អានតួអត្ថបទ
ភូមា

សហគមន៍​អន្តរជាតិ​អបអរសាទរ​ជ័យជំនះ​របស់​លោកស្រី អ៊ុង សានស៊ូជី

២​ថ្ងៃ ក្រោយ​ពី​ការ​បោះឆ្នោត​សភា​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​មួយ​ចំនួន​នៅ​ភូមា​មក ប្រតិកម្ម​អបអរសាទរ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ដោយ​ចាប់​ផ្តើម​ពី​អាស៊ាន​ដែល​បាន​ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​មួយ​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព។ ចំណែក​ក្រុម​ប្រទេស​លោកខាងលិច​វិញ ក្រៅ​ពី​ការ​ស្វាគមន៍ អាមេរិក និង​អឺរ៉ុប​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​លើក​ចេញ​វិញ ឬ​មួយ​ក៏​សម្រាល​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ពួក​គេ​បាន​ដាក់​លើ​ភូមា​តំាង​ពី​ដំណាច់​ឆ្នំា ១៩៩០ មក​ម្ល៉េះ។

លោកស្រី Catherine Ashton ប្រមុខ​ការទូត​អឺរ៉ុប
លោកស្រី Catherine Ashton ប្រមុខ​ការទូត​អឺរ៉ុប REUTERS/Kimmo Mantyla/Lehtikuva
ផ្សាយពាណិជ្ជកម្ម

« លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ភូមា​វិញ » នេះ​ហើយ​ជា​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ភូមា​ផ្ទាល់ ក៏​ដូច​ជា​អាស៊ាន​ដែល​ភូមា​បាន​ក្លាយ​ជា​សមាជិក​តំាង​ពី​ឆ្នំា ១៩៩៧។ ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាមេរិក និង​អឺរ៉ុប​បាន​ដាក់​លើ​របបសឹក​ភូមា​តំាង​ពី​ដំណាច់​ឆ្នំា ១៩៩០ មក​ម្ល៉េះ។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ពោល​គឺ​តំាង​ពី​មុន​ការ​បោះឆ្នោត​ទៅ​ទៀត អាមេរិក និង​អឺរ៉ុប​បាន​បញ្ជាក់​ម្តង​ហើយ ម្តង​ទៀត ថា​ការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គឺ​ជា​លក្ខខណ្ឌ​មួយ​មិន​អាច​ខ្វះ​បាន​ដើម្បី​ឈាន​ទៅ​ដល់​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​វិញ។ តាម​ពិត​ទៅ អ្វី​ដែល​ក្រុម​ប្រទេស​លោកខាងលិច​ចង់​បាន និង​ចង់​ឃើញ​នោះ គឺ​ការ​ជាប់ឆ្នោត​របស់​លោកស្រី អ៊ុង សានស៊ូជី។ ឥឡូវ​នេះ បំណងប្រាថ្នា​របស់​ពួក​គេ​បាន​សម្រេច​ហើយ តែ​គេ​នៅ​មិន​ទាន់​ឃើញ​សញ្ញា​វិជ្ជមាន​ណា​មួយ​ទាក់ទង​នឹង​​រឿង​លើក​ទ័ណ្ឌកម្ម​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ប្រតិកម្ម​អបអរសាទរ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់។ មុន​គេ​គឺ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គីមូន​ដែល​បាន​អបអរសាទរ​ចំពោះ​សេចក្តី​ក្លាហាន​របស់​លោក​ប្រធានាធិបតី​ភូមា ថេន សេន និង​ស្នើ​រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​ឲ្យ​ពន្លឿន​ការ​អនុវត្ត​នយោបាយ​បើកចំហ​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ធានា​ឲ្យ​បាន​ការ​បង្រួមបង្រួបជាតិ​មួយ​ពិតប្រាកដ។ នៅ​អឺរ៉ុប លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel និង​លោក​ប្រមុខ​ការទូត​អង់គ្លេស William Hague បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​ផ្ទាល់​ខ្លួន​របស់​លោកស្រី អ៊ុង សានស៊ូជី និង​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​បង្រួមបង្រួមជាតិ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ភូមា។ សម្រាប់​លោក​ប្រធានាធិបតី​បារំាង នីកូឡា សាកូហ្ស៊ី ក្រៅ​ពី​ចាត់​ទុក​ជា​ថា ជា​ជ័យជំនះ​នៃ​លទ្ធិប្រជាធិបតេយ្យ លោក​ប្រមុខរដ្ឋបារំាង​បាន​ទទួល​ស្គាល់​ថា ​ផ្លូវ​នៃ​ការ​បង្រួបបង្រួមជាតិ​នៅ​វែងឆ្ងាយ​នៅ​ឡើយ។ នៅ​ខាង​អាមេរិក​វិញ ក្រៅ​ពី​ការ​អបអរសាទរ​ចំពោះ​សេចក្តី​ក្លាហាន​របស់​ប្រជាជន​ភូមា​ដែល​បាន​ចូលរួម​បោះឆ្នោត និង​សាទរ​ជោគជ័យ​ផ្ទាល់ខ្លួន​របស់​លោកស្រី អ៊ុង សានស៊ូជី សេតវិមាន​ក៏​បាន​សម្តែង​ក្តីសង្ឃឹម​ថា រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​នឹង​បន្ត​អនុវត្ត​នយោបាយ​កំណែទម្រង់ ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ សហភាព​អឺរ៉ុប​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ផ្តើម​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ភូមា​នៅ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​នា​​ដំណាច់​ខែ​មេសា​ខាង​មុខ។ តែ​ទន្ទឹម​គ្នា​នេះ អឺរ៉ុប​ក៏​បាន​គូស​បញ្ជាក់​ថា អ្វីៗ​វា​មិនមែន​​អាស្រ័យ​តែ​លើ​ការ​ជាប់​ឆ្នោត​របស់​លោកស្រី អ៊ុង សានស៊ូជី​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាស្រ័យ​លើ​ការ​អនុវត្តន៍​ជាក់ស្តែង​ផងដែរ មាន​ន័យ​ថា តើ​ភូមា​ពិត​ជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​មែន ឬ​យ៉ាង​ណា ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ