ចិន-អាមេរិក-តៃវ៉ាន់ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 30 កក្កដា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 30 កក្កដា 2011

ទំនាក់ទំនង​ស្មុគស្មាញ​ក្នុង “ស្នេហា​ត្រីកោណ” ចិន-អាមេរិក-តៃវ៉ាន់

លោក​ម៉ៃក៍ មូលិន នាយសេនាធិការ​កងទ័ព​ចម្រុះ​អាមេរិក ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ចិន ថ្ងៃ​ទី១០ កក្កដា ២០១១
លោក​ម៉ៃក៍ មូលិន នាយសេនាធិការ​កងទ័ព​ចម្រុះ​អាមេរិក ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ចិន ថ្ងៃ​ទី១០ កក្កដា ២០១១
REUTERS/David Gray

ដោយ សេង ឌីណា

មន្រ្តី​ជាន់ខ្ពស់ចិន និង​អាមេរិក​បាន​ជួប​ប្រជុំ​គ្នា កាល​ពីថ្ងៃ​សុក្រ ២៩ កក្កដា ២០១១ នៅ​ទីក្រុង​វ៉ាស៊ីងតោន ដើម្បី​ពិភាក្សា​គ្នា​អំពី​គម្រោង​ដែល​អាមេរិក​ចង់​លក់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​កោះតៃវ៉ាន់។ អាមេរិក​ព្យាយាម​ស្វះស្វែង​រក​ការយោគយល់​​គ្នា​ជាមួយ​ចិន ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ភាព​តានតឹង ដូច​កាល​ពី​ឆ្នាំ​ទៅមិញ​ទៀត។ ការជួយ​ពង្រឹង​វិស័យការពារជាតិ​តៃវ៉ាន់ គឺ​ជា​កាតព្វកិច្ច​​ដែល​មាន​ចែងក្នុង​ច្បាប់​អាមេរិក ក៏ប៉ុន្តែ ការរក្សា​ទំនាក់ទំនង​ល្អ​ជាមួ​យ​ចិន​ក៏​ជា​ផលប្រយោជន៍​ជាតិ​ដ៏សំខាន់​មួយ​ដែរ។

បទវិភាគ​របស់ សេង ឌីណា
 

30/07/2011

មន្រ្តី​រដ្ឋាភិបាល​អាមេរិក​បាន​ឲ្យដឹង​ថា នៅថ្ងៃ​ទី១ តុលា ២០១១​ខាងមុខនេះ រដ្ឋាភិបាល​អាមេរិក​​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​​ជុំវិញ​សំណើ​របស់​តៃវ៉ាន់ ដែល​សុំ​ទិញ​យន្តហោះ​ចម្បាំង​ធុន F-16 ចំនួន ៦៦​គ្រឿង។
 
កាលពីថ្ងៃ​សុក្រ ម្សិលមិញ ជំនួប​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង នៅ​ទីក្រុង​វ៉ាស៊ីងតោន រវាង​មន្រ្តី​ការទូត​ជាន់ខ្ពស់​ចិន ដែល​ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់ និង​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក។ ខ្លឹមសារ​នៃ​ជំនួប​បិទទ្វារ​នេះ​មិនត្រូវ​បានគេ​ប្រកាស​ឲ្យដឹង​ជា​សាធារណៈ​នោះទេ។ ក៏ប៉ុន្តែ យោងតាម​បណ្តាញ​សារព័ត៌មាន​ចិន​ស៊ីនហួ (Xinhua) ក្នុង​កិច្ចប្រជុំនេះ មន្រ្តី​ការទូត​ចិន​បាន​​សង្កត់ធ្ងន់អំពី​ជំហរ​របស់​រដ្ឋាភិបាល​ចិន ដែល​ជំទាស់​ជានិច្ច​ចំពោះ​ការលក់​អាវុធ​អាមេរិក​ទៅ​ឲ្យ​កោះតៃវ៉ាន់ ពីព្រោះ​ វា​ធ្វើ​​ឲ្យ​ខូច​ដល់​ទំនាក់ទំនង​ចិន-អាមេរិក​ផង និង​ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​សន្តិភាព​រវាង​ចិនដីគោក និង​កោះតៃវ៉ាន់​ផង។
 
គួរ​បញ្ជាក់ថា កាល​ពី​ឆ្នាំ​២០១០​កន្លងទៅនេះ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​បាន​សម្រេច​អនុញ្ញាត​លក់​គ្រឿង​សព្វាវុធ​មួយចំនួន​ ទៅ​ឲ្យ​កោះតៃវ៉ាន់ ក្នុង​នោះ​​រួមមាន​ជាពិសេស មីស៊ីល​ប្រឆាំង​មីស៊ីល និង​ឧទ្ធម្ភាគចក្រ​យោធាដ៏ទំនើប ប្រភេទ Black Hawk ។ ការ​សម្រេច​នោះ​បាន​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ​យ៉ាងខ្លាំង រហូត​​បាន​​ផ្អាក​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក​អស់រយៈពេល​ជាច្រើន​ខែ។
 
កិច្ចប្រជុំ​រវាង​មន្រ្តី​អាមេរិក និង​ចិន កាល​ពី​ម្សិលមិញ​នេះ ទំនង​ជា​ធ្វើ​ឡើង​ក្នុង​គោលដៅ​ ស្វែង​យល់​ពី​គ្នា​ទៅវិញ​ទៅមក ដើម្បី​បញ្ចៀស​​​ភាព​ចម្រូងចម្រាស​ជាថ្មី​ទៀត នៅ​ពេល​​រដ្ឋាភិបាល​អាមេរិក​ ធ្វើ​ការសម្រេច​រឿង​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ នៅ​ខែ​តុលា​ខាងមុខ។
 
កាល​ពី​ដើម​ខែ​កក្កដា កន្លងទៅ​ថ្មីៗនេះ លោក​ម៉ៃក៍ មូលិន (Mike Mullen) នាយសេនាធិការ​កងទ័ព​ចម្រុះ​អាមេរិក បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន។ ទាក់ទង​នឹង​សំណុំរឿង​តៃវ៉ាន់ លោក​មូលិន​បាន​ប្រាប់​សមភាគី​ចិន​ថា ការលក់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​ គឺ​ជា​កាតព្វកិច្ច​ផ្លូវច្បាប់​របស់​រដ្ឋាភិបាល​អាមេរិក ព្រោះ​វា​មាន​ចែង​ក្នុង​ច្បាប់ ដែល​សភា​អាមេរិក​អនុម័ត កាល​ពី​ឆ្នាំ​១៩៧៩។
 
កាលពី​សប្តាហ៍​មុន គណៈកម្មការ​កិច្ចការ​បរទេស នៃ​រដ្ឋសភា​អាមេរិក (House of Representatives) បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​​សម្រេច​លើ​ការ​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់។
 
គួរ​រំឭកឡើងវិញ​ថា នៅមុនឆ្នាំ​១៩៧៩ សហរដ្ឋ​អាមេរិក​ទទួលស្គាល់​​តែ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន (តៃវ៉ាន់) មួយ​ប៉ុណ្ណោះ​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​ចិន។ ក៏ប៉ុន្តែ នៅ​ខែ​មករា ឆ្នាំ​១៩៩៧៩​ អាមេរិក​ក៏​បាន​ផ្លាស់ប្តូរ​មក​​ទទួល​ស្គាល់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ចិន​ដីគោក) វិញ​ម្តង ហើយ​ទទួលស្គាល់ថា តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​​នៃ​​ប្រទេស​ចិន មិនមែន​ជា​រដ្ឋ​ឯករាជ​នោះទេ (នយោបាយ​ចិនមួយ)។
 
ក៏ប៉ុន្តែ នៅ​ឆ្នាំ​ដដែល​នោះ សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​មួយ (Taiwan Relations Act) បង្កើត​កាតព្វកិច្ច​ឲ្យ​រដ្ឋាភិបាល​អាមេរិក​រក្សា​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ដូចមុន ក្នុង​នោះ​រួមមាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌ និង​ពាណិជ្ជកម្ម ព្រមទាំង​ទំនាក់ទំនង​ការទូត​ក្រៅផ្លូវការ។ ច្បាប់​នេះ​ក៏​បាន​តម្រូវ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ផ្គត់ផ្គង់​គ្រឿងសព្វាវុធ​​ សម្រាប់​ឲ្យ​តៃវ៉ាន់​ទុក​ការពារ​ខ្លួន។ បើទោះជា​អាមេរិក​មិនដាក់តាំង​ស្ថានទូត​នៅ​តៃវ៉ាន់ ក៏ប៉ុន្តែ ការិយាល័យ​នៃ​វិទ្យាស្ថាន​មួយ ឈ្មោះ American Institute of Taiwan ត្រូវ​បាន​បង្កើត​ឡើង នៅ​ក្រុង​តៃប៉ិ ដែល​​មាន​បេសកកម្ម​ប្រហាក់ប្រហែល​នឹង​ស្ថានទូត​ដែរ។
 
និយាយ​ជារួម ជាផ្លូវការ អាមេរិក​​ទទួលស្គាល់​តែ​រដ្ឋាភិបាល​ចិន​ដីគោក មិនទទួលស្គាល់​តៃវ៉ាន់ ក៏ប៉ុន្តែ ក្នុង​ការ​អនុវត្ត​ជាក់ស្តែង តៃវ៉ាន់​នៅតែ​ជា​សម្ព័ន្ធមិត្ត​ជាយុទ្ធសាស្រ្ត​របស់​អាមេរិក​ដដែល។
 
ក៏ប៉ុន្តែ ពីមួយឆ្នាំ​ទៅមួយឆ្នាំ នៅពេល​ដែល​ចិន​ដីគោក​មាន​កម្លាំង​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង ផលប្រយោជន៍​របស់​អាមេរិក​នៅចិន​ក៏​មាន​កាន់តែ​ច្រើន។ ការរក្សា​ទំនាក់ទំនង​ល្អ​​ជាមួយ​ចិន កាន់តែ​ក្លាយ​ជា​រឿង​ចាំបាច់​មួយ​របស់​រដ្ឋាភិបាល​អាមេរិក។ ទំនាក់ទំនង​អាមេរិក-ចិន-តៃវ៉ាន់ ក៏​បាន​ក្លាយ​​បន្តិចម្តងៗ​ទៅ​ជា​​ “ស្នេហាត្រីកោណ” ដ៏ស្មុគស្មាញ​មួយ។
 
រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញ​នូវ​ភាព​ប្រយ័ត្នប្រយែង​កាន់តែ​ខ្លាំង ដោយ​ព្យាយាម​ថ្លឹងថ្លែង​​មិន​ឲ្យ​សំណុំរឿង​តៃវ៉ាន់​ក្លាយ​ជា​ឧបសគ្គ​​រារាំង​ទំនាក់ទំនង​ជាមួយ​ចិនដីគោក។ ភាពប្រយ័ត្នប្រយែង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​​ការពន្យារពេល​លក់​អាវុធ​ទៅឲ្យ​តៃវ៉ាន់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។
 
គួរ​បញ្ជាក់ថា តៃវ៉ាន់​បាន​ស្នើ​ទិញ​សព្វាវុធ​ជាច្រើន​ពី​អាមេរិក​ ក្នុងនោះ​ក៏​មាន​សំណើ​សុំទិញ​យន្តហោះ​ចម្បាំង​ទំនើបៗ និង​នាវាមុជទឹកផងដែរ។ សំណើ​នេះ​ត្រូវ​បាន​​លោក​ប្រធានាធិបតី​​ប៊ូស​យល់​ព្រម​ជា​គោលការណ៍​តាំង​ពី​ឆ្នាំ​២០០១​ម៉្លេះ។ ក៏ប៉ុន្តែ រហូត​មកទល់​ពេលនេះ ជាង​ ១០​ឆ្នាំ​កន្លងទៅហើយ រដ្ឋាភិបាល​អាមេរិក​នៅតែ​មិនទាន់​លក់​​យន្តហោះ​ចម្បាំង និង​នាវាមុជ​ទឹក​ទៅ​ឲ្យ​តៃវ៉ាន់​នៅឡើយ៕

tags: ចិន - តៃវ៉ាន់ - សហរដ្ឋអាមេរិក
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close