មាន​ជំងឺ​ទល់​លាមក។ ជា​ទូទៅ​ស្ត្រី​ជួប​បញ្ហា​នេះ​ច្រើន​ជាង​បុរស។ ចំពោះ​កុមារវិញ ក្មេង​ប្រុស​មាន​អាការៈ​ទល់​លាមក​ច្រើន​ជាង​កុមារី។


ទល់​លាមក​ សម្គាល់​ឡើង​ដោយការភាព​យឺត​យ៉ាវ​នៃ​ការ​បន្ទោរ​បង់ លាមករឹង​​ស្ងួត ព្រោះ​ខ្សោះ​អស់​ជាតិ​ទឹក។ មនុស្សម្នាក់ៗ​ខុស​គ្នា ខ្លះ​ត្រូវ​ការ​បញ្ចេញ​ចោល​ជា​រៀង​រាល់​ថ្ងៃ​ ខ្លះ​ពីរ​ថ្ងៃ​ម្តង។ និយាយ​ជា​រួម​ គ្មាន​ទេ​ក្បួន​​ពិត​ប្រាកដ​ថា​ មនុស្ស​ម្នាក់​ត្រូវទៅ​ជុះ​ប៉ុន្មានដង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ។ ទល់​លាមក​​គឺ​ជា​កំណត់​ចំណាំ​របស់​បុគ្គល​ផ្ទាល់​តែ​ម្តង។

ភាគ​ច្រើន​ ការ​ទល់​លាមក​ច្រើន​​កើត​ឡើង​ម្តង​ម្កាល​ រួច​ក៏​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ឬ​ដោយ​ការ​ប្តូរ​ផ្លាស់​របប​​អាហារ ​ឬ​អនាម័យ​ក្នុង​ការ​រស់​នៅ ហាត់​ប្រាណ​ធ្វើ​កីឡា​។ តែ​ក៏​មាន​ដែរ​ការ​ទល់​លាមក​ជា​ប្រចាំ​។

អាការៈ​ទល់​លាមក​ម្តង​ម្កាល​ ច្រើន​តែ​កើត​ឡើង​ នៅ​ពេល​ស្ត្រី មាន​ផ្ទៃ​ពោះ ខែ​ចុងក្រោយ ឬ​បន្ទាប់​ពី​បរិភោគ​អាហារ​បន្ត​ជាប់​គ្នា​អត់​ទៅ​បត់​ជើង ឬ ក្រោយ​ពី​ធ្វើ​ដំណើរ​ឆ្ងាយ។
ការទល់លាមក​រ៉ាំរ៉ៃ​ អាច​ធ្វើ​ឱ្យ​បុគ្គល​ម្នាក់​អាក់​ខាន​ធ្វើ​អ្វី​មិន​កើត ជាប់ៗ​គ្នា​រយៈ​ពេល​ចាប់​ពី​៦​ខែ​ឡើង​ទៅ ដោយ​មូលហេតុ​ផ្សេងៗ។

តើ​នឹង​មាន​ហេតុ​អ្វី​កើត​ឡើង​ ដែល​នាំ​ឱ្យ ​ទល់លាមក ? នៅ​ពេល​ធម្មតា បន្ទាប់​ពី​ទទួល​ទាន​អាហារ​ ដាក់​ចូល​ក្នុង​មាត់​ទំពារ​ រួច​លេប​ចូល​ តាម​បំពង់​អាហារ​ទៅ ចំណី​នោះ​ក៏​ធ្លាក់​ចូល​ទៅ​ដល់​ក្រពះ។ ក្រពះ​កិន​បំបែក និង​ស្រូប​យក​ជីវជាតិ​​នៅក្នុង​ចំណី​ទាំង​អម្បាល​ទៅ​ចែក​ចាយ​ឱ្យ​សរីរាង្គ​​ផ្សេង​ទៀត​ តាម​រយៈ​យន្តការ​និង​សកម្មភាព​បំផ្លែង​​តាម​បែប​ធម្មជាតិ។ ការ​រំលាយ​អាហារ​​ បន្ត​ធ្វើ​នៅ​ក្នុង​ពោះវៀន​តូច​ ដែល​នៅ​ទីនោះ ជ្រាំង​ពោះវៀន​ស្រូប​ជីវជាតិ​ ​ពីអាហារ​ជាពិសេស វីតាមីន និង​អំបិល​រ៉ែ ទៅ​ចិញ្ចឹម​ខ្លួន​ប្រាណ។

ជីវជាតិ​ណា​ដែល​សរីរាង្គ​កាយ​យើង​មិន​ត្រូវ​ការ​ស្រូប​យក​ទេ បន្ត​ដំណើរ​ចុះទៅ​ដល់​ពោះវៀន​ធំ។ ការ​រំលាយ​អាហារ​នៅ​ទី​នេះ​មិន​សូវ​ជា​ប្រយោជន៍​អ្វី​ផ្នែក​ចិញ្ចឹម​រាងកាយ​ទេ។ តែ​នៅ​ដំណាក់កាល​នេះ ​អាច​មាន​ការ​ខ្សោះ​និង​សម្ងួត ​ ព្រោះជាតិ​ទឹក​ត្រូវ​បាន​ស្រូវ​យក​ដោយ​ពោះវៀនធំ។ ជា​ចុង​ក្រោយ​សំណល់ចំណី​អាហារ​​បាន​ក្លាយ​ជា​លាមក​ ដែល​ត្រូវ​យក​ទៅ​ស្តុក​ទុក​នៅ​ក្នុង​ថង់​លាមក មុន​ ​បញ្ចេញ​ចោល​មក​ក្រៅ​ដោយ​សាច់​ដុំ​ខ្ជឹប​ទ្វារធំ លា។

ការ​ទល់​លាមក​អាច​ជា​ផលវិបាក​នៃ​ជំងឺ (ជំងឺ​ប្រព័ន្ធ​ប្រសាទ ជំងឺ​មេតាបូលិក ...) ឬ​នៃ​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន។ ជួន​កាល​ការ​ទល់​លាមក​នេះ​បណ្តាល​មក​ពី​ភាព​យឺត​យ៉ាវ​នៃ​វឌ្ឍនកម្ម​ផ្នែក​លាមក​​​នៅ​ក្នុង​ពោះ​វៀន​ (ក្នុង​ករណី​នេះ គេ​ហៅ​ការ​ទល់​លាមក​វឌ្ឍនកម្មconstipation de progression)។ ក្នុង​ករណី​មួយ​ទៀត ដំណើរ​ការ​វឌ្ឍនកម្ម​សំណល់​លាមក​ ប្រព្រឹត្ត​ទៅ​ដោយ​ធម្មតា​ ប៉ុន្តែ​អ្នក​ជំងឺ​​មាន​បញ្ហា​ផ្នែក​បន្ទោរបង់ ដោយ​សារ​តែ​បំបែក​ចុងក្រោយ​នៃ​ពោះវៀន​ធំ​ (ថង់លាមក និង ទ្វារ​ធំ) មាន​ដំណើរ​ការ​មិន​ត្រឹម​ត្រូវ​ (ទល់លាមកនៅ​ចុង constipation terminale)។

ស្តីអំពីសណ្ឋាន​លាមក​វិញ គេ​អាច​​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​យោល​ទៅ​តាម​មាត្រាដ្ឋាន Bristol ដែល​ បែង​ចែង លាមក​មនុស្ស​ជា​៧​ប្រភេទ ទៅ​តាម​ទម្រង់ ពី​អាចម៍​ដូច​ទន្សាយ​ ទៅ​នឹង​អ្វី​ដែល​ស្រដៀង​នឹង​សាច់​ក្រក​ …។ ទម្រង់​នៃ​លាមក​ប្រែប្រួល​ទៅ​តាម​ពេល​វេលា​ដែល​ស្នាក់​នៅ​ក្នុង​ពោះវៀនធំ។ លាមក​ប្រភេទ​ទី ១ និង​ទី២ ជា​បង្ក​ឱ្យ​មាន​ការ​ទល់។

យើង​អាច​ធ្វើ​តេស្ត​មើល​លាមក​​តាម​មាត្រដ្ឋាន​ ដើម្បី​កំណត់​ថា​អ្នក​មានការ​ទល់​លាមក​ឬ​អត់
រយៈពេល​ទល់​លាមក មុន​​ឬ​បន្ទាប់​ពី​មាន​លាមក​រាវ​ អាច​ជា​ការបង្ក​ជា​ភ័ន្ត​ច្រលំ​នឹង​អាការៈ​រាករូស។ ក្នុង​ករណី​នេះ​ត្រូវព្យាបាល​ដូច​មាន​ការ​ទល់​លាមក​ធម្មតា។ ​

បន្ទាប់​ពី​បាន​អនុវត្តន៍​តាម​​ការណែនាំ​ឱ្យ​​ប្តូរ​ផ្លាស់​របប​អាហារ​ ឬ​សម្រួល​ឥរិយាបថ​ធ្វើ​កីឡា​ហាត់​ប្រាណ​ហើយ ការ​ទល់​លាមក​​នៅ​តែ​មាន​លក្ខណៈ​​រំខាន​ខ្លាំងដដែល គេ​អាច​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស។ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ ឱ្យ​ធ្វើ​ការ​វិភាគ​ផ្សេងៗ ដើម្បី​អាច​កំណត់​បាន​ច្បាស់​អំពី​ប្រភព​ដែល​នាំ​ឱ្យ​មាន​ការទល់​លាមក។ គ្រូពេទ្យ​អាច​សិក្សា​អំពី​ភាព​ផ្ញោច​របស់​ថង់​លាមក​និង​សាច់​ដុំ​ខ្ជឹប​ទ្វារ។

មាន​បច្ចេកទេស​វិភាគ​មួយ​ទៀតឈ្មោះ​ថា biofeedback។ ដោយ​មាន​ជំនួយ​​ជា​សម្ពាធ​អេឡិចត្រូនិក ​ថត​នៅ​លើ​អេក្រង់​ biofeedback នឹង​ទៅ​បង្កើន​អារម្មណ៍លើ​សាច់​ដុំ​ឱ្យ​កន្ទ្រាក់​ ភ្ជាប់​​ទំនាក់ទំនង​រវាងពោះវៀន​តូច​និង​សាច់ដុំ​ខ្ជឹប​មាត់​ទ្វារ​ធំ​ ឱ្យ​ដឹង​បិទ​ដឹង​បើក​និង​បញ្ជូន​​កាល​សំណល់​ចេញ។

ក្នុង​ករណី​ទល់​លាមក​ខ្លះ​ទៀត ជាពិសេស​ពេល​មាន​ការទល់​លាមក​នៅ​ចុង​ ពោល​គឺ​អ្នក​ជំងឺ​មាន​ការ​លំបាក​នឹង​ប្រឹង​បញ្ចេញ​លាមក លំហាត់រៀន​ជុះ​ពីរបី​ដង​ (បង្រៀន​មនុស្ស​ឱ្យ​ចេះ​បញ្ជា​សាច់​ដុំ​ត្រូវ​កន្លែង​ឱ្យ​ធ្វើការ) អាច​ជួយ​អ្នក​មាន​បញ្ហា​ទល់​លាមក​ប្រកប​ដោយ​សុវត្ថិភាព​ដោយ​មិន​ចំណាយ​ថ្នាំ។​

ដំបូន្មាន​៥​យ៉ាង​សម្រាប់​ព្យាបាល​ការ​ទល់​លាមក

ការព្យាបាល​ជំងឺ​មួយ គឺ​អាស្រ័យ​ទាំង​ស្រុង​ទៅ​នឹង​ដើមហេតុ។ ក្រៅ​អំពី​ការព្យាបាល​ឱ្យ​ចំ​លើ​កត្តា​បង្ក​ហេតុ ត្រូវ​មាន​ការ​គោរព​អនាម័យ​ និង​វិន័យ​ក្នុង​ការរស់​នៅ​មួយ​ចំនួន ដូច​ខាងក្រោម ៖
-       បង្កើន​ការ​ទទួល​ទាន​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​សរសៃ។ សារធាតុ​សរសៃ ដែល​អាច​បញ្ចៀស ការ​ហើម​ពោះ​។ សូម​ទទួល​ទាន​ឱ្យ​បាន​ពី​១៥​ទៅ ៤០ក្រាម​ក្នុង​មួយ​ថ្ងៃ។ សារធាតុ​សរសៃ​នេះ​ មាន​សម្បូរ​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ បន្លែ​បៃតង ពពួក​សណ្តែក សណ្តែកគួរ សណ្តែក​បារាំង ហោឡាំងតាវ និង​ផ្លែឈើ។ ពពួក​ចំណី​អាហារ​ទាំង​នេះ សម្បូរ​ជាតិ​ទឹក និង​បង្កើន​បរិមាណ​លាមក ព្រម​ទាំង​មាន​សកម្មភាព​ជួយ​ជំរុញ​ល្បឿន​ឱ្យ​ឆាប់​ចង់​ទៅ​ជុះ។
-       ពិសារ​ទឹក​ យ៉ាង​តិច​បំផុត ១លីត្រ​កន្លះ​ក្នុង​មួយ​ថ្ងៃ។ ផ្សើម​ក្រពះ​ពោះវៀន​ទៀង​ទាត់​ជា​ប្រការ​ចាំ​បាច់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទល់​លាមក។
-       ធ្វើ​កីឡា និង​បញ្ចេញ​សកម្មភាព​ ហាត់​ប្រាណ​ ជា​រៀង​រាល់​ថ្ងៃ
-       បើ​ការ​អនុវត្តន៍​របប​អាហារ​និង​កាយ​សម្បទា​សម​គ្រប់​ត្រឹម​ត្រូវ​ហើយ នៅ​តែ​មិន​អាច​ដោះស្រាយ​បញ្ហា​ទល់​លាមក​បាន​ទៀត សូម​ប្រើ​ថ្នាំ​ជំនួយ​ការ​ជុះ សម្រាប់​រយៈ​ពេល​ខ្លី
ប៉ុន្តែ​សូម​ ​ប្រយ័ត្ន ព្រោះ​ថ្នាំ​បញ្ចុះ​ មាន​ហានិភ័យ​ខុសៗគ្នា។ មាន​ថ្នាំ​ខ្លះ​ពុល​ខ្លាំង​ណាស់ និង​ថ្នាំ​ខ្លាំង​ទៀត គ្មានគ្រោះ​សោះ។ ការនេះ​ទាមទារ​ឱ្យ​បុគ្គល​គ្រប់​រូប​គួរ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ដើម្បី​បាន​ទទួល​ថ្នាំ​បញ្ចុះ​ត្រឹម​ត្រូវ​មាន​សុវត្ថិភាព។ ថ្នាំ​បញ្ចុះ​ល្អ គេ​អាច​ប្រើ​ជាប់​ញយៗ​ដង​ និង​ដោយ​គ្មាន​បង្ក​ឱ្យ​ទល់​លាមក​ជាប់​ជាប្រចាំ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ