អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា​និង​ជប៉ុន​ខិត​ចូល​ជិត​គ្នា​ ដើម្បី​ប្រឈម​មុខ​នឹង​ប្រ​ទេស​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ឥណ្ឌា​និង​ជប៉ុន​បាន​បន្ត​ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​គ្នា​ ជាពិសេស​នៅ​លើ​វិស័យ​សន្តិសុខ​និង​យោធា។ ទីក្រុង​ញូវដែលលី(New Delhi) និង​ទីក្រុង​តូក្យូ(Tokyo) ដែល​មាន​សត្រូវ​ប្រវត្តិសាស្រ្ត​រួម​គ្នា​មួយ នោះ​គឺ​ប្រទេស​ចិន បារម្ភ​ខ្លាំង​ឡើងៗ​នៅ​ចំពោះមុខ​ការ​លេចត្រដែត​ឡើង​នៃ​មហាយក្ស​អាស៊ី​មួយ​នេះ ក្នុង​ឋានៈ​ជា​មហា​អំណាច​យោធា​នៅ​ក្នុង​តំបន់។

លោក​  Yoshihiko Noda និង​ លោក Manmohan Singh
លោក​ Yoshihiko Noda និង​ លោក Manmohan Singh
ផ្សាយពាណិជ្ជកម្ម

«សត្រូវ​របស់​សត្រូវ​ខ្ញុំ​គឺ​ជា​មិត្ត​របស់​ខ្ញុំ»។ យុទ្ធ​សាស្រ្ត​​នេះ​​កំ​ពុង​​ស្តែង​​ឡើង​​កាន់​​តែ​​ច្បាស់​​​សម្រាប់​​ប្រទេស​​ឥណ្ឌា​​និង​​ប្រទេស​​ជប៉ុន​​ដែល​​បាន​​និង​​កំ​ពុង​​បន្ត​​ពង្រឹង​​ទំ​នាក់​ទំ​នង​​ជា​​មួយ​​គ្នា​ នៅ​​ពេល​​មួយ​​ដែល​​មហា​យក្ស​​ចិន​​លេច​​មុខ​​កាន់​​តែ​​ខ្លាំង​​នៅ​​លើ​​ឆាក​​តំ​បន់។ ​ជាក់​​ស្តែងក្នុង​​​​​​​​អំ​ឡុង​​ពេល​​ប៉ុន្មាន​​សប្តាហ៍​​ចុង​​ក្រោយ​​នេះ ទីក្រុង​​ញូវ​ដែលី​​ និង​​ទីក្រុង​​តូក្យូ​ បាន​​បោះ​​ដៃ​​រក​គ្នា តាម​រយៈ​ព្រឹត្តិការណ៍​ចំនួន​ពីរ។

 
ព្រឹត្តិការណ៍​ទី​មួយ គឺ​សមយុទ្ធ​រួម​គ្នា​រវាង​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​២៩​មករា​កន្លង​ទៅ​នេះ សមយុទ្ធ​ដែល​បាន​សម្ញែង​ឲ្យ​ឃើញ​នូវ​នាវា​ចម្បាំង​និង​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង​របស់​ឥណ្ឌា​និង​របស់​ជប៉ុន។

ព្រឹត្តិការណ៍​ទី​ពីរ គឺ​ទស្សនកិច្ច​នៅ​ចុង​ឆ្នាំ​២០១១​នៅ​ប្រទេស​ឥណ្ឌា​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​Yoshihiko Noda។ កាល​ណោះ លោក​Noda និង​សមភាគី​ឥណ្ឌា​របស់​លោក គឺ​លោក​Manmohan Singh បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ដែល​បាន​លើក​ឡើង​អំពី​សហប្រតិបត្តិការ​មួយ​ចំនួន នៅ​លើ​វិស័យ​សន្តិសុខ យុទ្ធសាស្រ្ត សេដ្ឋកិច្ច ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម។

ការ​ខិត​ចូល​ជិត​គ្នា​រវាង​ឥណ្ឌា​និង​ជប៉ុន​មិនមែន​ជា​រឿង​មួយ​ចៃដន្យ​ទេ តែ​ជា​ការ​មួយ​ចាំ​បាច់។ ឥណ្ឌា​ក៏​ដូច​ជប៉ុន សុទ្ធ​តែ​បារម្ភ​រៀងៗ​ខ្លួន នៅ​ចំពោះ​មុខ​ការ​អភិវឌ្ឍន៍​យោធា​លឿន​រហ័ស​របស់​ប្រទេស​ចិន នៅ​ចំពោះមុខ​បាតុភាព​នៃ​ចោរ​សមុទ្រ​អន្តរជាតិ និង​នៅ​ចំពោះមុខ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េ​ខាង​ជើង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ចិន។

ក្រៅ​ពី​នេះ ថ្នាក់​ដឹក​នាំ​ឥណ្ឌា​នៅ​តែ​បន្ត​សង្ស័យ​ថា ចិន​មាន​មហិច្ឆតា​មក​លើ​ភូមិភាគ​អាស៊ី​ខាង​ត្បូង​ដែល​ទីក្រុង​ញូវដែលី​តែងតែ​ចាត់​ទុក​ថា ជា​ដែន​អំណាច​របស់​ខ្លួន។ នៅ​ក្នុង​ន័យ​នេះ ឥណ្ឌា​កំពុង​តាម​ឃ្លាំ​មើល​ការ​រួម​ចំណែក​យ៉ាង​សកម្ម​ពី​សំណាក់​ប្រទេស​ចិន​ក្នុង​ការ​ជួសជុល​កំពង់ផែGwadar នៅ​ប៉ាគីស្ថាន និង​កំពង់ផែHambantota នៅ​ស្រីលង្កា។

រី​ឯ​ថ្នាក់​ដឹកនាំ​ជប៉ុន​វិញ​ដឹង​ខ្លួន​ថា ចិន​មិន​អាច​ក្លាយ​ជា​មិត្ត​របស់​ខ្លួន​បាន​ឡើយ ដោយសារ​តែ​មូលហេតុ​ប្រវត្តិសាស្រ្ត ដោយសារតែ​វត្តមាន​របស់​កងទ័ព​អាមេរិកាំង​នៅ​លើ​ទឹកដី​ជប៉ុន និង​ដោយសារតែ​មហិច្ឆតា​ប្រកែក​មិន​បាន​របស់​ទីក្រុង​ប៉េកាំង​មក​លើ​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល។

យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​ដឹង​ថា សម្ព័ន្ធភាព​រវាង​ឥណ្ឌា​និង​ជប៉ុន មិនមែន​ទើប​តែ​មាន​ឥឡូវ​នេះ​ទេ។ វា​មាន​មក​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ។ ចូរ​កុំ​ភ្លេច​ថា ឥណ្ឌា​ជា​ប្រទេស​ទីមួយ​បង្អស់​នៅ​ក្នុង​លោក​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ប្រទេស​ជប៉ុន​នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ។ ក្រោយ​មក​ទៀត​នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ទោះ​បី​ជា​ឥណ្ឌា​បែរ​ទៅ​រក​សហភាព​សូវៀត និង​ទោះ​បី​ជា​ជប៉ុន​ទៅ​ជ្រក​ក្រោម​ឆត្រ​នុយក្លេអ៊ែរ​របស់​អាមេរិក​ក៏​ដោយ ក៏​ប្រទេស​អាស៊ី​ទាំង​ពីរ​នេះ​មិន​ភ្លេច​គ្នា​ទេ មិន​អាច​ភ្លេច​គ្នា​បាន​ទេ ដោយហេតុតែ​មាន​សត្រូវ​រួម​គ្នា​មួយ នោះ​គឺ​ប្រទេស​ចិន។

ក៏​ប៉ុន្តែ គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​២០០០ ទើប​ឃើញ​ឥណ្ឌា​និង​ជប៉ុន​ពង្រឹង​ទំនាក់​ទំនង​នឹង​គ្នា​កាន់​តែ​ខ្លាំង។ កាល​ណោះ នា​ឱកាស​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​Mori ទីក្រុង​ញូវដែលី​និង​ទីក្រុង​តូក្យូ​បាន​សម្រេច​ចិត្ត​ថា នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ជួប​គ្នា​មួយ​ឆ្នាំ​ម្តង​យ៉ាង​តិច និង​ថា ត្រូវ​តែ​ពង្រឹង​ឲ្យ​មាំ​ឡើង​ជា​លំដាប់​សហប្រតិបត្តិការ​សន្តិសុខ​រវាង​គ្នា។ ត្រង់​នេះ គួរ​គូស​បញ្ជាក់​ថា សព្វថ្ងៃ​ជប៉ុន​មាន​ទំនាក់ទំនង​សន្តិសុខ​ស្អិតល្មួត​បែប​នេះ​តែ​ជា​មួយ​ប្រទេស​បី​ប៉ុណ្ណោះ​នៅ​ក្នុង​លោក គឺ​សហរដ្ឋអាមេរិក​ អូស្រ្តាលី​និង​ឥណ្ឌា។

អ្វី​ដែល​ជាក់​ច្បាស់ គឺ​ចាប់​ពី​ពេល​នេះ​ត​ទៅ ឥណ្ឌា​និង​ជប៉ុន​នឹង​ពួត​ដៃ​គ្នា​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ តាម​រយៈ​សហប្រតិបត្តិការ​នៅ​លើ​វិស័យ​បច្ចេកវិជ្ជា​យោធា ដើម្បី​សន្តិសុខ​រួម។ ក៏​ប៉ុន្តែ នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​អាស៊ី​ទាំង​ពីរ​មាន​កំណត់​ព្រំដែន ពីព្រោះ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ជប៉ុន​តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ​មក ហាម​មិន​ឲ្យ​ទីក្រុង​តូក្យូ​លក់​អាវុធ​ទៅ​ក្រៅ​ប្រទេស​ទេ។

តែ​ចង់​ឬ​មិន​ចង់ រដ្ឋាភិបាល​របស់​លោក​Noda មាន​បំណង​ចង់​សើរើ​មើល​ឡើង​វិញ​បម្រាម​នេះ ដ្បិត​បម្រាម​ហាម​មិន​ឲ្យ​លក់​អាវុធ​នេះ​អាច​ធ្វើ​ឲ្យ​ខូចខាត​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន ជា​ពិសេស​នៅ​ជួន​ចំ​ពេល​មួយ​ដែល​គេ​ដឹង​ថា ឥណ្ឌា​អាច​នឹង​ចាយ​ប្រាក់​រហូត​ដល់​ទៅ​ដប់​ម៉ឺន​លាន​ដុល្លារ ពី​ឥឡូវ​ទៅ​ដល់​ឆ្នាំ​២០១៥ ដើម្បី​ផលិត​និង​ទិញ​អាវុធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ