សហគមន៍អន្តរជាតិអបអរសាទរជ័យជំនះរបស់លោកស្រី អ៊ុង សានស៊ូជី
២ថ្ងៃ ក្រោយពីការបោះឆ្នោតសភាជ្រើសរើសតំណាងរាស្រ្តថ្មីមួយចំនួននៅភូមាមក ប្រតិកម្មអបអរសាទរបានធ្លាក់មកជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីអាស៊ានដែលបានចាត់ទុកថា ជាការបោះឆ្នោតមួយដោយសេរី យុត្តិធម៌ និងតម្លាភាព។ ចំណែកក្រុមប្រទេសលោកខាងលិចវិញ ក្រៅពីការស្វាគមន៍ អាមេរិក និងអឺរ៉ុបបានលើកឡើងពីលទ្ធភាពនៃការលើកចេញវិញ ឬមួយក៏សម្រាលទ័ណ្ឌកម្មសេដ្ឋកិច្ចដែលពួកគេបានដាក់លើភូមាតំាងពីដំណាច់ឆ្នំា ១៩៩០ មកម្ល៉េះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣១
« លើកទ័ណ្ឌកម្មសេដ្ឋកិច្ចចេញពីភូមាវិញ » នេះហើយជាការទាមទាររបស់រដ្ឋាភិបាលភូមាផ្ទាល់ ក៏ដូចជាអាស៊ានដែលភូមាបានក្លាយជាសមាជិកតំាងពីឆ្នំា ១៩៩៧។ ទ័ណ្ឌកម្មសេដ្ឋកិច្ចដែលអាមេរិក និងអឺរ៉ុបបានដាក់លើរបបសឹកភូមាតំាងពីដំណាច់ឆ្នំា ១៩៩០ មកម្ល៉េះ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពោលគឺតំាងពីមុនការបោះឆ្នោតទៅទៀត អាមេរិក និងអឺរ៉ុបបានបញ្ជាក់ម្តងហើយ ម្តងទៀត ថាការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺជាលក្ខខណ្ឌមួយមិនអាចខ្វះបានដើម្បីឈានទៅដល់ការលើកទ័ណ្ឌកម្មសេដ្ឋកិច្ចចេញវិញ។ តាមពិតទៅ អ្វីដែលក្រុមប្រទេសលោកខាងលិចចង់បាន និងចង់ឃើញនោះ គឺការជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី។ ឥឡូវនេះ បំណងប្រាថ្នារបស់ពួកគេបានសម្រេចហើយ តែគេនៅមិនទាន់ឃើញសញ្ញាវិជ្ជមានណាមួយទាក់ទងនឹងរឿងលើកទ័ណ្ឌកម្មនោះទេ។
យ៉ាងណាក៏ដោយ ប្រតិកម្មអបអរសាទរបានធ្លាក់មកជាបន្តបន្ទាប់។ មុនគេគឺលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូនដែលបានអបអរសាទរចំពោះសេចក្តីក្លាហានរបស់លោកប្រធានាធិបតីភូមា ថេន សេន និងស្នើរដ្ឋាភិបាលទីក្រុងណៃពីដ៏ឲ្យពន្លឿនការអនុវត្តនយោបាយបើកចំហរបស់ខ្លួនបន្ថែមទៀត ដើម្បីធានាឲ្យបានការបង្រួមបង្រួបជាតិមួយពិតប្រាកដ។ នៅអឺរ៉ុប លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ Angela Merkel និងលោកប្រមុខការទូតអង់គ្លេស William Hague បានអបអរសាទរចំពោះជោគជ័យផ្ទាល់ខ្លួនរបស់លោកស្រី អ៊ុង សានស៊ូជី និងថា នេះជាសញ្ញាវិជ្ជមានមួយឆ្ពោះទៅកាន់ការបង្រួមបង្រួមជាតិ និងលទ្ធិប្រជាធិបតេយ្យនៅភូមា។ សម្រាប់លោកប្រធានាធិបតីបារំាង នីកូឡា សាកូហ្ស៊ី ក្រៅពីចាត់ទុកជាថា ជាជ័យជំនះនៃលទ្ធិប្រជាធិបតេយ្យ លោកប្រមុខរដ្ឋបារំាងបានទទួលស្គាល់ថា ផ្លូវនៃការបង្រួបបង្រួមជាតិនៅវែងឆ្ងាយនៅឡើយ។ នៅខាងអាមេរិកវិញ ក្រៅពីការអបអរសាទរចំពោះសេចក្តីក្លាហានរបស់ប្រជាជនភូមាដែលបានចូលរួមបោះឆ្នោត និងសាទរជោគជ័យផ្ទាល់ខ្លួនរបស់លោកស្រី អ៊ុង សានស៊ូជី សេតវិមានក៏បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលទីក្រុងណៃពីដ៏នឹងបន្តអនុវត្តនយោបាយកំណែទម្រង់ ឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
កាលពីថ្ងៃច័ន្ទម្សិលមិញ សហភាពអឺរ៉ុបបានប្រាប់ឲ្យដឹងថា ខ្លួននឹងផ្តើមពិនិត្យមើលឡើងវិញអំពីទ័ណ្ឌកម្មសេដ្ឋកិច្ចលើភូមានៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនាដំណាច់ខែមេសាខាងមុខ។ តែទន្ទឹមគ្នានេះ អឺរ៉ុបក៏បានគូសបញ្ជាក់ថា អ្វីៗវាមិនមែនអាស្រ័យតែលើការជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជីប៉ុណ្ណោះទេ តែវាក៏អាស្រ័យលើការអនុវត្តន៍ជាក់ស្តែងផងដែរ មានន័យថា តើភូមាពិតជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យមែន ឬយ៉ាងណា ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ