អានតួអត្ថបទ
បារាំង

សហគមន៍​អ៊ីស្លាមទទួល​រង​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​ឡើង​នៅ​ជិត​ពេល​បោះឆ្នោត​ប្រធានាធិបតី​បារាំង

កិច្ចប្រជុំ​រវាង​អ្នកកាន់​សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​បារាំង ជា​លើក​ទី​២៩ បាន​បើកទ្វារ​ហើយ នៅ​ថ្ងៃ​សុក្រ ទី៦ មេសា​ នៅ​ជាយ​ទីក្រុង​ប៉ារីស។ មនុស្ស​ជាង​ ១០ ម៉ឺន​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មក​ចូលរួម​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ រយៈ​ពេល​៤​ថ្ងៃ​នេះ ដែល​ជា​ធម្មតា​លើក​ឡើង​រឿងរ៉ាវ​នយោបាយ និង​សាសនា។​ ក៏​ប៉ុន្តែ ការ​ជួបប្រជុំ​ឆ្នាំនេះ​មាន​លក្ខណៈ​តានតឹង​ជាង​ពេលណាៗ​ទាំងអស់ ដោយសារ​តែ​ថ្មីៗ​នេះ មាន​ករណី​បាញ់​សម្លាប់​ប្រជាជន​ស្លូតត្រង់​ជា​បន្តបន្ទាប់​ដោយពួក​អ៊ីស្លាម​និយម​ជ្រុល និង​យុទ្ធនាការ​បង្រ្កាប​ដែល​ដាក់​ចេញ​ជា​បន្ទាន់​ដោយ​រដ្ឋាភិបាល​បារាំង​បង្រ្កាប​ក្រុម​ខាងលើ។ បក្ស​ស្តាំ​និយម កំពុង​លើក​យក​ប្រធានបទ​នេះ មក​កេងចំណេញ​នៅ​ក្នុង​នយោបាយ​ឃោសនា​បោះឆ្នោត​របស់​ខ្លួន នៅពេល​ការ​បោះឆ្នោត​ប្រធានាធិបតី​កាន់តែ​ខិតជិត​ចូល​មក​ដល់ ដែល​នេះ​បាន​បណ្តាល​អោយ​សហគមន៍​អ៊ីស្លាមទទួល​រងការ​វាយប្រហារ​កាន់​តែ​ខ្លាំង​ឡើង។

លោក Ahmed Jaballah ប្រធានសហភាព​អង្គការ​អ៊ីស្លាម​នៃ​ប្រទេស​បារាំង UOIF
លោក Ahmed Jaballah ប្រធានសហភាព​អង្គការ​អ៊ីស្លាម​នៃ​ប្រទេស​បារាំង UOIF RFI
ផ្សាយពាណិជ្ជកម្ម

“ អ្វីៗ​ទាំងអស់​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​បរិយាកាស​ភាតរភាព និង​ដោយ​សន្តិភាព” ពាក្យ​ស្លោក​ទាំង​នេះ​ដែល​គេ​មើលឃើញ​នៅលើ​ទំព័៍រ​វេបសាយ​របស់​សហភាព​អង្គការ​អ៊ីស្លាម​នៃ​ប្រទេស​បារាំង​ដែល​គេ​ហៅកាត់​ថា UOIF កំពុង​ដើរបញ្រ្ចាស​ទិស​ទៅនឹង​ស្ថានភាព​របស់​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​បារាំង។ ចាប់​តាំង​ពី​មាន​ករណី​បាញ់សម្លាប់​ប្រជាជន​ស្លូតត្រង់​ជា​បន្តបន្ទាប់ ដោយជន​អ៊ីស្លាម​និយម​ជ្រុល​នៅក្នុង​ខេត្ត Toulouse និងសង្កាត់ Montauban ថ្មីៗ​នេះ​មក រដ្ឋាភិបាល​របស់​លោក Nicolas Sarkozy បាន​ចេញ​យុទ្ធនាការ​បង្រ្កាប និង​តាម​ចាប់​មិន​ស្រាកស្រាន្ត​មុខ​សញ្ញានានា​ដែល​ប្រកាន់​សាសនា​អ៊ីស្លាម​និយមជ្រុល។ យុទ្ធនាការ​ដែល​គេ​ហៅថា ជា​ការ​ប្រឆាំង នឹង​ក្រុម​ដែល​មាន​គំនិតស្អប់ខ្ពើម។

ជាមួយ​នឹង​ស្ថានភាព​កំពុង​តែ​ជ្រួល​ច្របល់​សព្វថ្ងៃ ទោះចង់ឬ​មិន​ចង់ការ​ជួបប្រជុំ​គ្នា​រវាង​អ្នក​កាន់​សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​បារាំង​ដែល​រៀបចំ​ឡើង នៅ​ចំ​ពេលនេះ ដោយ​សហភាព​អង្គការ​អ៊ីស្លាមនិយម នៃ​ប្រទេស​បារាំង​ហៅកាត់​ថា UOIF កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្រោមសម្ពាធ​និង ស្ថានភាព​ដ៏​តានតឹង ជា​ពិសេស​នៅពេល​ដែល ការ​គំរាម​កំហែង​របស់​ពួកអ៊ីស្លាម​និយមជ្រុល កំពុង​ក្លាយ​ជា​ប្រធានបទ​ចម្បង​របស់​គណបក្ស​ស្តាំ​និយម​ជ្រុល​នៅក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ថ្មី​ដែល​ថ្ងៃ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​នៅ​តែ​ពីរ​សប្តាហ៍​ទៀតទេ។

លោកស្រី Marine Le Pen បេក្ខនារី​ប្រធានាធិបតី​របស់​គណបក្ស​រណសិរ្ស​ជាតិ​ បាន​ថែម​ទាំង​ទាមទារ​អោយ​រំលាយចោល អង្គការ UOIF ដោយ​ចោទថា​ស្ថាប័ន​ខាងលើ​ស្និទ្ធ​ទៅ​នឹង ពួក​អ៊ីស្លាម​និយមជ្រុល ឬ​ពួកភេរវករ។

វាគ្មិន​៦​នាក់​ត្រូវ​បាន​ហាមឃាត់​មិន​អោយ​ថ្លែង​នៅក្នុង​ការ​ជួបប្រជុំ​ខាងលើ​ដើម្បី​ជៀសវាង​ការ​បង្កភាព​វឹកវរ​ដល់​សណ្តាប់​ធ្នាប់​ជាតិ៕ លោក Ahmed Jaballah ប្រធាន UOIF បាន​សំដែង​ការ​សោកស្តាយ​ចំពោះ​ការរារាំង​របស់​រដ្ឋាភិបាល​ហើយ និយាយ​ថា​សហគមន៍​អ៊ីស្លាម​នៅ​បារាំង​ចាត់ទុក កា​រហាមឃាត់​ខាងលើ​ជា​ការ​ជាន់ឈ្លី​កិត្តិយស​ពូកគេ។

“ ពួកយើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ថា​ទទួលរង​ការឈឺចាប់​ចំពោះ​ក្រសែភ្នែក​ទាំងឡាយ​ដែល​មើល​មកយើង​ថា​ជា​ស្ថាប័ន និង​សហគមន៍​ប្រកប​ដោយ​គ្រោះថ្នាក់ ហើយ​ស្និទ្ធ​នឹង ក្រុម​ភេរវកម្ម។ បើ​ទោះបី​ជា​ការ​ឃោសនា​និង​ការ​បោះឆ្នោត​នឹង​បញ្ចប់​ក្នុង​ពេល​ពីរសប្តាហ៍​ទៀត​ក៏​ដោយ ក៏​ស្លាកស្នាម​អាក្រក់​ទាំងនេះ​នៅ​តែ​ជាប់​ជាមួយ​យើង ​” នេះ​ជា​ការ​ថ្លែង​បន្ថែម​របស់​លោក Boubaker al-Haj Amor តំណាង​ម្នាក់​ទៀត​របស់ UOIF

ប៉ុន្តែ លោក Claude Guéant រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទែ​បារាំង​បាន​អះអាង​ថា​ អន្តរាគមន៍​កន្លង​មក​របស់​រដ្ឋាភិបាល គឺ​ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាជន​ទូទៅ​តែ​ប៉ុណ្ណោះ ហើយ​ថា​លោក​ក៏​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​សហភាព​អង្គការ​អ៊ីស្លាម​នៅ​ប្រទេស​បារាំង UOIF រួចរាល់​ហើយ​ដែរ។ លោក​សន្យា​ថា​នឹង​ធ្វើការងារ​ដោយ​ប្រុងប្រយ័ត្ន​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ